លោក ហ៊ុន សែន ស្នើតែងតាំងលោក គុយ សុផល ភ្លាមៗ «ខ្លាចព្រះមហាក្សត្រយកមនុស្សក្រៅពីបក្ខពួកខ្លួន»
2024.09.04
ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រតែងតាំង លោក គុយ សុផល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងភ្លាមៗ ក្រោយពីលោក គង់ សំអុល អតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងទទួលមរណភាពនោះ ជារឿងមិនគោរពកិត្តិយសក្រុមគ្រួសារលោក គង់ សំអុល នោះទេ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាលើកឡើងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានស្នើព្រះមហាក្សត្រតែងតាំងរដ្ឋមន្ត្រីព្រះបរមរាជវាំងថ្មី ជំនួសលោក គង់ សំអុល ក្រោយពីលោកទទួលមរណភាពមិនទាន់បាន ២ម៉ោង ផងនោះ គឺជាការមិនផ្ដល់កិត្តិយសឱ្យក្រុមគ្រួសារលោក គង់ សំអុល ឡើយ។
អ្នកអត្ថាអធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន មិនខ្វល់អំពីកិត្តិយសរបស់ក្រុមគ្រួសារលោក គង់ សំអុល ឡើយ សំខាន់លោកត្រូវធ្វើយ៉ាងណា ឱ្យព្រះមហាក្សត្រ ត្រូវតែងតាំងអ្នកណាដែលលោកទុកចិត្ត។
ព្រះមហាក្សត្រ នរោម សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២ កញ្ញា ត្រាស់បង្គាប់តែងតាំងលោក គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះ បរមរាជវាំង តាមសេចក្ដីទូលថ្វាយរបស់លោក ហ៊ុន សែន ដែលកាន់តួនាទីជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងនោះ។
ព្រះរាជតែងតាំង លោក គុយ សំផុល តាមសំណើរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្របានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ក្នុងវ័យ ៩៤ឆ្នាំ។ លោក គង់ សំអុល ក៏ជាតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍មួយរូបរបស់គណបក្សប្រជាជនកម្ពុជា។ លោកក៏ជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយក៏ជាអនុប្រធានកាកបាទក្រហមកម្ពុជា របស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែនផងដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា លោក ហ៊ុន សែន ថា ទំនងជាបានរៀបចំលោក គុយ សុផល នេះ យូរហើយ។ លោកបន្ថែមថា ការតែងតាំងរដ្ឋមន្ត្រីព្រះបរមរាជវាំងនេះ ជាបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែងព្រះមហាក្សត្រមិនអាចជ្រើសរើសមនុស្ស ដោយអង្គឯងបាន ដោយសារតែលោក ហ៊ុន សែន មានឥទ្ធិពលលើសលប់ ដែលអាចតែងតាំងអ្នកណាក៏បាន។
លោក សេង វណ្ណលី៖ «យើងមើលការតែងតាំងនេះ ប្រហែលជាក្នុងគោលបំណងក្នុងការបន្តនិរន្តរភាពការងារនៅសេសសល់ ដែលចាំបាច់ត្រូវតែសម្រេចបាន។ តែយើងមិនដឹងថា ការងារដែលជាប់គាំងនៅក្នុងព្រះបរមរាជវាំងនោះ ទាល់តែមានរដ្ឋមន្ត្រីថ្មីមកជំនួស អាហ្នឹង ក៏យើងមិនដឹងដែរ»។
