«​លោក ហ៊ុន សែន ធ្វើ​ច្បាប់​​កំណត់​​អាយុ​នា​យក​រដ្ឋ​មន្ត្រី​ឲ្យ​​ចូល​និវត្តន៍​ សំដៅ​​ទប់​​ស្កាត់​​​​ផ្ទៃ​ក្នុង​​បក្ស​​កុំ​ឲ្យ​ដណ្ដើម​​អំណាច​​ពី​​​លោក ហ៊ុន ម៉ាណែត​»

0:00 / 0:00

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ថា លោក​នឹង​ធ្វើ​ច្បាប់​ដើម្បី​​​កំណត់​អាយុ​នាយក​រដ្ឋ​មន្ត្រី​ចូល​និវត្តន៍​ នៅ​មុន​ពេល​លោក​ប្រគល់​តំណែង​ឲ្យ​កូន​ប្រុស​ច្បង​នៅ​​ឆ្នាំ​២០២៣។ មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ច្បាប់​​​​នេះ​​សំដៅ​​ដល់​ការ​ទប់​ស្កាត់​​​ផ្ទៃ​ក្នុង​បក្ស​ ដើម្បី​កុំ​ឲ្យ​ដណ្ដើម​អំណាច​​ពី​​កូនប្រុងច្បង​របស់​លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។

មន្ត្រី​បក្ស​ប្រឆាំងរិះគន់​​ថា ផែន​ការ​ធ្វើ​ច្បាប់​កំណត់​អាយុ​នាយក​រដ្ឋ​មន្ត្រី​​នេះ មិន​មែន​សំដៅ​​ទៅ​​លោក សម​ រង្ស៊ី ដូច​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែននោះទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​អាកប្បកិរិយា​គំរាម​កំហែង​​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​ ពិសេស​ គឺ​ក្រុម​​មន្ត្រី​ចាស់ៗ​នៅ​ក្នុង​បក្ស​នេះ តែប៉ុណ្ណោះ​។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ណូវែលសេឡង់ (Newzeland) លោក សៅ រ៉ាស៊ី យល់​ថា ​លោក ហ៊ុន សែន នៅ​មិន​ទាន់​ស្ងប់​ចិត្ត​ទេ បើ​ទោះ​ជា​លោក​បាន​គំរាម​​ឲ្យ​មន្ត្រី​បក្ស​បោះឆ្នោត​ឲ្យ​កូន​​ប្រុស​បន្ត​វេន​រួច​ហើយ​ក៏​ដោយ​។ លោក​មើលឃើញ​​​ថា ​សារ​គំរាម​ជា​បន្ត​បន្ទាប់​របស់​លោក ហ៊ុន សែន គឺ​សំដៅ​​ទៅ​​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​លោក ស ខេង ដើម្បី​បង្ខំ​ឲ្យ​​លោក​ព្រម​ទទួល​យក​លោក ហ៊ុន ម៉ាណែត​ ​​ឲ្យ​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​​ពី​លោក​។​​

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះបន្ត​ថា ​លោក ហ៊ុន សែន ក៏​កំពុង​​ដំឡើង​យស និង​ខិត​​ខំ​​​​​ផ្គាប់​​ចិត្ត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ បាញ់ ដែរ​ ដើម្បី​​ទុក​​ជា​បង្អែក​នៃ​​ផែនការ​ផ្ទេរ​​អំណាច​​នេះ​​៖ «មាន​ការ​អ្វី​គឺ ទៀ បាញ់ ជា​អ្នក​ទប់​គាត់​​។ អ៊ីចឹង​ហើយ​បាន​ប៉ុន្មាន​ថ្ងៃ​នេះ គាត់​ខំ​បញ្ជោរ​​តា​ទៀ បាញ់ សម្បើម​ណាស់​។ មាន​​ការ​​អាសន្ន​អន់ក្រ​អ្វីហ្នឹង គឺ​តា ទៀ បាញ់ ហ្នឹង​ហើយ ជា​អ្នក​​នៅ​ក្បែរ​គាត់​។ អ៊ីចឹង ឥឡូវ​នេះ​មាន​ការ​អាសន្ន​អន់​ក្រ​អ្វី​ហ្នឹង ឲ្យ​តា ទៀ បាញ់​ ហ្នឹង​ ជា​អ្នក​ទប់​អំណាច​​ ស ខេង»។

