អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា​ ​វៀតណាម​បន្ត​សង់​សំណង់​រឹង​ ​២​ទៀត​ ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា

0:00 / 0:00

​អភិបាល​ខេត្ត​កណ្ដាល​ ឱ្យ​ដឹង​ថា​ ​វៀតណាម​បាន​សង់​សំណង់​រឹង​មាំ​ ​២ទីតាំង​បន្ថែម​ទៀត​សរុប​ទាំង​អស់​ចំនួន​ ​៦កន្លែង​ហើយ​ ​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ ​បោះ​បង្គោល​ព្រំដែន​ ​ឋិត​ក្នុងស្រុក​កោះ​ធំ​ ​និង​ស្រុកលើ​ក​ដែក ខេត្ត​កណ្ដាល។ អ្នកឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា​ ​កាន់តែ​គឃ្លើន​ ​និង​គំរាមកំហែង​បូរណភាពទឹកដី​កម្ពុជា។

​អាជ្ញាធរ​ខេត្ត​កណ្ដាល​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩​ ​កញ្ញា​ថា​ ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ដែល​យោធា​ប្រទេស​ទាំងពីរ​ ​តែងតែ​ចុះ​ល្បាត​រួមគ្នា​ ​មាន​ប្រវែង​ជាង ២៩គីឡូម៉ែត្រ (២៩,៥០) វៀតណាម​បាន​បោះតង់​ចំនួន ២៧ទីតាំង​ផ្សេងៗ គ្នា ដែល​ក្នុង​នោះ​ ​មាន​តង់​ចំនួន ៦កន្លែង​ ​បាន​ប្រែក្លាយ​ទៅជា​សំណង់​រឹងមាំ។

​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ​មានប្រសាសន៍ថា​ ​សមត្ថកិច្ច​ ​និង​យោធា​កម្ពុជា​ ​បាន​ហាមឃាត់​ភាគី​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត​ ​មិន​ឱ្យ​សង់​សំណង់​រឹង​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ ​ក៏​ប៉ុន្តែ​យោធា​វៀតណាម​ឆ្លើយតប​ថា​ ​ពួកគេ​សង់​សំណង់​រឹង​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ដើម្បី​ការពារ​ទឹកជំនន់​នៅ​រដូវភ្លៀង​។​ ​លោក​បញ្ជាក់​ថា​ ​អាជ្ញាធរ​កម្ពុជា​ ​បាន​ជំរុញ​ឱ្យ​វៀតណាម​ ​រុះរើ​តង់​ទាំង​នោះ​ជាបន្ទាន់​ ​ក៏ប៉ុន្តែ​ភាគី​វៀតណាម​ ​សន្យា​ថា​ ​នឹង​រើចេញ​ ​នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១​៩​ ​ផុត​រលត់​ទៅ៖ «សង់​នៅ​ព្រែក​ស្បូវ​នេះ​ ​បើ​តាម​ដឹង​ ​ដូចជា​ ​២​ ​នៅ​លើ​កន្លែង​តង់​ចាស់​គាត់​ហ្នឹង​ទេ​។​ ​គាត់​រើ​របស់​ចាស់​ហ្នឹង​ចេញទៅ​ ​ហើយ​គាត់​យក​របស់​ថ្មី​របស់​គាត់​ ​រៀប​ឥត​ឡើង​កន្លះ​ម៉ែត្រ​ ​ប្រក់​ស័ង្កសី​ទៅ។ កងកម្លាំង​របស់​យើង​ ​អាជ្ញាធរ​របស់​យើង​ ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ណាស់​ ​មិន​ឱ្យ​មានការ​បាត់បង់​ ​មិន​ឱ្យ​មានការ​ចន្លោះ​ប្រហោង​ធ្វេសប្រហែស​ ​ជា​កន្លែង​ដែល​ចេញចូល​ ​បង្កើត​ឱ្យ​មានការ​ឆ្លង​ជំងឺ​ ​ឬក៏​បទល្មើស​ផ្សេងៗ​នៅ​ទីនោះ​ទេ »។

​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ ​វៀតណាម​បាន​បោះតង់​ចំនួន​ ​២​៨​៧កន្លែងនៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ខេត្ត​តាកែវ​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​ស្វាយរៀង​ខេត្ត​កំពត​ ​ត្បូងឃ្មុំ​ ​រតនគិរី​ ​និង​ខេត្ត​មណ្ឌលគិរី​។​ ​មកទល់​ពេលនេះ​ ​មានត​ង់​ចំនួន​ ​៨​ ​កន្លែង​ហើយ​ ​ដែល​យោធា​វៀតណាម​ប្រែក្លាយ​ជា​ជម្រក​រាំង​មាំ​ ​ឋិត​ស្រុកលើ​ក​ដែក​ ​និង​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្ដាល​ ​តំបន់​ថ្ម​ ​៣ដុំ​ ​ក្នុង​ខេត្ត​តាកែវ​ ​និង​ ​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​កំពត។​

​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​បដិសេធ​មិន​អធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ​ ​ដោយ​លោក​ថា​ ​កំពុង​ជាប់រវល់​។​ ​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​លោក​ ​កុយ​ គួង​ ​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ​ព្រោះ​លោក​បាន​ចុះ​ផ្ដាច់​ទូរស័ព្ទ​ ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា។