ទោះជាយ៉ាងណាក្ដី អតីតទីប្រឹក្សាព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អះអាងថា ការតែងតាំងលោក គុយ សុផល នេះ មិនមែនលោក ហ៊ុន សែន ជ្រៀតជ្រែកលើការតាំងតែងនេះទេ។ ព្រះអង្គមានបន្ទូលថា លោក គុយ សុផល ជាមន្ត្រីនៅក្នុងព្រះបរមរាជវាំងស្រាប់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ខ្ញុំដូចជាអត់ជឿថា សម្ដេច ហ៊ុន សែន គាត់បញ្ជា ឬស្នើអីទេ ពីព្រោះការងារនេះ ជាផ្ទៃក្នុងរបស់ព្រះបរមរាជវាំង និងជាការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រតែម្ដង»។
ទោះបីជាយ៉ាងនេះក្ដី អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាមនុស្សស្និទ្ធនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ប៉ែន សង្ហា បានសរសេរលើហ្វេសប៊ុកថា មិនធ្លាប់ឃើញព្រះរាជក្រឹត្យ ក្នុងទម្រង់បែបនេះទេ។ លោកបន្ថែមថា នាពេលកន្លងមក សម្រាប់ការតែងតាំងផ្ទៃក្នុង ក្នុងព្រះបរមរាជវាំង និងព្រះរាជវង្សានុវង្ស ហើយលោកក៏មិនដែលឃើញមានព្រះនាមព្រះអង្គក្នុងរង្វង់ក្រចកបែបនេះដែរ។ ដោយឡែក ព្រះរាជក្រឹត្យតែងតាំងលោក គុយ សុផល របស់ព្រះមហាក្សត្រនៅពេលនេះវិញ គឺយោងតាមសំណើរបស់លោក ហ៊ុន សែន នៅក្នុងរង្វង់ក្រចក។
លោក ប៉ែន សង្ហា សូមឱ្យអ្នកមានអំណាចទាំងឡាយ ថ្វាយ និងគោរពនូវព្រះរាជបុព្វសិទ្ធិ ព្រះមហាក្សត្រដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងតាមព្រះរាជបវេណី។ លោកបន្ថែមថា ក្រសួងព្រះបរមរាជវាំង មិនមែនជាក្រសួងចំណុះរាជរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រីទេ។ ក្រសួងព្រះបរមរាជវាំង ជាក្រសួងបែបប្រពៃណី សំដៅបម្រើការងារថ្វាយព្រះមហាក្សត្រ តាមបែបបវេណីពីបុរាណ។
លោក ប៉ែន សង្ហា បានរំលឹកថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ពេល ព្រះអង្គគ្រងរាជ្យ ព្រះអង្គបានឡាយព្រះរាជក្រឹត្យតែងតាំង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាសម្តេចក្រុមហ្លួង និងបន្ទាប់មកជា សម្តេចក្រុមព្រះ បានឡាយព្រះរាជក្រឹត្យតែងតាំង ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឃ ជាសម្តេចក្រុមឃុន បន្ទាប់មកជា សម្តេច និងព្រះរាជក្រឹត្យជាច្រើនទៀត ដូចជា ការតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាដើម គឺ តាមព្រះរាជបញ្ញាញាណរបស់អង្គព្រះមហាក្សត្រ។
លោក គង់ សំអុល ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាមនុស្សដែលលោក ហ៊ុន សែន ទុកចិត្ត ហើយអាចបម្រើនយោបាយនិងផលប្រយោជន៍ក្រុមគ្រួសារត្រកូលហ៊ុនបាន ជាពិសេសការរៀបចំកិច្ចការរបស់ព្រះមហាក្សត្រ និងការចាត់ចែងព្រះបរមរាជវាំង។ លោក ហ៊ុន សែន បញ្ជូនឱ្យលោក គង់ សំអុល ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនេះ តាំងពីឆ្នាំ១៩៩៨ ក្នុងពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចនៅមានឥទ្ធិពលនៅឡើយ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអះអាងថា លោក ហ៊ុន សែន បានបញ្ជូនលោក គង់ សំអុល ទៅនៅក្បែរអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ កាលណោះ គឺដើម្បីគ្រប់គ្រងព្រះបរមរាជវាំង។ ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏ងាយនឹងបញ្ជាលោក គង់ សំអុល ដើម្បីតាមដានកិច្ចការសម្ងាត់របស់ព្រះមហាក្សត្រ ដែរ។
