អ្នកវិភាគនិងមន្ត្រីគណបក្សប្រឆាំងមិនជំទាស់ទៅនឹងលោក ហ៊ុន សែន ដែល មានមនោសញ្ចេតនាធ្វើមនុស្សធម៌ជួយជនរងគ្រោះ ដោយសារតែជំងឺកូវីដនៅប្រទេសមីយ៉ានម៉ា ឬភូមា(Burma) ក៏ប៉ុន្តែពួកគេជំរុញឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចិត្តមេត្តា ករុណាជួយដល់ពលករខ្មែរដែលជាប់គាំងនៅប្រទេសថៃ និងពលរដ្ឋរបស់ខ្លួនកំពុងដាច់ស្បៀងនោះផង។
អ្នកវិភាគថា លោក ហ៊ុន សែន ជួយលុយរាប់សែនដុល្លារដល់មេដឹកនាំយោធាភូមានេះក៏ គឺជាការទទួលស្គាល់របបខុសច្បាប់ ដែលប្រទេសលោកសេរីកំពុងតែថ្កោលទោស និងដាក់ទណ្ឌកម្មដែរ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ផ្ដល់លុយឲ្យមេដឹកនាំយោធានោះ គឺជាការបង្ហាញឲ្យឃើញថា លោកទទួលស្គាល់របបយោធាខុសច្បាប់ និងចង់បង្កើនមិត្តភាពជាមួយមេដឹកនាំផ្ដាច់ការនៅក្នុងតំបន់ ក្រោមរូបភាពមនុស្សធម៌។
អ្នកឃ្លាំផ្នែកអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា លោកគាំទ្រ ដែលលោកនាយករដ្ឋមន្ត្រី មានសន្ដានចិត្តមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយសារតែជំងឺកូវីដ១៩។ ហើយលោកក៏ចង់ឃើញលោក ហ៊ុន សែន ទទួលខុសត្រូវលើពលករចំណាកស្រុក ដែលកំពុងជាប់គាំនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ ដូចដែលលោកហ៊ុន សែន ផ្ដល់លុយជូនមេដឹកនាំយោធាភូមាដូច្នោះដែរ៖ «មហាជនឆ្ងល់ហ្នឹងហេតុអ្វីពលរដ្ឋខ្មែរកំពុងស្វះស្បៀង ហើយពលករខ្មែរនៅថៃកំពុងតែដាច់ស្បៀងហេតុអ្វីបានជារដ្ឋាភិបាលមិនគូរបែរជាទៅគិតពលរដ្ឋដទៃ តែបើសិនជារឿងមនុស្សធម៌មែនគួរតែជួយដល់ពលរដ្ឋខ្លួនឯងជាមុន»។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅក្រោយពេលលោក ហ៊ុន សែន បានផ្ដល់ថវិកាចំនួន២សែន ដុល្លារ ជូនមេដឹកនាំផ្ដាច់ការយោធាភូមា។ ក្រៅពីទឹកប្រាក់សុទ្ធចំនួន២សែន ដុល្លារនេះ លោក ហ៊ុន សែន បានផ្ដល់ម៉ាសចំនួន៣លានម៉ាស់ ឧបករណ៍ធ្វើតេស្ដរហ័សចំនួន៥សែន និងបំពង់អុកស៊ីហ្សែនមួយចំនួនថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ពលករនៅប្រទេសថៃ រដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយជូនជាបន្តបន្ទាប់មកហើយ៖ «រឿងពលករខ្មែរ និងជនបរទេសយើងជួយដូចគ្នាតើ មិនមែនជួយតែភូមា អត់ជួយពលរដ្ឋខ្មែរឬឯណា ? " ហ្សាការីយ៉ា បាទ ! ឯកឧត្តមជួយហ្នឹងតើកន្លងមករដ្ឋាភិបាលបានជួយដល់ពលករខ្មែរនៅថៃហ្នឹង ជួយអ្វីខ្លះហើយបាទ ? " សុខឥសាន អូសួរខ្ញុំ ខ្ញុំម៉េចដឹង ? អាហ្នឹងគេមានគណៈកម្មការថ្នាក់ជាតិរបស់គេ គេចាត់ចែង តែខ្ញុំយល់ថា រដ្ឋាភិបាលមិនបោះបង់ពលករខ្មែរណាម្នាក់នៅក្រៅប្រទេសឲ្យមានការលំបាកទេ»។
ទោះជាមានការអះអាងបែបនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា មកទល់ពេលនេះ ទោះបីជាលោក ហ៊ុន សែន បានប្រកាសថា ទាក់ទងរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយជូនពលករដែលកំពុងខ្វះស្បៀងក្ដី តែជាក់ស្ដែងរបបលោក ហ៊ុន សែនមិនទាន់មានវិធានការជាក់លាក់ជួយដល់ពលករខ្មែរនៅថៃនៅឡើយ ពិសេសអ្នកឆ្លងជំងឺកូវីដ១៩។ អ្នកស្រី មួរ សុខ ពន្យល់ថា អ្នកស្រី មិនជំទាស់រឿងលោក ហ៊ុន សែន នោះទេ តែលោកហ៊ុន សែន ក៏ត្រូវទទួលត្រូវលើពលករខ្មែរ កំពុងជាប់គាំងនៅប្រទេសថៃនិងពលរដ្ឋខ្មែរកំពុងខ្វះស្បៀងដែរ៖ «ត្រូវជួយដល់ពលរដ្ឋខ្មែរមុន មិនគួរណាលោក ហ៊ុន សែន យកថវិកាលុយស្រស់ៗទៀត ទៅជួយរបបផ្ដាច់ការភូមា នៅពេលប្រព័ន្ធនានានៅភូមារលំទៅហើយនោះ»។
របាយការណ៍របស់អង្គការសង់ត្រល់ឲ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃមានប្រមាណជា២លាននាក់។ ក្នុងចំណោមពលករទាំងនេះ ភាគច្រើនកំពុងតែប្រឈមអត់ការងារធ្វើ អ្នកខ្លះឆ្លងជំងឺកូវីដ១៩ និងអ្នកខ្លះទៀតកំពុងតែដាច់ស្បៀង។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនិងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា លោក ហ៊ុន សែន ផ្ដល់ថវិកាជូនមេដឹកនាំផ្ដាច់ការភូមា នៅស្របពេលប្រទេសនៅក្នុងតំបន់អាស៊ាន ក្រុមប្រទេសលោកសេរី និងក្រុមសិទ្ធិមនុស្សអន្តរជាតិផង កំពុងតែថ្កោលទោសមេដឹកនាំយោធានេះគ្រប់ទិសទី។ ក្រៅពីនេះថ្កោលទោសនោះ ក្រុមប្រទេសលោកខាងលិចរួមទាំងអាមេរិកផង បានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិក្រុមមេដឹកនាំយោធាដែលចូលរួមផ្ដួលរលំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុង សានសូជី (Aung SanSuKyi)។
របាយការណ៍របស់សមាគមជំនួយសំរាប់អ្នកទោសនយោបាយមាន មូលដ្ឋាននៅទីក្រុងបាងកក(Assistance Association for Political Prisoners) ឲ្យដឹងថា មកទល់ពេលនេះ របបយោធាភូមា បានសម្លាប់មនុស្សយ៉ាងតិចជាង១ពាន់នាក់ (១០០៦ និងបានចាប់ខ្លួនមនុស្សជាង៥៧០០នាក់ដាក់ពន្ធនាគារ( ៥៧៣០)។
អ្នកវិភាគថា លោក ហ៊ុន សែន ទទួលស្គាល់របបខុសច្បាប់ ដែលលោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) បានដណ្ដើមអំណាច ដោយការផ្ដួលរំលំរបបស៊ីវិល ហើយចង់ឲ្យរបបនេះអាចកាន់អំណាចបានយូរអង្វែងតទៅមុខទៀត ដើម្បីជាដៃគូរបស់កម្ពុជា ដែលរបបឯកបក្សបានរំលាយគណបក្សប្រឆាំងចោល ហើយកំពុងតែរងការរិះគន់ពីគ្រប់ទិសទីដែរនោះ។
