អ្នក​វិភាគ​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ

0:00 / 0:00

អ្នកវិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ដូចៗ​ គ្នា​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​បាត់បង់​កៅអី​តំណាងរាស្ត្រ​ ៥អាសនៈ ទៅ​ឱ្យ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​ការ​លើក​ឡើង​បែប​នេះ និង​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​នេះ។

ការ​អះអាង​របស់​អ្នក​វិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​យ៉ាង​ដូច្នេះ គឺ​ដោយសារ​តែ​ពួក​គេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី៧​ នេះ មិន​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ខែកក្កដា​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ គឺ​បណ្ដាល​មក​ពី មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក​បន្ថែម​ថា ក្រៅ​ពី​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នេះ​រាប់​លាន​នាក់​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បង្ក​ការ​បំភិត​បំភ័យ​គ្រប់​បែប​យ៉ាង បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត ខណៈ​គណបក្ស​កាន់​អំណាច​ក៏​បាន​កំណត់​អំពី​លទ្ធផល​បោះឆ្នោត​ទុក​ជា​មុន​រួច​ទៅ​ហើយ។

លោក គឹម សុខ៖«វា​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​រង​សម្ពាធ​ធំណាស់​ពី​សហគមន៍​ប្រជាធិបតេយ្យ​សេរី បរា​មុខ​រដ្ឋសភា នឹង​រដ្ឋាភិបាល ដែល​កើត​ក្រោយ​ពី​ការ​បោះឆ្នោត​ខុស​ច្បាប់​ហ្នឹង និយាយ​ឱ្យ​ចំ​ទៅ វា​ជា​លទ្ធផល​បោះឆ្នោត​បង្កើត​វិបត្តិ​ជាតិ​កម្ពុជា​តែ​ម្ដង»។

លោក គឹម សុខ បន្ថែម​ថា បើ​ទោះបីជា​លទ្ធផល​នៃ​ការ​បោះឆ្នោត បង្ហាញ​ថា​លោក ហ៊ុន សែន អាច​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​បែប​នេះ ក៏​ធ្វើ​ឱ្យ​លោក ហ៊ុន សែន រង​នូវ​ភាព​អាម៉ាស់​ដែរ តាម​រយៈ​ការ​គូស​សន្លឹក​ឆ្នោត​ចោល និង​ការ​សរសេរ​ពាក្យ​វាយ​ប្រហារ​គ្រួសារ​ត្រកូល ហ៊ុន។

លោក គឹម សុខ៖«ហ៊ុន សែន គ្រប់គ្រង គ.ជ.ប។ ឌី វិជ្ជា កូនប្រសា​លោក ហ៊ុន សែន ហើយ​នឹង​ក្មួយ​លោក ហ៊ុន សែន គឺ​លោក នេត្រ សាវឿន ជា​អ្នក​កាន់​សន្តិសុខ​បោះ​ឆ្នោត នៅ​ពេល​ដែល​លោក ទៀ បាញ់ និង ហ៊ុន ម៉ានិត មុន​ពេល​បោះឆ្នោត​ហ្នឹង ពង្រាយ​កង​ទ័ព​បន្លាច​ប្រជាពលរដ្ឋ​ទៅ​ទៀត រីឯ ហ៊ុន ម៉ានី ជា​អ្នក​វាយ​តម្លៃ​ការ​បោះឆ្នោត តាម​រយៈ​កម្លាំង ស.ស.យ.ក ជា​អ្នក​សង្កេតការណ៍​ទូទាំង​ប្រទេស​ជាមួយ​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​កុម្មុយនិស្ត ដូចជា​វៀតណាម(Vietnam)ចិន(China)រុស្សី(Russia)ជាដើម។ និយាយ​ឱ្យ​ចំ​ទៅ វា​គឺជា​ការ​បោះឆ្នោត​ដែល​ក្រុម​គ្រួសារ​ហ៊ុន ជា​អ្នក​រៀបចំ និង​វាយតម្លៃ ហើយ​ដែល​ប្រទេស​កុម្មុយនិស្ត ធ្វើ​ជា​សាក្សី»។

ដូចគ្នា​ទៅ​នឹង​ការ​លើក​ឡើង​នេះ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ កក្កដា​គ្រាន់​តែ​ជា​ការ​រៀបចំ​ការ​បោះឆ្នោត​របស់​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណោះ ព្រោះ​ថា​ទាំង គ.ជ.ប ទាំង​អ្នក​សង្កេតការណ៍​ភាគ​ច្រើន និង​សមត្ថកិច្ច សុទ្ធ​តែ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​ភាគច្រើន ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា​សហគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី។ លោក​បន្ថែម​ថា ការ​បាត់បង់​តំណាងរាស្ត្រ​៥អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​ការ​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ ក៏​ប៉ុន្តែ​លោក​អះអាង​ថា គឺជា​ការ​បង្ហាញ​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រជាពលរដ្ឋ​មាន​សេរីភាព​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ស្រលាញ់។

លោក សុខ ឥសាន៖«រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ហ្នឹង គាត់​ថា តាំង​ពី​ឆ្នាំ២០១៨ មក​ម្ល៉េះ ហើយ​និយាយ​មែន​ទែន​ទៅ​តាំង​ពី​ឆ្នាំ២០១៣ សួរ​ថា តើ​រដ្ឋាភិបាល​តាំង​ពី​២០១៣ ហ្នឹង តើ​មាន​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ទេ បើ​មាន​រាជរដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ហើយ រាជ​រដ្ឋាភិបាល​នោះ​ហើយ ដែល​ជា​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ទោះ​ទៅ​ប្រទេស​ណា ប្រទេស​ធំ ប្រទេស​តូច​អី គេ​សុទ្ធតែ​ក្រាល​ព្រំ​ក្រហម​ឱ្យ​នាយករដ្ឋមន្ត្រី​ដើរ​លើ​ហ្នឹង ហើយ​មាន​ទាហាន​ត្រួត​ពល​ទៀត។ អា​ហ្នឹង​សួរ​ថា ស្រប​ច្បាប់ ឬ​អត់?»។

ផ្ទុយ​ពី​ការ​អះអាង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន អះ​អាង​ថា លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧នេះ មិន​ត្រឹមតែ​មិន​មាន​ភាព​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន សែន កាន់​តែ​រង​នូវ​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ដែល​លោក​ហៅថា បែប​ប្លន់​អំណាច​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ខណៈ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​កាន់​តែ​ច្រើន​ឡើង និង​បំផ្លាញ​ធនធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង​ជាង​មុន​ដែរ។

លោក អ៊ំ សំអាន៖«យើង​មើល គឹម ជុងអ៊ុន បាន​សញ្ញាប័ត្រ​ពី​អឺរ៉ុប​ដែរ​ហ្នឹង ដូច​លោក ហ៊ុន ម៉ាណែត បាន​ពី​ប្រទេស​សេរី​ដែរ ក៏​ប៉ុន្តែ​គាត់​កាន់​អំណាច​ជាង​ឪ​ទៀត រហូត​ដល់​សម្លាប់​មា​ខ្លួន​ឯង នឹង​គេ​សង្ស័យ​ថា​សម្លាប់​បង​ប្រុស​ខ្លួន​ឯង​ទៀត ដូច្នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​កូន​ឡើង​កាន់​អំណាច ត្រូវ​កាន់​ធ្វើ​ម៉េច​ឱ្យ​ណែន​នៅ​ក្នុង​ដៃ​អំណាច ព្រោះ​ដឹង​ថា​ខ្លួន​ឯង​អសមត្ថភាព​ជាង​ឪពុក ហើយ​អ៊ីចឹង​ត្រូវ​ប្រើ​កណ្ដាប់​ដៃ​ដែក ដើម្បី​បង្ក្រាប​ទៅ​លើ​គូរ​ប្រកួត​ប្រជែង ដូច្នេះ​ការ​កាន់​អំណាច​ហ្នឹង​នឹង​កាន់​តែ​ផ្ដាច់​ការ​ជាង​មុន មិន​នាំ​ប្រទេស​នាំ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»។

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បំភ័ន្ត​ស្ថាប័ន​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ អំពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ តាម​រយៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​អាច​បង្កើត​សភា​ពហុបក្ស​បាន​នោះ​ឡើយ ហើយ​ពួកគេ​ថា​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិប្រជាធិបតេយ្យ ក៏​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ជា​ផ្លូវការ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។