"លោក ហ៊ុន សែន សម្ញែង​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ បង្ហាញ​ថា លោក​ជា​មេដឹកនាំ​ពុករលួយ"

ប្រជាពលរដ្ឋ និង​សកម្មជន​លើកឡើង ថា ការណ៍​ដែល​លោក ហ៊ុន សែន សម្ញែង​នាឡិកា ដៃ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​គឺ​បង្ហាញ​ថា លោក​ពិតជា​មេដឹកនាំ​ពុករលួយ និង​មិនសូវ​ខ្វល់ខ្វាយ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ឡើយ។ ការ​លើកឡើង​របស់​ពួកគាត់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ដ៏​កម្រ​មួយ​ទៅ​អ្នក​រិះគន់ ដោយ​ថា ទោះបី​លោក​ប្រើប្រាស់​នាឡិកា​ដៃ​ថ្លៃៗ ក៏​មិន​ទើស​អ្នក​ណា​ឡើយ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ប្រភព​ទ្រព្យសម្បត្តិ​ទាំង​នោះ​ទេ។

ប្រជាពលរដ្ឋ និង​សកម្មជន​មួយ​ចំនួន​លើកឡើង​ថា ជា​រឿង​ដ៏​គួរ​ឲ្យ​សង្ស័យ និង​អាម៉ាស់​បំផុត ដែល​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ ហើយ​ទទួល​បាន​ប្រាក់​បៀវត្ស​ទាប បែរ​ជា​មានលទ្ធភាព​ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ។ ពួកគាត់​បន្ត​ថា បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ព្យាយាម​បកស្រាយ​ថា ការ​ពាក់​នាឡិកា​ប្តូរ​ម៉ូត​ហើយ​មាន​តម្លៃ​ថ្លៃ គឺ​ជា​រឿង​ធម្មតា ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​ក៏​មាន​លទ្ធភាព​ទិញ​ឡាន​ម៉ូតូ​ជិះ​ដែរ​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត និង​មិនអាច​ប្រៀបធៀប​បាន​ឡើយ ព្រោះ​នាឡិកា​ដៃ​ជាច្រើន​គ្រឿង​របស់​លោក ហ៊ុន សែន មាន​តម្លៃ​ខ្ពស់​កប់​ពពក ខុស​ពី​ឡាន ឬ​ម៉ូតូ​របស់​ពួកគាត់ មាន​តម្លៃ​ថោក ហើយ​ភាគច្រើន​ទិញ​បង់​រំលស់ ឬ​ជាប់​បំណុល​ធនាគារ។

កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោកស្រី ឈួ សារិត លើកឡើង​ថា នៅ​រោងចក្រ​លោកស្រី​មាន​កម្មករ​ជាង​១​ពាន់​នាក់ ហើយ​ម្នាក់ៗ ខំប្រឹង​រកលុយ​ដើម្បី​សង​ធនាគារ​ផង និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ជាប្រចាំ​ថ្ងៃ​ផង។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន កម្មករ​ស្ទើរ​ទាំងអស់​ជំពាក់​ធនាគារ ដោយសារ​អ្នកខ្លះ​ខ្ចី​លុយ​មក​ទិញ ឬ​សាង​សង់ផ្ទះ និង​យានជំនិះ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ជាដើម ដូច្នេះ​មិន​អាច​ប្រៀបធៀប​នឹង​ស្ថានភាព​ដ៏​ហ៊ឺហា​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ឡើយ​។ កម្មការិនី​រូប​នេះ ត្អូញត្អែរ​ថា បច្ចុប្បន្ន​ពួកគាត់ កំពុង​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ឡើង ព្រោះ​គ្មាន​ការងារ និង​ប្រាក់​ខែ​ទៀងទាត់ ដោយសារ​រោងចក្រ​មួយ​ចំនួន​បិទទ្វារ និង​ព្យួរ​ការងារ។

លោកស្រី ឈួ សារិត៖ «ភាគច្រើន​សុទ្ធតែ​ជំពាក់​បំណុល​ធនាគារ​ទាំង​អស់ ទោះ​ទិញ​ឡាន ទិញ​ផ្ទះ​ក៏ដោយ ក៏​ត្រូវ​ជំពាក់​គេ​ដែរ។ បើ​តាម​លទ្ធភាព​ធ្វើការ​រោងចក្រ ក៏​មិន​បាន​លុយ​ណា​ទៅ​ទិញ​ទាំង​ដុំ​អ៊ីចឹង​ដែរ»។

