អ្នកវិភាគ​នយោបាយ​ថា ការ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​ដល់​មេដឹកនាំ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន គឺ​មិន​ឱ្យ​តម្លៃ​អត្តសញ្ញាណ​ខ្មែរ

កម្ពុជា​ផលិត​បាន​នាឡិកា​២៥​គ្រឿង ដើម្បី​ចែក​ជូន​ប្រធាន​គណៈប្រតិភូ​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​សប្ដាហ៍​ក្រោយនេះ។

​ក៏ប៉ុន្តែ​អ្នកវិភាគ​យល់ឃើញ​ថា ការ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​បែបនេះ និង​មិន​ផ្ដល់​កិត្តិយស​ដល់​កម្ពុជា​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​ចិន​គឺជា​អ្នក​ផលិត​នាឡិកា​ទាំងនោះ។

កម្ពុជា​បាន​ផលិត​នាឡិកា​២៥​គ្រឿង សម្រាប់​ចែក​ជូន​ដល់​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​រួចហើយ ដោយ​នាឡិកា​ទាំងនោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ ក្រុមហ៊ុន ព្រីនស៍ ហូរ៉ូឡូជី (Prince Horology) របស់​ចិន​មាន​ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​រូប​នាឡិកា ២​សេរី នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា និង​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ផលិត​នាឡិកា​២៥​គ្រឿង សម្រាប់​ជូន​ប្រធាន​គណៈប្រតិភូ​ដែល​អញ្ជើញ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ឆ្នាំ​២០២២​។ លោក ហ៊ុន សែន ក៏បាន​សរសេរ​ដែរ​ថា នាឡិកា​ទាំងនោះ​ត្រូវ បាន​រៀបចំ និង​ផ្គុំ​ឡើង​ដោយ​អ្នកបច្ចេកទេស​ខ្មែរ​សុទ្ធសាធ ហើយ​លោក​បាន​បញ្ជាក់​ថា នេះ​គឺជា​ការ​រីកចំរើន​ខាង​ផ្នែក​វិទ្យាសាស្ត្រ (​ខ្មែរ​អាច​ធ្វើ​បាន​)​។ ជាមួយ​គ្នា​នេះ​នៅ​លើ​តួ​នៃ​នាឡិកា​ទាំងនោះ មាន​ពាក្យ​ថា អាស៊ាន កម្ពុជា ២០២២ (ASEAN Submit 2022, Cambodia) ចំណែក​ផ្នែក​ខាងក្នុង​មាន​ពាក្យ​ថា ព្រីនស៍ ហូរ៉ូឡូជី (Prince Horology) និង​ពាក្យ ធួប៊ីល​លិន (Tourbillon) ដែល​ជា​ប្រព័ន្ធ​ដំណើរការ​នាឡិកា​ដៃ​ប្រណិត មាន​តម្លៃ​ចាប់ពី​រាប់​ម៉ឺន​ដុល្លារ រហូត​ដល់​ខ្ទង់លាន​ដុល្លារ​អាមេរិក។

​គេហទំព័រ​នៃ​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី​សស្តែត (Prince Real Estate) ដែល​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ គឺជា​លោក ចេន ហ្ស៊ី (Chen Zhi) ជា​ជន​ជាតិចិន និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ លោក ចេន ហ្ស៊ី (Chen Zhi) បាន​ទិញ​យក​ក្រុមហ៊ុន​លក់​ស៊ីហ្គា (Cigar) របស់​គុយបា (Cuba) ក្នុង​តម្លៃ​ជាង ១,៤ ពាន់​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ព្រីនស៍ ហូរ៉ូជី (Prince Horology) ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​នាឡិកា​បាន​ឡើយ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា។

ចំណែក​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា ភាគច្រើន​នៃ​ថ្នាក់ដឹកនាំ​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន នឹង​មិន​សប្បាយចិត្ត​ទទួល​យក​នាឡិកា​នោះ​ទេ ពីព្រោះ​តាមរយៈ​ដំណើរ​ការ​ផលិត​នាឡិកា បង្ហាញថា​ឥទ្ធិពល​ចិន​បាន​ជ្រៀតចូល​យ៉ាង​ជ្រៅ ទៅ​ក្នុង​ផ្ទៃក្នុង​អាស៊ាន​តាមរយៈ​លោក ហ៊ុន សែន និង​ធ្វើឱ្យ​អាស៊ាន​មិនអាច​ដើរទៅ​មុខ​រួច​។ លោក គឹម សុខ បន្ថែម​ថា ការចែក​នាឡិកា​ទាំងនេះ មិនបាន​ផ្ដល់​កិត្តិយស​ដល់​កម្ពុជា ឬ​ឆ្លុះបញ្ចាំង​ថា ខ្មែរ​ធ្វើ​បាន​នោះទេ ព្រោះ​ក្រុមហ៊ុន​ចិន​ជា​អ្នក​ផលិត​នាឡិកា​ទាំងនោះ ហើយ​បច្ចេកទេស​ផលិត​គឺ​យក​មកពី​ប្រទេស​ស្វីស​តែ​ប៉ុណ្ណោះ។

លោក គឹម សុខ៖ « ការ​យក​នាឡិកា​របស់​ថៅកែ​ចិន​ទៅ​ចែក​ភ្ញៀវ​អន្តរជាតិ និង​បណ្ដា​មេដឹកនាំ​អាស៊ាន​នានា ហើយ​អួត​ថា​ខ្មែរ​ធ្វើ​បាន​បែបនេះ វា​រឹតតែ​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ខ្មាស​គេ​ថែមទៀត​ទេ ពីព្រោះ​ទី​១ ប្រើ​លុយ​ទិញ​បច្ចេកទេស​របស់​ស្វីស ទី​២ ប្រើ​លុយ​របស់​ថៅកែ​ចិន​ដើម្បី​ផលិត​នាឡិកា​ហ្នឹង ហើយ​ទី​៣ វា​បង្ហាញ​អំពី​ឥទ្ធិពល​របស់​ចិន ទៅលើ​មេដឹកនាំ​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​កំពុងតែ​ដឹកនាំ​កម្ពុជា ហើយក៏​កំពុងតែ​ធ្វើជា​ប្រធាន​ប្ដូរ​វេន​នៃ​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ហ្នឹង »

ទោះជា​បែបនេះ​ក្ដី អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ជា​នាឡិកា​ទៅដល់​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះ គឺ​គ្មានអ្វី​ទាស់​ខុស​នោះ​ឡើយ ព្រោះ​ការ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍ ត្រូវ​មាន​ការផ្លាស់ប្ដូរ។

លោក សុខ ឥសាន៖ « គេ​ចង់​ជូន​អី​ក៏​បាន​ដែរ​រឿង​កាដូ​ហ្នឹង ក្មួយ​ឯង​គិត​មើល ពេលនេះ​ម្ដងនេះ​ជូន​នោះ​ទៅ ម្ដង​ជូន​នេះ​ទៅ អាហ្នឹង​វា​មិន​ទៀង​ទេ »

អ្នកវិភាគ​នយោបាយ ធ្លាប់​បាន​លើកឡើង​ថា កម្ពុជា​មិន​គួរ​ចែក​នាឡិកា​ប្រណិត ដែល​មាន​តម្លៃ​ខ្ពស់ ទៅដល់​ថ្នាក់ដឹកនាំ​ដែល​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នោះ​ទេ ព្រោះ​វា មិនបាន​ផ្ដល់​កិត្តិយស និង​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​កម្ពុជា​។ ពួកគេ​ថា ការចែក​នេះ​គឺ​ធ្វើ​ឡើង​ទៅតាម​បំណង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មនុស្ស​ឈ្លក់​វង្វេង​នឹង​ការ​បង្អួត​នាឡិកា​ដែល មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក និង​មិនបាន​ខ្វល់ខ្វាយ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។