អ្នកវិភាគនយោបាយលើកឡើងថា អវត្តមានបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នសង្កេតការណ៍បោះឆ្នោតអន្តរជាតិ នៅក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតខាងមុខនេះនឹងធ្វើឱ្យរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្នុងខែកក្កដា ខាងមុខនេះ នឹងមិនទទួលបានភាពស្របច្បាប់ពេញលេញនៅលើឆាកអន្តរជាតិនោះឡើយ។ ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន លើកឡើងថា លោកមិនខ្វល់ពីអវត្តមានបណ្ដាប្រទេសនានាចូលរួមសង្កេតការបោះឆ្នោតនោះទេ។
អ្នកវិភាគនយោបាយលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងខ្វះភាពស្របច្បាប់ ដោយសារតែប្រទេសប្រជាធិបតេយ្យធំៗ និងក្រុមអង្គការសង្គមស៊ីវិលដែលគេទទួលស្គាល់ថា មានឯករាជ្យ និងវិជ្ជាជីវៈរឿងបោះឆ្នោត បានដកខ្លួនមិនចូលរួមសង្កេតការណ៍បោះឆ្នោតនៅខែកក្កដា ខាងមុខ បន្ទាប់ពីពួកគេមើលឃើញថា ការបោះឆ្នោតនោះក្លែងក្លាយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែមិថុនា ថា អវត្តមានស្ថាប័នសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខ គ្រាន់តែជាការបោះឆ្នោតបែបបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែមទៀតថា ក្រៅពីការប្រឈមនឹងភាពមិនស្របច្បាប់ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែក្រីក្រផងដែរ តាមរយៈការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្ងន់ធ្ងរ ក្រោយពីការបោះឆ្នោតក្លែងក្លាយ។
លោក គឹម សុខ៖ «បើធ្វើអ្វីៗមិនស្របទៅនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋាភិបាលនឹងសភាហ្នឹងមិនអាចស្របច្បាប់បានទេ ហើយបើមិនស្របច្បាប់ផង អ្នកណានៅធ្វើទំនាក់ទំនងជួយជ្រោមជ្រែងជួយប្រទេសកម្ពុជាយើង។ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ត្រូវប្រឈមធំ ហើយបើយើងនិយាយឱ្យចំ គឺទាញកម្ពុជាឱ្យវិវឌ្ឍទៅក្នុងស្ថានភាពមួយដែលធ្វើឱ្យប្រជាពលរដ្ឋ កាន់តែវេទនាទៅ»។
ការលើកឡើងរបស់អ្នកវិភាគនយោបាយរូបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងថា លោកមិនខ្វល់ពីការប្រកាសរបស់បណ្ដាប្រទេសនានា មិនចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដាខាងមុខនេះឡើយ។
លោក ហ៊ុន សែន៖ «រឿងបោះឆ្នោត វាអាស្រ័យទៅលើប្រជាពលរដ្ឋបោះឆ្នោត រួចហើយអាស្រ័យទៅលើបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ទៅបើមានបណ្ដឹងក្រុមប្រឹក្សាធម្មនុញ្ញ ហើយបន្ទាប់ទៅព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល គឺព្រះមហាក្សត្រឡាយព្រះហស្តលេខា ចប់រឿងហើយ វាអត់មានត្រូវការលោកឯង ចង់គំរាមថា មិនបាច់បញ្ជូនមកទេ មិនបាច់មកអាអ៊ីចឹងៗ កុំមកនិយាយជាមួយ ហ៊ុន សែន»។
បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន សែន បានរារាំងគណបក្សភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោត ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ សង្គមស៊ីវិល និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម បណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យរួមមាន សហរដ្ឋអាមេរិក (United States) អង់គ្លេស (British) សហភាពអឺរ៉ុប (EU) អូស្ត្រាលី (AU) និងប្រទេសជប៉ុន (Japan) ជាដើមបានប្រកាសថា ពួកគេ មិនមានចេតនាបញ្ចូនអ្នកសង្កេតការណ៍ឲ្យចូលរួមសង្កេតការបោះឆ្នោតឡើយ។
