អតីត​មន្ត្រី​​យោធា​ផ្កាយ​១​ មួយ​រូប ​ត្រូវ​បាន​ឃុំ​​ខ្លួន​ករណី​រិះគន់​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក

ដោយ ជី វិតា
2019-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លី ដាវីត អតីត​ឧត្ដមសេនីយ៍​ត្រី ផ្កាយ ១ មក​ពី​អង្គភាព​យោធភូមិភាគ៣។
លោក លី ដាវីត អតីត​ឧត្ដមសេនីយ៍​ត្រី ផ្កាយ ១ មក​ពី​អង្គភាព​យោធភូមិភាគ៣។
រូប​ហ្វេសប៊ុក លោក លី ដាវីត

តុលាការ​ខេត្ត​សៀមរាប ចេញ​ដីកា​ឃុំខ្លួន​អតីត​ឧត្ដមសេនីយ៍​ផ្កាយ​១ ម្នាក់ មក​ពី​អង្គភាព យោធភូមិភាគ​ទី​៣ លោក ថាន់ យុង (ឈ្មោះ​ហ្វេសប៊ុក លី ដាវីត) ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពី​បទ​ញុះញង់​មិន​ឱ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ ការ​ឃុំ​ខ្លួន​នេះ​ធ្វើឡើង ក្រោយពី​អតីត​មន្ត្រី​យោធា​រូប​នោះ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក រិះគន់ លោក ហ៊ុន សែន ថា ប្រើ​អំណាច​ផ្ទាល់ខ្លួន ដឹកនាំ​ប្រទេស​បែប​ល្ងង់ខ្លៅ។

អ្នកនាំពាក្យ​សាលាដំបូង ខេត្ត​សៀមរាប លោក យិន ស្រាង បដិសេធ​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣០ មីនា ដោយ​លោក​ថា ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ឈប់សម្រាក។

ចំណែក​អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង ខេត្ត​សៀមរាប លោក រៀម ច័ន្ទមុន្នី បញ្ជាក់​យ៉ាង​ខ្លី​ថា សំណុំ​រឿង​នេះ​ផុត​ពី​ដៃ​ស្ថាប័ន​អយ្យកា​រហើយ​។ រីឯ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​សំណុំ​រឿង​នេះ​៖ «នគរបាល​យុត្តិធម៌​បញ្ជូន​មក ព្រះរាជអាជ្ញា​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប បើ​ចៅក្រម​ចេញ​ដីកា​ឃុំ គាត់​ស៊ីញ៉េ​យក​មនុស្ស​ទៅ​ពន្ធនាគារ​ហើយ»

គណនេយ្យ​ហ្វេសបុក​របស់ អតីត​យោធិន​រូប​នោះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Lee David បាន​ចែករំលែក​ព័ត៌មាន តាម​បណ្ដាញ​សង្គម​ហ្វេសបុក រិះគន់ លោក ហ៊ុន សែន​ថា ធ្វើ​អ្វីៗ ដើម្បី​ការពារ​អំណាច នាំ​កម្ពុជា​ទាំង​ល្ងង់ខ្លៅ ហើយ​បាន​អំណាច​ដោយ​ពិធី​ថោកទាប យើង​ត្រូវ​ប្រឆាំង។

ជុំវិញ​ការ​ចាប់​ចង អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដែរ យុវជន​ម្នាក់​ឈ្មោះ វឿន គឹមលន់ វ័យ ២៤ ឆ្នាំ នៅ​ភូមិ​ព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៦ ខែ​មីនា ដោយ​រង​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​វាយប្រហារ​ថ្នាក់ដឹកនាំ​របប​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក និង​យូធូប។នគរបាល​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អះអាង​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការ​ចង់​ទាក់ទាញ​ការ​ចូល​ចិត្ត​(Like) ចែករំលែក (Share) និង​ការ​ទស្សនា​វីដេអូ​ឱ្យ​បាន​ច្រើន ដើម្បី​ខ្លួន​បាន​ចំណូល ពី​បណ្ដាញ​សង្គម​ទាំងអស់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល