"រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ពុំមានអំណាចផ្លូវច្បាប់លុបចោលបំណុលកម្ពុជាជំពាក់"
2017.02.09
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ នេះថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ ប្រទេសកម្ពុជា បានជំពាក់បំណុលសហរដ្ឋអាមេរិក ទាំងដើមទាំងចុងសរុបចំនួន ៥០៥លានដុល្លារអាមេរិក។ មន្ត្រីដដែលបញ្ជាក់ថា ជំហររបស់រដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងការតម្រូវឲ្យកម្ពុជា ទូទាត់សងបំណុលដែលខ្លួនជំពាក់នេះ គឺមិនមានអ្វីប្រែប្រួលឡើយ។
ខុសពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំពឹងទុកថា រដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងពិចារណាលុបចោលបំណុលដែលកម្ពុជា ជំពាក់អាមេរិក តាំងពីសម័យសង្គ្រាមនោះ នៅថ្ងៃនេះ មន្ត្រីនាំពាក្យការិយាល័យអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី អាណា រីជ្ជីយ៍ អេឡែន (Anna Richey-Allen) បានបញ្ជាក់ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពុំមានអំណាចផ្លូវច្បាប់លុបចោលបំណុលកម្ពុជា ជំពាក់នោះទេ។
អ្នកស្រីបានបញ្ជាក់ឲ្យអាស៊ីសេរី ដឹងតាមសារអេឡិចត្រូនិកថា ការពិភាក្សាលុបចោលបំណុលកម្ពុជា ធ្វើទៅរួចលុះត្រាតែធ្វើឡើងតាមរយៈរដ្ឋសភាអាមេរិក។ អ្នកស្រីបានបញ្ជាក់ថា "រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់បំណុលទាំងនេះនៅពេលអតីតកាល។ យើងពុំមានសិទ្ធិអំណាចផ្លូវច្បាប់អ្វីក្នុងការលុបចោលបំណុលសម្រាប់ប្រទេសនានា ដែលមានលទ្ធភាពសង ប៉ុន្តែមិនមានឆន្ទៈសងនោះទេ។ សិទ្ធិអំណាចផ្លូវច្បាប់ទាំងនេះ គឺមិនប្រែប្រួលឡើយ ពីរដ្ឋបាលមួយទៅរដ្ឋបាលមួយទៀត ដរាបណាមិនមានចំណាត់ការណាមួយពីសភាជាន់ខ្ពស់ (Congress) នោះទេ"។
យ៉ាងណាក៏ដោយ អ្នកស្រីអះអាងថា សហរដ្ឋអាមេរិកតែងលើកទឹកចិត្តឲ្យកម្ពុជា ធ្វើការជាមួយខ្លួនដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាបំណុលនេះ ពោលគឺភ្លាមៗចាប់តាំងពីក្រោយពេលដែលមានកិច្ចចរចាក្លឹបប៉ារីស ឆ្នាំ១៩៩៥ មកម្ល៉េះ។ អ្នកស្រីបញ្ជាក់ថា អាមេរិកជឿជាក់ថា ការដោះស្រាយបញ្ហាបំណុលនេះ គឺស្ថិតក្នុងអត្ថប្រយោជន៍របស់ប្រទេសទាំងសង្ខាង។
ក្នុងមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើយុទ្ធនាការយ៉ាងផុសផុល ទាមទារឲ្យសហរដ្ឋអាមេរិក លុបចោលបំណុលដែលកម្ពុជា បានជំពាក់តាំងពីសម័យសាធារណរដ្ឋខ្មែរ ក្នុងទសវត្ស១៩៧០។ យុទ្ធនាការនេះហាក់កើនកម្ដៅខ្លាំង ជាពិសេសគឺនៅមុន និងក្រោយពេលដែលលោកប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់អាមេរិក ដែលហាក់ជាសារមួយរបស់រដ្ឋាភិបាលភ្នំពេញ ចង់ស្ទាបស្ទង់គោលនយោបាយការបរទេសរដ្ឋការថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ក្នុងវត្តព្រែកប្រា រាជធានីភ្នំពេញ លោក ហ៊ុន សែន ជាថ្មីម្ដងទៀត បានចំអកឲ្យសហរដ្ឋអាមេរិកថា អាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា ហើយទារលុយពីខ្មែរថែមទៀត៖ «សុំអាមេរិកាំងកុំទារលុយខ្មែរ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀតឥឡូវនេះ។ អាមេរិកាំងអើយ! ប្រធានាធិបតី ដូណាល់ ត្រាំ អើយ! យ៉ាងម៉េចទៅវ៉ៃទារលុយ! វ៉ៃយើងហើយទារលុយយើង វាមិនយល់អាកន្លែងហ្នឹង! ឥឡូវមានចលនាប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជា ក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេ ព្រោះគាត់ជាកូនចៅអាមេរិក»។
ជុំវិញករណីដោះស្រាយបញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិកនេះ មានមតិផ្សេងៗគ្នាលើកឡើងពីដំណោះស្រាយដែលកម្ពុជា គួរពិចារណា និងថ្លឹងថ្លែងដើម្បីយកទៅចរចាជាមួយសមភាគីរបស់ខ្លួនជាដើមបំណុល គឺសហរដ្ឋអាមេរិក។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល អ្នកវិភាគគោលនយោបាយបានថ្លែងប្រាប់អាស៊ីសេរី នៅពេលថ្មីៗនេះ តាមសារអេឡិចត្រូនិក ឲ្យដឹងថា លោកមិនរំពឹងទាល់តែសោះថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងពិចារណាលុបចោលបំណុលដែលកម្ពុជា បានជំពាក់តាំងពីសម័យសាធារណរដ្ឋខ្មែរ។ លោកថា លោក ដូណាល់ ត្រាំ ធ្លាប់ជាអាជីវករ ហើយលោកដឹងរឿងច្រើនពាក់ព័ន្ធនឹងករណីក្ស័យធន ក៏ប៉ុន្តែនៅពេលដែលនិយាយពីរឿងលើកលែងបំណុលឲ្យអ្នកដទៃ លោក ត្រាំ ពិតជានឹងមិនចូលចិត្តឡើយ។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វាសមហេតុសមផលហើយក្នុងការស្នើសុំនរណាម្នាក់ឲ្យលើកលែងបំណុលចោល ព្រោះអ្នកអាចមានសំណាងនៅពេលខ្លះ។ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ ការដែលចេះតែដើរសុំគេឯងឲ្យលុបចោលបំណុលយ៉ាងដូច្នេះ គឺមិនមែនជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសឲ្យលូតលាស់ល្អទេ។ យុទ្ធសាស្ត្រលូតលាស់ល្អគឺត្រូវធ្វើការវិនិយោគក្នុងវិស័យអប់រំ ដើម្បីឲ្យប្រជាជនរបស់អ្នកមានផលិតភាពច្រើនជាងមុន ហើយពួកគេអាចទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន និងពង្រីកសក្ដានុពលរបស់ពួកគេ។ អ្វីទៅជាទ្រព្យសម្បត្តិរបស់ជាតិពិតប្រាកដ? គឺមិនមែនដោយសារទឹកប្រាក់ដែលគេមាន ឬជំពាក់គេប៉ុណ្ណានោះទេ។ ទ្រព្យសម្បត្តិរបស់ជាតិគឺជាប្រជាជនហ្នឹងឯង!»។
ក្នុងន័យនេះ លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ចង់បញ្ជាក់ថា លោកគាំទ្រ ប្រសិនបើបំណុលទាំងនេះត្រូវបានបង្វែរទុកសម្រាប់យកមកប្រើប្រាស់ក្នុងមូលនិធិសិក្សាធិការ ដូចករណីដែលប្រទេសវៀតណាម បានអនុវត្តនៅពេលកន្លងទៅក្នុងការសងបំណុលអាមេរិក វិញដូចគ្នានេះដែរ។ លោកថា គួរបង្កើតមូលនិធិសិក្សាធិការកម្ពុជា មួយ ដែលប្រាក់សំណងទាំងនេះនឹងត្រូវបង្វែរចូលមូលនិធិនេះសម្រាប់ទុកផ្គត់ផ្គង់សាលារៀនក្នុងប្រទេសកម្ពុជា ឬសិស្ស-និស្សិត និងបញ្ញវន្តកម្ពុជា ដែលមានបំណងចង់មកសិក្សានៅអាមេរិក ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ ទាំងសង្ខាង។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង ឲ្យដឹងថា ករណីស្នើសុំអាមេរិក លុបចោលបំណុលនេះ អ្នកជំនាញរបស់ភាគីទាំងសង្ខាងកំពុងពិនិត្យបញ្ជីស្នាម ហេតុផលនានាដែលពុំអាចបញ្ចូលទៅក្នុងបំណុលនេះបាន និងពិភាក្សាគ្នាដោយមានទឡ្ហីករណ៍រៀងៗខ្លួន៖ «បំណុលនេះគេកំពុងពិភាក្សា ដូច្នេះយើងមិនអាចនិយាយបានទេ ព្រោះម្ខាងៗ យើងមានហេតុផលលើកឡើងរៀងៗខ្លួន។ ឯខាងភាគីអាមេរិក លោកពុំទាន់បញ្ចេញប្រតិកម្មអីទេ។ អ៊ីចឹងយើងកុំធ្វើឲ្យអ្វីៗវាចម្លែក ព្រោះអ្នកចង់បានផលចំណេញពីរឿងហ្នឹងមានច្រើនណាស់»។
ជុំវិញជំហររបស់កម្ពុជា ក្នុងការចរចាជាមួយភាគីអាមេរិក លោកឯកអគ្គរាជទូត មានប្រសាសន៍ថា ជំហររបស់កម្ពុជា អាចប្រែប្រួល និងឡើងចុះទៅតាមសមាមាត្រនៃទឡ្ហីករណ៍រៀងៗខ្លួន៖ «យើងទាំងពីរចង់បាននូវចំណុចមួយ គឺថា ស្របគ្នា កុំនិយាយអ្វីដែលនាំតែដំបៅហ្នឹងវារើទេ គេហៅថា Let’s bygone be bygone នោះណា។ អាហ្នឹងជំហរយើងវាអ៊ីចឹង»។
កាលពីដើមឆ្នាំ២០១១ ក្នុងជំនួបរវាងលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជាមួយនឹងលោក ចូសេហ្វ យន់ (Joseph Yun) អតីតឧបការីរងអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ហោ ណាំហុង ធ្លាប់បានស្នើសុំភាគីអាមេរិក ឲ្យបន្ថយអត្រាការប្រាក់ពី ៣ភាគរយ មក ១ភាគរយវិញ និងបម្លែងទឹកប្រាក់ ៧០ភាគរយនៃបំណុលនេះទៅជាជំនួយអភិវឌ្ឍន៍ រីឯទឹកប្រាក់ដែលនៅសល់ ៣០ភាគរយទៀត នឹងត្រូវសងទៅឲ្យភាគីអាមេរិក វិញ។ កាលនោះជាការឆ្លើយតប លោក ចូសេហ្វ យន់ បានមានប្រសាសន៍ថា សំណើកម្ពុជា នេះអាចនឹងនាំឲ្យភាគីទាំងពីរខិតជិតដល់ការសម្រេចបាននូវដំណោះស្រាយរួមមួយដែលភាគីទាំងសង្ខាងអាចទទួលយកបាន។
លោកអតីតឧបការីរងរូបនេះ ធ្លាប់បានថ្លែងប្រាប់សមាជិកសភាជាន់ទាបអាមេរិក នៅក្នុងសវនាការមួយរបស់គណៈកម្មាធិការកិច្ចការបរទេស កាលពីឆ្នាំ២០១០ ថា៖ «រដ្ឋបាលមានការបារម្ភថា ដោយបង្កើតកម្មវិធីកាត់បន្ថយបំណុលសម្រាប់ប្រទេសមួយដែលមិនចង់សង ជាជាងមិនមានលទ្ធភាពសងបំណុលរបស់ខ្លួន នឹងបង្កើតឲ្យមាននូវគំរូអាក្រក់មួយ សម្រាប់ប្រទេសដទៃទៀតដែលមានស្ថានភាពស្រដៀងគ្នានេះដែរ ហើយនឹងផ្ញើសារខុសមួយអំពីការគ្រប់គ្រងបំណុលដោយប្រយ័ត្នប្រយែង»។