​ការ​លើក​ឡើង​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន បាន​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​​ក្រសួង​ការពារ​ជាតិ​ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ​ថា លោក​​​នឹង​ផ្ចាញ់​លោក​ សម រង្ស៊ី ​តាម​រយៈ​ការ​​​​ធ្វើ​ច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្ត្រី​​ចូល​និវត្តន៍​ ឲ្យ​បាន​មុន​​ពេល​​ដែល​លោក​​ប្រគល់​អំណាច​ឲ្យ​កូន​ប្រុស​​​នៅ​ឆ្នាំ​២០​២៣​។​ លោក​​​​​ ហ៊ុន សែន ក៏​ប្រកាស​​ត្រៀម​ខ្លួន​​ រហូត​ដល់​ធ្វើ​ជា​​ជីតា​នាយក​រដ្ឋមន្ត្រី​​ផង​ដែរ​៖ «នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​នាយករដ្ឋ​មន្ត្រី ខ្ញុំ​នឹង​សម្រេច​នូវ​បំណង​​របស់​​អ្នក​ស្នើសុំ ហើយ​រៀបចំ​ច្បាប់​​កំណត់​អាយុ​ចូល​និវត្តន៍​​របស់​នាយករដ្ឋមន្ត្រី។ ខ្ញុំ​ហ្នឹង​ធ្វើ​ជូន។ ឥឡូវ​អ្នក​ឯង​ចង់​បាន​អាយុ​ប៉ុន្មាន​ ប្រាប់​មក​មួយ​សារ​ទៀត»។

ទាក់ទង​នឹង​ផែនការ​ចង់​ធ្វើច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្រ្តី​នេះប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថ្លែង​កាល​ពី​ថ្ងៃទី២៥ ខែធ្នូថាលោកបាន​ស្នើ​ឲ្យ​ធ្វើ​ច្បាប់​នេះ​រយៈពេល​ពីរឆ្នាំ​មក​ហើយ។ លោក សម រង្ស៊ី លើកឡើង​ថាល្មម​ដល់​ពេល​លោក ហ៊ុន សែន​និង​មន្រ្តី​វ័យ​ចំណាស់​ផ្សេង​ទៀតលាឈប់​ពី​នយោបាយដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​តែមិន​មែន​ផ្ទេរ​អំណាច​ឲ្យ​កូន​តពូជ​ពង់​វង្ស​ត្រកូលដូច​ដែល​លោក ហ៊ុន សែន កំពុង​តែ​ធ្វើ​នេះ​ឡើយ៖ «បាន​ស្នើ​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ព្រោះ​ឥលូវ​នេះ មេដឹកនាំ​ចាស់ៗ​អស់​ហើយ លោក ហេង សំរិន ៩០ឆ្នាំ លោក ហ៊ុន សែន ៧០ឆ្នាំ ហើយ​ខ្ញុំជាង​៧០​ឆ្នាំ ខ្ញុំសប្បាយ​ចិត្ត​ណាស់ ដែល​លោក ហ៊ុន សែន ចង់​ធ្វើច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្រ្តីនេះ »។

