អ្នកវិភាគ៖ បេសកកម្ម​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ដើម្បី​បញ្ឆោត​ពលរដ្ឋ​និង​​អន្តរជាតិ

ដោយ ហេង រស្មី
2019.03.05
Share on WhatsApp
Share on WhatsApp
ហ៊ុន សែន បក្ស​នយោបាយ ៦២២ តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

អ្នកវិភាគ​នយោបាយ​គ្មាន​ជំនឿ​ថា បេសកកម្ម​របស់​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ របស់​របប​ក្រុងភ្នំពេញ​បង្កើត​ឡើង​នោះ គឺជា​ការ​បោក​បញ្ឆោត​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​ដើរ​តួនាទី​ជំនួស​គណបក្សប្រឆាំង តែ​តាម​ការពិត​គ្មាន​បាន​ជួយ​ដោះ​អ្វី​ទាំង​អស់រឿង​វិបត្តិ​ក្នុង​សង្គម​ដែល​កំពុង​ជួបប្រទះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៥ មិនា ថា រយៈពេល ៦​ខែ ចាប់តាំង​ពី​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​របប​ក្រុងភ្នំពេញ​បាន​បង្កើត​ឡើង ក្រោយពី​ការបោះឆ្នោត​ឆ្នាំ​២០១៨​មក គ្មាន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នោះ​ទេ។ បើទោះបី​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​អន្តរាគមន៍​ក៏ដោយ។

លោក គឹម សុខ បាន​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​គ្រាន់តែ​ចង់បាន​រូបភាព​ទេ បើ​ទោះបីជា​គ្មាន​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​របប​នេះ​មាន​គណបក្ស​តូចៗ​ដើម្បី​តាម​ឃ្លាំមើល​ដំណើរការ​របស់​រដ្ឋាភិបាល​តែ​តាម​ធាតុ​ពិត ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​សង្គម និង​បញ្ហា​វិវាទ​ដីធ្លី នៅតែ​មិន​អាច​រក​ច្រកចេញ​បាន​នៅឡើយ៖ «ក្រឡា​នយោបាយ​របស់​គាត់​ចុងក្រោយ​ហ្នឹង​ទាល់ច្រក​មែនទែន​រក​វិធី​អ្វី​មក​ដោះស្រាយ​អត់​ចេញ​ទេ ដើម្បី​ដោះ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ហើយ​ដើម្បី​ទាក់ទាញ​សមានចិត្ត​ពី​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ​គាត់ ឬ​នៅ​ខាង​គាត់​ភាគច្រើន។ ដូច្នេះ​ក្នុង​ស្ថានភាព​បែប​ហ្នឹង​គាត់​ត្រូវ​រក​វិធី​ដើម្បី​បាំង​កំហុស ហើយ​វិធី​បាំង​កំហុស​ហ្នឹង​មានតែ​វិធី​ការប្រើប្រាស់​ឧបករណ៍​ដែល​មាន»

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្រុម​អ្នកវិភាគ​គ្រាន់​តែ​មាន​និន្នាការ​ប្រឆាំង ពីព្រោះ​ក្នុង​រយៈពេល​៦​ខែ​កន្លង​ទៅ​នេះ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ពិគ្រោះ​យោបល់​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ណាស់​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល៖ «អ្នកវិភាគ​ហ្នឹង​គ្រាន់​តែ​មាន​និន្នាការ​ជា​អវិជ្ជមាន​នៅ​ក្នុង​ការងារ​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ដោះស្រាយ»

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ​កន្លង​ទៅ​នេះ យើង​បាន​បំពេញ​ការងារ​យ៉ាង​ច្រើន​ដែល​ជា​ឱកាស​មួយ​សម្រាប់​ជួយ​កែទម្រង់​រដ្ឋាភិបាល៖ «ទាក់ទង​រឿង​ស..ណ របស់​ក្រសួងមហាផ្ទៃ​ហ្នឹង គឺជា​ផ្លូវ​មួយ​បើក​ឱ្យ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ធ្វើ​ការងារ​កាន់តែ​បាន​ច្រើន​ឡើង ហើយ​មាន​ប្រសិទ្ធភាព​ឡើង​ហើយ​យើង​អាច​ចូល​ស៊ីជម្រៅ ធ្វើ​កំណត់ហេតុ​ស្វែង​ដឹង​ពី​ភាព​អសកម្ម»

ក្រសួងមហាផ្ទៃ​របស់​របប​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​៤ មិនា បាន​ប្រាប់​ដល់​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ឱ្យ​ផ្ទល់​ការ​សហការ​ដល់​ការ​ចុះ​បំពេញ​បេសកកម្ម​ការងារ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។

ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ​បង្កើត​ឡើង​ដោយ​របប​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៥ បាន​ចូលរួម។ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បញ្ជាក់​ថា ក្រុមប្រឹក្សា​នេះ​មិន​អាច​កែទម្រង់​អ្វី​បានទេ បើ​សូម្បីតែ​គណបក្សប្រឆាំង​កន្លងមក​ដែល​មាន​សមាជិក​សភា​រហូត​ដល់ ៥៥​នាក់​នៅ​ក្នុង​រដ្ឋសភា​មិន​អាច​កែប្រែ​បាន​ផង ចុះ​ទម្រាំ​គណបក្ស​តូច​ទាំង​១៥ ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​សោះ តើ​អាច​ជួយ​អ្វី​បាន​ខ្លះ​ដល់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន រង​ការរិះគន់​រឿង​ជេរ​ប្រមាថ​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។