ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា យល់ឃើញស្របគ្នាថា របបលោក ហ៊ុន សែន ចាប់លោក រ៉ុង ឈុន ក្រោមហេតុផលរឿងព្រំដែន គ្រាន់តែជាការបិទបាំងប៉ុណ្ណោះ។ ពួកគេជឿថា មូលហេតុចម្បងនៃការចាប់ខ្លួនលោក រ៉ុង ឈុន គឺដោយសាររបបក្រុងភ្នំពេញ បារម្ភថា មេដឹកនាំសហជីពរូបនេះនឹងចេញមុខដឹកនាំការតវ៉ាទ្រង់ទ្រាយធំ ពេលកម្មករបាត់បង់ការងារធ្វើ ដោយសារវិបត្តិកូវីដ-១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅកាត់ថា EBA។
ក្រុមអ្នកសង្កេតការណ៍ និងគណបក្សប្រឆាំង វាយតម្លៃថា របបក្រុងភ្នំពេញយកបញ្ហាព្រំដែនជាលេស ចាប់លោក រ៉ុង ឈុន ដើម្បីបង្វែរការចាប់អារម្មណ៍រឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% និងគំរាមមេសហជីពផ្សេងទៀតកុំឱ្យដឹកនាំកម្មករធ្វើបាតុកម្ម។ ជាពិសេស សេចក្ដីសំអាងហេតុផលចាប់ខ្លួនរឿងព្រំដែននេះអាចឱ្យសហគមន៍អន្តរជាតិយល់ថា ជារឿងផ្ទៃក្នុងកម្ពុជា មិនពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស និងសិទ្ធិការងារ ហើយបន្ថយការថ្កោលទោស ឬអន្តរាគមន៍របស់ពួកគេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា លោក រ៉ុង ឈុន ជាបញ្ញវន្តមួយរូបដែលពលរដ្ឋខ្មែរជាច្រើន គោរពស្រឡាញ់ ដោយសារវីរភាពរបស់លោកប្រឆាំងនឹងរបបផ្ដាច់ការ និងអយុត្តិធម៌សង្គម។ លោកបន្តថា របបលោក ហ៊ុន សែន ចាប់ខ្លួនលោក រ៉ុង ឈុន ដើម្បីបង្ក្រាបជាមុនកុំឱ្យកម្មករងើបតវ៉ា នៅពេលពួកគាត់កាន់តែច្រើនបាត់បង់ការងារដោយសារតែវិបត្តិកូវីដ-១៩ និងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ដែលនឹងមកដល់នៅថ្ងៃទី១២ សីហា សប្ដាហ៍ក្រោយនេះ។
លោក អេង ឆៃអ៊ាង ជឿថា ទោះជារបបលោក ហ៊ុន សែន ប្រើលេសរឿងព្រំដែនដើម្បីចាប់លោក រ៉ុង ឈុន ក៏ដោយ ក៏មិនអាចបំភ័ន្តភ្នែកសហគមន៍ជាតិ និងអន្តរជាតិបានដែរ ព្រោះពួកគេបានដឹងច្បាស់ហើយថា សកម្មភាពទាំងឡាយរបស់លោក រ៉ុង ឈុន គឺដើម្បីប្រយោជន៍ពលរដ្ឋខ្មែរ៖ « កាលណាចាប់លោកគ្រូ រ៉ុង ឈុន ក្នុងហេតុផលការពារកម្មករ គឺសហព័ន្ធសហជីពពិភពលោក និងអ្នកបញ្ជាទិញហ្នឹង គេនឹងមានប្រតិកម្មធ្ងន់ធ្ងរ អ៊ីចឹងគឺរបបលោក ហ៊ុន សែន ប្ដូរមកចោទរឿងព្រំដែនវិញ។ ទោះជាយ៉ាងណា ក៏គេចមិនផុតពីការខាតបង់ដែរ ព្រោះសហគមន៍អន្តរជាតិ គេស្គាល់ច្បាស់ គេដឹងច្បាស់ លោក រ៉ុង ឈុន នៅក្នុងមួយជីវិតគាត់នេះ គាត់ធ្វើសកម្មភាពនានា គឺដើម្បីតែការពារផលប្រយោជន៍អ្នករងគ្រោះ ដូចជា កម្មករ កសិករ គ្រូបង្រៀន មន្ត្រីរាជការតែប៉ុណ្ណឹងទេ » ។
