អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នសភា ជាស្ថាប័នកំពូលរបស់ជាតិ ក៏ប៉ុន្តែស្ថាប័នសភានៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់ ត្រូវបានមេដឹកនាំប្រទេស យកមកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីការពារអំណាចរបស់ខ្លួនទៅវិញ។ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញឱ្យរដ្ឋាភិបាលនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវធានាថា រដ្ឋសភាអាចបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាអ្នកតំណាងពិតប្រាកដរបស់ពលរដ្ឋ។
អ្នកវិភាគ និងអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា មេដឹកនាំអាស៊ានមួយចំនួន កំពុងជាន់ឈ្លីស្ថាប័នសភាដែលជាស្ថាប័នកំពូលរបស់ជាតិនោះ គឺជាការមិនគោរពឆន្ទៈរាស្ត្រ និងរំលោភរដ្ឋធម្មនុញ្ញ។
អ្នកវិភាគនយោបាយនិរទេសខ្លួនលោក គឹម សុខ មានប្រសាសន៍ថា ប្រទេសពីរនៅក្នុងតំបន់ដែលជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យក្នុងចំណោមប្រទេសផ្សេងទៀត ដែលមេដឹកនាំរដ្ឋាភិបាលកំពុងតែរំលោភអំណាចអង្គនីតិប្បញ្ញត្តិ ឬសភាខ្លាំងជាងគេនោះគឺប្រទេសថៃ និងកម្ពុជា។ លោកបញ្ជាក់ថា មេដឹកនាំមិនគោរព់់់់់់់់់់់់់់់់់់រដ្ឋធម្មនុញ្ញហើយប្រើប្រាស់ស្ថាប័នសភាសម្រាប់ធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន៖ «គ្រាន់តែជាសភាឡប់ឡែសម្រាប់បម្រើផែនការអំណាចរបស់មេដឹកនាំផ្ដាច់ការតែប៉ុណ្ណោះ»។
ការលើកឡើងរបស់អ្នកវិភាគនយោបាយនេះ នៅស្របពេលក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៣០ មិថុនា ដែលពិភពលោក ប្រារព្ធទិវាអន្តរជាតិ ស្ដីពីប្រព័ន្ធសភានិយម ថា ប្រព័ន្ធសភានៅតំបន់ អាស៊ីអាគ្នេយ៍ ឬអាស៊ានទាំងមូល កំពុងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលបានបំផ្លាញប្រជាធិបតេយ្យ ហើយពេលខ្លះមិនអនុញ្ញាតឱ្យតំណាងរាស្ត្រ អាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញឡើយ។ អង្គការនេះថា ប្រព័ន្ធបោះឆ្នោត ដែលមានមុខងារសំខាន់ក្នុងការការពារភាពជាតំណាងនៃប្រព័ន្ធសភានិយមដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋនោះ ជារឿយៗត្រូវបានជ្រៀតជ្រែក និងចាត់ចែងដើម្បីឱ្យមេដឹកនាំប្រទេស អាចកាន់អំណាចបានយូរតទៅទៀត ហើយធ្វើឱ្យប្រព័ន្ធត្រួតពិនិត្យ របស់សភាត្រូវចុះទន់ខ្សោយ។
ប្រទេសកម្ពុជា មេដឹកនាំប្រើអំណាចជ្រុលហួសហេតុគ្របដណ្ដប់លើស្ថាប័នសភា ដូចជា កម្ពុជាសភាឯកបក្សបានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយតាមការចង្អុលបង្ហាញពីមេដឹកនាំយូរជាងគេនៅក្នុងតំបន់ គឺលោក ហ៊ុន សែន ដើម្បីបើកផ្លូវឱ្យតុលាការកំពូលរំលាយគណបក្សប្រឆាំងចោលកាលពីឆ្នាំ២០១៧។
ទីប្រឹក្សាអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ដែលនិរទេសខ្លួននៅក្រៅប្រទេសមានប្រសាសន៍ថា ទោះបីជាថៃសមាជិកសភាបានមកប្រជាពលរដ្ឋបោះឆ្នោតជូនជ្រើសរើសចេញពីគណបក្សនយោបាយ និងការបោះឆ្នោតឯកត្តនាមក៏ដោយ ក៏ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋាភិបាលថៃកើតចេញពី របបយោធា បានធ្វើអតីតមេដឹកនាំយោធាមកដឹកនាំប្រទេស មានឥទ្ធិពលលើសលប់ទៅលើស្ថាប័នសភាបច្ចុប្បន្ន៖ «ក្រោយនេះ មានបញ្ហាខាងរដ្ឋាភិបាលយោធានា ធ្វើឱ្យដំណើរការត្រួតពិនិត្យស្ថាប័ននីតិប្បញ្ញត្តិ ដែលធ្វើឱ្យស្ថាប័ននេះ មិនមានឥទ្ធិពលឡើយ»។