ជាមួយ​គ្នា​នេះ ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណនី ថ្លែង​ថា វា​ជា​រឿង​គួរ​ឱ្យ​ហួសចិត្ត​មួយ ខណៈ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​មាន​ពលករ​រាប់​លាន​ចំណាកស្រុក​ចេញ​ទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស បែរ​ជា​មាន​មេដឹកនាំ ចូលចិត្ត​ប្រើប្រាស់​សម្ភារៈ​និយម​តម្លៃ​រាប់​លាន​ដុល្លារ​សម្ញែង​គេឯង​ទៅវិញ។

លោក ម៉ាត់ វណ្ណនី៖ «មែនទែន​ទៅ វា​អត់​ស៊ីគ្នា រវាង​សម្ភារៈ​របស់​គាត់​រាប់​លាន​ដុល្លារ ជាមួយនឹង​ជីវភាព​ពលរដ្ឋ ជាមួយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ក៏​កាន់តែ​ដុនដាប​ទៅ​ទៀត។ និយាយ​រួម​ទៅ វា​អត់​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​យក​បាន​ទេ។ អាហ្នឹងៗ យើង​មិនទាន់​និយាយ​ពី​អំពើពុករលួយ​ផង»។

ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ​បន្ត​ទៀត​ថា ចំពោះ​ពលរដ្ឋ​សាមញ្ញ​ដែល​លោក ហ៊ុន សែន ឆ្ងល់​ថា​ហេតុអ្វី​ក៏​មាន​ឡាន​ជិះ​នោះ គឺ​ពួកគាត់​ខិតខំ​រក​បាន​ពី​កម្លាំង​ញើស​ឈាម​ត្រឹមត្រូវ ហើយ​មួយ​ចំនួន​ដោយសារ​មានកូន​ចៅ​ធ្វើ​ចំណាកស្រុក មក​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ឬ​ប្រទេស​ជប៉ុន​ជាដើម និង​អ្នក​ខ្លះទៀត​មានបាន​ដោយសារ​ការ​លក់​ដី។ លោក​បន្ថែម​ថា ចំពោះ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ហ៊ឺហា​ឆើតឆាយ​នៅក្នុង​សង្គម ភាគច្រើន​ជា​មន្ត្រី​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​មាន​អំណាច និង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ជំនួញ​ខុស​ច្បាប់ ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ឬ​ក្រុម​ឧកញ៉ា​រកស៊ី​អចលនទ្រព្យ​ដែល​មាន​ការ​ជួយ​គាំទ្រ​ពីក្រោយ​ដោយ​លោក ហ៊ុន សែន ជាដើម។

ប្រតិកម្ម​របស់​កម្មករ និង​ពលករ​ទាំងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​កាលពី​ថ្ងៃទី​២២ មីនា បាន​ថ្លែង​សារភាព​ជា​លើកដំបូង​ថា លោក​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រើប្រាស់​នាឡិកា​តាំង​ពី​វ័យ​កុមារ ឬ​ចាប់តាំងពី​លោក​នៅ​ធ្វើជា​ក្មេង​វត្ត។ លើស​ពី​នេះ លោក ហ៊ុន សែន មិន​បាន​បដិសេធ​រឿង​ប្រើ​នាឡិកា​ថ្លៃ​ឡើយ ប៉ុន្តែ​លោក​ថែម​ទាំង​ឆ្លើយតប​ឌឺដង​ទៅ​អ្នក​រិះគន់​ថា ទោះបីជា​លោក​ប្រើប្រាស់​នាឡិកា​ថ្លៃៗ ក៏​មិន​ទើស​ទាល់​អ្នកណា​ដែរ។

លោក ហ៊ុន សែន៖ «ហ៊ុន សែន ពាក់​នាឡិកា​ថ្លៃ អើ​!អញ​ពាក់​ថ្លៃ​មាន​ទើសក្បាល​អី​ហ្អែង និយាយ​ឱ្យ​ច្បាស់ ម៉េច​ក៏​វា​ពិបាក​ម្ល៉េះ។ ប្រាក់ខែ​ប៉ុណ្ណឹង មាន​លុយ​ឯណា​ទិញ​ប៉ុណ្ណឹង​។ ចុះ​ពួក​ឯង អត់​មាន​អី​ដែរ ម៉េច​ក៏​មាន​ឡាន​ជិះ និយាយ​អ៊ីចឹង​ហ្មង​ទៅ ពី​ឆ្នាំ​៧៩​មក អត់​មានអី​ដែរ ស្រាប់​តែ​មក​មាន​ឡាន​ជិះ​ដែរ»។

ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន បញ្ចេញ​មតិ​រិះគន់​ជា​បន្តបន្ទាប់​រឿង​លោក​ប្រើប្រាស់​នាឡិកា​ដៃ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ឋិត​ក្រោម​ការដឹកនាំ​របស់​លោក​ជិត​មួយ​ទសវត្សរ៍​មក​នេះ នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក និង​កំពុង​ជាប់​បំណុល​បរទេស​វ័ណ្ឌក ហើយ​ប្រជា​ពលរដ្ឋ និង​យុវជន​ជាច្រើន​លាន​នាក់ បង្ខំ​ចិត្ត​ចំណាកស្រុក​ព្រាត់ប្រាស​គ្រួសារ​ជាទី​ស្រលាញ់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

បើ​ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​ពុករលួយ​នោះ មិន​បាន​បញ្ជាក់​ថា លោក​ទទួល​បាន​នាឡិកា​ដៃ ឬ​ប្រភព​លុយ​មក​ពីណា​ដើម្បី​ទិញ​នាឡិកា​ថ្លៃៗ​ទាំង​នោះ​ឡើយ។ លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១ បាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា លោក​មិន​មាន​ប្រភព​ចំណូល​អ្វី​ផ្សេងទៀត​នោះ​ទេ ក្រៅពី​ប្រាក់បៀវត្ស​ចំនួន ៤​លាន ៦​សែន​រៀល ឬ​ស្មើ​ប្រមាណ ១​ពាន់ ៥​រយ (១.៥០០)​ដុល្លារ​ក្នុង​មួយ​ខែ​។ ក្រោយ​មក នៅ​ចុង​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ប្រាក់ខែ​របស់​លោក ឡើង​ដល់ ១០​លាន​រៀល ឬ​ប្រមាណ ២​ពាន់ ៥​រយ (២៥.០០០) ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​បែរ​ជា​មាន​នាឡិកា​ដៃ​ប្រណិត​ជាច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។

នាឡិកា​ដែល​គេ​ធ្លាប់​ប្រទះឃើញ​លោក ហ៊ុន សែន ពាក់​ជារឿយៗ មាន​ប្រមាណ ១១​គ្រឿង​ដែល​អ្នកជំនាញ​មួយ​ចំនួន បាន​គណនា​ដោយ​ផ្អែក​ទៅ​លើ​តម្លៃ​ដែល​ដាក់​លក់​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផលិត​នាឡិកា​ទាំងនោះ យ៉ាងហោចណាស់​មានតម្លៃ​រហូត​ទៅជា​ង​២០​លាន​ដុល្លារ។ កាលពី​ឆ្នាំ​២០២០ បណ្ដាញ​ព័ត៌មាន​ព័ត៌មាន​អន្តរជាតិ​ឈ្មោះថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​ដ៏​លម្អិត​មួយ​ថា ក្នុងចំណោម​នាឡិកា​ដៃ​ដ៏​ប្រណិត​ទាំង​នោះ មាន​ដូចជា​ប្រភេទ​នាឡិកា​ដៃ​ផលិត​ក្នុង​ប្រទេស​ស្វីស ម៉ាក ផាថេក ហ្វីលីប (Patek Philip) ដែល​ផលិត​ចេញពី​មាស​ពណ៌​ស​អំឡុង​ឆ្នាំ​២០១៤-២០១៦ មានតម្លៃ​១​លាន​២​សែន​ដុល្លារ ហើយ​បច្ចុប្បន្ន តម្លៃ​របស់​វា​បាន​កើន​ដល់ ៣​លាន​ដុល្លារ នៅពេល​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ។ ក្រៅ​ពី​នេះ នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) មាន​តម្លៃ ៩៥​ម៉ឺន​ដុល្លារ ជា​ប្រភេទ​កម្រ មានតែ ៥៥​គ្រឿង​លើ​ពិភពលោក និង​នាឡិកា​ប្រភេទ​ផាថេក ហ្វីលីប ម៉ាស្ទឺ ឆែ ​( patek philippe grandmaster chime featuring 20 complications ) មានតម្លៃ​ជាង ៣​លាន​ដុល្លារ​ជាដើម​។ នាឡិកា​ទាំងនេះ ផលិត​ចេញ​ពី​មាស និង​ពេជ្រ ហើយ​រចនា​យ៉ាង​ពិសេស។