ទោះជាយ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសកាលពីថ្ងៃទី២៥ ខែឧសភាថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍បោះឆ្នោតចំនួនជិត ៣ម៉ឺននាក់ (២៩.១៦៤នាក់) ឱ្យចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងនោះមានតែភ្ញៀវពិសេស២រូបតែប៉ុណ្ណោះ ហើយអ្នកសង្កេតការណ៍ទាំងនោះភាគច្រើនគឺជាសេនាធិការរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដោយក្នុងនោះ អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក ដែលដឹកនាំដោយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី មានចំនួនជិត ១ម៉ឺន៧ពាន់នាក់ (១៦.៨១១) និងអ្នកសង្កេតការណ៍មកពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលដឹកនាំដោយអ្នកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាង៨ពាន់នាក់ (៨.៥០៥) រួមទាំងក្រុមអង្គការ-សមាគមដែលបង្កើតឡើងដោយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត ដែលគ្មានជំនាញរឿងបោះឆ្នោត។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើកឡើងថា បើទោះបីជាក្នុងច្បាប់មិនបានចែងថា លុះត្រាតែមានអ្នកសង្កេតការណ៍បោះឆ្នោត ទើបការបោះឆ្នោតត្រឹមត្រូវ ក៏ប៉ុន្តែការមិនវាយតម្លៃអំពីភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត ក៏អាចធ្វើឱ្យបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យមិនទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលថ្មីផងដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា អង្គការខុមហ្វ្រែល នៅតែចូលរួមសង្កេតការណ៍បោះឆ្នោតក្នុងខែកក្កដាខាងមុខ ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវក្នុងពេលបោះឆ្នោត។
លោក កន សាវាង្ស៖ «ទោះបីថាមិនមានការប្រកួតប្រជែងក៏ដោយ ក៏ប៉ុន្តែភាពមិនប្រក្រតីមិនអាចថាវាមិនមានកើតមានឡើងទេ អ៊ីចឹងយើងនៅតែធ្វើកិច្ចការងារបន្ត ការឃ្លាំមើលទៅក្នុងដំណើរការហ្នឹងដដែល ថា តើអ្វីដែលជាបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានហ្នឹង ដូច្នេះឧទាហរណ៍ ករណីគំរាមកំហែង ករណីបង្ខិតបង្ខំ ករណីបំភិតបំភ័យ ឬក៏អ្វីផ្សេងទៀតដែលធ្វើឱ្យប្រជាពលរដ្ឋហ្នឹង បង្កការភ័យខ្លាច នេះគឺជារឿងមួយដែលយើងពិនិត្យមើលក្នុងដំណើរការហ្នឹង»។
បើទោះបីជាលោក ហ៊ុន សែន លើកឡើងថា មិនខ្វល់ពីអវត្តមានបណ្ដាប្រទេសនានាចូលរួមសង្កេតការណ៍បោះឆ្នោតក្ដី ក៏គណបក្សកាន់អំណាច និងគ.ជ.ប ដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន កំពុងខិតខំប្រមូលអង្គការ-សមាគមនានា ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសតូចៗ និងផ្ដាច់ការ ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតនីតិកាលទី៧នេះ ឱ្យបានច្រើន ដើម្បីជួយលម្អការបោះឆ្នោត ដែលកំពុងតែរងការរិះគន់ពីស្ទើរគ្រប់ទិសទី។ អ្នកឃ្លាំមើលមិនរំពឹងថា ក្រុមអ្នកសង្កេតការណ៍ទាំងនេះ អាចធ្វើជាសាក្សីនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានឡើយ ពោលគឺគ្រាន់តែចូលរួមបង្គ្រប់កិច្ច គ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេ នឹងរួមគ្នាចេញសេចក្ដីថ្លែងការណ៍គាំទ្រការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំដោយរបបលោក ហ៊ុន សែន នេះ ដើម្បីទប់ទល់ការរិះគន់ និងការដាក់សម្ពាធនានាពីសហគមន៍ជាតិ និងអន្តរជាតិ។ លើសពីនេះកាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ធ្លាប់ត្រូវបានរិះគន់ថា បានចំណាយលុយជួលអង្គការអន្តរជាតិមួយចំនួនដូចជាអង្គការអាយខាប់ (ICAPP) ឱ្យចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដើម្បីជួយអះអាងពីភាពត្រឹមត្រូវនៃការបោះឆ្នោត ដោយសារគ្មានវត្តមានគណបក្សសង្គ្រោះជាតិនៅពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។