មេដឹកនាំអាស៊ានចាប់ផ្ដើមចូលរួមកិច្ចប្រជុំអាស៊ានហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ដែលដឹកនាំប្រធានអាស៊ានប្ដូរវេនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាលទ្ធផល មេដឹកនាំអាស៊ាន សម្រេចទទួលប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ជាសមាជិកទី១១ របស់អាស៊ាន។ ទាក់ទងរឿងនេះអ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា ការបន្ថែមសមាជិកថ្មីពេលនេះនឹងធ្វើឱ្យអាស៊ានកាន់តែពង្រីកសក្ដានុពលរបស់ខ្លួនថែមទៀត ប៉ុន្តែ ការសម្រេចនេះក៏បង្កើតជាចម្ងល់ដែរថា តើមានការឯកភាពពីមេដឹកនាំរដ្ឋប្រហារភូមាដោយប្រយោលដែរ ឬទេ? ព្រោះភូមាក៏ជាសមាជិកអាស៊ានមួយដែរ។
សេចក្ដីថ្លែងការណ៍ប្រមុខមេដឹកនាំអាស៊ាន សម្រេចផ្ដល់ឋានៈប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ សេចក្ដីថ្លែងដដែលលើកឡើងទៀតថា ការផ្ដល់សមាជិកភាពដល់ប្រទេសទីម័រឡេស្តេ ពេលនេះ ផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍បេសកកម្មស្វែងរកការពិតទាំងបី នៃសសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័ត នាឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ ខាងមុខ។ មេដឹកនាំអាស៊ាន លើកឡើងទៀតថា ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្ដល់ការគាំទ្រដល់ទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្ដល់ការគាំទ្រចាំបាច់នានា សម្រាប់ ការចូលជាសមាជិកអាស៊ានពេញសិទ្ធិ។
ការសម្រេចបែបនេះរបស់មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើនៅរាជធានី ភ្នំពេញថ្ងៃទី១១ ខែវិច្ឆិកា។ ប្រមុខដឹកនាំអាស៊ាន បានពិចារណា លើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្ដម្ភសហគមន៍សន្តិសុខ នយោបាយសេដ្ឋកិច្ច សង្គម វប្បធម៌នៃអាស៊ាន។
ទាក់ទងរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា ជារឿងល្អដែលអាស៊ានទទួលបានសមាជិកថ្មីទី១១ របស់ខ្លួនពេលនេះ។ ទោះយ៉ាងណាក្ដី អ្នកជំនាញនយោបាយអន្តរជាតិពេលនេះ សង្ស័យថា ការសម្រេចរបស់មេដឹកនាំអាស៊ាន ពេលនេះហាក់មានការផ្ដល់ភ្លើងខៀវពីមេដឹកនាំយោធាភូមា គឺលោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing)។លោកបន្តទៀតថា ប្រសិនបើករណីនេះកើតមានមែន គឺមានន័យស្មើនឹង អាស៊ាន បានផ្ដល់តម្លៃទៅមេដឹកនាំយោធាភូមា ហើយបញ្ហានេះ នឹងធ្វើឱ្យ អាស៊ាន មិនអាចជំរុញមេដឹកនាំយោធាភូមា ចូលតុចរចាបញ្ចប់ជម្លោះបង្ហូរឈាមនៅប្រទេសភូមាបាននោះទេ៖
« គេ ( អាស៊ាន ) យន្តការឬគេហៅថា សាមគ្គីភាពនៅរក្សា ១០ តែបើរក្សា ១០ មិនបានចូលប្រជុំធ្វើម៉េចផ្ដល់សំឡេងទាំង១០ហ្នឹងកើត ជាសំនួរដែលយើងគួរឆ្ងល់ទាំងអស់គ្នា តើប្រើយន្តការអី បានន័យថា ទាល់តែមានការផ្ដល់សញ្ញាការព្រមព្រៀងពីភាគីភូមា ហើយបើព្រមព្រៀងពីភូមា តើពីណា តំណាងភាគីភូមា មានតែរដ្ឋាភិបាលយោធា»។
ទាក់ទងទៅនឹងការលើកឡើងរបស់អ្នកជំនាញនយោបាយអន្តរជាតិពេលនេះសេចក្ដីថ្លែងការណ៍ប្រមុខមេដឹកនាំអាស៊ានដែលទទួលយកប្រទេសទីម័រខាងកើត ជាសមាជិកអាស៊ាននោះ មិនបានបញ្ជាក់ថា ការយល់ព្រមនេះ មានការព្រមព្រៀងឬគ្មានការព្រមព្រៀងពីមេដឹកនាំរដ្ឋប្រហារភូមានោះទេ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ស្ដីពីកិច្ចប្រជុំអាស៊ានលោក គង់ ភោគ បានទេនៅថ្ងៃទី១១ ខែវិច្ឆិកា។
ទោះយ៉ាងណា សេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន បញ្ជាក់ថា ការទទួលយកប្រទេសទីម័រខាងកើត ជាសមាជិក គឺធ្វើដោយមេដឹកនាំអាស៊ាន ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១។