កាលពីពេលថ្មីៗ នេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានទទួលការពឹងពាក់ពីកម្មកររោងចក្រវ៉ាយអូលែត (Violet) ឱ្យជួយតវ៉ាទាមទារសំណងការងារ ដោយសារថៅកែបិទរោងចក្រដោយគ្មានសំណងត្រឹមត្រូវតាមច្បាប់។ គឺវិវាទនៅរោងចក្រវ៉ាយអូលែតនេះហើយ ដែលក្រសួងការងារបានចេញលិខិតព្រមានមេដឹកនាំសហជីពមួយរូបទៀត គឺអ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យបញ្ឈប់សកម្មភាពការពារសិទ្ធិកម្មករ បើពុំដូច្នេះទេ ក្រសួងនឹងប្ដឹងរំលាយសហជីពរបស់អ្នកស្រី។
លោក រ៉ុង ឈុន បានដឹកនាំក្រុមកម្មកររោងចក្រវ៉ាយអូលែត ដើរតវ៉ា ដើរដាក់ញត្តិទៅក្រសួងការងារ និងខុទ្ទកាល័យលោក ហ៊ុន សែន ដែលជាការតវ៉ាមួយដ៏កម្រ ចាប់តាំងពីរបបក្រុងភ្នំពេញបានបង្ក្រាបដោយហិង្សា និងប្រើគ្រាប់កាំភ្លើងពិតបាញ់កម្មករឱ្យស្លាប់ ៥នាក់ និងរបួសជិត ៤០នាក់ នៅលើកំណាត់ផ្លូវ វ៉េង ស្រេង និងក្បែររោងចក្រ យ៉ាក់ជីន កាលពីដើមឆ្នាំ២០១៤។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សរបស់គាត់ មិនចូលចិត្តលោក រ៉ុង ឈុន ជាយូរមកហើយ ព្រោះលោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ជាសកម្មជនសង្គមស៊ីវិល និងជាអ្នកហ៊ាននិយាយការពិតដោយឥតលាក់លៀម។ លោកបន្តថា របបលោក ហ៊ុន សែន ចង់តែចាប់លោក រ៉ុង ឈុន ទេ ដោយសារគាត់បន្តនិយាយរឿង EBA និងជួយការពារសិទ្ធិកម្មករ តែកន្លងទៅ របបនេះមិនទាន់មានលេសគ្រប់គ្រាន់៖ « ខ្ញុំជឿថា របបលោក ហ៊ុន សែន បានរង់ចាំមើលសាច់រឿងណាមួយដែលអាចឱ្យពួកគេមានលេសចាប់ខ្លួន លោក រ៉ុង ឈុន។ វាពិបាកសម្រាប់របបក្រុងភ្នំពេញក្នុងការចាប់ខ្លួនអ្នកណាម្នាក់ដោយសារតែនិយាយរឿង EBA ព្រោះពួកគេដឹងច្បាស់ថា បើធ្វើបែបនេះ សហភាពអឺរ៉ុបនឹងផ្ទុះកំហឹង។ ដូច្នេះ ពួកគេត្រូវរង់ចាំដល់ពេលដែលលោក រ៉ុង ឈុន និយាយរឿងផ្សេងទៀត ហើយករណីនេះ គឺគាត់បាននិយាយរឿងព្រំដែន។ ខ្ញុំគិតថា ចំណាត់ការលើលោក រ៉ុង ឈុន មិនមែនគ្រាន់តែជារឿងព្រំដែននោះទេ ប៉ុន្តែដោយសារតែរឿងជាច្រើនដែលលោក រ៉ុង ឈុន ធ្លាប់បាននិយាយជាហូរហែមក » ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បដិសេធថា ការចាប់ខ្លួនលោក រ៉ុង ឈុន គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែន មិនជាប់ទាក់ទងនឹងរឿងសិទ្ធិការងារ ឬរឿង EBA នោះទេ៖ « ការយល់ឃើញរបស់អស់លោកអ្នកនៅក្រៅប្រទេសទាំងប៉ុន្មានហ្នឹង ជាការយល់ឃើញរបស់គាត់ តែចំពោះខ្ញុំដូចជាមិនឃើញតុលាការចោទគាត់ពីរឿងបាត់ EBA ទេ ចោទគាត់តែពីរឿងគាត់ទៅញុះញង់នៅព្រំដែនតើ។ អាហ្នឹងមើលកម្មវត្ថុចោទឱ្យច្បាស់លាស់ » ។
កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ លោក រ៉ុង ឈុន បានគ្រោងប្រមូលផ្ដុំកម្មករ និងគ្រូបង្រៀន តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំតុលាការឱ្យទម្លាក់ចោលបទចោទលើ លោក កឹម សុខា និងលើកលែងទោសដល់លោក សម រង្ស៊ី។ លោក រ៉ុង ឈុន ចង់ធ្វើដូច្នេះ ព្រោះលោកយល់ថា នេះជាជំហានឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយ ដើម្បីកុំឱ្យសហភាពអឺរ៉ុបដកហូតការអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ទោះជាយ៉ាងណា អាជ្ញាធរក្រុងភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើក្រុមលោក រ៉ុង ឈុន ហ៊ានប្រមូលផ្តុំគ្នាតវ៉ាដូចការគ្រោងទុកមែននោះ។
ថ្វីដ្បិតតែរងការព្រមានពីអាជ្ញាធរក៏ដោយ ក៏លោក រ៉ុង ឈុន នៅតែមិនបញ្ឈប់សកម្មភាពទាមទារនេះដែរ។ នៅដើមខែមករា ឆ្នាំ២០២០ ពោលគឺមួយខែមុនគណៈកម្មការអឺរ៉ុបត្រូវសម្រេចចិត្តរឿងដក ឬមិនដក EBA ពីកម្ពុជានោះ លោក រ៉ុង ឈុន ប្រមូលបានស្នាមមេដៃកម្មករជាង១ ពាន់នាក់ ធ្វើជាញត្តិ ស្នើសុំឱ្យលោក ហ៊ុន សែន អនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប ក្នុងការស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានសប្បាយចិត្តនោះទេ ទោះជាសកម្មភាពរបស់លោក រ៉ុង ឈុន នេះ គឺដើម្បីប្រយោជន៍កម្មករក៏ដោយ។ នៅចំពោះមុខនិស្សិតរាប់ពាន់នាក់ លោក ហ៊ុន សែន បានប្រើភាសាអាមឹង ចំពោះលោក រ៉ុង ឈុន ហើយឱ្យលោកឈប់និយាយរឿង EBA តទៀត ព្រោះរបបលោកបានត្រៀមខ្លួនបាត់បង់ EBA ចំនួន ២០% នោះហើយ។ វិធានការត្រៀមរបស់លោក ហ៊ុន សែន នោះ គឺផ្តល់លក្ខខណ្ឌអនុគ្រោះដល់អ្នកវិនិយោគ ព្រមទាំងបន្ថយប្រយោជន៍កម្មករ ដើម្បីជួយសម្រួលដល់ថៅកែរោងចក្រ៖ « កម្ពុជាបញ្ជាក់ច្បាស់ហើយថា កម្ពុជាមិនទៅស្នើសុំអា ២០ % ត្រឡប់មកវិញទេ។ សូមអាអ្នកវិភាគ ជាពិសេស អា រ៉ុង ឈុន នោះ និយាយស្ដាប់ឱ្យបាន។ គេត្រៀមបម្រុងនៅទីនេះហើយ។ ឱ្យបាត់ទៅអា ២០ % ហ្នឹង កុំទៅខ្វល់ !» ។
លោក រ៉ុង ឈុន ដែលធ្លាប់តស៊ូក្នុងបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរាប់សិបឆ្នាំមកហើយនោះ មិនបានបញ្ឈប់ការបញ្ចេញមតិរឿង EBA នោះទេ ទោះជាលោក ហ៊ុន សែន ចុចចំឈ្មោះបែបនេះក៏ដោយ។ សម្រាប់លោក រ៉ុង ឈុន ការបាត់បង់ EBA ចំនួន ២០% នេះ មិនមែនជារឿងតូចតាចដូចអ្វីដែលរបបក្រុងភ្នំពេញប្រកាសក្តែងៗ នោះឡើយ។ លោកជឿថា ករណីនេះនឹងធ្វើឱ្យក្រុមហ៊ុនបញ្ជាទិញធំៗ បាត់ទំនុកចិត្ត ហើយកាត់បន្ថយ ឬដកការវិនិយោគពីកម្ពុជា ដែលជាហេតុធ្វើឱ្យកម្មកររាប់សែននាក់បាត់បង់ការងារធ្វើ៖ « អ្វីដែលគាត់លើកឡើងនេះ ខ្ញុំគិតថា ល្អប្រសើរដែរ សម្រាប់អ្វីដែលខ្ញុំបាននិយាយតាមវិទ្យុអាស៊ីសេរី និងតាមបណ្ដាញសារព័ត៌មានផ្សេងៗ បានឮដល់គាត់ ( ហ៊ុន សែន ) គាត់ស្ដាប់ហើយយកចិត្តទុកដាក់ យកមកធ្វើការឆ្លើយតបអំពីក្ដីកង្វល់របស់កម្ម ទោះបីជាគាត់ប្រើពាក្យអសុរោះមកលើខ្ញុំក៏ដោយ ខ្ញុំនៅតែប្រកាន់ជំហរ ដើម្បីការពារផលប្រយោជន៍កម្មករ ហើយយើងជាសហជីពត្រូវតែធ្វើការឈរលើផលប្រយោជន៍សហជីព កម្មករកម្មការិនី ហើយនិងប្រជាពលរដ្ឋ » ។
អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនលោក រ៉ុង ឈុន នៅគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី៣១ កក្កដា ដោយគ្មានដីកា ក្រោមហេតុផលបទល្មើសជាក់ស្ដែង។ តំណាងអយ្យការបានចោទលោកពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ។ ការចាប់ខ្លួននេះ ធ្វើឡើងជាងមួយម៉ោងក្រោយពេលលោកចូលរួមក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ដើម្បីប្រតិកម្មតបនឹងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលចោទលោកថា បានចេញរបាយការណ៍បំភ្លៃការពិតរឿងការបោះបង្គោលព្រំដែននៅឃុំត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ធ្វើឱ្យបាត់ដីពលរដ្ឋទៅខាងភាគីវៀតណាម។
មេធាវី សំ សុគង់ ដែលជួយការពារក្តីឱ្យលោក រ៉ុង ឈុន អះអាងថា ទាំងការចោទប្រកាន់ និងចាប់ខ្លួនកូនក្តីរបស់លោកសុទ្ធតែធ្វើឡើងដោយខុសនីតិវិធី។ ខុសនីតិវិធី គឺកូនក្តីរបស់លោកបានចេញសេចក្ដីថ្លែងការណ៍រឿងព្រំដែនតាំងពីថ្ងៃទី២១ ខែកក្កដា ស្រាប់តែអាជ្ញាធរទៅចាប់គាត់នៅថ្ងៃទី៣១ កក្កដា ដោយចោទពីបទល្មើសជាក់ស្តែង ហើយការចាប់ខ្លួននេះទៀតសោត ធ្វើឡើងនៅពេលយប់ ផុតការកំណត់នៃច្បាប់។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការចាប់ខ្លួនលោក រ៉ុង ឈុន នេះ គឺដោយសារលោកជាសកម្មជនដ៏លេចធ្លោ និងជាចលករនយោបាយមួយយ៉ាងសំខាន់នាពេលបច្ចុប្បន្ន ដែលអាចទាញទម្លាក់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។ លោកថា ការចាប់ខ្លួនសកម្មជនរូបនេះធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកានតែច្បាស់អំពីការធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាប់អួ៖ « លោក រ៉ុង ឈុន គាត់ធ្វើសកម្មភាពមួយចំនួនដែលវារសើបទៅដល់រដ្ឋាភិបាល បាត់បង់ប្រជាប្រិយភាព បាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ អ៊ីចឹងហើយរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ជាមួយគាត់។ វាពាក់ព័ន្ធទាំងរឿងព្រំដែន រឿងកម្មករ រឿង EBA រឿងអ្វីទាំងអស់ចូលជាមួយគ្នាហ្នឹង » ។
ស្របពេលដែលការដកហូត EBA ចំនួន ២០% នឹងចូលជាធរមាននៅថ្ងៃទី១២ សីហា ខាងមុខនេះ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិលោក ហ្វីល រ៉ូបឺតសុន ថ្លែងថា សហភាពអឺរ៉ុបត្រូវតែដាក់បញ្ចូលករណីលោក រ៉ុង ឈុន ទៅក្នុងបញ្ជីរំលោភសិទ្ធិមនុស្សដ៏វែងអន្លាយរបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបមានហេតុផលស្របច្បាប់ជាច្រើន ដែលអាចយកមកជម្រះបញ្ជីជាមួយរបបលោក ហ៊ុន សែន ប្រសិនបើរបបនេះចង់បានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។