អ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកវិភាគ លើកឡើងថា ការឆ្លើយតបរបស់ចិន និងកម្ពុជាក្នុងរឿងធ្វើទំនើបកម្មកំពង់ផែរាម នឹងនៅតែមិនអាចធ្វើឱ្យភាគីសហរដ្ឋអាមេរិកទុកចិត្តបានឡើយ។ ផ្ទុយទៅវិញពួកគេថា បញ្ហាសង្ស័យពីរឿងវត្តមានកងទ័ពចិននៅកំពង់ផែរាម និងការណ៍ដែលចិនអាចបំប្លែងកំពង់ផែរាមទៅជាមូលដ្ឋានទ័ពរបស់ខ្លួន នឹងរឹតតែតានតឹងឡើងរវាងភាគីអាមេរិក និងចិន ដែលកម្ពុជាមិនអាចមើលរម្លងបានឡើយ។
រឿងរ៉ាវសង្ស័យពីវត្តមានកងទ័ពចិននៅកំពង់ផែរាម និងការណ៍ដែលចិនអាចបំប្លែងកំពង់ផែនេះទៅជាមូលដ្ឋានទ័ពនៅក្រៅប្រទេសទីពីររបស់ខ្លួន បានកើតមានឡើងសាជាថ្មី ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានលើកឡើងពី កង្វល់ទាំងនេះនៅក្នុងជំនួបទ្វេភាគីដ៏កម្រមួយមិនធ្លាប់មានពីមុនមកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ស្របពេលដែលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ ពីរថ្ងៃក្រោយមក ភាគីចិនបានចេញមុខមក ឆ្លើយតបតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន អះអាងថា ចិនជួយកម្ពុជាកែលម្អកំពង់ផែកងទ័ពជើងទឹករាមនេះ គឺជារឿង «ធម្មតា» និងមិនដាក់ «គោលដៅ» ប្រឆាំងភាគីទីបីណាមួយឡើយ។

សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា ការបកស្រាយទាំងសំណាក់ភាគីចិន និងភាគីកម្ពុជាខ្លួនឯង មិនអាចធ្វើឱ្យសហរដ្ឋអាមេរិកទុកចិត្តបានឡើយ ខណៈរឿងនេះពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងអំណាចរវាងអាមេរិក និងចិននៅក្នុងតំបន់នេះ៖
បណ្ឌិត រ៉ូ វណ្ណៈ៖«សហរដ្ឋអាមេរិកមើលឃើញថា ចិនគឺជាដៃគូប្រជែងឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិកសំខាន់នៅក្នុងតំបន់។ អ៊ីចឹង វត្តមាននៃឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់ណា នៅក្នុងប្រទេសណាក៏ដោយ វាគឺជាការគំរាមកំហែងទៅដល់តួនាទី ទៅដល់ផលប្រយោជន៍របស់អាមេរិក សម្ព័ន្ធមិត្តរបស់អាមេរិក និងដៃគូយុទ្ធសាស្ត្ររបស់អាមេរិក។ បើយើងនិយាយពីដៃគូយុទ្ធសាស្ត្ររបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ គឺវៀតណាមហ្នឹងហើយ...ហើយបើសិនជាលទ្ធភាពនៃវត្តមានយោធារបស់ចិនមានមែននៅក្នុងប្រទេសកម្ពុជា វាគឺជាការគំរាមកំហែងទៅដល់សន្តិសុខរបស់តំបន់ ឬរបស់ដៃគូយុទ្ធសាស្ត្រ។ ខ្ញុំមើលឃើញថា ទោះបីយ៉ាងណា សហរដ្ឋអាមេរិកនៅតែទទូច នៅតែទាមទារ ហើយលើកករណីនេះទៅជជែកម្តងហើយម្តងទៀតជាមួយនឹងភាគីកម្ពុជា»។
រីឯអ្នកវិភាគនយោបាយឥតសំចៃមាត់ដែលបច្ចុប្បន្នកំពុងរស់នៅភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គឹម សុខ លោកមើលឃើញថា រឿងរ៉ាវសមុទ្ររាមនេះ នឹងរឹតតែមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងភាគីសហរដ្ឋអាមេរិក និងចិន។ បើតាមលោក គឹម សុខ មូលហេតុមួយនោះ គឺដោយសារតែចុងក្រោយនេះកម្ពុជាបានឈានទៅចុះកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខជាចំហជាមួយប្រទេសចិន។
