អ្នកវិភាគ​ថា លោក ហ៊ុន សែន កេង​ចំណេញ​នយោបាយ​ពី​ការ​បើក​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាហ្គេម

0:00 / 0:00

អ្នកវិភាគ​ថា លោក ហ៊ុន សែន យក​ការ​បើក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម (Asean Para Games) លើក​ទី​១២ ដោយ​ផាត់​ចោល​អង្គ​ព្រះមហាក្សត្រ និង​លើក​តម្កើង​ខ្លួន​ជា​អ្នក​កសាង​សន្តិភាព គឺជា​សារ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ប្រតិកម្ម​នេះ​គឺ​បន្ទាប់​ពី លោក ហ៊ុន សែន បើក​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាហ្គេម​លើក​ទី​១២ នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ ដោយ​ថ្លែង​ថា លោក​មាន​មោនភាព​ក្នុង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ទទួល​បាន​ជោគជ័យ ឈាន​ដល់​ការរៀបចំ​កីឡា​ប៉ារ៉ាហ្គេម និង​លើកកម្ពស់​ជន​មាន​ពិការភាព។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ការណ៍ លោក ហ៊ុន សែន កំពុង​មាន​មោនភាព​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​ប៉ារ៉ាហ្គេម ដោយ​បង្ហាញ​ពី​ស្នាដៃ​របស់​លោក តាមរយៈ​ការរៀបចំ​កីឡា​ប្រកួត​ប៉ារ៉ាហ្គេម និង​ស៊ីហ្គេម ដោយ​ឥត​ថ្លៃ​លើ​ការ​ផ្សព្វផ្សាយ ការ​ស្នាក់នៅ និង​ហូបចុក គឺជា​រឿង​ល្ងង់ខ្លៅ​របស់​មេដឹកនាំ​ពីព្រោះ​កម្ពុជា​កំពុង​មាន​សេដ្ឋកិច្ច​ក្រីក្រ និង​ជាប់​បំណុល​បរទេស​ជិត ១​ម៉ឺន​លាន​ដុល្លារ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ស្ញប់ស្ញែង​ចំពោះ​អត្តពលិក​ពិការ​ដែល​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ដើម្បី​ប្រកួត​ដណ្ដើម​មេដៃ​ជូន​ជាតិ។ លោក​បន្ត​ថា គឺ​ជា​រឿង​ដ៏​អាម៉ាស់​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​កីឡាករ​ពិការ​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន ពីព្រោះ​កន្លង​មក លោក ហ៊ុន សែន មិន​ខ្វល់ខ្វាយ​ចំពោះ​ជន​ពិការ​ទាំង​នោះ មិន​ថា​ពួកគាត់​ពលី​ជីវិត​ជូន​ជាតិ​យ៉ាងណាក្ដី។

លោក គឹម សុខ៖ «កីឡា​ស៊ីហ្គេម រហូត​ដល់​កីឡា​ប៉ារ៉ាហ្គេម ហើយ​អ្វី​ដែល​ក្រុម លោក ហ៊ុន សែន ខំ​ផ្សព្វផ្សាយ​គឺ​ដើម្បី​ផ្សារភ្ជាប់​រឿង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡាការិនី ថា ជា​ការ​​រីកចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​គាត់ នៅ​ពេល​ដែល​គាត់​មិនបាន​យកចិត្តទុកដាក់​កីឡាករ​កីឡាការិនី​គ្រប់​វិស័យ​ទាំងអស់ ឱ្យ​រស់នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូរ ឱ្យ​រស់នៅ​ក្នុងនាម​ជា​កូន​ខ្មែរ​មាន​មោទនភាព​ចំពោះ​ជាតិខ្មែរ​នោះ​ទេ»។

ពិធី​បើក​ព្រឹត្តិការណ៍​ប៉ារ៉ាហ្គេម (PARA GAMES) នេះ​មានការ​សម្ដែង​សិល្បៈ​តន្ត្រី សម័យ​ដែល​មាន​ពិការភាព និង​សិល្បៈ​បុរាណ​ដូចជា របាំ​អប្សរា ក្បាច់គុន​ខ្មែរ ក្បួន​កងទ័ព​ចម្បាំង ល្ខោនស្បែក​និង​មានការ​សម្ដែង​ផ្សេង​ទៀត។ ក្រៅ​ពីនេះ​នៅ​មាន​សិល្បករ​មួយ​ចំនួន​បាន​ខិតខំ​តែង​ចម្រៀង​ពី​កីឡា​រស់​សន្តិភាព​ដើម្បី​ផ្គាប់ផ្គុន​ចិត្ត លោក ហ៊ុន សែន។

ការ​ប្រកួត​កីឡា​ប៉ារ៉ាហ្គេម​លើក​ទី​១២នេះ​មាន​ប្រតិភូ​កីឡា​សរុប​ជិត ២​ពាន់​៧​រយ​នាក់ (២.៦៩២) ដោយ​ប្រកួត​លើ​វិញ្ញាសា​សរុប ៤២៩​វិញ្ញាសា នៃ​កីឡា​ចំនួន ១៣​ប្រភេទ ដែល​គ្រោង​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក។

