សកម្មជនបក្សប្រឆាំង ដែលធ្លាប់ជាអ្នកទោសមនសិការ បានទទួលមរណភាពក្រោយចេញពីពន្ធនាគារ បានជាងប្រាំខែ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អ្នកធ្លាប់ជាប់ពន្ធនាគារជាមួយលោក និង ក្រុមគ្រួសារស្ដាយវីរភាពស្នេហាជាតិ របស់សកម្មជនរូបនេះ។
សកម្មជនបក្សប្រឆាំង លោក យា ថុង បានទទួលមរណភាព កាលថ្ងៃទី១៤ ខែកុម្ភៈ ដោយជំងឺ។ លោកមានជំងឺនេះធ្ងន់ តាំងពីលោកនៅជាប់ពន្ធនាគារ អស់រយៈពេល ១.១១៩ ថ្ងៃនោះមកម្ល៉េះ។ ប៉ុន្តែ កាលលោកនៅជាប់ពន្ធនាគារ លោកមិនទទួលបានការព្យាបាលនោះឡើយ ដោយសារតែមន្ត្រីពន្ធនាគារ មិនអនុញ្ញាតឱ្យលោកបានទៅព្យាបាលខាងក្រៅ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាអ្នកទោសនយោបាយ ដែលជាប់ពន្ធនាគារជាមួយលោក យា ថុង គឺលោក អ៊ំ សំអាន ប្រាប់អាស៊ីសេរី ថាពេលកំពុងជាប់ឃុំ លោក យា ថុង មិនបានទទួលការព្យាបាលជំងឺនេះឡើយ បើទោះបីជាលោកបានស្នើសុំខាងពន្ធនាគារ ដើម្បីបញ្ជូនលោកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ជាច្រើនលើកច្រើនសាក៏ដោយ៖ «មុនចេញប្រហែលមួយឆ្នាំ គាត់ចុកចង្កេះ ចុកខ្នងចុកខ្លាំង រហូតដល់ដេកមិនកើត ត្រូវក្រៀក។ គាត់សុំគេទៅព្យាបាលបីបួនដងដែរ តែគេមិនឱ្យទៅ»។
លោក យា ថុង ជាប់ពន្ធនាគារពីខែសីហា ឆ្នាំ២០១៥ រហូតដល់ខែ សីហា ឆ្នាំ២០១៨ ពីបទចូលរួមចលនាកុបកម្ម ដែលបានប្រព្រឹត្តិទៅនៅទីលានប្រជាធិបតេយ្យ កាលពី ខែកក្កដា ឆ្នាំ២០១៤។ តុលាការបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៧ឆ្នាំ។ ប៉ុន្តែ ដោយមានសម្ពាធពីសហគមន៍អន្តរជាតិ របបលោក ហ៊ុន សែន បានបន្ធូរបន្ថយស្ថានការណ៍នយោបាយ ដោយដោះលែងអ្នកទោសមនសិការ និងសកម្មជនគណបក្សប្រឆាំងជាច្រើន រួមទាំងលោក យា ថុង ផង កាលពី សីហា ឆ្នាំ២០១៨ នោះ។
បើទោះជាតុលាការចោទលោក យា ថុង ពីបទឧក្រិដ្ឋដូចការចោទប្រកាន់នេះក្តី ក៏អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចាត់ទុកការចាប់ខ្លួនគណបក្សសង្គ្រោះជាតិនេះ គឺជារឿងនយោបាយ។
លោក អ៊ំ សំអាន សរសើរពីវីរភាព និងភាពស្មោះត្រង់របស់លោក យា ថុង ដែលប្ដេជ្ញាគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីឱ្យមានការផ្លាស់ប្ដូរនៅកម្ពុជា។ លោកបន្ថែមថា ក្នុងពេលកំពុងជាប់ឃុំនោះ មានមនុស្សរបស់គណបក្សកាន់អំណាច មកបញ្ចុះបញ្ចូលឱ្យក្រុមលោកសរសេរលិខិតទៅសុំទោសលោក ហ៊ុន សែន និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គេនឹងដោះលែងភ្លាម ប៉ុន្តែ គាត់ប្រកែក៖ «គាត់ថា គាត់មិនទៅណាទេ នៅតែជាមួយគណបក្សសង្គ្រោះជាតិ មិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ។ គោលបំណងរបស់គាត់ គាត់ថាគាត់នៅតែស្រលាញ់ប្រជាធិបតេយ្យ ចង់បានការគោរពសិទ្ធិមនុស្ស ចង់បានប្រជាធិបតេយ្យ ចង់បានការផ្លាស់ប្តូរវិជ្ជមាន។ គាត់ថាគាត់ស្លាប់ក៏បិទភ្នែកជិតដែរ ឱ្យតែមានការផ្លាស់ប្ដូរ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតដដែលរូបនេះ បន្តថា លោក យា ថុង មិនត្រឹមតែអ្នកស្នេហាជាតិមោះមុតប៉ុណ្ណោះទេ តែជាមនុស្សមានសន្តានចិត្តល្អ ចេះជួយយកអាសាអ្នកដទៃ និងអ្នកខ្វះខាត ទោះបីជារូបលោកផ្ទាល់ មានធនធានតិចតួចក៏ដោយ៖ «ក្នុងពន្ធនាគារហ្នឹង គាត់ត្រូវគ្នាច្រើនជាមួយអ្នកទោសមនសិការ និងមន្ត្រីពន្ធនាគារ។ គាត់ចែកម្ហូបអាហារ និងធ្លាប់ដាំបាយ ឱ្យខ្ញុំហូបដែរ។ គាត់ជាមនុស្សល្អមែនទែន។ គាត់ចេះចែករំលែកដល់អ្នកក្រ»។
អ្នកទោសមនសិការមួយរូបទៀត គឺយុវជន គង់ រ៉ៃយ៉ា បានសរសេរបង្ហោះលើហ្វេសប៊ុក សម្ដែងការសោកស្ដាយ និងក្រៀមក្រំ ដែលលោក យា ថុង លាចាកលោកឆាប់បែបនេះ។ យុវជន គង់ រ៉ៃយ៉ា ថ្លែងថា លោកអរគុណអាហារឆ្ងាញ់ៗ ដែលលោក យា ថុង ផ្ដល់ឱ្យកាលរស់នៅក្នុងគុកព្រៃស ជាមួយគ្នា។ លោកបន្ថែមថា លោកចាំ ថាកាលនៅក្នុងគុក លោក យា ថុង ធ្លាប់និយាយថា លោកមិនចង់បានដំណែងអ្វីធំដុំទេ លោកគ្រាន់តែចង់ធ្វើជាមន្ត្រីមូលដ្ឋាន ដើម្បីធ្វើការបម្រើពលរដ្ឋមូលដ្ឋាន និងមានផ្ទះតូចល្មម អាចរស់ជួបជុំគ្រួសារ ដាំបន្លែ ចិញ្ចឹមសត្វ រស់ដោយមានសុភមង្គលប៉ុណ្ណោះ។
ភរិយារបស់លោក យា ថុង គឺអ្នកស្រី ប៉ុល រំដួល បានសរសេរសារចុងក្រោយ បញ្ជាក់អំពីការសោកស្ដាយ ដែលស្វាមីលោកស្រី លាចាកលោកស្រី នឹងកូនរហូតហើយ គ្មានថ្ងៃវិលត្រឡប់ទេ។ អ្នកស្រីសុំទោសសពលោក យា ថុង ព្រោះមិនបានរៀបចំសពឱ្យសមរម្យ ដោយសារជីវភាពខ្វះខាត និង ផ្ទះនៅឯស្រុកស្រែដាច់ស្រយាលពីគេ។ ទោះជាយ៉ាងនេះក្តី លោកស្រីសន្យាថា នឹងរៀបចំពិធីសពឱ្យលោក យា ថុង សមជាវីរបុរសកូនខ្មែរ។ ជាចុងក្រោយ លោកស្រី ថា “ប្ដីសម្លាញ់បងហត់ហើយ បងគេងចុះណា៎ អូនអត់រំខានបងទេ”៕
ព័ត៌មានបន្ថែមនៅថ្ងៃទី ១៥ ខែ កុម្ភៈ
ភរិយារបស់លោក យា ថុង លោកស្រី ប៉ុល រំដួល អំពាវនាវដល់ជនរួមជាតិទាំងអស់ ជួយចូលរួមពិធីបុណ្យសពរបស់លោក យា ថុង ទាំងពេលនេះ និង បុណ្យ៧ថ្ងៃ ដែលនឹងធ្វើនៅថ្ងៃ ពុធ ទី ២០ ខែ កុម្ភៈ នៅភូមិស្រែជ័យ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ លោក យា ថុង មានវ័យ ៤៥ ឆ្នាំ៕
