ក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយដល់កម្ពុជាឡើងវិញ សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ និង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។
ក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកផ្ដល់ជំនួយឲ្យកម្ពុជាឡើងវិញ គឺជាសញ្ញា វិជ្ជមានមួយ ដែលអាមេរិកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុង ការគោរពសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សម្ដែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីអាចនឹងពិចារណាឡើងវិញ នូវអ្វីដែលសហរដ្ឋអាមេរិកបានឡើងនាពេលកន្លងមក ជាពិសេស បញ្ហាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហាមូលដ្ឋានទ័ពចិននៅរាមក្នុងខេត្តព្រះសីហនុ។
លោក ឯម សុវណ្ណារ៉ា៖ «ទាមទារឲ្យឆ្លើយតបនូវកាតព្វកិច្ចរបស់កម្ពុជា ដែលឲ្យសច្ចាប័នលើកតិកាសញ្ញា និងសេចក្ដីប្រកាសជាសាកលរបស់អង្គការសហប្រជាជាតិមិនមែនជាលក្ខខណ្ឌរបស់អឺរ៉ុបឬអាមេរិកនោះទេ។ កម្ពុជាយើងគួរតែពិចារណាឡើងវិញដើម្បីផលប្រយោជន៍ជាតិ»។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅស្របពេលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) បានជួបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាលើកដំបូងនៅវិមានសន្តិភាពនៅថ្ងៃទី២៧ កញ្ញានេះ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអាមេរិកបានប្ដេជ្ញាចិត្តបង្កើនទំនាក់ទំនងកម្ពុជា អាមេរិក និងផ្ដល់ជំនួយដល់កម្ពុជាឡើងវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា ក្នុងនោះរួមមាន ការលើកស្ទួយសុខភាពរបស់ពលរដ្ឋកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលអាមេរិកបានផ្ដល់ជួនកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ។
ទោះជាបែបនេះក្ដី លោក ប៉ាទ្រិក ម័រហ្វី នៅតែសង្កត់ធ្ងន់អំពីសារសំខាន់ នៃការគោរពសិទ្ធិមនុស្ស ការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាភាពចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានជួប លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាលើកដំបូង ក្រោយពីលោកបានក្លាយជានាយករដ្ឋមន្ត្រី។ លោក បានជួបលោក ប៉ាទ្រិក ម័រហ្វីនេះ នៅបន្ទាប់ពីលោកបានជួបអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់សហរដ្ឋអាមេរិក អ្នកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបុរីញូវ យ៉ក (New York)។ ក្រោយពីជំនួបនេះ លោក ហ៊ុន ម៉ាណែត បានប្រកាសថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៨លានដុល្លារឡើងវិញហើយ ក្រោយពីអាមេរិកបាន កាត់ផ្ដាច់ក្រោយពីការបោះឆ្នោត។
សហរដ្ឋអាមេរិករិះគន់ចំៗចំពោះការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ កក្កដា ថា ជាការបោះឆ្នោតមួយគ្មានភាពសេរី និងយុត្តិធម៌។ ក្រៅពីអាមេរិកផ្អាក ជំនួយ ១៨លានដុល្លារតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ក្រៅពីនេះទៀត សហរដ្ឋអាមេរិក ក៏បានសម្រេចរឹតត្បិតទិដ្ឋាការលើបុគ្គលមួយចំនួនដែលអាមេរិកយល់ថា ចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា អាមេរិកផ្ដល់ជំនួយដល់កម្ពុជាវិញនៅពេលនេះ គឺអាមេរិកចង់ទប់ទល់ឥទ្ធិពលចិន នៅកម្ពុជា ក្រៅពីអាមេរិកចង់ឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះ។
បណ្ឌិត សេង សារី៖ «ផលប្រយោជន៍មួយទៀត ដែលអាមេរិកគិតគូរខ្លាំងមែនទែននោះគឺ ផលប្រយោជន៍នយោបាយ ធ្វើម៉េចស្អំស្ថានភាពកុំឲ្យកម្ពុជាជ្រៅទៅក្នុងឥទ្ធិពលរបស់ចិន។ ផលប្រយោជន៍មួយទៀតរបស់អាមេរិក គឺធ្វើយ៉ាងណាស្អំស្ថានភាព កុំឲ្យកម្ពុជា ធ្លាក់ជ្រៅទៅក្នុងឥទ្ធិពលចិន ពីព្រោះថា រឿងជម្លោះសមុទ្រចិនខាងត្បូងគឺជារឿងពាក់ព័ន្ធនឹងសន្តិសុខតំបន់ ហើយកម្ពុជាជាប្រទេសសមាជិកអាស៊ាន ដែលជាមាត់ទ្វារនៃហានិភ័យរបស់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តអាមេរិក។ ដូច្នេះ ការបានផលប្រយោជន៍ខ្លះពីអាមេរិកហ្នឹង គ្រាន់តែអាមេរិកស្អំស្ថានភាព កុំឲ្យកម្ពុជា ធ្លាក់ជ្រៅទៅក្នុងឥទ្ធិពលចិនតែប៉ុណ្ណោះ»។
មុនពេលលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក (New York)នេះ លោកបានធ្វើដំណើរទៅធ្វើ ទស្សនកិច្ច ផ្លូវ រដ្ឋ ជា លើក ដំបូងនៅប្រទេសចិន។ លោក ហ៊ុន ម៉ាណែតបញ្ជាក់ទៅមេដឹកនាំចិនថា ជំហររបស់កម្ពុជាមិនផ្លាស់ប្ដូរឡើយ គឺដូចគ្នានឹងការដឹកនាំរបស់ឪពុករបស់លោក គឺលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
បន្ថែមពីនេះទៀតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងប្រាប់អ្នកកាសែតក្រោយពីត្រលប់ពីប្រទេសចិនវិញថា លោក ហ៊ុន ម៉ាណែត ប្រកាន់ភ្ជាប់ទំនាក់ទំនងចិនតែមួយ ហើយបង្កើតទំនាក់ទំនងប្រទេសទាំងពីរឲ្យក្លាយជាត្បូងពេជ្រពិតប្រាកដ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖«តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជួនថ្នាក់ដឹកនាំចិនអំពីជំហររបស់កម្ពុជា គឺភាគីកម្ពុជា និងចិនបានចុះហត្ថលេខាចំនួន១៥ រួមមានឯកសារផែនការ សកម្មភាពក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា សម្រាប់ ២០២៤ ដល់ ២០២៨។ ជារួមការសហការភាគីទាំងពីរឲ្យក្លាយជាត្បូងពេជ្រពិតប្រាកដ»។
រីឯលោក ហ៊ុន ម៉ាណែត ងាកមកចាប់ដៃជាមួយអាមេរិកឡើងវិញនៅពេលនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ជាសញ្ញាវិជ្ជមានមួយក្ដី ប៉ុន្តែពួកគេមិនទាន់ប្រាកដថា តើលោក ហ៊ុន ម៉ាណែត នឹងងាកដឹកនាំប្រទេសឲ្យឯករាជ្យ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬយ៉ាងណានៅឡើយទេ ពីព្រោះថា លោក ហ៊ុន សែន នៅតែមានឥទ្ធិពលកាច់ចង្កូតការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតដដែលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។