សព្វថ្ងៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន (ASEAN) មានប្រទេសជាសមាជិកទាំងអស់១០ប្រទេស ប៉ុន្តែក្នុងកិច្ចប្រជុំកំពូលអាស៊ានពេលនេះ អាស៊ានមិនអនុញ្ញាតឱ្យមេដឹកនាំយោធាភូមា លោក ម៊ីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំនេះទេ។ លោក ហ៊ុន សែន ឱ្យដឹងថា ការមិនអនុញ្ញាតឱ្យមេដឹកនាំភូមា ចូលរួមកិច្ចប្រជុំដោយសារមេដឹកនាំភូមា អនុវត្តន៍មិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន។
វិលមកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី២នេះវិញ កិច្ចប្រជុំកំពូលអាស៊ាន បានពិភាក្សា លើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ និងកិច្ចប្រជុំទាក់ទងផ្សេងទៀតស្ដីពីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាដើម។
លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១ស្នើទៅមេដឹកនាំអាស៊ាន រួមគ្នាឯកភាព សាមគ្គីភាព ធ្វើជារឿងអាទិភាព ដើម្បីធានានូវភាពធន់របស់អាស៊ាន ចំពោះភាពប្រឈមដែលអាចកើតមាននាពេលខាងមុខ។ លោក ហ៊ុន សែន ក៏ស្នើទៅអាស៊ាន រួមគ្នាធ្វើនិងដោះស្រាយបញ្ហាទាំងអស់គ្នា៖
« ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិអាចបញ្ចេញមកនូវឧត្ដមភាពរបស់មនុស្ស ក្នុងន័យថា ខ្ញុំជឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅនៅទីនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ក្នុងការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាយល់ជាមួយនឹងមូលបទឆ្នាំនេះអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ទោះជាលោក ហ៊ុន សែន ទាមទារឱ្យអាស៊ាន រួមគ្នាដោះស្រាយបញ្ហារួមក្ដី ប៉ុន្តែប្រធានអាស៊ានប្ដូរវេនរូបនេះ មិនលើកឡើងពីបញ្ហាភូមា ស្នើទៅមេដឹកនាំអាស៊ានជួយដោះស្រាយនោះទេ។
ក្រៅពីនេះ ក៏មានកិច្ចប្រជុំសំខាន់មួយទៀត គឺកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ លោក ហ៊ុន សែន ជាមួយ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) ដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមក្រុមមេដឹកនាំប្រទេសអាស៊ាន។
ភាគីកម្ពុជា ដែលប្រធានអាស៊ានមិនទាន់បង្ហាញលទ្ធផលនៃកិច្ចប្រជុំនេះនៅឡើយទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។ ចំណែកលោក ហ៊ុន សែន បានបង្ហោះសារតាមទំព័រហ្វេសប៊ុកលោកថា ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ចិន កន្លងមក គឺស្ថិតក្នុងចំណោមទំនាក់ទំនង ពេញដោយថាមពល សារៈសំខាន់ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកឱ្យដឹងទៀតថា ចិន បានផ្តល់គម្រោងវិនិយោគសម្រាប់ការ អភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា មានកិច្ចប្រជុំរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូល ជិត ១០ ផ្សេងទៀតស្ដីពីទំនាក់ទំនងរវាងអាស៊ាន និងមហាអំណាចក្នុងពិភពលោក។ ថ្ងៃទី១១ ខែវិច្ឆិកា មេដឹកនាំប្រទេសនានា បានធ្វើដំណើរមកដល់កម្ពុជាបន្តបន្ទាប់ថែមទៀត ក្នុងនោះរួមមាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ។ អនុប្រធានាធិបតី ឥណ្ឌា លោក Jagdeep Dhankar ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល (oon Suk- yeol) ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េខាងត្បូងលើកទី២៣។ ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden) ក៏នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ដើម្បីកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត៕