លើសពីនេះទៀត ក្នុងរយៈពេល ២៦ឆ្នាំ ដែលលោក គង់ សំអុល បានធ្វើជារដ្ឋមន្ត្រីព្រះបរមរាជវាំងកន្លងមកនេះ លោកមិនដែលហ៊ានប្រតិកម្ម ឬឆ្លើយតបទៅលោក ហ៊ុន សែន ឡើយ ទោះបីជាលោក ហ៊ុន សែន ធ្លាប់បានប្រកាសគំរាមរំលាយព្រះរាជបល្ល័ង្កចោលក៏ដោយ។
លោក ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថា ព្រះអង្គ បើលើកនេះវាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង? ឬហោចណាស់ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខាទេ គឺនឹងចូលជាធរមាន»។
ទាក់ទងនឹងបញ្ហានេះលោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ស្នើព្រះមហាក្សត្រឱ្យតែងតាំង លោក គុយ សុផល នេះ ក៏ដោយសារតែលោក ហ៊ុន សែន មើលឃើញលោក គុយ សុផល មិនមែនជាមនុស្សឯករាជ្យ ឬការពារព្រះមហាក្សត្រដែរ។
លោកអះអាងថា ដោយសារឥទ្ធិពលរបស់លោក ហ៊ុន សែន សូម្បីតែព្រះមហាក្សត្រ ក៏មិនអាចជ្រើសរើសមនុស្សចេញពីរាជវង្សានុវង្សឱ្យមកធ្វើជារដ្ឋមន្ត្រីព្រះបរមរាជវាំងនេះ សូម្បីតែមនុស្សនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាដូចគ្នា ក៏លោក ហ៊ុន សែន មិនទុកចិត្តដែរ។ លោក គឹម សុខ បញ្ជាក់ថា មនុស្ស ដែលសមនឹងទទួលបានតួនាទីនេះជាងគេបំផុត គឺលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោក ហ៊ុន សែន មិនទុកចិត្តលោក ស ខេង ទេ។
លោក គឹម សុខ៖ «បើមានឥស្សរជននយោបាយ ឧទាហរណ៍ លោក ស ខេង អាចទៅធ្វើការជាមួយព្រះអង្គ។ អ៊ីចឹង ព្រះអង្គ (ព្រះមហាក្សត្រ) អាចធ្វើកិច្ចការបានច្រើនណាស់។ អ៊ីចឹង លោក ហ៊ុន សែន មិនហ៊ានតែងតាំង លោក ស ខេង ទេ»។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា ឥស្សរជននយោបាយកំពូលៗ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រិយភាព និងមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច ក្រៅពីលោក ស ខេង ហើយសក្ដិសមធ្វើជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជំនួសលោក គង់ សំអុល នោះ មានអ្នកស្រី ម៉ែន សំអន លោក ទៀ បាញ់ លោក ជា សុផារ៉ា និងលោក សាយ ឈុំ ជាដើម។
ប៉ុន្តែលោក ហ៊ុន សែន មិនហ៊ានប្រគល់តួនាទីនេះ ឱ្យទៅមនុស្សទាំងនេះឡើយ ពីព្រោះលោកយល់ថា មនុស្សទាំងនេះអាចនឹងមិនស្ដាប់ការបង្គាប់បញ្ជារបស់លោក។
ជាងនេះទៅទៀត ថ្នាក់ដឹកនាំកំពូលគណបក្សកាន់អំណាចទាំងនេះ អាចនឹងធ្វើឱ្យអំណាចត្រកូលហ៊ុនរង្គោះរង្គើបាន។ ប្រហែលជាបញ្ហាមិនទុកចិត្តគ្នានេះហើយ ទើបលោក ហ៊ុន សែន ស្រវេស្រវាគាល់ព្រះមហាក្សត្រ ដើម្បីស្នើឱ្យតែងតាំងលោក គុយ សុផល យ៉ាងប្រញាប់ប្រញាល់ ក្រោយពីលោក គង់ សំអុល ទទួលមរណភាពទាំងនៅមិនទាន់បូជាសពនៅឡើយផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។