បេក្ខជន​បក្ស​ភ្លើងទៀន​ម្នាក់​ទៀត​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​បុក​ផ្តួល​ម៉ូតូ​បណ្តាល​រង​របួស​ធ្ងន់

0:00 / 0:00

បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត​គឺ អ្នកស្រី លឹម សាន ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​​ជិះ​ម៉ូតូ​បុក​ផ្តួល​បណ្តាល​ឱ្យ​រង របួស​ធ្ងន់ធ្ងរ នៅ​ផ្លូវលំ​ចូល​វត្ត​គល់​ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារ​អំពៅ។ ជន​រង​គ្រោះ​ចាត់​ទុក​ករណី​បុក​ផ្ដួល​ម៉ូតូ​នេះ​ គឺ​ជា​ចេតនា​ប៉ុន​ប៉ង​សម្លាប់ ដើម្បី​គំរាម​កំហែង​ផ្នែក​នយោបាយ​មុន​ការ​បោះ​ឆ្នោត។ សមត្ថ​កិច្ច​ជំរុញ​ឱ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង និង​សហការ​ផ្តល់​ភស្តុតាង។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​មូលហេតុ​ដែល​ជន​រង​គ្រោះ​មិន​ទំនុក​ចិត្ត​លើ​សមត្ថកិច្ច​កន្លង​មក ដោយសារ​សមត្ថកិច្ច​មិន​បាន​អនុវត្ត​កាតព្វកិច្ច​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

ស្ត្រី​សកម្មជន​បក្ស​ភ្លើង​ទៀន ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ គឺ​លោកស្រី លឹម សាន កំពុង​បន្ត​សម្រាក​ពិនិត្យ និង​ព្យាបាល​មុខ​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ នៅ​ថ្ងៃ​ទី២២ ខែមេសា បន្ទាប់​ពី​លោកស្រី ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​លោកស្រី​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​លំ ចូល​ទៅ​វត្ត​គល់​ទទឹង​ប្រហែល២០០ម៉ែត្រ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារ​អំពៅ ​កាលពី​ព្រឹក​ថ្ងៃទី១៤ ខែមេសា។ ស្រ្តី​រូប​នេះ​ចាត់​ទុក​ករណី​នេះ គឺជា​រឿង​នយោបាយ ដើម្បី​គំរាម​កំហែង បំបាក់​ស្មារតី​សកម្មជន​គណបក្ស​ភ្លើង​ទៀន និង​ទប់ស្កាត់​សកម្មភាព​ចេញ​តវ៉ា​ប្រឆាំង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។

សមាជិក​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ និង​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ស្វាយ ស្រុកកៀនស្វាយ នៃ​គណបក្ស​ភ្លើង​ទៀន លោកស្រី លឹម សាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចំ​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​ជន​មិន​ស្គាល់​មុខ ២នាក់បានជិះម៉ូតូបុកផ្តួលចំពាក់​កណ្ដាល​ម៉ូតូ​របស់​លោកស្រី​បណ្ដាល​ឱ្យ​លោកស្រី និង​ចៅ​ម្នាក់​រង របួសធ្ងន់ និង​សន្លប់​នៅ​នឹង​កន្លែង ដែល​ពេល​នោះ​ជន​ល្មើស​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់។ លោកស្រី​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ លោកស្រី​នៅ​ឈឺ​ចាប់​មុខ​របួស​ខ្លាំង​ផ្នែក​ខាង​ស្ដាំ​នៃ​រាងកាយ ដូចជា ត្រង់​ក្បាល ស្មា និង​ជើង ដោយ​ត្រូវ​ការ​ពិនិត្យ និង​ព្យាបាល​ពី​គ្រូពេទ្យ​ជា​ប្រចាំ។ សកម្មជន​រូប​នេះ បញ្ជាក់​ថា គាត់​នឹង​មិន​ប្តឹង​ប៉ូលិស​ដូច​លើក​មុន​ទេ ដោយសារ​លោកស្រី​គ្មាន​ជំនឿ​ថា ប៉ូលិស​អាច​រក​យុត្តិធម៌​ជូន​សកម្មជន​នយោបាយ​បាន៖ «​ ជា​ឃាត​កម្ម​មួយ​នេះ​កុំ​ឱ្យ​បង​ប្អូន​យើង​ហ៊ាន​តស៊ូ​មតិ អ៊ីចឹង​ទៅ ធ្វើ​ខ្ញុំ​មួយ​ដើម្បី​ឱ្យ​បង​ប្អូន​ផ្សេង​ទៀត​កុំ​ឱ្យ​គេ​មាន​ទឹក​ចិត្ត​ជួយ​សង្គម​ជាតិ ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត ហើយ​ខ្ញុំ​ចាត់​ទុក​ការ​គំរាម​កំហែងខ្លាំង​បំផុត តាម​គំរាម តាម​សម្លាប់​បំបាត់​មាត់ តាម​ធ្វើ​បាប​គ្រប់​រូប​ភាព រឿង​អយុត្តិធម៌​ហួស​ក្រៃ​លែងហើយ»។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កន្លង​មក​អាជ្ញាធរ​ពុំ​ដែល​ផ្អឹប​សំណុំរឿង​របស់​ពលរដ្ឋ​ណា​ម្នាក់​ទុក​ចោល​នោះ​ទេ។ លោក​បន្ត​ថា ករណី​ខ្លះ​សមត្ថកិច្ច​ជំនាញ​ត្រូវ​ការ​ពេល​វេលា​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ក៏​មិន​អាច​ធ្វើតាម​ការ​ចង់​បាន​របស់​ជន​រងគ្រោះ​នោះ​ដែរ។ លោក​ជំរុញ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង សហ​ការ​ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច ដើម្បី​ងាយ​ស្រួល​ស្រាវ​ជ្រាវ​ករណី​ទាំង​នោះ៖ «បើ​មាន​ករណី​អ្វី​កើត​ឡើង​សូម​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ អញ្ជើញ​ទៅ​ដាក់​ពាក្យ​បណ្ដឹង ទី​មួយ​សូម​ឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​សមត្ថកិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់ ទីពីរ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ការ​សាក​សួរ​របស់​សមត្ថកិច្ច ពី​ព្រោះ​ការ​ផ្តល់​ចម្លើយ​របស់​ជន​រង​គ្រោះ គឺ​ជា​ចំណុច​មួយ​សំខាន់​ណាស់ ដែល​សមត្ថ​កិច្ច​អាច​ឈាន​ទៅ​រក​ការ​ស្រាវ​ជ្រាវ ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន​ជន​សង្ស័យ ឬ​ជន​បង្ក»។

