អ្នកឃ្លាំមើលបញ្ហាព្រំដែន និងសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោក អៀ ចាន់ណា ដែលត្រូវបានសមត្ថកិច្ចនៃរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ខ្លួននៅពេលលោកទៅប្រទេសកម្ពុជាចូលរួមហែបក្សភ្លើងទៀន។ តុលាការក្រុងភ្នំពេញចោទប្រកាន់សកម្មជនប្រឆាំងរូបនេះ ពីបទរួមគំនិតក្បត់ កាលពីឆ្នាំ២០២០។ ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលថា ការចាប់ខ្លួន និងការចោទប្រកាន់នេះ មានចរិតនយោបាយ និងជាការអនុវត្តច្បាប់មិនស្មើភាព។
អ្នកឃ្លាំមើលសង្គមនិងមន្ត្រីបក្សប្រឆាំងរិះគន់ថា ការចាប់ខ្លួន លោក អៀ ចាន់ណា ជារឿង បំភិតបំភ័យមិនឲ្យយុវជនហ៊ានចូលរួមជាមួយគណបក្សភ្លើងទៀន។ ការលើកឡើងនេះធ្វើឡើងក្រោយពេលតុលាការក្រុងភ្នំពេញបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនលោក អៀ ចាន់ណា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរង់ចាំសវនាការ។
សកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តតាកែវ លោក លោក ជា សុជិតា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបានខ្លួនចាប់ខ្លួនលោក អៀ ចាន់ណា នៅផ្សារទំនើប អ៊ីអន២ រាជធានីភ្នំពេញ នៅពេលលោកទៅធ្វើលិខិតឆ្លងដែនកាលពីថ្ងៃទី៣០ ខែឧសភា។ លោកបន្តថា មុនពេលចាប់ខ្លួននេះ លោក អៀន ចាន់ណា បានទូរស័ព្ទប្រាប់សាច់ញាតិថា មានជនស៊ីវិលបួនប្រាំនាក់បានតាមឃ្លាំមើលរូបលោក។ លោកបន្តទៀត ក្រោយផ្ដល់ដំណឹងរួចហើយ សាច់ញាតិមិនអាចទាក់ទងលោក អៀ ចាន់ណា បានទៀតនោះទេ។ «»
លោក ជា សុជិតា ឲ្យដឹងទៀតថា មុនពេលមានការចាប់ខ្លួននេះ លោក អៀចាន់ណា បានចូលរួមហែក្បួនរកសំឡេងឆ្នោតឲ្យគណបក្សភ្លើងទៀន នៅខេត្ត តាកែវ។
លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតំណាងយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសន័រវែស (Norway)។ មន្ត្រីបក្សប្រឆាំងដែលស្និទ្ធនឹងលោក អៀ ចាន់ណា ឲ្យដឹងថា លោក អៀ ចាន់ណា ទើបទៅដល់ប្រទេសកម្ពុជា ប្រមាណមួយសប្ដាហ៍ប៉ុណ្ណោះ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីមេធាវីការពារក្ដីលោក អៀ ចាន់ណា គឺលោក សំ សុគង់ បាននៅឡើយទេ នៅថ្ងៃទី៣១ ខែឧសភានេះ។ ចំណែកអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន ក៏មិនអាចសុំការបំភ្លឺបានដែរ។
ដោយឡែក អ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា ឲ្យវិទ្យុអាស៊ីសេរីដឹងថា លោកមិនបានពីករណីចាប់ខ្លួន លោក អៀ ចាន់ណា នេះទេ។ លោកបន្តថា តាមនីតិវិធី គឺមានសមត្ថកិច្ចជាច្រើនស្ថាប័ន មានសិទ្ធិចាប់ខ្លួនមុខសញ្ញាណាមួយដែលគេបានតាមដាន។ «»
ទោះបីជាយ៉ាងណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក អៀ ចាន់ណា ទៅដាក់ពន្ធនាគារព្រៃស(ម១)។ ដីកាចុះកាលពីថ្ងៃទី៣០ ខែឧសភា បានចោទប្រកាន់ លោក អៀ ចាន់ណា ពីបទរួមគំនិតក្បត់ ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
មេដឹកនាំសហជីព និងជាសកម្មជនឃ្លាំមើលបញ្ហាព្រំដែន លោក រ៉ុង ឈុន ដែលធ្លាប់ធ្វើការងារព្រំដែនជាមួយលោក អៀ ចាន់ណា ដែរនោះលោកបានទៅឃ្លាំមើលមុខសាលាដំបូងរាជធានី ភ្នំពេញ។ ទោះយ៉ាងណាលោក រ៉ុង ឈុន មិនទទួលព័ត៌មានជាក់លាក់នៃការបញ្ជូនខ្លួនលោក អៀ ចាន់ណា នៅឡើយទេ គិតមកដល់រសៀលថ្ងៃដដែលនេះ។ លោក រ៉ុង ឈុន ហៅការចាប់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតបែបនេះថា ធ្វើឲ្យប៉ះពាល់ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ។ លោកស្នើទៅអាជ្ញាធរ ឬរដ្ឋាភិបាល បើកលំហសេរីដល់ពលរដ្ឋក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ។ «»
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ដួង ចន្ត្រា រិះគន់ថា ការចាប់ខ្លួនលោក អៀ ចាន់ណា នេះមានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកសង្កេតឃើញថា ត្បិតពីមុនមក លោក អៀ ចាន់ណា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ប៉ុន្តែ សកម្មជនរូបនេះ មិនបានជាប់បម្រាមនយោបាយ ឬក៏ត្រូវតុលាការចេញដីកាចោទប្រកាន់នោះដែរ។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា លោក អៀ ចាន់ណា បានប្រើសិទ្ធិរបស់ខ្លួនទាក់ទងរឿងនយោបាយ នាពេលកន្លងមកក្នុងនាមជាពលរដ្ឋរស់នៅប្រទេសប្រជាធិបតេយ្យ។ លោកបន្តទៀតថា នៅរយៈពេលចុងក្រោយនេះមានយុវជនមួយចំនួននៅក្រៅប្រទេសដែលធ្លាប់រិះគន់រដ្ឋាភិបាល បានចូលមកធ្វើការនៅប្រទេសកម្ពុជា ក្នុងនោះយុវជនដែលប្តូរពីរិះគន់រដ្ឋាភិបាល ទៅរិះគន់លោក សម រង្ស៊ី មិនត្រូវបានតុលាការចោទប្រកាន់ឡើយ ប៉ុន្តែបើយុវជនទៅចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀន គឺត្រូវតុលាការចោទប្រកាន់។ «»
លោក អៀ ចាន់ណា បានភៀសខ្លួនទៅប្រទេសន័រវែស (Norway) ព្រោះរដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញទាក់ទងរឿងព្រំដែនកាលពីឆ្នាំ២០០៥។ លោកក៏ធ្លាប់មានទំនាក់ទំនងជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួន និងបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។