សារព័ត៌មាន​អន្តរជាតិ​បញ្ជាក់​ថា ប្រភេទ​នាឡិកា​ដៃ ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នេះ មិនមែន​ជា​ផលិតផល​សម្រាប់​អតិថិជន​ធម្មតា ដែល​នរណាៗ ក៏​អា​ចរក​ទិញ​បាន​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ទៅតាម​ការ​បញ្ជា​ទិញ ដែល​ត្រូវ​កក់​ប្រាក់​ទុក​ជាមុន​ពី​សំណាក់​អតិថិជន​លំដាប់ វី.អាយ.ភី «VIP» មួយចំនួន ដែល​សុទ្ធ​សឹង​ជា​មហាសេដ្ឋី តារា​ល្បីៗ​លំដាប់​ពិភពលោក ពួក​សប្បុរសធម៌​ជា​អ្នកលេង និង​សម្រាប់​បុរស​ខ្លាំង​ខាង​ប្រើ​អំណាច​ផ្តាច់ការ ដែល​ដឹកនាំ​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក។

មិនមែន​តែ​លោក ហ៊ុន សែន ទេ ដែល​ចូលចិត្ត​ប្រើប្រាស់​សម្ភារៈ​និយម​នោះ ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​គេ​សង្កេត​ឃើញ​ថា អ្នកស្រី តែង​សម្ងែង​គ្រឿង​អលង្ការ​ប្រណិតៗ​មិន​ចាញ់​ប្តី​ឡើយ រាប់​តាំង​ពី​សំលៀកបំពាក់ កាបូប នាឡិកា​ដៃ និង​វ៉ែនតា​ជាដើម។ ជាក់ស្តែង រូបភាព​មួយ​សន្លឹក ដែល​អ្នកស្រី និង​ស្វាមី ដឹក​ដៃ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​កន្លង​មក បង្ហាញ​ថា អ្នកស្រី​បាន​ពាក់​នាឡិកា​ម៉ាក់ រីឆាត មៀល ( Richard Mille RM 037) ពណ៌​មាស​ផ្កាឈូក មាន​តម្លៃ ១៨.០០០​ដុល្លារ​។ ទោះជា​យ៉ាងណា នាឡិកា​ដៃ​ទាំងនេះ គ្រាន់​តែ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​ក្រុម​គ្រួសារ​លោក។

លោក ហ៊ុន សែន មាន​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ជិត​វិមានឯករាជ្យ និង​មាន​ភូមិគ្រឹះ​ដ៏​ធំ​មួយ​ទៀត ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ហើយក៏​មានផ្ទះ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដែរ​។ មិន​តែប៉ុណ្ណោះ អំឡុង​ពេល​នៃ​ការ​កាន់អំណាច​ជិត​៤០​ឆ្នាំ​មក​នេះ លោក​បាន​ប្រែ​ក្លាយ​ពូជ​អម្បូរ​របស់​លោក​ឱ្យ​ក្លាយ​ជា​អភិជន​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ សូម្បីតែ​ក្មួយៗ​របស់​លោក​មួយចំនួន​ដែល​មាន​ប្រវត្តិ​ជា​បងធំ ក៏បាន​ក្លាយជា​មន្ត្រី​រាជការ​ជាន់ខ្ពស់ ដូចជា​ឧកញ៉ា​មហាសេដ្ឋី​ស្ទើរ​គ្រប់ៗ​គ្នា​ដែរ​។ ដោយសារ​ការ​កាន់​អំណាច អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក មានទ្រព្យ​សម្បត្តិ​មហាសាល​បែប​នេះ​ហើយ ទើប​បាន​ជា​លោក មិន​ព្រម​ចាក​ចេញ​ពី​អំណាច ហើយ​ខិតខំ​រក​គ្រប់​មធ្យោបាយ ដើម្បី​ឲ្យ​កូនប្រុស​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត បន្ត​ស្នង​តំណែង​កំពូល​ពី​លោក។

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ អាឡិច ប្រាប់​អាស៊ីសេរី​ថា លោក ហ៊ុន សែន បាន​ដើរ​តាម​គំរូ​ចាស់​គំរឹល​របស់​ក្រុម​មេដឹកនាំ​ផ្ដាច់ការ ដែល​ចូលចិត្ត​ប្រើប្រាស់​របស់​មាន​តម្លៃ ដូចជា មាស ពេជ្រ កែវកង សម្ញែង​ទៅ​ពលរដ្ឋ​ឱ្យ​គោរព​កោតខ្លាច​ពី​អំណាច​របស់​លោក​។ លោក​បន្ត​ថា នៅពេល​លោក ហ៊ុន សែន ប្រើប្រាស់​របស់​មាន​តម្លៃ​កាន់តែ​ច្រើន កាន់តែ​ខាត​សម្រាប់​លោក ព្រោះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​កាន់តែ​ច្បាស់ ថា លោក​ជា​មេដឹកនាំ​ពុករលួយ និង​ជា​អ្នកដឹកនាំ​មិន​សូវ​ខ្វល់ខ្វាយ​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន​ឡើយ ខណៈ​ពលរដ្ឋ​ភាគច្រើន​ខិតខំ​ធ្វើ​ការងារ​ហត់នឿយ ប៉ុន្តែ​រក​ចំណូល​ប្រចាំខែ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​អ្នក​ខ្លះ​ទៀត​ប្រឈម​គ្មាន​ការងារ​ធ្វើ។