ជនរងគ្រោះ​អះអាង​ថា ពួកគាត់ មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​ផ្តល់​យុត្តិធម៌​បាន​ឡើយ ព្រោះ​កន្លង​មក បើ​ទោះ​ជា​ពួក​គាត់ ព្យាយាម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​ណា​ក្ដី តែ​ជាក់​ស្ដែង​មក​ទល់​ពេល​នេះ គ្មាន​ករណី​ណា​មួយ ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​គួរ​ឲ្យ​ទុក​ចិត្ត​​ ដើម្បី​ផ្តល់​ទំនុក​ចិត្ត និង​បញ្ចៀស​ការ​ចោទ​ប្រកាន់​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​នយោបាយ​បាន​ទេ។

លោកស្រី លឹម សាន គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ឃុំ​កំពង់ស្វាយ និង​បច្ចុប្បន្ន​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​លេខ​រៀង​ទី២ នៃ​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកស្រី​តែង​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ប្រមូលផ្ដុំ​តវ៉ា​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​នៅ​តាម​ស្ថាប័ន​នានា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ទោស​នយោបាយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំពី២០២០ លោកស្រី លឹម សាន ក៏​ធ្លាប់​ត្រូវ​បាន​ជន​ស្លៀកពាក់​ស៊ីវិល៣នាក់ ជិះម៉ូតូ២គ្រឿង​ដេញ​បុក​ម្ដង​រួច​មក​ហើយ ក្រោយ​ពី​គាត់​ចេញ​ពី​កន្លែង​ជួបជុំ​តវ៉ា​ជាមួយ​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ។ មួយ​ខែ​ក្រោយ​មក​សមត្ថកិច្ច​​​​​​បាន​​ចាប់​ខ្លួន​​លោកស្រី នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​ក្រុងភ្នំពេញ ហើយ​​​​តុលាការ​​​​​បាន​​​​​ឃុំ​​​ខ្លួន​លោកស្រី​​​​​ដាក់​ពន្ធនាគារ​​ជាង​​មួយ​​ឆ្នាំ ពី​បទ​​ញុះញង់​​បង្ក​​ឲ្យ​​មាន​​ភាព​​វឹក​វរ​​ធ្ងន់​ធ្ងរ​​ដល់​​សន្តិសុខ​សង្គម​​​ ពាក់ព័ន្ធ​​នឹង​​ការ​ទាមទារ​ឱ្យ​ចិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា។ ទោះជា​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​នេះ​ក្ដី ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​លោកស្រី​ប្ដេជ្ញា​បន្ត​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ និង​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ស្ទើរ​រាល់​សប្ដាហ៍​ជាមួយ​ក្រុម​គ្រួសារ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ដើម្បី​ដាក់​ញត្តិ​នៅ​តាម​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ និង​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ដដែល។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​ពលរដ្ឋ​គ្រប់​រូប ដោយ​គ្មាន​រូបភាព​គំរាម​កំហែង និង​បំភិតបំភ័យ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ជា​ពិសេស បេក្ខជន​របស់​​គណបក្ស​នយោបាយ​អំឡុង​ពេល​បោះ​ឆ្នោត។ យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា បទល្មើស​ដែល​កើត​លើ​សកម្មជន​​នយោបាយ​ជា​ហូរហែ​កន្លង​មក សមត្ថកិច្ច​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ ឬ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ណា​មួយ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ និង​មហាជន​គួរ​ឱ្យ​ទំនុក​ចិត្ត​នៅ​ឡើយ​ទេ ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​តែងតែ​ឆ្លើយ​យក​រួច​ខ្លួន ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ « អាជ្ញាធរ​ត្រូវ​តែ​ខិត​ខំ​វែក​មុខ​ឱ្យ​ឃើញ​នូវ​បញ្ហា​ហ្នឹង បើ​មិន​ដូច្នេះ​ទេ មហា​ជន​ក្ដី ជា​ពិសេស​ក្រុម​សកម្ម​ខាង​ផ្នែក​នយោបាយ​គេ​នឹង​ដាក់​ការ​សង្ស័យ​ទៅ​លើ​ករណី​គំរាម​កំហែង​ផ្នែក​នយោបាយ ពី​ព្រោះ​ពួក​គាត់​គឺ​ជា​សកម្មជន​នយោបាយ​សកម្ម​ដែល​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់ ខាង​មុខ​នេះ»។

