មេធាវីលោក ស៊ុន ចន្ធី ពហិការមិនចូលរួមសវនាការ ដោយសារមន្រ្តីពន្ធនាគារមិនបញ្ជូនកូនក្ដីខ្លួនចូលសវនាការ។ ប៉ុន្តែតុលាការនៅតែបើកសវនាការ ដោយតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលឃុំខ្លួនមេបក្សជំទាស់រូបនេះទុកជាបានការដដែល។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សចាត់ទុកសវនាការគ្មានវត្តមានជនជាប់ចោទជារឿងមិនត្រឹមត្រូវ បំពានលើសិទ្ធិ និងគោលការណ៍ច្បាប់។
សាលាឧទ្ធរណ៍ភ្នំពេញរសៀលថ្ងៃទី១១ ខែមិថុនា បានបើកសវនាការ សម្រេចបដិសេធលើបណ្តឹងសាទុក្ខស្នើសុំដោះលែងបណ្តោះអាសន្នរបស់ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ពាក់ព័ន្ធរឿងលោករិះគន់រដ្ឋាភិបាលចែកប័ណ្ណក្រីក្រថាគ្មានតម្លាភាពកន្លងមក។ តែយ៉ាងណាមេធាវីរបស់ជនជាប់ចោទ គឺលោក ជូង ជូងី មិនព្រមចូលរួមសវនាការនោះទេ ដោយសារមន្រ្តីពន្ធនាគារមិនបានដឹកលោក ស៊ុន ចន្ធី ពីពន្ធនាគារ ម៤ ឱ្យចូលខ្លួនមកតតាំងក្តីតាមនីតិវិធី នៅក្នុងសវនាការចំពោះមុខនោះ។
មេធាវីការពារក្ដីឱ្យលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី ថ្លែងថាតាមច្បាប់ វត្តមានជនជាប់ចោទនៅក្នុងសវនាការជារឿងចាំបាច់ ដូច្នេះបើគ្មានវត្តមានរបស់ជនជាប់គឺសវនាការនោះគ្មានន័យ និងជាការបំពានលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌សម្រាប់កូនក្តីរបស់លោកដែរ។
មេធាវី ជូង ជូងី៖«ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគាត់ដោយសំអាងថាបើដោះលែងគាត់ខ្លាចគាត់រត់គេចខ្លួន ខ្លាចគាត់មិនចូលតុលាការ អ៊ីចឹងបើឃុំខ្លួនគាត់ហើយម្តេចមិនយកគាត់ចូលតុលាការ ដូច្នេះសវនាការនេះដំណើរការដោយអត់មានវត្តមានលោក ស៊ុន ចន្ធី ហើយមេធាវីក៏អត់ចូលរួមដែរ ពីព្រោះអត់យកជនដែលត្រូវបានដាក់កំហិតហ្នឹងចូលរួមសវនាការ»។
ចំណែកបរិយាកាសនៅក្រៅតុលាការវិញមានអ្នកគាំទ្រជាង១០០នាក់មកពីបណ្តាខេត្តនានាដូចជាខេត្តកណ្តាល កំពង់ធំ សៀមរាប និងខេត្តមួយចំនួនទៀតដើម្បីលើកទឹកចិត្តមេដឹកនាំពួកគេ។ រីឯសមត្ថកិច្ចរាប់សិបនាក់វិញបានរឹតបណ្តឹងសន្តិសុខនៅទីនោះដោយដាក់រនាំងបិទផ្លូវដោយអ្នកខ្លះប្រើពាក្យសម្តីមិនសមរម្យ និងរុញច្រានលើក្រុមស្រ្តីថ្ងៃសុក្រមិនឱ្យចូលឃ្លាំមើលនៅមុខអគារតុលាការនោះ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឆ្ងល់ថាហេតុអ្វីបានជាមន្រ្តីពន្ធនាគារមិនបញ្ជូនលោក ស៊ុន ចន្ធី ចូលរួមសវនាការសុំនៅក្រៅឃុំនៅពេលនេះ។ លោកបញ្ជាក់ថាគណបក្សនៅតែរក្សាជំហរសម្តែងមតិនៅថ្ងៃទី១៦ ខែមិថុនា ខាងមុខដដែលដើម្បីទាមទារឱ្យតុលាការដោះលែងមេបក្សជំទាស់រូបនេះឱ្យមានសេរីភាពឡើងវិញ ពីព្រោះលោកថាការចាប់ខ្លួនលោក ស៊ុន ចន្ធី ដាក់គុក ដោយសារតែនិយាយរិះគន់រដ្ឋាភិបាលក្នុងន័យស្ថាបនាគឺជារឿងអយុត្តិធម៌។
