សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលជូនកូនទៅសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែធ្នូ នេះ។ មន្ត្រីបក្សប្រឆាំងថា ការចាប់ខ្លួននេះក្រោយពីសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បដិសេធមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ឆ្នាំង ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ ជុំ ស៊ីនឿន។ អ្នកស្រី គឺជាគណៈកម្មាធិការប្រតិបត្តិស្រុកនិងជាសមាជិកក្រុមប្រឹក្សាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប៉ុន្តែក្រោយរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ អ្នកស្រីមិនបានធ្វើសកម្មភាពនយោបាយអ្វីឡើយ។
កូនប្រុស អ្នកស្រី ជុំ ស៊ីនឿន ឱ្យអាស៊ីសេរីដឹងថា ម្តាយរបស់លោកត្រូវសមត្ថកិច្ចបញ្ជូនទៅសួរចម្លើយនិងឃុំខ្លួននៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែធ្នូ។ កូនប្រុសសកម្មជនគណបក្សសង្គ្រោះជាតិដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពឱ្យដឹងទៀតថា លោកព្យាយាមសុំជួបម្ដាយ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតទេ ដោយប្រាប់ឱ្យលោកទៅចាំទទួលនៅតុលាការវិញ៖ «គេចាប់គាត់មកកំពង់ឆ្នាំងវិញ ខ្ញុំខំជិះម៉ូតូតាំងពីភ្នំពេញមកដល់ស្នងការខេត្តម៉ិញហ្នឹងសុំគេជួបម្តាយគេមិនឱ្យជួបគេថា ចាំស្អែកទៅតុលាការម៉ងទៅ»។
លោកស្នើទៅអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិឱ្យតាមដានដំណើររឿងនេះ។ លោកបញ្ជាក់ទៀតថា មុនពេលសមត្ថកិច្ចចាប់ខ្លួនម្ដាយលោក កាលពីពេលថ្មីៗនេះសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនបងថ្លៃរបស់លោកម្នាក់រួចទៅហើយដោយចោទប្រកាន់ថា ពីបានប្រព្រឹត្តបទល្មើសនេសាទ។
អនុប្រធានកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃប្រាប់អាស៊ីសេរីថា នៅមុនការចាប់ខ្លួននេះ អ្នកស្រី ជុំ ស៊ីនឿន ធ្លាប់ប្រាប់លោកថា សមត្ថកិច្ចបានព្យាយាមហៅគាត់ ឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការ ដោះលែងកូនប្រសាគាត់វិញ បើមិនដូច្នេះទេសូម្បីអ្នកស្រី ជុំ ស៊ីនឿន ខ្លួនឯង ក៏មិនរួចខ្លួនដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះហៅការចាប់ខ្លួននេះគឺជារឿងនយោបាយ៖ «រឿងរបស់កូនជារឿងដោយឡែក ប៉ុន្តែពួកនេះតែងតែព្យាយាមរកកំហុសដើម្បីចោទប្រកាន់លើសមាជិកគណបក្សសង្គ្រោះជាតិដើម្បីបង្ខំឱ្យចុះចូលជាមួយគណបក្សកាន់អំណាច»។
ជុំវិញការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត អ្នកនាំពាក្យស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួលនោះទេ នៅថ្ងៃទី២២ ខែធ្នូ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរមិនគួរបន្តចំណាត់ការផ្លូវច្បាប់លើសកម្មជនគណបក្សប្រឆាំងបន្តទៀតឡើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរបញ្ចប់វិធានការផ្លូវច្បាប់លើអ្នកទោសនយោបាយរួចទៅហើយ៖ «អ៊ីចឹងហើយការចាត់វិធានការលើណាមួយដែលមិនមានការប្រព្រឹត្តច្បាស់លាស់ហើយពាក់ព័ន្ធនឹងអ្នកនយោបាយមិនគួរកើតមានបន្តទៀតទេ»។
កាលពីថ្ងៃទី១៤ វិច្ឆិកា លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញបានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញដល់អ្នកទោសនយោបាយដែលត្រូវរងការបង្ក្រាបក្នុងកំឡុងពេលយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
ប៉ុន្តែជាក់ស្ដែងសកម្មជនគណបក្សសង្គ្រោះជាតិនៅតែរងការលួចវាយធ្វើបាបពីជនមិនស្គាល់មុខ ហើយសមត្ថកិច្ចនៅតែបន្តចាប់ខ្លួនសកម្មជនគណបក្សនេះនៅតាមមូលដ្ឋានដដែល។
គណបក្សសង្គ្រោះជាតិអះអាងថា មន្ត្រីនិងសកម្មជនមូលដ្ឋានរបស់ខ្លួនចំនួន ៨៨នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនក្នុងឆ្នាំ២០១៩។ ចំណែកអ្នកមានដីកាឱ្យតាមចាប់ខ្លួនពីតុលាការ និងដីកាកោះហៅបំភ្លឺពីនគរបាលមានជាង ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។