លោក គឹម សុខ៖«ភាពច្បាស់លាស់មួយនៅត្រង់ថា ពីមុនវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជាគ្រាន់តែជាការសង្ស័យទេ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលចិន និងរដ្ឋាភិបាលលោក ហ៊ុន សែន រហូតទៅដល់ប្រកាសជាចំហអំពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ពនៃរដ្ឋាភិបាលទាំងពីរតែម្តង។ មិនដែលមានពីមុនមកទេ។ មានន័យថា រដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលចិន កាន់តែបង្ហាញជាចំហ និងស៊ីជម្រៅនូវអ្វីដែលជាសហប្រតិបត្តិការនៃកងទ័ពរដ្ឋាភិបាលទាំងពីរ»។
កម្ពុជា និងចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) មកកម្ពុជានៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន បានចុះកិច្ចព្រមព្រៀងជាច្រើន។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពថា នឹងពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដោយសន្យាថា នឹងប្រើប្រាស់ឱ្យ « អស់សក្តានុពល »នូវយន្តការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការយោធាដោយបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហាត់រួមគ្នា ការផ្តល់បរិក្ខាយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។
លោក គឹម សុខ មើលឃើញថា ការប្រកាសជាចំហបែបនេះ សហរដ្ឋអាមេរិកទំនងជាមិនអាចទទួលយកមិនបានឡើយ ហើយរដ្ឋាភិបាលចិនដឹងថា ក្រុមលោក ហ៊ុន សែន កំពុងជាប់អន្ទាក់មិនអាចរើខ្លួនរួច។
កម្ពុជា និងសាធារណរដ្ឋចិនបានបើកការដ្ឋានគម្រោងធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម កាលពីថ្ងៃទី៨ ខែមិថុនា។ គម្រោងរយៈពេលពីរឆ្នាំនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដល់កងទ័ពជើងទឹកកម្ពុជា ក៏ប៉ុន្តែ ទាំងភាគីកម្ពុជា និងភាគីចិនពុំបានលាតត្រដាងឱ្យដឹងពីចំនួនទឹកប្រាក់ជាក់លាក់នៃជំនួយយោធានេះទេ។ គម្រោងនេះមានដូចជា ការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង ជាដើម ត្រូវបានអនុវត្តដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ Metallurgical Group Corporation (MCC)ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាតាំងពីឆ្នាំ២០១៦ មក។ នៅមុនការបើកការដ្ឋាននេះ សារព័ត៌មានអាមេរិក ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍(Washington Post) បានស្រង់សម្តីមន្ត្រីជំនាញនៃប្រទេសលោកខាងលិច មកចុះផ្សាយថា ប្រទេសចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធា «ផ្តាច់មុខ»។ ដោយឡែក កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែត ឌឹ វ៉លស្រ៊ីត ជ័រណល(The Wall Street Journal) បានទម្លាយព័ត៌មានថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយសាធារណរដ្ឋចិន ដែលអនុញ្ញាតឱ្យកងទ័ពប្រទេសនេះអាចប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តរៀងរាល់ ១០ឆ្នាំម្តង។
អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបកស្រាយថា រាល់ការពន្យល់របស់កម្ពុជា និងការអនុញ្ញាតឱ្យទៅមើលដល់ទីតាំងកំពង់ផែរាមដោយផ្ទាល់សម្រាប់ភាគីអាមេរិក និងប្រទេសពាក់ព័ន្ធ គួរតែគ្រប់គ្រាន់សម្រាប់ប្រទេសទាំងនោះ វាយតម្លៃដោយយុត្តិធម៌សម្រាប់កម្ពុជា។
