ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អំពាវនាវឲ្យមហាជនទាំងអស់ចូលរួមមហាបាតុកម្មឲ្យបានច្រើនកុះករ។ គោលបំណងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកនេះ គឺទម្លាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
សហភាពសហជីពកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយនៅថ្ងៃទី១៦ ខែធ្នូ ឲ្យសមាជិកសមាជិកាឈប់សម្រាកពីការរៀនសូត្រ ពីការបង្រៀន ពីការងារក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមួយរយៈ ដើម្បីចូលរួមមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែធ្នូ រហូតដល់មានដំណោះស្រាយ។
លោក រ៉ុង ឈុន ជឿថា ប្រសិនបើសិស្សនិស្សិត កម្មករ និងមន្ត្រីរាជការឈប់ពីការងារមកចូលរួមធ្វើមហាបាតុកម្ម នឹងមានឥទ្ធិពលដាក់សម្ពាធទៅលើរដ្ឋាភិបាល និងជំរុញឲ្យមានដំណោះស្រាយ និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋជាម្ចាស់ឆ្នោតតាមរយៈការបោះឆ្នោតឡើងវិញ។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវកាលពីថ្ងៃទី១៥ ធ្នូ នៅទីលានប្រជាធិបតេយ្យ ឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសសិស្សានុសិស្សឈប់សម្រាកពីការសិក្សា និងចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងលើវេទិកានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែធ្នូ ដោយអំពាវនាវឲ្យសិស្សនិស្សិតឈប់ទៅរៀន អាជីវករនៅតាមផ្សារឈប់ធ្វើអាជីវកម្មលក់ដូរ ហើយកម្មករឈប់ទៅធ្វើការ។ ខណៈដែលអនុប្រធានគណបក្សនេះ គឺលោក កឹម សុខា ប្រកាសឲ្យពលរដ្ឋគោះចានគោះឆ្នាំង ហើយព្រះសង្ឃគោះជួងនៅតាមវត្តអារាម។ រីឯអ្នកធ្វើដំណើរទាំងម៉ូតូ និងរថយន្ត ត្រូវស៊ីផ្លេព្រមៗគ្នានៅតាមដងផ្លូវ ជាសញ្ញាទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ពាក់ព័ន្ធនឹងការអំពាវនាវឲ្យសិស្សានុសិស្សឈប់ពីការសិក្សាមួយរយៈចូលរួមបាតុកម្មជាមួយគណបក្សប្រឆាំងនេះ អតីតទីប្រឹក្សាក្រសួងអប់រំអាណត្តិមុន គឺលោក ប៊ួយ ប៊ុណ្ណា យល់ឃើញថា ប្រសិនបើការអំពាវនាវនោះបានជោគជ័យមែន នោះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យអប់រំ។ ប៉ុន្តែលោកគិតថា ការអំពាវនាវទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន នឹងមិនមានឥទ្ធិពលអ្វីធ្ងន់ធ្ងរដែលជំរុញទឹកចិត្តឲ្យមន្ត្រីរាជការ និងសិស្សានុសិស្ស ឈប់ពីការងារ និងការសិក្សាចូលរួមមហាបាតុកម្មនោះឡើយ។
មិនខុសគ្នាដែរ អាណាព្យាបាលសិស្សម្នាក់នៅវិទ្យាល័យទូលទំពូង គឺលោកស្រី ស៊ន់ ចាន់ធី មិនឯកភាពនូវយុទ្ធសាស្ត្រថ្មីដែលគណបក្សប្រឆាំងចង់ឲ្យសិស្សនិស្សិតឈប់ពីការសិក្សាទៅចូលរួមធ្វើបាតុកម្មទេ។ លោកស្រីបន្តថា សិស្សនិស្សិតគួរនៅឲ្យឆ្ងាយពីការធ្វើបាតុកម្ម ហើយមានភារៈចូលសាលាសិក្សា។
លោកស្រី ស៊ន់ ចាន់ធី ដែលគាំទ្រគណបក្សប្រឆាំងដែរនោះ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ លោកស្រីចង់ឲ្យមានការផ្លាស់ប្ដូររដ្ឋាភិបាល តែលោកស្រីមិនអាចឈប់ពីការងារដើម្បីចូលរួមធ្វើមហាបាតុកម្មបានទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះពេលនេះខុសច្បាប់ និងចង់ឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតចូលរួមក្នុងសភាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
គណបក្សសង្គ្រោះជាតិ បានប្រកាសជាផ្លូវការថា ធ្វើមហាបាតុកម្មអហិង្សា និងហែក្បួនតាមវិថីសំខាន់ៗ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ។
បាតុកម្មនោះតាមគម្រោងនឹងធ្វើក្នុងរយៈពេល ៣ខែ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ជួយឧបត្ថម្ភជាថវិកា ឬម្ហូបអាហារដល់បាតុករអហិង្សាដែលមកពីតាមបណ្ដាខេត្តនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។