មេដឹកនាំថៃនិងកម្ពុជាមានទម្រង់នៃការពង្រឹងអំណាចរបស់ខ្លួន និងបន្សាបឥទ្ធិពលស្ថាប័នសភា និងព្រឹទ្ធិសភាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ថៃដែលធ្លាប់ជាប្រទេសអនុវត្តរបបលទ្ធិប្រជាធិបតេយ្យល្អនៅក្នុងតំបន់នោះ បានក្លាយជាប្រទេសមានឈ្មោះ មិនល្អដូចកម្ពុជាដែរក្នុងការបំផ្លាញប្រជាធិបតេយ្យ ដូចជា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) នៅដើមឆ្នាំ២០១៧ បានស្នើព្រះមហាក្សត្រកែរដ្ឋធម្មនុញ្ញ ប្តូរអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ២៥០រូប ពីការជាប់ដោយការបោះឆ្នោត មកជាការតែងតាំងដោយព្រះរាជក្រឹត្យវិញ ហើយក្រុមប្រឹក្សាជាតិដើម្បីរក្សាសន្តិភាព និងរបៀបរៀបរយ ដែលមានលោក ប្រាយុទ្ធ ចាន់អូឆា ជាប្រធាននោះ គឺជាអ្នកសម្រេចជ្រើសរើសបេក្ខភាពទាំងពួកគេ។
លោក គឹម សុខ មានប្រសាសន៍ថា ទាំងមេដឹកនាំថៃ និងកម្ពុជា បានបន្សាបឥទ្ធិពលស្ថាប័នសភា និងព្រឹទ្ធសភានេះ មិនមែនកើតចេញមកពីក្បាលម៉ាស៊ីននៃស្ថាប័នរដ្ឋាភិបាលទាំងមូលទេ គឺកើតចេញមកពីបុគ្គលមេដឹកនាំតែម្ដង។ លោកបន្ថែមថា ការធ្វើដូច្នេះ ដើម្បីពង្រឹងអំណាចរបស់ខ្លួន៖ «ប្រទេសអាស៊ានមួយចំនួន ទាំងថៃនិងកម្ពុជា ដែលមេដឹកនាំគាបសង្កត់ស្ថាប័នសភាបែបនេះ កើតចេញពីអំណាចបុគ្គលគ្របដណ្ដប់លើស្ថាប័នសភា ដើម្បីតែអំណាចបុគ្គលនិងក្រុមគ្រួសារ»។
នៅទូទាំងពិភពលោក ក្នុងចំណោម ១៩៣ ប្រទេស មានប្រទេសចំនួន ៧៩ ក្នុងនោះក៏មានកម្ពុជានិងថៃដែរ អនុវត្តប្រព័ន្ធសភានិយមពីរថ្នាក់ ដែលមានស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។ ក្រៅពីនេះ ប្រទេសចំនួន ១១៤ផ្សេងទៀត អនុវត្តប្រព័ន្ធសភានិយម តែមួយថ្នាក់ មានន័យថាមានតែរដ្ឋសភាតែមួយ។
សមាជិកក្រុមប្រឹក្សានាយកនៃអង្គការ APHR និងជាតំណាងរាស្ត្រ ប្រទេសទីម័រខាងកើត អ្នកស្រី ម៉ារីយ៉ា អេនជេលីណា ឡូប៉េស សារមែនតូ (Maria Angelina Lopes Sarmento) មានប្រសាសន៍ថា ប្រព័ន្ធសភាប្រកបដោយប្រសិទ្ធភាព និងភាពជាអ្នកតំណាងពិតប្រាកដ ដើរតួនាទីដ៏សំខាន់នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ។ អ្នកស្រីថា នៅពេលដែលតួនាទី និងមុខងាររបស់សភា ត្រូវបានការពារ នោះតំណាងរាស្ត្រអាចបំពេញការងាររបស់ពួកគេបាន ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវការគោរពសិទ្ធិមនុស្ស លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់ មនុស្សគ្រប់គ្នា និងកែលម្អជីវិតរបស់មនុស្សដែលពួកគេតំណាងឱ្យ។
ក៏ប៉ុន្តែ អ្នកស្រីថា ស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងតែទទួលរងនូវការគំរាមកំហែង បំផ្លាញដល់សមត្ថភាពរបស់តំណាងរាស្ត្រក្នុងការអនុវត្តតួនាទីត្រួតពិនិត្យអំណាចនីតិប្រតិបត្តិរបស់រដ្ឋាភិបាល និងធ្វើឱ្យមានតុល្យភាពអំណាច។ អ្នកស្រី លើកឡើងថា សម្រាប់នៅកម្ពុជារបបឯកបក្សបានរំលាយគណបក្សប្រឆាំងចោល ហើយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានបោះឆ្នោតឈ្នះអាសនៈទាំងអស់នៅក្នុងសភាដែលជាការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ។អ្នកនាំពាក្យរដ្ឋសភាឯកបក្សរបបក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង បដិសេធការលើកឡើងនេះ ហើយថា ស្ថាប័នសភាកម្ពុជា គ្មានការជ្រៀតជ្រែកពីសំណាក់ មេដឹកនាំរដ្ឋាភិបាលនោះទេ ព្រោះអំណាចទាំងពីរជារបស់គណបក្សកាន់អំណាចរួចទៅហើយ៖ «និយាយឱ្យចំ អត់មានអីចម្លែក អត់មានអីដែលខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រព័ន្ធសភានិយមអីទេ។ អត់មានទេ ! អត់មានអន់ថយអីទេ លទ្ធិប្រជាធិបតេយ្យមានការចម្រើនទៅមុខ នៅកម្ពុជាសព្វថ្ងៃ។ ជ្រៀតជ្រែកយ៉ាងម៉េច បើរដ្ឋាភិបាលក៏ជាគណបក្សកាន់អំណាច ហើយសភាក៏ជាគណបក្សកាន់អំណាច ? ដូច្នេះហើយ វាមានឯកភាពគ្នាទៅហើយ។ យើងនិយាយថា ជ្រៀតជ្រែកគឺអត់ត្រឹមត្រូវទេ»។
ទោះបីជាយ៉ាងនេះក្ដី លោក គល់ បញ្ញា អះអាងថា ស្ថាប័នសភាសព្វថ្ងៃនេះ បានក្លាយជាស្ថាប័នផ្ដាច់មុខរបស់គណបក្សកាន់អំណាចទៅហើយ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យស្ថាប័នប្រតិបត្តិ ហើយរាល់ការធ្វើច្បាប់ភាគច្រើនបម្រើឱ្យផលប្រយោជន៍នយោបាយរបស់គណបក្សកាន់អំណាចដែលស្ថាប័នសភាចាំតែប្រថាប់ត្រា ដើម្បីពង្រឹងអំណាចតែប៉ុណ្ណោះ ដូចជា ការធ្វើច្បាប់ថ្មីៗនេះ គឺច្បាប់ដាក់ប្រទេសជាតិនៅក្នុងភាពអាសន្នជាដើម៖ «សភាយើងដំណើរការទៅមិនមានឥទ្ធិពល និងស្របច្បាប់ពេញលេញទេ»។
សភាជាស្ថាប័នកំពូលដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ បង្កើតឡើងក្នុងគោលដៅរក្សាតុល្យភាពអំណាច និងការត្រួតពិនិត្យ រវាងអំណាចនីតិប្រតិបត្តិ នីតិ បញ្ញត្តិ និងតុលាការ។ សមាជិកសភាបានជ្រើសតាំងរយៈពេល៥ឆ្នាំម្ដង ហើយអាចរំលាយបានលុះត្រាតែរដ្ឋាភិបាលត្រូវបានទម្លាក់២ដងក្នុងរយៈពេល១២ខែ ឬ១ឆ្នាំ ទើបព្រះមហាក្សត្រអាចរំលាយរដ្ឋសភាមុនចប់អាណត្តិបាន ក្រោយពីទ្រង់បានទទួលសំណើពីនាយករដ្ឋមន្ត្រី និងទទួលបានការឯកភាពពីប្រធានរដ្ឋសភា។ ម្យ៉ាងទៀត ប្រធានសភាគឺជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ហើយក្នុងករណីរំលាយសភាមុនអាណត្តិ និង ការតែងតាំងនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវស្នើសុំការឯកភាពពីប្រធានរដ្ឋសភា។
លើសពីនេះទៀតសមាជិកសភាម្នាក់ៗ ត្រូវបានការពារដោយអភ័យឯកសិទ្ធិ ហើយមានថវិកាស្វយ័តសម្រាប់ដំណើរការស្ថាប័នសភាទាំងមូល។ តួនាទីរបស់សភានេះ គឺមានអំណាចលើសលប់ លើការត្រួតពិនិត្យការអនុវត្តរបស់រដ្ឋាភិបាល ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ សមាជិកសភាមានសិទ្ធិកោះហៅតំណាងរដ្ឋាភិបាលមកសួរនាំក្នុងសភា និងដាក់សំនួរជាលាយលក្ខអក្សរ និងចោទសួរដោយផ្ទាល់មាត់។
ផ្ទុយទៅវិញប្រព័ន្ធសភាដែលមានអំណាចលើសលប់ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនេះ ត្រូវបានរបបឯកបក្សបំផ្លាញចោល ពិសេសគិតចាប់តាំងពីឆ្នាំ២០១៧មក ដែលរបបឯកបក្សហាមមិនឱ្យតំណាងរាស្ត្របក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយ ហើយតំណាងរាស្ត្រខ្លះត្រូវបានក្រុមជនដៃដល់របស់គណបក្សកាន់អំណាចបានប្រើអំពើហិង្សា វាយតប់នៅកណ្ដាលថ្ងៃ។ តុលាការក៏ចេញដីកាចាប់ចងតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភាទាំងមានអភ័យឯកសិទ្ធិ រួមទាំងលោក កឹម សុខា ដែលជាអនុប្រធានទី១នៃរដ្ឋសភាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។