គិត​ត្រឹម​យប់​ថ្ងៃទី​០៣ មិថុនា នេះ​កម្ពុជា​ឈរ​លើ​លេខ​រៀង​ទី​២ ដោយ​ទទួល​បាន​មេដៃ​មាស​ចំនួន​០១ និង​ប្រទេស​ថៃ​ឈរ​នៅ​លេខ​រៀង​ទី​១ ដោយ​ទទួល​បាន​មេដៃ​មាស​ចំនួន​០២។

ការ​ប្រកួត​កីឡា​ប៉ារ៉ាហ្គេម​លើក​ទី​១២​នេះ ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី៣ មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី៩ មិថុនា។ កីឡា​ប៉ារ៉ាហ្គេម គឺជា​កីឡា​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ​កីឡា​នេះ គឺ​មាន​ប្រទេស​អាស៊ាន​ទាំង​១១​ចូលរួម​ប្រកួត​ដែល​មាន​បញ្ចូល​នូវ​វិញ្ញាសា​ខុសៗ​គ្នា និង​មាន​ការ​រៀបចំ​ជាពិសេស​សម្រាប់​ជន​ពិការ​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍​ប៉ារ៉ាហ្គេម លើក​ទី​១២ ថា លោក​ពិត​ជា​មាន​មោទនភាព​ដែល​រៀបចំ​កម្មវិធី​នេះ និង​អំពាវនាវ​ពលរដ្ឋ​លើកកម្ពស់​ជន​ពិការ​ កីឡា​រស់ក្នុង​សន្តិភាព

លោក ហ៊ុន សែន៖ «ព្រះរាជាណាចក្រ​កម្ពុជា​ទើបតែ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ស៊ីហ្គេម​លើក​ទី​៣២ ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ហើយ​កម្ពុជា​ក្លាយជា​ចំណែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​នៅ​សាមគ្គីភាព​អាស៊ាន និង​លើកកម្ពស់​កីឡា​របស់​អាស៊ាន»។

បើ​ទោះ​ជា រដ្ឋាភិបាល លោក ហ៊ុន សែន បាន​អះអាង​លើកកម្ពស់​ជនពិការយ៉ាង​ណា​ក្ដី ក៏​នឹង​ដាក់ចេញ​គោលនយោបាយ រដ្ឋាភិបាល​តម្រូវ​ឱ្យ​ជន​ពិការ​ប្រមាណ ២​ភាគរយ បាន​បម្រើការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​ផ្ដល់​សិទ្ធិ​ឱ្យ​ជន​ពិការ​បម្រើការ​នៅ​តាម​ស្ថាប័នរដ្ឋ។ ផ្ទុយ​ពី​លើកឡើង​របស់ លោក ហ៊ុន សែន ជន​ពិការ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ក្រីក្រ ដោយសារតែ​ពួកគាត់​ខ្លះ​ជា​អតីត​យុទ្ធជន​លះបង់​ជីវិត​ការពារ​ជាតិ និង​ខ្លះទៀត​មាន​ពិការភាព​តាំងពី​កំណើត​។ ប៉ុន្តែ​ពួកគាត់​មិន​ដែល​ទទួល​បាន​ការ​គាំពារ ផ្នែក​សុខភាព ការអប់រំ និង​សេដ្ឋកិច្ច ពី លោក ហ៊ុន សែន នោះ​ទេ ដោយមាន​ជន​ពិការ​មួយចំនួន ដើរ​ច្រៀង​តាម​ដងផ្លូវ និង​ចូល​ធ្វើ​ការ​នៅ​កន្លែង​ម៉ាស្សា​ចាប់​សរសៃ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ក្រៅពី លោក ហ៊ុន សែន ប្រើ​វេទិកា​បើក​ព្រឹត្តិការណ៍​ប៉ារ៉ាហ្គេម​ដើម្បី​ទាញ​ប្រជាប្រិយភាព ក្នុង​នោះ​ក៏​មាន​ការ​ជួយជ្រោមជ្រែង​ពី​មិត្ត​ដែកថែប​ចិន​ផង​ដែរ ដោយ​មាន​បំពាក់​ភ្លើងពណ៌ ផ្ទាំង LED និង​សម្ភារៈ​បច្ចេកទេស​ទំនើបៗ ដូច​ទៅ​នឹង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែរ។

កម្ពុជា​បាន​ចំណាយ​លុយ​អស់​រាប់​រយ​លាន​ដុល្លារ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ បម្រើ​ឱ្យ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម​នេះ បន្ទាប់ពី​រង់ចាំ​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល​៦៤​ឆ្នាំ ក្នុង​នោះ​កម្ពុជា​ចំណាយ​អស់​ជិត ១៦០​លាន​ដុល្លារ ជា​ជំនួយ​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ។

ទន្ទឹម​នឹង លោក ហ៊ុន សែន មាន​មោទនភាព កម្ពុជា​ប្រទេស​តូច តែ​មាន​បេះដូង​ធំ លើ​ការប្រកួត​កីឡា​ប៉ារ៉ាហ្គេម លោក​ក៏​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា លោក​ចាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ដោយ​មិន​គិត​ពី​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ផ្នែក​ជីវភាព។ លើស​នេះ​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​រាប់​លាន​នាក់ កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ខណៈ​ពលរដ្ឋ​មួយ​ចំនួន​នាំគ្នា​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​រង​នូវ​ការ​ប្រមាថ​មើលងាយ​ពី​អាជ្ញាធរ​ប្រទេស​ជិត​ខាង​ដោយ​គ្មាន​ការ​អើពើ​ពី​រដ្ឋាភិបាល​ខ្លួន​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។