ដោយសារតែឯកសារ និងទិន្នន័យសំខាន់ៗរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញចោលស្ទើរតែទាំងស្រុងក្នុងអំឡុងពេលសង្គ្រាមស៊ីវិល កម្ពុជាពុំមានឯកសារផ្លូវការណាមួយបញ្ជាក់ពីភាពត្រឹមត្រូវនៃតួលេខពិតប្រាកដនៃបំណុលនេះទេ។ យោងតាមឯកសារផ្លូវការស្ដីពីបំណុលដែលរដ្ឋាភិបាលអាមេរិក បានប្រគល់ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០០១ បំណុលនេះត្រូវបានធ្វើឡើងចំនួន ៤ដំណាក់កាលផ្សេងៗគ្នា ពោលគឺក្នុងឆ្នាំ១៩៧២ ចំនួន ៤លានដុល្លារអាមេរិក ឆ្នាំ១៩៧៣ ចំនួន ១៧១លានដុល្លារអាមេរិក ឆ្នាំ១៩៧៤ ចំនួន ៨៧លានដុល្លារអាមេរិក និងក្នុងឆ្នាំ១៩៧៥ ចំនួន ១៦លានដុល្លារអាមេរិក។
បំណុលដើមតម្លៃ ២៧៨លានដុល្លារអាមេរិកនេះ ត្រូវបានរដ្ឋាភិបាលខ្មែរសម័យលោកសេនាប្រមុខ លន់ នល់ ជំពាក់ក្រសួងកសិកម្មអាមេរិក ក្រោមអត្រាការប្រាក់សម្បទានចំនួន ៣ភាគរយ ដែលទាបជាងអត្រាការប្រាក់នៅលើទីផ្សារ ក្នុងចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៥ ជាថ្នូរនឹងការទិញដូរផលិតផលកសិកម្មមួយចំនួនពីអាមេរិក រួមមានដូចជា ស្បៀង ថ្នាំជក់ កប្បាស ប្រេងឆា ធញ្ញជាតិ អង្ករ ស្រូវសាឡី ម្សៅមី ជាដើម ។ ល ។ សម្រាប់យកទៅផ្គត់ផ្គង់របបសាធារណរដ្ឋខ្មែរ ដែលកំពុងតែជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមកុម្មុយនិស្តវៀតកុង នៃប្រទេសវៀតណាម ខាងជើង។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា ចាត់ទុកបំណុលនេះថា ជា “បំណុលកខ្វក់” ដែលនាំឲ្យកម្ពុជា ធ្លាក់ចូលក្នុងរណ្ដៅនៃសង្គ្រាមស៊ីវិល។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ភ្ជាប់រឿងរ៉ាវ “បំណុលកខ្វក់” នេះ ទៅនឹងរូបភាពអវិជ្ជមាននានា ដែលប្រទេសអាមេរិក ធ្លាប់បានធ្វើមកលើកម្ពុជា នៅពេលអតីតកាលដែលរួមមានដូចជា ការគាំទ្ររបស់អាមេរិក និងបស្ចិមលោកនៅពីក្រោយរដ្ឋបាលលោកសេនាប្រមុខ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីអំណាចកាលពីដើមឆ្នាំ១៩៧០ និងបេសកកម្មសម្ងាត់របស់អាមេរិក ក្នុងការទម្លាក់គ្រាប់បែកសរុបជាង ២,៧លានតោន មកលើទឹកដីកម្ពុជា ជាង ១១សែនកន្លែង (១១៣.០០០) ដើម្បីបណ្ដេញពួកវៀតកុង មិនឲ្យប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាជម្រក និងជាឈ្នាន់សង្គ្រាមជាមួយនឹងប្រទេសវៀតណាម ខាងត្បូង ។ ល ។ ដែលបានបង្កវិនាសកម្មផ្ដាច់ផ្ដិលជីវិតមនុស្សអស់ជាងកន្លះលាននាក់៕