សភា​អាមេរិក​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ឈប់​ធ្វើ​ទុក្ខបុកម្នេញ​​លោក សម រង្ស៊ី

ដោយ យាង សុជាមេត្តា
2015.12.05
សម រង្ស៊ី ៦២០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

សភា​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់​នូវ​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវ​ប្រគល់​សមាជិកភាព​តំណាងរាស្ត្រ​ទៅ​ឲ្យ​លោក សម រង្ស៊ី វិញ។ ការ​ទទូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​សភា​សហរដ្ឋអាមេរិក បាន​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ។

បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ពេល​នេះ ដល់​វេន​សភា​សហរដ្ឋអាមេរិក​វិញ​ម្ដង ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ធ្វើ​បាប​ទៅ​លើ​បក្ស​ប្រឆាំង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន សភា​សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កាន់​អំណាច ៣​ទសវត្សរ៍​រូប​នេះ បញ្ឈប់​នូវ​ការ​ធ្វើ​បាប និង​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ពិសេស​ត្រូវ​លុប​ចោល​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ហើយ​ប្រគល់​សមាជិកភាព​ជា​តំណាងរាស្ត្រ​ឲ្យ​លោក សម រង្ស៊ី វិញ។ រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​បញ្ចប់​ការ​ប្រើប្រាស់​រាល់​ទម្រង់​ហិង្សា​នយោបាយ​លើ​បក្ស​ប្រឆាំង និង​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​រីក​លូតលាស់​នៅ​កម្ពុជា។

សភា​សហរដ្ឋអាមេរិក បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ដែរ​ថា ពួកគេ​បាន​ខកចិត្ត​ម្តង​រួច​ហើយ​ចំពោះ​ភាព​មិន​ប្រក្រតី​នានា ដែល​បាន​កើត​ឡើង​ក្នុង​ពេល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​បញ្ហា​នេះ បាន​ធូរ​ស្រាល​ទៅ​វិញ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ដើរ​ចូល​សភា ក្រោយ​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ពួកគេ​ថា ស្ថានការណ៍​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ការ​វាយ​ប្រហារ​ទៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាដើម បាន​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​តូច និង​ប៉ះពាល់​ដល់​សកម្មភាព​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។

សភា​សហរដ្ឋអាមេរិក ថ្លែង​ថា សកម្មភាព​ទាំង​អស់​នេះ កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ និង​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​រឹត​ចំណង​ឲ្យ​កាន់តែ​រឹងមាំ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ផង​ដែរ។ សភា​សហរដ្ឋអាមេរិក បញ្ជាក់​ថា សំឡេង​របស់​ពលរដ្ឋ​កម្ពុជា គួរ​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​គួរ​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជា​ចំហ។

​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ទទូច​ឲ្យ​រដ្ឋសភា​កម្ពុជា ប្រគល់​សមាជិកភាព​សភា​ឲ្យ​លោក សម រង្ស៊ី ឡើង​វិញ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាក់ ថូន​នើ (Mark Toner) កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោល​ប្រកាន់​ចំពោះ​លោក សម រង្ស៊ី។

ចំពោះ​ការ​រិះគន់​របស់​សភា​សហរដ្ឋ​អាមេរិក​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ មិន​មែន​ដូច​រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ លន់ នល់ ក្នុង​ឆ្នាំ​១៩៧០ ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​សហរដ្ឋអាមេរិក នោះ​ទេ។ លោក​ថា កម្ពុជា មាន​រដ្ឋធម្មនុញ្ញ និង​មាន​ច្បាប់​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​អនុវត្ត និង​មិន​អាច​ធ្វើ​តាម​បញ្ជា​របស់​ប្រទេស​ណា​មួយ​ឡើយ។

លោក ផៃ ស៊ីផាន អះអាង​ថា ករណី​លោក សម រង្ស៊ី គឺ​ជា​រឿង​បុគ្គល​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ៖ «វា​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ខ្លួន ហើយ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​មាន​ដដែល បើ​អាមេរិក​បោះបង់​ខ្មែរ​ចោល​ហើយ​ទៅ​យក​មនុស្ស​ខុស​ច្បាប់ មិន​អនុវត្ត​ច្បាប់ ហើយ​ជា​ទណ្ឌិត​គេច​ខ្លួន​ពី​ការ​អនុវត្ត​ច្បាប់ ខ្ញុំ​មិន​ជឿ​ថា គេ​អាច​និយាយ​ថា សហរដ្ឋអាមេរិក ជា​នីតិរដ្ឋ​នោះ​ទេ សហរដ្ឋអាមេរិក​គ្រាន់​តែ​យក សម រង្ស៊ី ជា​តុក្កតា​ជា​កូនអុក​នយោបាយ​របស់​ខ្លួន»

រហូត​មក​ទល់​ពេល​នេះ លោក សម រង្ស៊ី កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ករណី​បរិហារកេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ករណី​ចូល​រួម​ក្លែងបន្លំ​ឯកសារ​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាមួយ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី និង​ករណី​បរិហារកេរ្តិ៍​ដែល​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​របស់​លោក សម រង្ស៊ី ដែល​ថា របប​គ្រប់គ្រង​របស់​លោក ហេង សំរិន បាន​កាត់​ទោស​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយសារ​តែ​ចាត់​ទុក​ព្រះអង្គ​ថា​ជា​ជន​ក្បត់​ជាតិ។

យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​តុលាការ​ចេញ​ដីកា​តាម​ខ្លួន​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មក សារ​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​ពី​លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី សភា​សហភាព​អឺរ៉ុប ព្រមទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ។ សភា​សហភាព​អឺរ៉ុប ក៏​បាន​គំរាម​លុបចោល​ជំនួយ​ប្រមាណ ៤១០​លាន​ដុល្លារ​ដែល​គ្រោង​ផ្ដល់​ឲ្យ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​២០២០ ផង​ដែរ បើ​បក្ស​កាន់​អំណាច​នៅ​តែ​​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
គ្រួសារ​រៀបចំ​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​ជាយ​ទីក្រុង​ប៉ារីស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។