សមត្ថកិច្ច​ចាប់​មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កំពង់ចាម​បី​នាក់​ទៀត​រឿង​ក្លែង​ឯកសារ ខណៈ​មួយ​ចំនួន​រត់​គេច​ខ្លួន

អាជ្ញាធរ​បាន​ចាប់ឃាត់​ខ្លួន​មន្ត្រី​បក្សប្រឆាំង​ចំនួន ៣នាក់​កាល​ពី​ថ្ងៃ៩ មេសា។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​មន្រ្តី និង​សកម្មជន​គណបក្ស​ភ្លើងទៀន និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​បី​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃទី៩ខែ​មេសា។ អាជ្ញាធរ​បាន​ចោទប្រកាន់​ពួកគេ​ថា ក្លែងបន្លំ​ឯកសារ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​កាល​ពី​ពេលថ្មីៗ​នេះ ខណៈ​សមាជិក​បក្ស​នេះ​មួយចំនួន​ទៀត​កំពុង​រត់​គេច​ខ្លួន។

ប្រធាន​ចលនាស្រ្តី​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់​ចាម​អ្នកស្រី លី គឹមហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាល​ពី​យប់​មិញ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្តលេខ​រៀង​ទី៥ របស់​គណបក្ស​ឆន្ទៈខ្មែរ គឺ​លោក សាន សឿង នៅ​រាជធានីភ្នំពេញ កាល​ថ្ងៃ៩ មេសា។ អ្នកស្រី​បន្ថែម​ថា ចំណែក​បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​ស្ទឹងត្រង់​ពេញសិទ្ធិ​របស់​បក្ស​ឆន្ទៈ​ពីរ​នាក់ទៀត​គឺលោក យិន ភាន និង​លោក ស្រ៊ី មាន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​សាលាស្រុក​នៅពេល​ពួកគេ​ទៅ​បំភ្លឺ​រឿង​ស្លាម​មេដៃ​បេក្ខជន​ឈរឈ្មោះ​បំម្រុង​ម្នាក់​ដែល​ប្រពន្ធ​ផ្តិត​មេដៃ​ជំនួស។ អ្នកស្រី​ឱ្យដឹង​ថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ពួកគាត់​នៅ​ស្នងការដ្ឋាន​គរបាល​ខេត្ត​កំពង់ចាម។ យ៉ាងណា​អ្នកស្រី លី គឹមហៀង ស្នើ​ដល់​អាជ្ញាធរ​ដោះលែង​សមាជិក​បក្សជំទាស់​ទាំង​​នោះ​ត្រឡប់​មក​វិញ ពីព្រោះ​ពួកគេ​គ្មាន​ចេតនា​ក្លែង​ឯកសារ​នោះ​ទេ។

​អ្នកស្រី លី គឹមហៀង៖ «សូម​ឱ្យ​អាជ្ញាធរ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ​មក សូម​កុំចោទប្រកាន់​ពួកគាត់ ពីព្រោះ​វា​ប៉ះពាល់​ដល់​ការបោះឆ្នោត​ក្រុម​ប្រឹក្សាស្រុក ក្រុង និង​ខេត្ត​ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា​ពួកគាត់​អត់​មាន​ចេតនា​អ្វី​ធ្វើឱ្យ​មាន​រឿងរ៉ាវ​អ៊ីចឹង​ទេ គាត់​តស៊ូ ចូលរួម​ប្រកួត​ប្រជែង​ដោយ​ភាពត្រឹមត្រូវ គឺ​គាត់​មិន​ចង់​បាន​អ្វី​លើស​ហ្នឹងទេ ពួកគាត់​ទាំងនោះ​សុទ្ធតែ​ធ្វើ​អ្វី​សមស្រប​តាម​ច្បាប់​ផង សមស្រប​នឹង​អ្វី​ជាក់ស្តែង​ដោយ​រឿង​បន្លំ​ឯកសារ​អ្វី​នោះ​គឺ​ពួកគាត់​អត់​ចង់​ទេ ពីព្រោះ​មាន​មេរៀន​ជាច្រើន​មកហើយ​កន្លងមក​ថ្នាក់ដឹកនាំ​យើង​ជាច្រើន​ជាប់​ទោស​ដោយសារ​រឿង​ធ្វើ​ឯកសារហ្នឹង»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​លោក ហេង វុទ្ធី ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​យប់​ថ្ងៃទី៩ ខែ​មេសា។

អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង នៅ​អំឡុងពេល​បោះឆ្នោត​ព្រឹទ្ធសភា និង​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ស្រុក ក្រុង ខណ្ឌ។ ការចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​បាន​ធ្វើឱ្យ​ចំនួន​សកម្មជន​បរិស្ថាន និង​មន្ត្រី​បក្សប្រឆាំង​កើនឡើង​ដល់​ជាង ៧០នាក់​ហើយ។

ចំណែក​ក្រុម​អង្គការជាតិ អន្តរជាតិ រួមទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការចាប់ឃុំ​ខ្លួន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ ពោល​គឺ​រដ្ឋាភិបាល​របស់​បក្សកាន់អំណាច​តែងតែ​យក​ប្រព័ន្ធតុលាការ​ធ្វើ​ជា​អាវុធដើម្បី​គំរាមកំហែង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឲ្យ​ដោះលែង ពួកគេ​វិញ​ជា​បន្ទាន់ និង​ឥតលក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។