ក្រសួងការបរទេស អូស្ត្រាលី ក៏សំដែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះការធ្លាក់ចុះនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ព្រមទាំងការកើនឡើងនៃការគាបសង្កត់ដល់ការបញ្ចេញមតិ និងការប្រមូលផ្តុំគ្នាដោយសន្តិវិធី។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឲ្យគណបក្សប្រឆាំងចូលរួម ចាប់ឃាត់ខ្លួនសកម្មជនបរិស្ថាន និងសង្គមដាក់ពន្ធនាគារជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការនារី អូស្ត្រាលី លោកស្រី ម៉ារីស ភេន (Marise Payne) ក៏បានបញ្ជាក់ផងដែរថា សិទ្ធិនិងសេរីភាពដែលបានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែបន្តមានដោយមិនអាចខ្វះបាន ដើម្បីសុខសន្តិភាព និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន បើទោះបីជាកិច្ចព្រមព្រៀងនេះ មានរយៈពេល៣០ឆ្នាំមកហើយក្តី។
ក្នុងនាមជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ត្រូវឈានទៅរកដំណោះស្រាយនិងកសាងទំនាក់ទំនងឡើងវិញជាមួយគណបក្សសង្គ្រោះជាតិ និងក្រុមអង្គការសង្គមស៊ីវិល ដើម្បីរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ត្រូវគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី ដើម្បីឲ្យប្រទេសមានភាពរឹងមាំ រីកចម្រើននិងសេរីពហុបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។