អ្នក​វិភាគ ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា​ ​លោក​ ហ៊ុន សែន​ ​នឹង​រង​ភាព​អាម៉ាស់ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក

0:00 / 0:00

មន្ត្រី​​គណបក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​នយោបាយរិះគន់​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នឹង​ប្រឈម​ភាព​អាម៉ាស់​ ​និង​ជាប់​ផុងដក​ខ្លួន​មិន​រួច​​ ប្រសិន​បើ​​​លោក​ទៅ​​ចូល​រួម​ប្រជុំ​មេ​ដឹក​នាំ​កំពូល​អាស៊ាន​-​អាមេរិក​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​នៅ​ពេល​ខាង​មុខ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​លោក​ ហ៊ុន សែន​ ​​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​លោក​ ចូ ប៉ៃឌិន​ នឹង​ទៅ​មក​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​​អាមេរិក ​​​នៅ​​ពេល​ខាង​មុខ​នេះ​​។

មន្ត្រី​គណបក្ស​ប្រឆាំង​និងអ្នក​វិភាគ​នយោបាយយល់​ឃើញ​ថា ​ការ​ដែល​អាមេរិក​អញ្ជើញ​លោក​ ហ៊ុន សែន ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន–អាមេរិក​ ​ដែល​ប្រព្រឹត្តទៅ​​នៅ​​ពេល​ខាង​មុខ​នោះ​ គឺ​ពុំ​មែន​​មានន័យថា ប្រធានាធិបតី​អាមេរិក​ទទួល​ស្គាល់​ថា ​​កម្ពុជា​​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ដោយសារ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​​ឆ្នាំ​២០២២​។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​រាជធានី​ភ្នំពេញលោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ថា ​​លោក ​ហ៊ុន សែន ​នឹង​ទទួល​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​​លោក​​​នៅ​តែ​បន្ត​​​ដឹក​នាំ​ប្រទេសបែប​ផ្ដាច់​ការ​ ហើយ​ងាក​ទៅ​​អោបក្រសោប​​ចិន​​ដូច​សព្វ​ថ្ងៃ​នោះ៖ «បើ​លោក​ ហ៊ុន សែន មិន​ផ្លាស់​ប្ដូរ​ឥរិយាបថ​ទេ ហើយ​នៅ​តែ​ងប់ងុល​ជា​មួយ​ចិន និង​ងប់ងុល​ទៅ​នឹង​មេ​ដឹក​នាំ​របប​កុម្មុយនិស្ត​ទេ គឺ​លោក ហ៊ុន សែន ប្រឈម​ទៅ​នឹង​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ ពី​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​សហភាព​អឺរ៉ុប​ផង​ដែរ​ »

​ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន ​បាន​​ឆ្លើយ​តប​នឹង​​ការ​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេលខាង​​មុខ​នេះ។ លោក​ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ថា ​លោកមាន​ជំនឿ​ថា ​កិច្ច​ប្រជុំ​នេះ​​​នឹង​ក្លាយជា​ឱកាស​ល្អ​មួយ ​ក្នុង​ការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ ដើម្បី​ឱ្យ​អាស៊ាន​និង​សហរដ្ឋអាមេរិក​មាន​ការ​រីក​ចំរើន​ទៅ​មុខ​បន្ថែម​ទៀត​។ មេដឹកនាំ​ដែល​តែង​តែវាយ​ប្រហារលើសហរដ្ឋ​អាមេរិក​រូប​នេះ ​បញ្ជាក់​បន្ថែម​ថា​ លោក​​កំពុង​​ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាង​ជិត​ស្និត និង​​ជួប​លោក ​ចូ បៃឌិន​ ដោយ​ផ្ទាល់​នៅ​សហរដ្ឋអាមេរិក​។

កាល​ពី​ថ្ងៃ​ទី​១៤​ ខែមករា​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃឌិន​ ​បាន​អញ្ជើញ​លោក ហ៊ុន សែន​ ​ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២​ ឱ្យ​ទៅ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក។ ​លោក ចូ បៃឌិន លើក​ឡើង​ក្នុង​លិខិត​នោះ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹម​ថា ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក នឹង​កាន់តែ​រីកចម្រើន និង​បន្ត​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​រួម​ទាំង​អស់​គ្នា​នៅ​ក្នុង​តំបន់។ លោកបញ្ជាក់​ថា ​សហរដ្ឋអាមេរិក​គាំទ្រ​​ការ​សម្រេច​របស់​អាស៊ាន ហើយ​គាំទ្រ​ឥតងាករេ អំពី​​អាស៊ាន ជា​ស្នូល​និង​ជា​បេះ​ដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​​​