លោក អាឡិច៖ «ពេល​ប្រជាជន​មាន​ចំណូល​ជា​មធ្យម​មិន​ដល់​២០០​ដុល្លារ អ្នកខ្លះ​អត់​មាន​ការងារ​ធ្វើ អ្នកខ្លះ​ខំ​ធ្វើការ​ងារ​ក្នុង​ការងារ​ហត់នឿយ​បានតែ​មួយ​ខែ​១៥០(​ដុល្លារ​)ពេល​ឃើញ​ប្រមុខ​រដ្ឋាភិបាល​ពាក់​នាឡិកា​ដែល​មាន​តម្លៃ​សរុប​រាប់​លាន​ដុល្លារ គេ​អត់​សប្បាយចិត្ត​ទេ គេ​ខ្ពើម។ ហើយ​គេ​មិន​ត្រឹម​ខ្ពើម​ទេ គេ​យល់​ថា លោក ហ៊ុន សែន រាល់ថ្ងៃ​ហ្នឹង កាន់​អំណាច​ដោយសារ​លុយ។ ប៉ុន្តែ​នៅក្នុង​ពេល​នេះ មិន​ទាន់​អាច​និយាយ​ជា​សាធារណៈ​បាន​ទេ មាន​ន័យ​ថា ប្រជាជន​មិនទាន់​អាច​រិះគន់​ជា​សាធារណៈ​បាន​ទេ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​គិត​អ៊ីចឹង!»។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លើកឡើង​ទៀត​ថា ប្រសិនបើ​នៅ​ក្នុង​សង្គម​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ លោក ហ៊ុន សែន ប្រាកដ​ណាស់ នឹង​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត ស៊ើប​អង្កេត​ពី​ប្រភព​ទ្រព្យសម្បត្តិ ឬ​ប្រភព​ចំណូល​ដែល​លោក​ទទួល​បាន​លុយ​សម្រាប់​ទិញ​នាឡិកា​តម្លៃ​រាប់​លាន​ដុល្លារ ឬ​មូលហេតុ​ដែល​លោក​ទទួល​បាន​នាឡិកា​ដ៏​មាន​តម្លៃ​ទាំងនោះ ខណៈ​ប្រាក់ខែ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ទោះ​សន្សំ​ពេញ​ជីវិត ក៏​មិន​គ្រប់​ទៅ​ទិញ​នាឡិកា​ទាំង​នោះ​ផង។

ទន្ទឹម​នឹង​លោក ហ៊ុន សែន ងប់ងុល​នឹង​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទិញ​សម្ភារៈ​និយម​សម្រាប់​តុបតែង​ខ្លួនប្រាណ​របស់​លោក​នោះ រដ្ឋាភិបាល​របស់​លោក នៅ​ពេល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​សាលា​ឃុំ​-​សង្កាត់ សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​នោះ បែរ​ជា​ខ្វះ​លុយ ហើយ​តែងតែ​ទៅ​ខ្ចីបុល​បរទេស ជាពិសេស​មហាមិត្ត គឺ​ប្រទេស​ចិន​ជា​បន្តបន្ទាប់។

កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ទទួលរង​ការរិះគន់​ជា​សង្គម​សម្បូរ​ទៅ​ដោយ​អំពើពុករលួយ ខណៈ​អាជីវកម្ម​ធំៗ​ភាព​ច្រើន សុទ្ធតែ​គ្រប់គ្រង​ដោយ​កូនចៅ​ត្រ​កូន​ហ៊ុន។

របាយការណ៍ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ។ គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "​ហ៊ុន​" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន។

ជាមួយ​គ្នា​នេះ សន្ទស្សន៍​អំពើពុករលួយ​ប្រចាំឆ្នាំ​២០២២​ បង្ហាញ​ថា កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​១៨០​ប្រទេស​ក្នុង​ពិភពលោក និង​ជា​លេខ​រៀង​ស្ថិត​នៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​ប៉ុណ្ណោះ​នៅក្នុង​តំបន់​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។