នៅ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង សុទ្ធតែ​ណែនាំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់​ក្រោម​ត្រូវ​ការពារ​សុវត្ថិភាព​បេក្ខជន​ឈរ​ឈ្មោះ និង​បង្ក​បរិយាកាស​ឲ្យ​បាន​ល្អ​ជៀសវាង​អំពើ​ហិង្សា​ទាំង​រាងកាយ និង​ពាក្យ​សម្ដី ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​បែប​នេះ​ក្តី ប៉ុន្តែ​មក​​ទល់​​ពេល​​នេះ មាន​​សកម្ម​ជន​​គណបក្ស​​ភ្លើង​ទៀន​​ចំនួន ៦នាក់​​ហើយ ក្នុង​នោះ​​រួម​ទាំង​សាច់​ញាតិ​​របស់​​ពួក​គេ​​ផង ត្រូវ​​បាន​​អាជ្ញាធរ​រដ្ឋាភិបាល​​​​​លោក ហ៊ុន សែន ចាប់​ខ្លួន​​ដាក់​​ពន្ធនាគារ ហើយ​សកម្មជន​ជិត ១០នាក់ទៀត ត្រូវ​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់ និង​បទ​ក្លែង​​ឯកសារ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នេះ អនុ​​ប្រធាន​​​ប្រតិបត្តិ​​​គណបក្ស​​​​ភ្លើង​​​ទៀន​​នៅ​​ខណ្ឌ​​ច្បារ​​​អំពៅ រាជ​​ធានី​​​ភ្នំពេញ លោក ជឿន សារឹម បាន​​​​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្រួសារ​ជន​រង​គ្រោះ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ។ ក្រៅ​ពី​នេះ​សកម្មជន និង​បេក្ខជន​បក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប៉ុន​ប៉ង​ធ្វើ​បាប​ដោយ​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ និង​ដេញ​ធាក់​ផ្ដួល​ម៉ូតូ​គំរាម​កំហែង និង​រារាំង​បេក្ខជន​បក្ស​ភ្លើង​ទៀន​គ្រប់​រូប​ភាព​ដែរ ខណៈ​ដែល​គណបក្ស​មួយ​នេះ មាន​លទ្ធភាព​ដាក់​បេក្ខជន​ស្ទើរ​គ្រប់​ឃុំ សង្កាត់ ទូទាំង​ប្រទេស​ដូច​គណបក្ស​កាន់​អំណាច និង​កំពុង​ធ្វើ​សកម្ម​ភាព​លេច​ធ្លោ​នៅ​តាម​មូលដ្ឋាន។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​វាយ​តម្លៃ​ថា បើ​បរិយាកាស​នយោបាយ​នៅ​តែ​​ស្ថិត​ក្នុង​ភាព​អាប់អួ​បែប​នេះ​ នឹង​មិន​អាច​ធានា​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ប្រកប​ដោយ​សេរី ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។