​អ្នកឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ ​គឺជា​ចេតនា​គំរាមកំហែង​ ​និង​ឈ្លានពាន​បូរណភាពទឹកដី​កម្ពុជា​ ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ជំហរ​រឹង​មាំ​ ​ការពារ​ខ្លួន​តាម​យន្ត​ការ​អន្តរជាតិ​។​ ​ពួកគេ​សង្កេតឃើញ​ថា​ ​បើ​ទោះបីជា​វៀតណាម​ ​បោះតង់​ ​និង​សង់​សំណង់​រឹង​ ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា​ ​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ​ ​១​៩​៩​១​ ​និង​ ​ច្បាប់​អន្តរជាតិ​ក្តី​ ​ក៏​រដ្ឋាភិបាល​កម្ពុជា​ ​គ្មាន​ឆន្ទៈ​តវ៉ា​ឱ្យ​បាន​ច្បាស់លាស់​ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​នៅឡើយ​ទេ​។​

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជាប្រចាំ​ប្រទេស​ន័រវេ​ស​ (​Nor​way​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​ចាត់​ទុក​ទង្វើ​របស់​ភាគី​វៀតណាម​ ​គឺជា​ការឈ្លានពាន​បូរណភាពទឹកដី​ខ្មែរ​ ​ឈាន​ដល់​ដំណាក់កាល​ប្រកាស​ភាព​អាសន្ន​ហើយ​។​ ​លោក​ឆ្ងល់​ថា​ ​ហេតុអ្វីបានជា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​យក​ច្បាប់​អន្តរជាតិ​ ​និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ការពារ​ខ្លួន ដើម្បី​ទប់ទល់​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​នេះ?៖ «អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នានា​ ​ជាប់​ព្រំដែន​ហ្នឹង​ ​ហ៊ាន​រាយការណ៍​ឱ្យ​បាន​ច្បាស់លាស់​ ​អំពី​ការ​បោះតង់​របស់​ជនជាតិ​វៀតណាម​ ​នៅ​កម្ពុជា​ហ្នឹង​ ​ដើម្បី​ការពារ​ផលប្រយោជន៍​កម្ពុជា​ ​ហើយ​យើង​ជួយ​និយាយ​ទាំង​អស់​គ្នា​ ​ពី​មហិច្ឆតា​វៀតណាម​ ​ក្នុង​ការឈ្លានពាន​កម្ពុជា​ ​ដើម្បី​ដាស់តឿន​ ​របប​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ចេះតែ​ធ្វើមិនដឹង​មិន​ឮ​ ​ឬ​ធ្វើ​ដឹងឮ​បន្តិចបន្តួច​ ​ក្នុង​ការ​ការពារ​ ​កម្ពុជា​ ​ហើយ​ចេះតែ​និយាយ​ភូតភរ​កុហក​ពលរដ្ឋ »។

​ចំណែក​ ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ ​និង​ជាម​ន្រ្តី​បក្ស​ទទួលបន្ទុក​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​អ៊ុំ​ ​សំ​អាន​ ​សង្កេតឃើញ​ថា​ ​វៀតណាម​ ​បាន​សង់​សំណង់​រឹង​តាម​បណ្ដោយ​ព្រំដែន​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​ខេត្ត​កំពត​ ​និង​ ​ខេត្ត​កណ្ដាល​ ​ប៉ុន្តែ​មានតែ​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​ ​ដែល​ហ៊ាន​រាយការណ៍​ ​ពី​ការឈ្លានពាន​របស់​វៀតណាម​។​ ​ចំណែក​សមត្ថកិច្ច​ខេត្ត​ផ្សេងទៀត​បាន​លាក់លៀម​ ​និង​បិទបាំង​ព័ត៌មាន​នេះ៖ «រដ្ឋាភិបាល​ត្រូវ​មាន​កំណត់​ទូត​ថ្មី​មួយទៀត​ ​ដែល​យួន​ប្រែក្លាយ​ពី​តង់​ ​ទៅជា​សំណង់​រឹង​។​ ​រដ្ឋាភិបាល​ត្រូវ​ប្តឹង​វៀតណាម​ ​បោះតង់​ ​និង​ធ្វើ​សំណង់​រឹង​ហ្នឹង​ ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ ​អង្គការសហប្រជាជាតិ​ ​ដូចដែល​កម្ពុជា​ធ្លាប់​ធ្វើ​ ​ការ​ប្ដឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​មាន​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ​ឆ្នាំ​ ​២​០​០​៨​ ​ជាមួយ​ថៃ​ហ្នឹង​ ​ហើយ​មួយទៀត​ ​កម្ពុជា​ ​ត្រូវ​ប្តឹង​វៀតណាម​ ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​នៅ​ទីក្រុង​ឡាអេ »។​

​ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​ ​សង្កេតឃើញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​និង​គណៈកម្មការព្រំដែន​ ​រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ ​ហាក់​ខ្លាច​ញញើត​មិន​ហ៊ាន​និយាយ​ឱ្យ​ចំ​ៗ​ ​ពី​ការ​ប្រែក្លាយ​តង់​ ​ទៅជា​ជម្រក​រាំង​មាំ​ ​របស់​ភាគី​វៀតណាម​ ​ផ្ទុយទៅវិញ​បែរជា​ចាប់ខ្លួន​ ​និង​ព្រមាន​ចាប់ខ្លួន​អ្នករិះគន់​បញ្ហា​ព្រំដែន​ទៅវិញ​។​ ​ក្រៅពី​នេះ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​តែង​រារាំង​ ​និង​គំរាមកំហែង​ក្រុម​យុវជន​ ​និស្សិត​ ​និង​អង្គការសង្គម​ស៊ីវិល​ ​មិន​ឱ្យ​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​ប្រមូល​ព័ត៌មាន​ស្តីពី​បញ្ហា​នេះ​ ​ត្រូវ​បាន​រឹតត្បិត​ ​និង​លាក់លៀម​។​ ​ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​តែង​រិះគន់​ថា​ ​កង្វះ​តម្លា​ភាព​នេះឯង​ ​គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។