មេភូមិ​នៅ​ខេត្ត​កណ្ដាល​ម្នាក់​ប្រតិកម្ម​នឹង​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិតមេដៃ​ទម្លាក់​ខ្លួន​ចេញពី​តំណែង

0:00 / 0:00

មេភូមិ​ដែល​ប្រកាន់​និន្នាការ​កណ្ដាល​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​កាន់អំណាច​ថា បញ្ជា​កូនចៅ​ឲ្យ​ដើរ​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិត​ស្នាម​មេដៃ​ដក​រូប​គាត់​ចេញពី​តំណែង។ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា មេភូមិ​រូប​នេះ​បាន​បំពេញការងារ​ជួយ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​ល្អ ហើយ​ពួកគាត់​ចង់​ឲ្យ​មេភូមិ​នេះ​ដឹកនាំ​ពលរដ្ឋ​ឲ្យ​បាន​យូរ​ឆ្នាំ​បន្ត​ទៀត។

មេភូមិ​ចុងកោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល អ្នកស្រី ហៀង ចំណាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ តុលា​ថា អ្នកស្រី​បាន​ខំ​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ការ​នឿយ​ហត់​ឡើយ ដូច្នេះ​មិន​គួរ​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​ល្បិច​ដើម្បី​ដក​អ្នកស្រី​ចេញពី​តំណែង​ដោយ​គ្មាន​កំហុស​នោះ​ទេ។ មេភូមិ​រូប​នេះ​អះអាង​ទៀត​ថា ការ​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ដក​រូប​គាត់​នេះ ដោយសារ​អ្នកស្រី​ជា​ឆ្អឹង​ទទឹង​ក​របស់​អាជ្ញាធរ​គណបក្ស​កាន់អំណាច ដែល​កន្លងមក​អូសទាញ​អ្នកស្រី​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ខ្លួន​មិនបាន​សម្រេច​នោះ៖ «»។

​មេភូមិ​រូប​នេះ​បន្ថែម​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក នៅ​ពីក្រោយ​គម្រោង​ការ​ដក​រូប​អ្នក​ស្រី​ចេញពី​ដំណែង។

ប៉ុន្តែ​មេឃុំ​ឈើខ្មៅ លោក ស៊ឹម យ៉ុង មកពី​គណបក្ស​កាន់អំណាច មាន​ប្រសាសន៍ថា រឿង​នេះ​អាជ្ញាធរ​ឃុំ​មិន​មាន​ពាក់ព័ន្ធ​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ការ​ស្នើ​ដក​មេភូមិ​នេះ​ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ពេញ​ចិត្តនឹង​ការងារ​របស់​អ្នកស្រី​មេភូមិ ដែល​បាន​ទទួល​ប្រាក់ខែ​ជា​រៀងរាល់​ខែ តែ​មិន​សូវ​មាន​សកម្មភាព​ការងារ​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៖ «បើសិនជា​ប្រជាពលរដ្ឋ​គាត់​និយាយ​ដូច្នេះ​យើង​ប្រមើល​មើល បើសិនជា​គាត់​ធ្វើ​ត្រូវ​យើង​ត្រូវ​ធ្វើតាម​គាត់ តែ​បើ​សិន​គាត់​ធ្វើ​ខុស​ចាំ​យើង​មាន​វិធានការ​ទប់ស្កាត់ នេះ​ជា​ប្រជាធិបតេយ្យ​របស់​គាត់។ ខ្ញុំ​មិន​ដឹង​ដែរ ដល់​អីចឹង​មិន​ដឹង​គាត់​ធ្វើ​ដោយសារ​មូលហេតុ​អី យើង​មើល​មិន​ឃើញ​ចាំ​មើល​គាត់​យកពាក្យ​បណ្ដឹង​មក​តើ​យ៉ាង​មិច​វិញ​បាន​យើង​និយាយ​កើត ប៉ុន្តែ​របាយការណ៍​នោះ​មិនទាន់​ដល់​ឃុំ​នៅឡើយ​ទេ»។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុងកោះ មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព រៀបរាប់​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ភូមិ​ចំនួន​២​នាក់ បាន​យក​ក្រដាស​បង្ខំ​រូប​គាត់​ផ្ដិត​ស្នាម​មេដៃ​ដក​មេភូមិ​ចុង​កោះ​ចេញពី​តំណែង។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា រូប​គាត់​មិនបាន​ធ្វើតាម​សំណើ​នោះ​ទេ ព្រោះ​មេភូមិ​សព្វថ្ងៃ​ធ្វើការ​ងារ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ ដូច្នេះ​ពួកគាត់​មិន​អាច​ដក​មេដឹកនាំ​ល្អ​រូប​នេះ​ចេញពី​តំណែង​ហើយ​ដាក់​អ្នក​ផ្សេង​បានទេ៖ «គាត់​ធ្វើ​បាន​ល្អ​របស់​គាត់​ឃើញ​គាត់​ចេះ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​គាត់​ចេះតែ​មក​សួរនាំ ហើយ​ដូច​ជា​មាន​អំណោយ​អី​គាត់​តែងតែ​ប្រាប់​ទៅ​យក​អំណោយ​ដូចជា​មាន់​ឬ​អំណោយ​ផ្សេងទៀត​គាត់​តែងតែ​ជួយ​ដល់​អ្នក​ក្រី​ហើយ។ ដល់ពេល​មានរឿង​ដូច្នេះ​ខ្ញុំ​មានការ​សោកស្ដាយ​ហើយ​អាណិត​គាត់​ដែរ តែ​មិន​ដឹង​ធ្វើ​មិច​បើ​នយោបាយ​វា​ទៅជា​យ៉ាង​ដូច្នេះ»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត អះអាង​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ភាគច្រើន​ពេញចិត្ត​ការងារ​របស់​មេ​ភូមិ​រូប​នេះ ហើយក៏​គ្មាន​ពលរដ្ឋ​ណា​ចង់​ដក​រូប​គាត់​ចេញពី​តំណែង​ដែរ ព្រោះ​អ្នកស្រី​មេភូមិ​តែងតែ​ដោះស្រាយ​ទំនាស់​របស់​ពលរដ្ឋ​ដោយ​អព្យាក្រឹត និង​មិន​លំអៀង​ទៅ​គណបក្ស​ណាមួយ​ឡើយ​។​ជាងនេះទៀត​អ្នកស្រី​តែង​រក​ជំនួយ​មនុស្សធម៌​មក​អភិវឌ្ឍន៍​ក្នុង​ភូមិ​បាន​រីក​ចំរើន​ជាង​មេភូមិ​សម័យមុនៗ​ទៀត​ផង៖ «ខ្ញុំ​ពិតជា​សោកស្ដាយ​ហើយ​ព្រោះ​អ្នក​ចាស់ៗ​មុនៗ​គេ​តែ​ប្រកាន់​បក្ស​ពួកគេ​ជួយ​តែ​អ្នក​ធូរធារ​គ្នា ហើយ​គេ​ដោះស្រាយ​បាន​លឿន​ទៅ បើ​ថា​ខ្វះខាត​ដូច​ពួក​ខ្ញុំ​អ្នក​ក្រីក្រ​អត់​បានទេ បាន​គាត់​ថ្មី​ទេ​គាត់​ចេះ​មើល​ការពិត​ពី​បញ្ហា​នេះ​បញ្ហា​នេះ​ទៅ​ក៏​ល្អ​ម្យ៉ាង។ ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ថ្នាក់លើ​សូម​ជួយ​មើល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់លាស់​ព្រោះថា​អ្នកធ្វើ​ល្អ​ថា​ល្អ​ដើម្បី​ឲ្យ​ធ្វើ​ល្អ​ទទួល​បាន​យុត្តិធម៌​ខ្លះ​ផង»។

ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា បើទោះបីជា​មេភូមិ​គាំទ្រ​គណបក្ស​ណា​ក៏​ដោយ​ក៏​រដ្ឋអំណាច​មិន​ត្រូវ​ដក​រូប​គាត់​ចេញពី​តំណែង​បាន​ដែរ ប្រសិនបើ​មេភូមិ​រូប​នោះ​មិនបាន​ធ្វើ​ខុស ប៉ុន្តែ​រូប​គាត់​បាន​បំពេញការងារ​ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ការ​រីក​ចំរើន​សង្គមជាតិ​នោះ។ ព្រោះ​ប្រសិនបើ​ដក​រូប​គាត់​ចេញ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ធនធានមនុស្ស​ដែល​ចេះ​ដឹកនាំ​ឲ្យ​ប្រទេស​រីក​ចំរើន៖ «ពីព្រោះ​យើង​ហើយ​ប្រទេស​ដែល​រីក​ចំរើន​ទៅ​បាន​គឺ​ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​នឹង​សំខាន់ ជាពិសេស​មេភូមិ​ដែល​នៅ​ជាប់​ប្រជាពលរដ្ឋ​នេះ គាត់​ដឹង​សុខ​ដឹង​ទុក្ខ​និង​បម្រើ​ប្រជាពលរដ្ឋ បើ​សិន​គាត់​មាន​សារៈសំខាន់​បែបនេះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ យើង​គួរតែ​ទុក​គាត់​ដើម្បី​ការអភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន។ ដូច្នេះ​ហើយ​បាន​គេ​ចង់​ឲ្យ​មេភូមិ​កើតឡើង​ពី​ការបោះឆ្នោត​ដើម្បី​ឲ្យ​មាន​តួនាទី​មួយ​អព្យាក្រឹត្យ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​នោះ»។

មេភូមិ​រូប​នេះ​ចូលកាន់​តំណែង​តាមរយៈ​អតីត​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​នោះ គឺ​នៅ​ក្រោយ​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា ២០១៧។ ចាប់​តាំង​ពី​រំលោក​គណបក្សប្រឆាំង​មក​អ្នកស្រី​នៅតែ​បន្ត​តំណែង​ជា​មេភូមិ​រហូត​មក​ទល់​សព្វ​ថ្ងៃ។

លោក អំ សំអាត ទទូច​ឲ្យ​ក្រសួងមហាផ្ទៃ​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុននឹង​សម្រេច​ដក​មេភូមិ​នោះ ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​ការ​មាន​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។