រដ្ឋាភិបាលសម្រេចអនុម័តអនុក្រឹត្យស្ដីពីសេចក្ដីព្រាងការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យផលិតផលថ្នាំជក់។ សង្គមស៊ីវិលដែលធ្វើការងារទាក់ទងសុខភាពគាំទ្រការបង្កើតគណៈកម្មការនេះ។
ទន្ទឹមនឹងការបង្ហាញការគាំទ្រលើការសម្រេចអនុម័តអនុក្រឹត្យស្ដីពីសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់របស់រដ្ឋាភិបាល សង្គមស៊ីវិលយល់ថា ការបង្ហុយផ្សែងបារីនៅទីសាធារណៈ និងការផ្សព្វផ្សាយពីផលិតផលថ្នាំជក់ នឹងត្រូវកាត់បន្ថយថែមទៀត។
ការសម្រេចរបស់រដ្ឋាភិបាលដូចនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំប្រជុំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។ អនុក្រឹត្យដែលរៀបចំឡើងដោយក្រសួងសុខាភិបាល មានបូកសមាសភាពក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាលរាជធានី ខេត្តទាំង ២៥ ផងដែរ ដើម្បីជំរុញឲ្យការងារត្រួតពិនិត្យថ្នាំជក់កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ដែលធ្វើការងារទាក់ទងរឿងនេះយល់ថា ការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក មិនទាន់មានយន្តការរបស់គណៈកម្មាធិការ និងអនុគណៈកម្មាធិការនៅតាមខេត្តរាជធានីនៅឡើយទេ ដែលធ្វើឲ្យការអនុវត្តច្បាប់មិនទាន់គ្រប់ជ្រុងជ្រោយ។ លោករំពឹងថា នៅពេលច្បាប់នេះ អនុវត្តបានពេញលេញនឹងគ្មានការផ្សព្វផ្សាយផលិតផលថ្នាំជក់ដូចសព្វថ្ងៃនេះទេ៖ «បើសិនជាមានហើយមិនមានការប្រតិបត្តិ ក៏គ្មានប្រសិទ្ធភាពដែរ អ៊ីចឹងទេយើងតាមដានឃ្លាំមើល»។
អាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានទេ នៅថ្ងៃទី១៦ ខែមិថុនា។
អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ លោក ឆាំ ប៊ុនថេត សង្កេតឃើញថា សង្គមខ្មែរសព្វថ្ងៃនេះ កំណើននៃការជក់បារីមិនទាន់ចោទជាបញ្ហាធំដុំដូចប្រទេសក្បែរខាងនៅឡើយទេ។ ដូច្នេះលោកយល់ថា បើរដ្ឋាភិបាលអនុវត្តច្បាប់ថ្នាំជក់មានប្រសិទ្ធភាព នឹងរឹតតែធ្វើតែឲ្យពលរដ្ឋកាន់តែច្រើនថែមទៀតមិនប្រើប្រាស់ថ្នាំជក់៖ «ខ្ញុំគិតថា រឿងនេះអាស្រ័យលើការងារបន្តទៀតទេ យើងអត់ទាន់ជាផែនការការងារនៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹម»។
ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៥។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់មាន ៦ជំពូក និង ១៤មាត្រា។ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសឲ្យប្រើប្រាស់អនុក្រឹត្យស្ដីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ដោយមានទាំងការផាកពិន័យដល់បុគ្គលដែលប្រព្រឹត្តល្មើស ប៉ុន្តែគេមិនទាន់ឃើញការអនុវត្តទទួលបានជោគជ័យនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
