អ្នកគាំទ្រ​បក្សប្រឆាំង​ម្នាក់ទៀត​ត្រូវ​ជន​មិន​ស្គាល់​មុខ​៤​នាក់​ព្រួត​វាយ​នឹង​ដំបង​ដែក​ឱ្យ​របួស

អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត លោក ធន ច័ន្ទថា បាន​រង​បួស​ស្ទើរ​ពេញ​ខ្លួន និង​ត្រូវ​ដេរ​ជា​ច្រើន​ថ្នេរ ដោយសារ​មនុស្ស​មិន​ស្គាល់​មុខ​ចំនួន ៤​នាក់ បាន​ព្រួត​គ្នា​លប​វាយ​លោក​នឹង​ដំបង​ដែក និង​ឈើ នៅ​ពេល​លោក​ជិះ​ម៉ូតូ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែ​មេសា។

លោក ច័ន្ទថា ឱ្យដឹង​ទៀត​ថា នៅ​ពេល​លោក​ជិះ​ម៉ូតូ​ចេញពី​តំបន់​បឹង​តាមោក ទៅដល់​ចំណុច ភូមិ​កំបោរ សង្កាត់​ស្វាយប៉ាក ទល់មុខ​បុរី​អង្គរ​ព្រីមៀរ ក្នុង​ខណ្ឌឫស្សីកែវ ក៏​មាន​មនុស្ស​ប្រុស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ប្រើ​ដំបង​ដែក​ជា​ប្រភេទ​ដែក​បំពង់​ទីប និង​ដំបង​ឈើ​វាយ​រូបលោក​ពីក្រោយ ត្រង់​ក្បាល និង​ខ្នង បណ្ដាល​ឱ្យ​ម៉ូតូ​របស់​លោក​ដួល​ផ្ទប់​នឹង​ចិញ្ចើម​ផ្លូវ។ លោក​បន្ត​ថា ភ្លាមៗ​ពេល​ម៉ូតូ​ដួល​មនុស្ស​មិន​ស្គាល់​មុខ​ទាំងនោះ​បាន​ចោម​វាយ​លោក​បន្ថែម​​ទៀត ប៉ុនប៉ង​វាយ​សម្លាប់​រូបលោក ប៉ុន្តែ​នៅពេល​បាន​អ្នក​ឃើញ​ហេតុការណ៍​ស្រែក​ឆោឡោ​ឡើង ពួកគេ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន។

លោក ធន ច័ន្ទថា ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី ពី​បន្ទប់​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​ថា លោក​ពុំ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​អ្នកណា​ឡើយ​។ លោក​ចាត់ទុក​អំពើ​ហិង្សា​លើ​រូបលោក​នេះ​ថា ជា​រឿង​នយោបាយ។

លោក ធន ច័ន្ទថា៖ «ដេញ​វាយ​ខ្ញុំ​តាមផ្លូវ​ហើយ ដួល​ទៅ​នឹង​ចិញ្ចើម​ផ្លូវ ហើយ​គឺ​សង្គ្រុប​វាយ​ខ្ញុំ​តែម្ដង​។ រឿង​ដែល​គេ​វាយ​ខ្ញុំ​នេះ ខ្ញុំ​អត់​ដែល​មាន​បញ្ហា​ជាមួយ​បងប្អូន​ណា ញាតិ​ជិតខាង​ណា​ទេ គឺ​សំខាន់​ជា​រឿង​នយោបាយ​សុទ្ធសាធ។ តែ​ខ្ញុំ​អត់​ចោទ​ថា ទៅខាង​ណា ខាង​ទេ តែ​ជា​រឿង​នយោបាយ»។

លោក ច័ន្ទថា បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​រង​អំពើ​ហិង្សា​បែប​នេះ ហើយ​លោក​គិតថា​ទង្វើ​នេះ​គ្មាន​បំណង​អ្វី​ក្រៅតែ​ពី​ធ្វើ​ឱ្យ​រូបលោក និង​សកម្មជន​ដទៃទៀត​ភ័យខ្លាច លែង​ហ៊ាន​គាំទ្រ​គណបក្ស​ប្រឆាំង ឬ​គណបក្ស​ភ្លើងទៀន​តទៅទៀត។

លោក ច័ន្ទថា ឱ្យ​ដឹង​ដែរ​ថា លោក​នឹង​ទៅ​ដាក់​បណ្ដឹង​នៅ​សង្កាត់​​កើតហេតុ ប៉ុន្តែ​លោក​ពុំមាន​សង្ឃឹម​ថា នឹង​បាន​យុត្តិធម៌​ឡើយ។

លោក ធន ច័ន្ទថា ធ្លាប់​ជាប់​ជា​ចៅ​សង្កាត់​រង​មកពី​គណបក្ស សម រង្ស៊ី នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២។ លោក​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ កាលពី​ឆ្នាំ​២០២១ ក្រោម​បទ​ចោទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម ដោយសារតែ​លោក​សកម្ម​ក្នុងការ​ចូលរួម​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន។

មកដល់​ពេល​នេះ​មាន​ករណី​លប​វាយ​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​កើតមាន​ជិត​៥០​ករណី​ហើយ​។ ភាគច្រើន​ជន​បង្ក​បាន​បិទមុខ​ជិត ប្រើ​ដំបង​ដែក និង​ឈើ វាយ​សន្ធាប់​ទៅលើ​អ្នករងគ្រោះ គោលដៅ​ចម្បង​គឺ​សំដៅ​ក្បាល​ពួកគេ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​លើ​សកម្មជន​ទាំងនោះ​ជាច្រើន​ករណី​ដែរ ដែល​ជនរងគ្រោះ​សង្ស័យ​ថា​ជា​ការ​រៀបចំ ដើម្បី​ធ្វើបាប​ពួកគេ​។ ជនរងគ្រោះ​មួយចំនួន​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក និង​ខ្លះ​ទៀត​ធ្លាក់ខ្លួន​ពិការ។

បើ​ទោះ​ជា​យ៉ាងណា​អាជ្ញាធរ​បាន​ខកខាន​មិនបាន​ចាប់​ជន​​ដៃដល់​នៃ​ករណី​អំពើ​ហិង្សា​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។