នៅក្នុងសវនាការលើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា សាលាឧទ្ធរណ៍បន្តលើកឡើងពីការធ្វើបាតុកម្ម និងយុទ្ធនាការនានា ក្រោយឆ្នាំ២០១៣ ដូចជា ការ ធ្វើយុទ្ធនាការ «ថ្ងៃចន្ទ ពណ៌ខ្មៅ» និងការដាក់កម្រងផ្កា នៅទីលានប្រជាធិបតេយ្យ ក្រោយឆ្នាំ២០១៣ ដែលតុលាការថា មានចេតនា ធ្វើបដិវត្តន៍ពណ៌។ លោក កឹម សុខា អះអាងថា ពុំជាប់ពាក់ព័ន្ធនឹង សកម្មភាពទាំងនោះទេ។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៤ មេសា បានបើកសវនាការជាលើកទី៦ លើបណ្ដឹងជំទាស់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ដែលកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ២៧ឆ្នាំ។
ក្រោយចេញពីសវនាការ មេធាវីការពារក្ដីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៤ មេសាថា តុលាការបានសួរដេញដោល លោក កឹម សុខា ខ្លាំងពាក់ព័ន្ធនឹងការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ដោយតុលាការចោទសំណួរដាក់បន្ទុក លោក កឹម សុខា ថា បានរួមចំណែក ចង់ធ្វើបដិវត្តពណ៌ ជាពិសេស ពាក់ព័ន្ធនឹងយុទ្ធនាការ ថ្ងៃច័ន្ទ ពណ៌ខ្មៅ និង ការដាក់កម្រងផ្កា ដើម្បី រំលោះទីលានប្រជាធិបតេយ្យ ជាដើម។
ចំណែកលោក កឹម សុខា បានឆ្លើយតបក្នុងអង្គសវនាការថា លោកពុំជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការទាំងនោះទេ ហើយលោកថា តាមច្បាប់ព្រហ្មទណ្ឌ នរណាអ្នកធ្វើអ្នកនោះជាអ្នកទទួល។ ដូច្នេះ ពុំគួរយករឿងអ្នកដទៃ មកភ្ជាប់នឹងលោកនោះឡើយ។
លោក កឹម សុខា៖«យើងគ្រាន់តែចង់ធ្វើការបញ្ជាក់ថា បញ្ហាបាតុកម្មផ្សេងៗ ដែលកើតមាននៅទីកន្លែងផ្សេងៗ យកមកសួរកូនក្ដីយើងខ្ញុំ។ ប៉ុន្តែ យើងមើលឃើញថា បទល្មើសប្រឆាំងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែសំណួរភាគច្រើនយកមកសួរ គឺសំណុំរឿងបញ្ហាបាតុកម្មទេ។ អ៊ីចឹង បើបាតុកម្ម គួរតែដោះស្រាយតាមច្បាប់បាតុកម្ម មិនអាចដោះស្រាយតាមមាត្រា៤៤៣»។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ត្រូវបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល សកម្មជននយោបាយ និងពលរដ្ឋរងគ្រោះដីធ្លី អំឡុងពេលពួកគេ ធ្វើការតវ៉ាស្វែងរកយុត្តិធម៌សង្គម និង ទាមទារឱ្យរដ្ឋាភិបាល ដោះលែងសកម្មជននយោបាយ មន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លីជាដើម ដែលត្រូវបានអាជ្ញាធរនៃរដ្ឋាភិបាល របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ។
ទោះជាយ៉ាងណាក្ដី នៅក្នុងអង្គសវនាការ លោក កឹម សុខា បានប្រកាសជំហរជាថ្មីថា លោកបន្តជ្រើសរើសរកដំណោះស្រាយ តាមរយៈការចរចាគ្នា បើទោះបីតុលាការ រងការរិះគន់ពីមជ្ឈដ្ឋានទូទៅ ថា មិនឯករាជ្យក្ដី។ លោកក៏បានបញ្ជាក់ជាថ្មីថា លោកពុំមែនក្បត់ជាតិ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលចូលរួមឃ្លាំមើលអង្គសវនាការ កត់សម្គាល់ថា សវនាការពុំមានការវិវត្តន៍អ្វីជាដុំកំភួននោះទេ ដោយសារតែតុលាការសួរដេញដោល តែរឿងបាតុកម្ម និងយុទ្ធនាការមួយចំនួនកន្លងមក។ ចំណែកពាក់ព័ន្ធនឹងបទចោទប្រកាន់ «គប់គិតជាមួយរដ្ឋបរទេស» លោកថា ពុំបានលើកឡើងមកសួរនោះឡើយ។
លោក យី សុខសាន្ត៖«មេធាវីបានតាំងសំណួរច្រើន សួរទៅលើចុងចោទ ហើយក៏មានការបកស្រាយជាច្រើន ពាក់ព័ន្ធទៅនឹងការធ្វើយុទ្ធនាការនេះ គឺជនជាប់ចោទថា មិនមែនជាយុទ្ធនាការរបស់គាត់ទេ។ យុទ្ធនាការនេះដូចជាយុទ្ធនាការកណ្ដាប់ដៃ ឬក៏ផ្កាឈូក ឬថ្ងៃច័ន្ទពណ៌ខ្មៅ ដូចជាបង្កើតព្រឹត្តិការណ៍ ច្បិចៗ យកមកចោទប្រកាន់គាត់ថា គាត់ធ្វើយុទ្ធនាការដោយខុសច្បាប់»។
តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ មិនឱ្យជួបភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ ចំណែកសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា សំណុំរឿងនេះថា ជារឿងនយោបាយ និងទាមទារឱ្យលុបចោលការចោទប្រកាន់ និងប្រគល់សេរីភាពពេញលេញជូនមេបក្សប្រឆាំងរូបនេះវិញ។
ខុសប្លែកពីសព្វដង នៅថ្ងៃសវនាការ លើកទី៦ របស់លោក កឹម សុខា នៅតាមដងផ្លូវ មានកម្លាំងប៉ូលិស ប៉េអិម និងសន្តិសុខខណ្ឌ យាមកាមតាមផ្លូវ ចាប់ពីចំណុចរង្វង់មូលស្ពានជ្រោយចង្វា ឆ្ពោះទៅសាលាឧទ្ធរណ៍ ស្ថិតនៅសង្កាត់ព្រែកលៀប រាជធានីភ្នំពេញ ក្នុងពេលឡានដឹកលោក កឹម សុខា ចេញពីផ្ទះរបស់លោក នៅខណ្ឌទួលគោក។
ក្រោយបើកសវនាការពេញមួយព្រឹក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ កំណត់ថ្ងៃទី២៥ ខែមេសា ដើម្បីបន្តសវនាការជាលើកទី៧ ខណៈសំណុំរឿងលោក កឹម សុខា នៅសាលាឧទ្ធរណ៍នេះ ចៅក្រមថា អាចនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
