មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រឈមភាពអាម៉ាស់ និងជាប់ផុងដកខ្លួនមិនរួច ប្រសិនបើលោកទៅចូលរួមប្រជុំមេដឹកនាំកំពូលអាស៊ាន-អាមេរិកនៅទីក្រុងវ៉ាស៊ីនតោននៅពេលខាងមុខ។ ប្រតិកម្មនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ ប៉ៃឌិន នឹងទៅមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខនេះ។
មន្ត្រីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយយល់ឃើញថា ការដែលអាមេរិកអញ្ជើញលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន–អាមេរិក ដែលប្រព្រឹត្តទៅនៅពេលខាងមុខនោះ គឺពុំមែនមានន័យថា ប្រធានាធិបតីអាមេរិកទទួលស្គាល់ថា កម្ពុជាជាប្រទេសមានប្រជាធិបតេយ្យនោះទេ ប៉ុន្តែដោយសារកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២។
ប្រធានគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកុម្ភៈថា លោក ហ៊ុន សែន នឹងទទួលរងភាពអាម៉ាស់កាន់តែខ្លាំង ប្រសិនបើលោកនៅតែបន្តដឹកនាំប្រទេសបែបផ្ដាច់ការ ហើយងាកទៅអោបក្រសោបចិនដូចសព្វថ្ងៃនោះ៖ «បើលោក ហ៊ុន សែន មិនផ្លាស់ប្ដូរឥរិយាបថទេ ហើយនៅតែងប់ងុលជាមួយចិន និងងប់ងុលទៅនឹងមេដឹកនាំរបបកុម្មុយនិស្តទេ គឺលោក ហ៊ុន សែន ប្រឈមទៅនឹងការដាក់សម្ពាធធ្ងន់ធ្ងរ ពីសហរដ្ឋអាមេរិកក៏ដូចជាសហភាពអឺរ៉ុបផងដែរ » ។
ប្រតិកម្មនេះធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានឆ្លើយតបនឹងការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈថា លោកមានជំនឿថា កិច្ចប្រជុំនេះនឹងក្លាយជាឱកាសល្អមួយ ក្នុងការផ្លាស់ប្ដូរយោបល់គ្នា ដើម្បីឱ្យអាស៊ាននិងសហរដ្ឋអាមេរិកមានការរីកចំរើនទៅមុខបន្ថែមទៀត។ មេដឹកនាំដែលតែងតែវាយប្រហារលើសហរដ្ឋអាមេរិករូបនេះ បញ្ជាក់បន្ថែមថា លោកកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និត និងជួបលោក ចូ បៃឌិន ដោយផ្ទាល់នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១៤ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន បានអញ្ជើញលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ ឱ្យទៅចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក។ លោក ចូ បៃឌិន លើកឡើងក្នុងលិខិតនោះ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមទាំងអស់គ្នានៅក្នុងតំបន់។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការសម្រេចរបស់អាស៊ាន ហើយគាំទ្រឥតងាករេ អំពីអាស៊ាន ជាស្នូលនិងជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា យល់ថា ការដែលប្រធានាធិបតីអាមេរិកអញ្ជើញលោក ហ៊ុន សែន ទៅចូលរួមប្រជុំនេះ ពុំមែនមានន័យថា អាមេរិកគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញគោរសិទ្ធិមនុស្សនិងមានប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការបង្កើតទំនាក់ទំនងផ្លូវរដ្ឋមួយដោយស្មើមុខស្មើមាត់គ្នា។ លោកបញ្ជាក់ថា បញ្ហានេះអាចដំណើរការល្អបាន វាអាស្រ័យទៅលើកម្ពុជារក្សាការទំនាក់ទំនងល្អជាមួយចិនឬជាមួយប្រទេសសេរីលោកខាងលិច៖ «បើអត់បានទេ ខ្ញុំគិតថា កម្ពុជាអាចរងហានិភ័យទៅលើការដាក់សម្ពាធពីលោកខាងលិច។ ដាក់សម្ពាធ វាអាចកើតឡើងច្រើនដូចសហគមន៍អឺរ៉ុប គេដាក់ទៅលើ EBA ពាក់ព័ន្ធទៅនឹងបរិយាកាសសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ទី២ច្បាប់សហរដ្ឋអាមេរិកដែលព្រៀងដោយសភាអាមេរិកដែលមកដល់ដៃព្រឹទ្ធសភាដែរគឺ HR ៤៦និង៨៦នោះ ហើយនឹងព្រឹទ្ធសភាដែលព្រៀងសេចក្ដីព្រៀងច្បាប់មួយទៀត S ៣០និង៥២។ អាហ្នឹង គឺជាចំណុចមួយដែលកម្ពុជាដែលប្រឈម ហើយពាក់ព័ន្ធការដាក់សម្ពាធដល់ឥស្សរជននយោបាយកម្ពុជាកំពូលៗ » ។
ដោយឡែក អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland)លោក គឹម សុខ វិញលោកយល់ថា លិខិតរបស់លោក ហ៊ុន សែន ទៅកាន់ប្រធានាធិបតីអាមេរិកនេះ គ្រាន់តែជាការបង្ហាញអំពីគោលបំណងចង់ឱ្យមានកិច្ចប្រជុំអាស៊ាននិងអាមេរិកប៉ុណ្ណោះ។ ចំណែកលិខិតរបស់ប្រធានាធិបតីអាមេរិកវិញ លោកមើលឃើញថា លោក ចូ បៃឌិន បញ្ជាក់ជំហរយ៉ាងច្បាប់ថា សហរដ្ឋអាមេរិកចង់ឃើញរដ្ឋាភិបាលកម្ពុជាដែលជាប្រធានប្ដូរវេនអាស៊ាន និងសមាជិកអាស៊ាន ត្រូវសហការល្អជាមួយប្រទេសនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។ លោកជឿជាក់ថា ចំណុចនេះនឹងធ្វើឱ្យលោក ហ៊ុន សែន ពិបាកសម្រេចចិត្ត ហើយជាប់ផុងដកខ្លួនមិនរួច ពីព្រោះលោកថា ប្រសិនបើលោកហ៊ុន សែន ចាប់ដៃជាមួយលោក ចូ បៃឌិន គឺជៀសមិនផុតត្រូវសន្យានឹងធ្វើកិច្ចសហការជាមួយប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ៖ «ហើយយើងដឹងស្រាប់ហើយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ៊ុំព័ទ្ធ សមុទ្រចិនខាងត្បូង ដែលចិនកំពុងតែគ្រប់គ្រង។ ដូច្នេះបើលោកហ៊ុន សែន ឆ្លើយថា ធ្វើកិច្ចសហប្រតិបត្តិការជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្មើនឹងលោក ហ៊ុន សែន ប្រឆាំងចិន។ ទី២តំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏មានកោះតៃវ៉ាន់ដែរ។ បើលោក ហ៊ុន សែន សន្យាចំពោះប្រធានាធិបតីអាមេរិក គឺដូចជាការត្បកចិនយ៉ាងខ្លាំង ពីព្រោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ត្រូវធ្វើការសហការជាមួយកោះតៃវ៉ាន់ដែរ » ។
លោកគឹម សុខ បន្តថា ប្រសិនបើលោកហ៊ុន សែន ហ៊ានលេងល្បែងសន្យាចោលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឱ្យទំនាក់ទំនងរវាងក្រុមលោក ហ៊ុន សែន និងអាមេរិកកាន់តែយ៉ាប់យ៉ឺន ហើយនឹងរងប្រតិកម្មខ្លាំងៗពីសមាជិកអាស៊ានដូចគ្នា ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកមួយចំនួន បានប្រកាសជាបន្តបន្ទាប់ថា ពួកគាត់ នឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិក ដោយសារតែលោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