លោក រ៉ុង ឈុន៖«បែរជាមិនបានយកអ្នកជាប់ចោទចូលរួមសវនាការ យើងមានការភ្ញាក់ផ្អើលដែរ ខ្ញុំគិតថាវាមិនត្រូវមានបញ្ហាហ្នឹងកើតឡើង ពីព្រោះយើងមិនដឹងថាតើសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរហ្នឹងមានការព្រួយបារម្ភអ្វីបានជាមិនបានយកគាត់ចូលសវនាការ គាត់ត្រូវការសេរីភាពដោយស្នើសុំនៅក្រៅឃុំ»។
អាជ្ញាធរបានចាប់ខ្លួន ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី កាលពីថ្ងៃទី៩ ខែឧសភា។ មួយថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាល ស្ថិតនៅជាប់ជើងភ្នំក្រវាញខេត្តពោធិ៍សាត់ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើង។
ក្រៅពីក្តីក្តាំនេះហើយលោក ស៊ុន ចន្ធី នៅជាប់ក្តីក្តាំនៅតុលាការមួយទៀត។ សាលាដំបូងខេត្តកំពង់ធំបានសម្រេចចោទលោកមួយសំណុំរឿងទៀតពីបទ «ឆបោក» តាមបណ្តឹងរបស់មន្រ្តីគណបក្សភ្លើងទៀនចំនួន៩នាក់ ពាក់ព័ន្ធរឿងលោកប្រមូលលុយពីសមាជិកសម្រាប់ឃោសនាបោះឆ្នោតក្នុងឆ្នាំ២០២៣ កាលលោកនៅជាមន្ត្រីគណបក្សនេះ។ បន្ទាប់មក តុលាការខេត្តនេះកាលពីថ្ងៃទី១៣ ខែមេសា ក៏បានសម្រេចផ្ទេរសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត ក្រោយពេលអាជ្ញាធរចាប់ខ្លួនលោកដាក់ពន្ធនាគារ។ ទោះជាយ៉ាងណា លោក ស៊ុន ចន្ធី បានបដិសេធចំពោះការចោទប្រកាន់នេះ ។
ជុំវិញរឿងនេះ មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍ថាការណ៍ដែលមេធាវី ជនជាប់ឃុំ ស្នើលើកពេលសវនាការ ជារឿងត្រឹមត្រូវ ហើយជនជាប់ចោទត្រូវទទួលបានសវនាការនៅចំពោះមុខ ស្របតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។
លោក យី សុខសាន្ត៖«មតិជាតិនឹងអន្តរជាតិក៏គេមើលឃើញ(សំណុំរឿងមេដឹកនាំបក្សជំទាស់)ដែរ គេស្នើសុំដល់រដ្ឋាភិបាលមេត្តាផ្តល់បរិយាកាសល្អដើម្បីបានចូលរួមទាំងអស់គ្នាកុំឱ្យមានការភ័យខ្លាច កុំឱ្យមានការរត់គេចខ្លួន កុំឱ្យមានការចាប់ខ្លួនទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី៧ ខែមិថុនា ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានផ្សាយលិខិត ដែលពួកគេអះអាងថា ជាលិខិតរបស់ប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សុំទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពីពន្ធនាគារ ម៤ នៅខេត្តពោធិ៍សាត់។ ខ្លឹមសារក្នុងលិខិតដែលមានមន្ទិលនោះ លោក ស៊ុន ចន្ធី បានសម្តែងការសោកស្ដាយនូវមតិលើកឡើងខុសឆ្គងដោយអចេតនា ក្នុងកម្មវិធីសំណេះសំណាលនៅប្រទេសជប៉ុនកន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងដំណើរការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក្ដី គេនៅមិនទាន់អាចដឹងឱ្យប្រាកដថា តើលិខិតនោះជារបស់លោក ស៊ុន ចន្ធី ឬយ៉ាងណានោះទេ ហើយពីខាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត វិញក៏មិនទាន់ឃើញឆ្លើយតបទៅនឹងលិខិតរបស់លោក ស៊ុន ចន្ធី នៅឡើយដែរ មកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