លោកបណ្ឌិត សេង សារី បន្ថែមថា លោក ហ៊ុន សែន ផ្ដល់ជំនួយឲ្យមេដឹកនាំយោធាភូមានេះ គឺជាការគាំទ្ររដ្ឋាភិបាលខុសច្បាប់ ស្របពេលអន្តរជាតិកំពុងមើលឃើញកម្ពុជាមានរដ្ឋាភិបាល ដែលមិនកើតចេញពីឆន្ទៈប្រជាពលរដ្ឋពិតប្រាកដដែរនោះ ៖ «អាហ្នឹងច្បាស់ណាស់ ការជួយនេះ គឺគាំទ្ររដ្ឋាភិបាលខុសច្បាប់ហើយ នៅពេលកម្ពុជាអះអាងថា ជារដ្ឋាភិបាលស្របច្បាប់ហើយទៅជួយភូមានេះ បើនិយាយពីមុំនយោបាយគឺជាការជួយគាំទ្ររដ្ឋាភិបាលផ្ដាច់ការហើយ»។
ឆើ្លយតបនឹងបញ្ហានេះ លោក សុខ ឥសាន្ត អះអាងថា រដ្ឋាភិបាលឯកបក្សផ្ដល់ជំនួយនេះ ជាជំនួយមនុស្សធម៌សុទ្ធសាធ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ផ្ដល់ជំនួយដូចគ្នានេះទៅប្រទេសផ្សេងដែរ៖ «ជំនួយមនុស្សធម៌តើអាហ្នឹង ជួយដល់ភូមាក្នុងនាមជាសមាជិកអាស៊ានដូចគ្នា»។
ទោះបីជាយ៉ាងនេះក្ដី អ្នកស្រី មួរ សុខហួរ បានជំនួយរបស់លោក ហ៊ុន សែននេះ ជាការចូលដៃជាមួយមេដឹកនាំផ្ដាច់ការភូមាទៅវិញទេ។ អ្នកស្រីបន្ថែមថា នៅស្របពេលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយផងនោះ គឺអាស៊ាននឹងមិនមានកូសង់ស៊ីសនៅក្នុងតំបន់នោះទេ ដោយសារតែកម្ពុជាឬលោក ហ៊ុន សែន គាំទ្ររដ្ឋាភិបាលផ្ដាច់ការភូមា នៅស្របពេលប្រទេសផ្សេងទៀតនៅក្នុងតំបន់មិនគាំទ្ររបបយោធានេះ៖ «យើងដឹងហើយសេក្ដីសម្រេចអ្វីក៏ដោយត្រូវតែមានកូសង់ស៊ីសនៅក្នុងតំបន់ យើងដឹងហើយកម្ពុជាវៀតណាម និងឡាវ ភូមាដែលជាប្រទេសផ្ដាច់ការដូចគ្នានៅក្នុងតំបន់ ដូច្នេះរឿងប្រជាធិបតេយ្យនៅអាស៊ានគឺគ្រោះថ្នាក់ខ្លាំងណាស់»។
អ្នកវិភាគនិងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងអះអាងថា មូលហេតុចម្បងដែលលោក ហ៊ុន សែន ទទួលស្គាល់ និងគាំទ្រមេដឹកនាំយោធាភូមានេះ ដោយសារតែ លោក លោក ម៊ីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុង សានសូជី កាលពីដើមឆ្នាំ២០២១ ដូចដែលលោក ហ៊ុន សែន បានរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧ដូច្នោះដែរ។ លោក ហ៊ុន សែន ចង់ឲ្យពិភពលោកពិសេសក្រុមប្រទេសប្រជាធិបតេយ្យ មើលឃើញថា របបខុសច្បាប់នោះ មិនមែនមានតែកម្ពុជាតែមួយនោះទេ នៅក្នុងតំបន់អាស៊ាន គឺមានភូមាដែរ។
អ្នកវិភាគថា មេដឹកនាំយោធាភូមា និងលោក ហ៊ុន សែន ត្រូវតែគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់។ មកទល់ពេលនេះ ក្រុមមេដឹកនាំយោធាភូមា នៅតែបន្តសម្លាប់ និងចាប់ខ្លួនពលរដ្ឋដែលប្រឆាំងខ្លួន មិនខុសពីកម្ពុជាឡើយ ដែលអាជ្ញាធររបបឯកបក្សក៏មិនបន្ធួរដៃបង្ក្រាបក្រុមអ្នករិះគន់ និងចាប់ខ្លួនពលរដ្ឋ សកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន និងព្រំដែនដាក់ពន្ធនាគារជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
