អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងលើកឡើងដូចៗ គ្នាថា ទោះបីជាសភាថ្មីជាសភាពហុបក្សក្ដី ក៏រដ្ឋាភិបាលថ្មីនឹងមិនស្របច្បាប់នោះឡើយ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីលទ្ធផលបោះឆ្នោតក្រៅផ្លូវការបង្ហាញថា គណបក្សកាន់អំណាចបាត់បង់កៅអីតំណាងរាស្ត្រ ៥អាសនៈ ទៅឱ្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាច្រានចោលការលើកឡើងបែបនេះ និងអះអាងថា សហគមន៍អន្តរជាតិនឹងទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មីនេះ។
ការអះអាងរបស់អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងយ៉ាងដូច្នេះ គឺដោយសារតែពួកគេមើលឃើញថាការបោះឆ្នោតជាតិនៅអាណត្តិទី៧ នេះ មិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែកក្កដាថា មូលហេតុដែលរដ្ឋាភិបាលថ្មីនឹងមិនត្រូវបានស្ថាប័នអន្តរជាតិ និងបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ ទទួលស្គាល់ភាពស្របច្បាប់ គឺបណ្ដាលមកពី មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងដំណើរការបោះឆ្នោត។ លោកបន្ថែមថា ក្រៅពីមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្រុមអ្នកគាំទ្រគណបក្សនេះរាប់លាននាក់ហើយនោះ គណបក្សប្រជាជនកម្ពុជា ក៏បង្កការបំភិតបំភ័យគ្រប់បែបយ៉ាង បង្ខំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ខណៈគណបក្សកាន់អំណាចក៏បានកំណត់អំពីលទ្ធផលបោះឆ្នោតទុកជាមុនរួចទៅហើយ។
លោក គឹម សុខ៖«វាជាលទ្ធផលនៃការបោះឆ្នោតរងសម្ពាធធំណាស់ពីសហគមន៍ប្រជាធិបតេយ្យសេរី បរាមុខរដ្ឋសភា នឹងរដ្ឋាភិបាល ដែលកើតក្រោយពីការបោះឆ្នោតខុសច្បាប់ហ្នឹង និយាយឱ្យចំទៅ វាជាលទ្ធផលបោះឆ្នោតបង្កើតវិបត្តិជាតិកម្ពុជាតែម្ដង»។
លោក គឹម សុខ បន្ថែមថា បើទោះបីជាលទ្ធផលនៃការបោះឆ្នោត បង្ហាញថាលោក ហ៊ុន សែន អាចផ្ទេរអំណាចទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត យ៉ាងណាក្ដី ប៉ុន្តែការបោះឆ្នោតបង្គ្រប់កិច្ចបែបនេះ ក៏ធ្វើឱ្យលោក ហ៊ុន សែន រងនូវភាពអាម៉ាស់ដែរ តាមរយៈការគូសសន្លឹកឆ្នោតចោល និងការសរសេរពាក្យវាយប្រហារគ្រួសារត្រកូល ហ៊ុន។
លោក គឹម សុខ៖«ហ៊ុន សែន គ្រប់គ្រង គ.ជ.ប។ ឌី វិជ្ជា កូនប្រសាលោក ហ៊ុន សែន ហើយនឹងក្មួយលោក ហ៊ុន សែន គឺលោក នេត្រ សាវឿន ជាអ្នកកាន់សន្តិសុខបោះឆ្នោត នៅពេលដែលលោក ទៀ បាញ់ និង ហ៊ុន ម៉ានិត មុនពេលបោះឆ្នោតហ្នឹង ពង្រាយកងទ័ពបន្លាចប្រជាពលរដ្ឋទៅទៀត រីឯ ហ៊ុន ម៉ានី ជាអ្នកវាយតម្លៃការបោះឆ្នោត តាមរយៈកម្លាំង ស.ស.យ.ក ជាអ្នកសង្កេតការណ៍ទូទាំងប្រទេសជាមួយអ្នកសង្កេតការណ៍មកពីប្រទេសកុម្មុយនិស្ត ដូចជាវៀតណាម(Vietnam)ចិន(China)រុស្សី(Russia)ជាដើម។ និយាយឱ្យចំទៅ វាគឺជាការបោះឆ្នោតដែលក្រុមគ្រួសារហ៊ុន ជាអ្នករៀបចំ និងវាយតម្លៃ ហើយដែលប្រទេសកុម្មុយនិស្ត ធ្វើជាសាក្សី»។