លោក គង់ ភោគ៖«យើងមិនដែលមានការលាក់បាំងអីទេ។ តាមពិតទៅ យើងអនុញ្ញាតឱ្យសេនានុព័ន្ធយោធារបស់សហរដ្ឋអាមេរិកទៅមើលទីតាំងហ្នឹងទៅទៀត។ សូម្បីតែស្ថានទូតរបស់បរទេសមួយចំនួន ក៏យើងបានអនុញ្ញាតឱ្យទៅមើលនៅទីតាំងនោះដែរ។ ឧទាហរណ៍ដូចជា ទូតរបស់អូស្ត្រាលីជាដើម។ តាមពិត រាល់ជំហានទាំងអស់នេះ គឺមិនធ្លាប់មានទេសម្រាប់ប្រទេសមួយចំនួនផ្សេងទៀត ពីព្រោះនេះគឺជាអធិបតេយ្យ ឯករាជភាពនយោបាយរបស់ប្រទេសមួយ។ ប៉ុន្តែ ដើម្បីបង្ហាញអំពីភាពស្មោះត្រង់របស់យើង ថាយើងអត់មានអីលាក់បាំងទេ។ តម្លាភាពរបស់យើងគឺ យើងអនុញ្ញាតឱ្យទៅមើលទាំងអស់។ ដូច្នេះ យើងសង្ឃឹមថា ដៃគូរបស់យើងក៏ផ្តល់សច្ចភាពឱ្យយើងវិញដែរ»។
ទោះយ៉ាងណា កាលពីពេលកន្លងទៅ មន្ត្រីអនុព័ន្ធយោធាអាមេរិកធ្លាប់លើកឡើងថា កម្ពុជាបានព្យាយាមបិទបាំងមិនបានអនុញ្ញាតឱ្យខ្លួនអាចទៅមើលទីតាំងគ្រប់កន្លែងនៅមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ យល់ថា រឿងរ៉ាវចម្រូងចម្រាសនៅកំពង់ផែកងទ័ពជើងទឹករាមនេះ នឹងមិនងាយដាច់ស្រេចឡើយ ដរាបណាកម្ពុជាបង្ហាញតម្លាភាពបែបស្រពិចស្រពិល។ លោកថា កម្ពុជាគួរព្យាយាមសម្របសម្រួល និងបង្ហាញតម្លាភាពកាន់តែទូលំទូលាយជាងមុនដោយអនុញ្ញាតឱ្យមានភាគីច្រើនមហាអំណាចដទៃទៀតដូចជា បារាំង (France) អូស្ត្រាលី (Australia) ជប៉ុន (Japan) អាល្លឺម៉ង់ (Germany) សហគមន៍អឺរ៉ុប (EU) ឬបណ្តាប្រទេសដទៃទៀតនៅអាស៊ី អាចចូលរួមទៅមើលតំបន់នេះឱ្យបានកាន់តែទូលំទូលាយដោយប្រកាន់ខ្ជាប់នូវនយោបាយការបរទេសអព្យាក្រឹត្យ ឯករាជ្យ និងមិនរណបនឹងបរទេសណាមួយ។ ទន្ទឹមនឹងនេះ លោកថា កម្ពុជាខ្លួនឯងក៏ត្រូវធានាឱ្យបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ពិតប្រាកដ ជាពិសេសនៅក្នុងស្ថាប័នសភា ដើម្បីធានានយោបាយការបរទេសឯករាជ្យ។
បណ្ឌិត រ៉ូ វណ្ណៈ៖«...បង្ហាញទៅប្រទេសមហាអំណាចថា កម្ពុជាគឺអនុវត្តតាមរដ្ឋធម្មនុញ្ញដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នូវប្រជាធិបតេយ្យ សេរីពហុបក្ស ហើយនយោបាយការបរទេសឯករាជ្យ គឺវាទាល់តែយន្តការប្រជាធិបតេយ្យរបស់យើងកាន់តែរឹងមាំ ហើយមានយន្តការរស់រវើកនៃអង្គការសង្គមស៊ីវិល ក្រុមផលប្រយោជន៍ និងគណបក្សជំទាស់ដែលរស់រវើកដើម្បីធ្វើឱ្យឃើញថា យើងមានពហុនិយម ពហុបក្ស។ អ៊ីចឹង ការលាបពណ៌របស់មហាអំណាចថា យើងផ្អៀង ឬក៏យើងអាចធ្វើឱ្យមានលទ្ធភាពនៃវត្តមានយោធារបស់បរទេស វាកាត់បន្ថយ។ នៅពេលដែលការគ្រប់គ្រងបែបសភាឯកបក្សបែបនេះ ប្រទេសមហាអំណាចគេព្រួយបារម្ភពីលទ្ធភាពនៃការរក្សាជំហរអព្យាក្រឹត្យរបស់ខ្លួនចំពោះមហាអំណាចដ៏ធំ គឺវាពិបាកពីព្រោះយើងអត់មានយន្តការនៃការទប់អំណាចនៅក្នុងយន្តការសភា»។
ក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងពីកង្វល់នានាជុំវិញស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបង្ហាញតម្លាភាពពេញលេញអំពីសកម្មភាពនានាដោយយោធានៃសាធារណរដ្ឋប្រជាមានិតចិននៅមូលដ្ឋានកំពង់ផែរាម។ លោក ចូ បៃឌិន ក៏បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកចំហលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។