​​​​​​អ្នក​​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក​សាស្ត្រាចារ្យ ឯម សុវណ្ណា​រ៉ា​ យល់​ថា ការ​ដែល​ប្រធានាធិបតី​អាមេរិក​អញ្ជើញ​លោក ហ៊ុន សែន ទៅ​ចូល​រួម​ប្រជុំ​នេះ​ ពុំ​មែន​​មាន​​ន័យ​​ថា អាមេរិក​​គាំទ្រ​​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​​គោរ​សិទ្ធិមនុស្ស​និង​មាន​​ប្រជាធិបតេយ្យ​នោះ​ទេ​ ប៉ុន្តែ​ជា​​​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​រដ្ឋ​មួយ​ដោយ​​ស្មើមុខស្មើមាត់​​គ្នា​។ ​លោក​បញ្ជាក់​ថា ​បញ្ហា​នេះ​អាច​ដំណើរ​ការ​ល្អ​បាន ​​​​វា​អាស្រ័យ​ទៅ​លើ​កម្ពុជា​រក្សា​ការ​ទំនាក់ទំនង​ល្អ​ជា​មួយ​ចិន​ឬ​ជា​មួយ​ប្រទេស​សេរី​លោក​ខាង​លិច​៖ «បើ​អត់​បាន​ទេ ខ្ញុំ​គិត​ថា កម្ពុជា​អាច​រង​ហានិភ័យ​ទៅ​លើ​ការ​ដាក់​សម្ពាធ​​ពី​លោក​ខាង​លិច។ ដាក់​សម្ពាធ វា​អាច​កើត​ឡើង​ច្រើន​ដូច​សហគមន៍​អឺរ៉ុប គេ​ដាក់​ទៅ​លើ​ EBA ​ ពាក់ព័ន្ធ​ទៅ​នឹង​បរិយាកាស​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។​ ទី​២​ច្បាប់​សហរដ្ឋអាមេរិក​ដែល​ព្រៀង​ដោយ​សភា​អាមេរិក​ដែល​មក​ដល់​ដៃ​ព្រឹទ្ធសភា​ដែរ​គឺ ​ HR​ ៤៦​​និង​​៨៦​​នោះ​ ហើយ​នឹង​ព្រឹទ្ធសភា​​ដែល​ព្រៀង​សេចក្ដី​ព្រៀង​ច្បាប់​មួយ​ទៀត S​ ៣០​និង​៥២។​ អាហ្នឹង​ គឺ​ជា​ចំណុច​មួយ​ដែល​កម្ពុជា​ដែល​ប្រឈម​ ហើយ​ពាក់ព័ន្ធ​ការ​ដាក់​សម្ពាធ​ដល់​ឥស្សរជន​នយោបាយ​កម្ពុជា​កំពូលៗ »

​ដោយឡែក អ្នក​វិភាគ​នយោបាយដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់​ (Finland)​​លោក គឹម សុខ ​វិញ​លោក​​យល់​ថា ​លិខិត​​របស់​​លោក ហ៊ុន សែន ទៅ​កាន់​​ប្រធានាធិបតី​អាមេរិក​នេះ​ ​គ្រាន់​តែ​ជា​ការ​បង្ហាញ​អំពី​គោលបំណង​ចង់​ឱ្យ​មាន​កិច្ច​ប្រជុំ​អាស៊ាន​និង​​អាមេរិក​ប៉ុណ្ណោះ។ ​ចំណែក​​លិខិត​របស់​ប្រធានាធិបតី​អាមេរិក​​​វិញ​ លោក​​មើលឃើញ​ថា លោក ចូ បៃឌិន បញ្ជាក់​ជំហរ​យ៉ាង​ច្បាប់​ថា​ សហរដ្ឋអាមេរិក​​ចង់​ឃើញ​​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន និង​សមាជិក​​អាស៊ាន ត្រូវ​​សហការ​ល្អ​​​ជា​មួយ​ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក។ ​លោកជឿជាក់​ថា ចំណុច​នេះ​នឹង​ធ្វើ​​ឱ្យ​លោក ហ៊ុន សែន​ ពិបាក​សម្រេច​ចិត្ត​ ហើយ​​ជាប់​ផុង​ដក​ខ្លួន​មិន​រួច​ ពីព្រោះ​​លោក​ថា ប្រសិន​បើ​លោក​ហ៊ុន ​សែន ចាប់​ដៃ​ជា​មួយ​លោក ចូ បៃឌិន ​គឺ​ជៀស​មិន​ផុត​ត្រូវ​សន្យា​នឹង​ធ្វើ​កិច្ច​សហការ​ជា​មួយ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ៖ «ហើយ​យើង​ដឹង​ស្រាប់​ហើយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហ៊ុំព័ទ្ធ សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​កំពុង​​តែ​គ្រប់គ្រង​។ ដូច្នេះ​បើ​លោក​ហ៊ុន សែន​ ឆ្លើយ​ថា​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ស្មើ​នឹង​លោក​ ហ៊ុន សែន ប្រឆាំង​ចិន​។ ​ទី២​​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក៏​មាន​កោះ​តៃវ៉ាន់​ដែរ។ បើ​លោក​ ហ៊ុន សែន សន្យា​ចំពោះ​ប្រធានាធិបតី​អាមេរិក​ គឺ​ដូច​ជា​ការ​ត្បក​ចិន​យ៉ាង​ខ្លាំង ពី​ព្រោះ​កិច្ច​​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក៏​ត្រូវ​ធ្វើ​ការ​សហការ​​ជា​មួយ​កោះ​តៃវ៉ាន់​ដែរ »

​​​​​​​​​​​​​​​​​​​​​​​​​​លោក​គឹម សុខ បន្ត​ថា ​ប្រសិន​បើ​​លោក​ហ៊ុន សែន​ ហ៊ាន​លេងល្បែង​សន្យា​ចោល​​ជា​មួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​​​រវាង​ក្រុម​លោក ហ៊ុន សែន និង​អាមេរិក​កាន់​តែ​យ៉ាប់យ៉ឺន​​ ហើយ​នឹង​រង​ប្រតិកម្ម​ខ្លាំងៗ​ពី​សមាជិក​អាស៊ាន​​ដូច​គ្នា ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ ទន្ទឹម​គ្នា​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​មួយចំនួន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ថា ពួកគាត់ នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក ដោយ​សារ​តែ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។