ដូចគ្នាទៅនឹងការលើកឡើងនេះ ពលរដ្ឋមួយចំនួនលើកឡើងថា ការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដាគ្រាន់តែជាការរៀបចំការបោះឆ្នោតរបស់ត្រកូលហ៊ុនតែប៉ុណ្ណោះ ព្រោះថាទាំង គ.ជ.ប ទាំងអ្នកសង្កេតការណ៍ភាគច្រើន និងសមត្ថកិច្ច សុទ្ធតែជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ខណៈដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យភាគច្រើន ធ្វើឡើងដោយបិទទ្វារ។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាសហគមន៍អន្តរជាតិនឹងទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី។ លោកបន្ថែមថា ការបាត់បង់តំណាងរាស្ត្រ៥អាសនៈរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាការបង្ហាញភាពទន់ខ្សោយរបស់គណបក្សកាន់អំណាចនោះទេ ក៏ប៉ុន្តែលោកអះអាងថា គឺជាការបង្ហាញលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋមានសេរីភាពជ្រើសរើសគណបក្សដែលពួកគេស្រលាញ់។
លោក សុខ ឥសាន៖«រដ្ឋាភិបាលមិនស្របច្បាប់ហ្នឹង គាត់ថា តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយនិយាយមែនទែនទៅតាំងពីឆ្នាំ២០១៣ សួរថា តើរដ្ឋាភិបាលតាំងពី២០១៣ ហ្នឹង តើមានរដ្ឋាភិបាលដឹកនាំប្រទេសទេ បើមានរាជរដ្ឋាភិបាលដឹកនាំប្រទេសហើយ រាជរដ្ឋាភិបាលនោះហើយ ដែលជារាជរដ្ឋាភិបាលស្របច្បាប់ ទោះទៅប្រទេសណា ប្រទេសធំ ប្រទេសតូចអី គេសុទ្ធតែក្រាលព្រំក្រហមឱ្យនាយករដ្ឋមន្ត្រីដើរលើហ្នឹង ហើយមានទាហានត្រួតពលទៀត។ អាហ្នឹងសួរថា ស្របច្បាប់ ឬអត់?»។
ផ្ទុយពីការអះអាងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន អះអាងថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ មិនត្រឹមតែមិនមានភាពស្របច្បាប់ប៉ុណ្ណោះទេ តែនឹងធ្វើឱ្យគ្រួសារត្រកូលហ៊ុន សែន កាន់តែរងនូវភាពអាម៉ាស់លើឆាកអន្តរជាតិផងដែរ។ លោកបន្ថែមថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលលោកហៅថា បែបប្លន់អំណាចនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រីក្រ ខណៈរដ្ឋាភិបាលជំពាក់បំណុលបរទេសកាន់តែច្រើនឡើង និងបំផ្លាញធនធានធម្មជាតិកាន់តែខ្លាំងជាងមុនដែរ។
លោក អ៊ំ សំអាន៖«យើងមើល គឹម ជុងអ៊ុន បានសញ្ញាប័ត្រពីអឺរ៉ុបដែរហ្នឹង ដូចលោក ហ៊ុន ម៉ាណែត បានពីប្រទេសសេរីដែរ ក៏ប៉ុន្តែគាត់កាន់អំណាចជាងឪទៀត រហូតដល់សម្លាប់មាខ្លួនឯង នឹងគេសង្ស័យថាសម្លាប់បងប្រុសខ្លួនឯងទៀត ដូច្នេះមានន័យថា នៅពេលដែលកូនឡើងកាន់អំណាច ត្រូវកាន់ធ្វើម៉េចឱ្យណែននៅក្នុងដៃអំណាច ព្រោះដឹងថាខ្លួនឯងអសមត្ថភាពជាងឪពុក ហើយអ៊ីចឹងត្រូវប្រើកណ្ដាប់ដៃដែក ដើម្បីបង្ក្រាបទៅលើគូរប្រកួតប្រជែង ដូច្នេះការកាន់អំណាចហ្នឹងនឹងកាន់តែផ្ដាច់ការជាងមុន មិននាំប្រទេសនាំទៅរកលទ្ធិប្រជាធិបតេយ្យនោះទេ»។
អ្នកវិភាគលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនអាចបំភ័ន្តស្ថាប័នអន្តរជាតិ និងបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ អំពីការដឹកនាំបែបផ្ដាច់ការ តាមរយៈលទ្ធផលនៃការបោះឆ្នោត ដែលអាចបង្កើតសភាពហុបក្សបាននោះឡើយ ហើយពួកគេថាបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ ក៏នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ជាផ្លូវការនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
