ប្រមុខការពារជាតិកម្ពុជាលោក ទៀ បាញ់ ថ្លែងការពារជំហរដ៏ចម្រូងចម្រាស់របស់កម្ពុជាជុំវិញការអនុញ្ញាតឱ្យមិត្តដែកថែបចិនអភិវឌ្ឍន៍កំពង់ផែរាមថា កម្ពុជានៅតែជា «ម្ចាស់» នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប។ លោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍មូលដ្ឋានកំពង់ផែកងទ័ពជើងទឹករាមនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិត ឬឆ្ងាយក្តី។ លោកថា កម្ពុជាចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាង គឺជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា។
លោក ទៀ បាញ់ ថ្លែងយ៉ាងដូច្នេះនៅឯកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬហៅថា កិច្ចសន្ទនាសាំងហ្គ្រីឡា (Shangri-La Dialogue) លើកទី១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ (IISS) របស់ចក្រភពអង់គ្លេស ដោយមានការចូលរួមពីគណៈប្រតិភូជិត ៦០០នាក់ មកពីប្រទេសចំនួន ៤០ ជាអ្នកកាទូត មន្ត្រីការពារជាតិ និងក្រុមហ៊ុនផលិតអាវុធ ក្នុងនោះក៏រួមមានរដ្ឋមន្ត្រីការពារជាតិអាមេរិក និងចិនចូលរួមផងដែរ។
លោក ទៀ បាញ់ ថ្លែងថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ។ លោកគូសបញ្ជាក់ថា កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យ និងសិទ្ធិពេញលេញ ក្នុងការចាត់ចែងវាសនាប្រទេសជាតិរបស់ខ្លួន។ លោកបន្តអះអាងថា ផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
នេះគឺជាលើកទីមួយដែលលោក ទៀ បាញ់ ថ្លែងការពារជំហររបស់កម្ពុជាជុំវិញការអនុញ្ញាតឱ្យចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម នៅលើឆាកអន្តរជាតិនៅឯកិច្ចប្រជុំកំពូលដែលមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ពីប្រទេសពាក់ព័ន្ធនៅក្នុងតំបន់និងនៅលើសាកលលោក។
នៅឯកិច្ចប្រជុំកំពូលនោះ លោក ទៀ បាញ់ ក៏បានមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាលក្ខណៈទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសពាក់ព័ន្ធមួយចំនួន ដូចជា ហ្វីលីពីន (the Philippines) សិង្ហបុរី (Singapore) ចិន (China) និងអូស្ត្រាលី (Australia)។ ក៏ប៉ុន្តែ លោកពុំបានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) ឡើយ។ លោក ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមិថុនា ថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរថែមទៀត។ លោកពុំបានបញ្ជាក់លម្អិតពីលទ្ធផលនៃជំនួបនោះទេ និងថាតើមានការជជែកជាមួយប្រមុខការពារជាតិចិនពីបញ្ហាចម្រូងចម្រាសជំុវិញរឿងដែលសហរដ្ឋអាមេរិកនៅតែបន្តសង្ស័យ និងចោទប្រកាន់ថាកម្ពុជាអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពជាសម្ងាត់ និងគ្រប់គ្រងកំពង់ផែរាមផ្តាច់មុខនោះទេ។
នៅប៉ុន្មានថ្ងៃមុនពេលចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីប្រចាំឆ្នាំ លើកទី១៩ ដែលបានខកខានចាប់តាំងពីឆ្នាំ២០១៩មកដោយសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ លោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបើកការដ្ឋានសាងសង់ធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម ដែលជាជំនួយឥតសំណងរបស់ចិន។ សារព័ត៌មានល្បីឈ្មោះរបស់អាមេរិក ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) បានចុះផ្សាយដោយស្រង់ប្រសាសន៍មន្ត្រីលោកខាងលិចដោយមិនបញ្ចេញឈ្មោះថា ចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជាសម្រាប់បម្រើឱ្យវិស័យយោធាផ្តាច់មុខ ដែលការណ៍នេះនឹងអាចធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋានកងទ័ពទីពីររបស់ចិននៅលើពិភពលោក។
កាសែតអាមេរិកដដែលក៏បានស្រង់ប្រសាសន៍មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងដែលបានទទួលស្គាល់ និងបញ្ជាក់ថា ផ្នែកមួយនៃមូលដ្ឋានកងទ័ពជើងទឹករាមនេះ នឹងត្រូវបានប្រើប្រាស់ដោយកងទ័ពចិន។ មន្ត្រីចិនរូបនោះក៏បានទម្លាយឱ្យដឹងដែរថា ចិនមានគម្រោងសាងសង់ស្ថានីយបំពាក់បច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង ឈ្មោះ បៃឌូ (BeiDou Navigation Satellite System) ដើម្បីជួយសម្រួលដល់ការចល័យទីតាំងទ័ព និងការបញ្ជាគោលដៅបាញ់កាំជ្រួចរបស់កងទ័ពចិន។ ក៏ប៉ុន្តែ ព័ត៌មាននេះ ត្រូវបានភាគីកម្ពុជា និងចិនច្រានចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។