ក្រៅពី​លោក ហ៊ុន សែន ចង់​ធ្វើ​ច្បាប់​កំណត់​អាយុមេដឹកនាំ​នោះ លោកក៏​​ព្រមាន​នឹងដក​តំណែង​​​មេយោធា​​ណាដែល​មិន​ព្រម​​​ធ្វើ​សកម្ម​ភាព​​ទប់​ស្កាត់​ចលនា​បដិវត្តន៍​​​។ លោក​ ហ៊ុន សែន ប្រាប់​អនុព័ន្ធ​យោធា​ទាំងអស់​​​ដែលបានចូលរួមក្នុងពិធីនោះថា លោក​នឹង​មិន​​បណ្តោយ​ឱ្យ​នរណា​ម្នាក់​ធ្វើ​បដិវត្តន៍​ពណ៌ ​នៅ​កម្ពុជា​បាន​ឡើយ។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការ​​​បន្ត​ប្រើ​សារ​គំរាម​បែប​នេះ ​ព្រោះ​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​មិន​ទាន់​ស្រុះស្រួល​ព្រម​ទទួល​យក​ផែនការ​ផ្ទេរ​អំណាច​​ឲ្យលោក ហ៊ុន ម៉ាណែត​។ លោក គឹម សុខ បន្តថា សារ​​ព្រមាន​​​​​​​ញយៗ​នេះ​ ជា​ការ​បង្កើត​​ឲ្យ​​មន្ត្រី​ផ្ទៃ​ក្នុង​បក្ស​មាន​ការ​មិន​ពេញ​ចិត្ត​​​ និង​បណ្ដាល​​ឲ្យ​​បែកបាក់​ផ្ទៃ​ក្នុង​​៖ «លោក ហ៊ុន សែន ​ចេញ​សារ​ដើម្បី​ប្រាប់​ទៅ​ក្រុម​អ្នក​ដឹកនាំ​ផ្ទៃ​ក្នុង​​នៅ​ក្នុង​​គណបក្ស​ប្រជាជន​កម្ពុជា​ថា ផែន​ការ​របស់​គាត់​ កុំ​ឲ្យ​អ្នក​ផ្សេង​ស្រមៃ​ជំទាស់​ពេក ព្រោះ​មិន​មែន​ ( ផ្ទេរ​ត្រឹម )​ ពី​កូន​គាត់​ទៅ​គាត់​ទេ គឺ​មាន​ដល់​ចៅ​គាត់​ទៀត។ នេះ​គឺជា​ការ​សម្លុត​ផ្ទៃ​ក្នុង​»។​​​

លោក ហ៊ុន សែន ​បាន​រៀបចំ​​បញ្ជី​ឈ្មោះ​​​​គណៈ​រដ្ឋមន្ត្រី​អនាគត​​រួច​ហើយ​ ​ដោយ​ភាគ​ច្រើន​​ជា​អ្នក​មាន​អាយុ​ក្រោម​ ៦០ ​ឆ្នាំ និង​មាន​សញ្ញាប័ត្រ​បណ្ឌិត​។​ ប៉ុន្តែលោក សម រង្ស៊ី ​​សរសេរ​លិខិត​ចំហ​ជូន​​ សមាជិក​សមាជិកា​គណៈកម្មាធិការ​កណ្តាល​បក្ស​​ប្រជាជន​កម្ពុជា​ទាំងអស់​ថា ​លោក ហ៊ុន សែន កំពុង​​ប្រើ​ល្បិច​​ពិសពុល​​​​​សណ្ដោង​ក្រុម​គ្រួសារ​​របស់​ឥស្សរជន​នៅ​ជុំវិញ​គាត់​មួយចំនួន ឲ្យ​មក​ភ្ជាប់​វាសនា​ជាមួយ​ក្រុម​គ្រួសារ​​​លោក ហ៊ុន សែន​។

លោក សម រង្ស៊ី ​​បញ្ជាក់​ថា ល្បិច​​ពិសពុល​នេះ ជា​ផែនការ​​​អយុត្តិធម៌​សម្រាប់​​​ក្រុម​គ្រួសារ​ខ្មែរ ​​​និង​​​ជា​អំពើ​អយុត្តិធម៌​ចំពោះ​យុវជន​ខ្មែរ​​​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​​​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។