នគរបាលចាប់ខ្លួនស្ត្រីម្នាក់ទៀតដែលចោទនាយករដ្ឋមន្ត្រីថាសម្លាប់បណ្ឌិត កែម ឡី
2017.07.12
នគរបាលក្រុងភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ដែលមានឈ្មោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ហេង លក្ខិណា នៅថ្ងៃទី១២ កក្កដា។ មូលហេតុដែលឈានដល់ការចាប់ខ្លួននេះ ត្រូវបានមន្ត្រីនគរបាលក្រសួងមហាផ្ទៃ អះអាងថា ដោយសារស្ត្រីរូបនេះបានអនុវត្តបទល្មើសជាក់ស្ដែងដែលចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ថាមានបាតដៃប្រឡាក់ឈាមតាមរយៈការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ទាំងនគរបាលយុត្តិធម៌ និងលោក ហ៊ុន សែន ផ្ទាល់ គប្បីជ្រើសរើសវិធីផ្សេងក្រៅពីចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដូចជាឲ្យសុំទោសជាសាធារណៈ ឬមានជម្រើសផ្សេងពីនេះ។
ស្របពេលដែលកម្លាំងនគរបាលបាននាំខ្លួនស្ត្រីឈ្មោះ ហេង លក្ខិណា ទៅតុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី១២ កក្កដា នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ឲ្យដឹងថា ពេលនេះ នឹងមិនអាចដោះលែងជនសង្ស័យឲ្យរួចខ្លួនបានទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ឃើញថា មូលហេតុដែលកម្លាំងនគរបាលអនុវត្តទៅតាមនីតិវិធីនេះ ក្រោយពីរកឃើញថា ជនសង្ស័យរូបនេះបានអនុវត្តបទល្មើសជាក់ស្ដែងតាមរយៈការចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលជាឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
លោកបន្តថា រឿងដោះលែងឲ្យមានសេរីភាពវិញនោះ ពុំអាចធ្វើទៅរួចឡើយ គឺមានតែបន្តសំណុំរឿងបញ្ជូនទៅតុលាការប៉ុណ្ណោះ។ លោកបន្តថា «គាត់ប្រហែលជាស្រវឹងនឹងបុណ្យ កែម ឡី ពេកទៅ ឬក៏អាចមានការគិតទុកជាមុន ជាដើម។ ប៉ុន្តែសេរីភាពវាមានព្រំដែន ហើយសេរីភាពក្នុងសង្គមលទ្ធិប្រជាធិបតេយ្យវាមានព្រំដែន មិនអាចធ្វើដូចគាត់បានទេ។ ពូស្ដាយណាស់ដែលក្មួយស្រីប៉ុណ្ណឹងហើយ ប្រព្រឹត្តបទល្មើសបែបហ្នឹង»។
មានមនុស្ស ៣នាក់រួចទៅហើយត្រូវរស់នៅដោយនិរទេសខ្លួន និងកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ព្រោះតែរិះគន់ថា លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកមានជាប់ទាក់ទិននឹងឃាតកម្មលោកបណ្ឌិត កែម ឡី នេះ។ នេះជាមនុស្សទី៤ ហើយនៅពេលណាហ៊ាននិយាយទៅដល់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានជាប់ពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវជាប់បណ្ដឹងតាមផ្លូវតុលាការ ក្រោយចោទប្រកាន់ថាលោក ហ៊ុន សែន ជាអ្នកស្ថិតនៅក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។
ដោយឡែកអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាពីខាងបក្សប្រឆាំង ត្រូវនិរទេសខ្លួន និងជាប់បណ្ដឹងនៅតុលាការទល់សព្វថ្ងៃនេះដែរ។ ទន្ទឹមនឹងនេះ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងទៅតុលាការ ហើយត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស នៅពេលអ្នកឃ្លាំមើលសង្គមរូបនេះចោទថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស រួមទាំងលោកបណ្ឌិត កែម ឡី ផង។
ជុំវិញការចាប់ខ្លួននេះ ជនសង្ស័យឈ្មោះ ហេង លក្ខិណា ដែលជាឈ្មោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១២ កក្កដា។ លោកស្រីបានថត និងបង្ហោះរូបភាពវីដេអូកាលពីថ្ងៃទី៩ កក្កដា នៅក្នុងពិធីបុណ្យខួប ១ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី ដោយចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសាររបស់លោកមានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មលោកបណ្ឌិត កែម ឡី៖ «អា សែន ហ្នឹងមានណា? ពូជវាហ្នឹងហើយ។ ពូជអា សែន ហ្នឹងម៉ាកូនចៅវាហ្នឹងអ្នកណាក៏ជាឃាតក គេហៅថាមួយពូជវាហ្នឹងមួយក៏ប្រឡាក់ឈាមលោកបណ្ឌិត កែម ឡី ដែរ»។
នាយកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ យល់ឃើញថា លោកនាយករដ្ឋមន្ត្រីជាបុគ្គលសាធារណៈ ហេតុនេះលោក ហ៊ុន សែន ឬនគរបាលយុត្តិធម៌អាចជ្រើសរើសមធ្យោបាយផ្សេងក្រៅពីនេះប្រឆាំងនឹងការរិះគន់ទៅលើជនសង្ស័យ។ លោកបន្តថា ការប្រើប្រាស់សិទ្ធិហួសព្រំដែន វាជារឿងមិនគួរគប្បី ប៉ុន្តែសម្រាប់តួនាទីជាមន្ត្រីសាធារណៈដូចលោក ហ៊ុន សែន ចៀសមិនផុតពីការរិះគន់ពីមជ្ឈដ្ឋានទូទៅឡើយ។ លោកបន្តថា «ខ្ញុំគិតថាក្នុងនាមជាតួអង្គបុគ្គលសាធារណៈ គួរណាស់មានការអត់ធ្មត់ជាច្រើន។ ផ្ទុយទៅវិញ រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើលោកបណ្ឌិត កែម ឡី ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់គាត់»។
បើទោះជាបែបណា ទាំងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានគាំពារដ៏ពេញលេញចំពោះការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេស។ ទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតឲ្យជនណាមួយឆ្លៀតប្រើសិទ្ធិរបស់ខ្លួនដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដែរ។
យ៉ាងណាក៏ដោយចុះ ក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នេះ កាលពីថ្ងៃទី១០ កក្កដា ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយប្ដេជ្ញាថានឹងតាមដានករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងរឿងក្ដីផ្សេងទៀតទាំងអស់។ ទន្ទឹមនឹងនេះ ត្រូវប្រាកដថា អ្នកទទួលខុសត្រូវគ្រប់រូបគួរតែត្រូវបាននាំយកទៅកាត់ទោស៕