ក្រសួងមហាផ្ទៃកំណត់មុខសញ្ញាជនសង្ស័យកាត់តរូបភាពប្រមាថព្រះមហាក្សត្រ
2016.12.31
សមត្ថកិច្ចក្រសួងមហាផ្ទៃ កំណត់មុខសញ្ញាជនសង្ស័យសំណុំរឿងអ្នកកាត់តរូបភាពប្រមាថព្រះមហាក្សត្រ បានហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៣១ ខែធ្នូ ថា ជនសង្ស័យមានពីរក្រុម មួយក្រុមនៅក្នុងស្រុកជាជនជាតិខ្មែរ មានគ្នា ២នាក់ និងម្នាក់ទៀតនៅប្រទេសថៃ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងថា ជាពលរដ្ឋខ្មែរ ឬជនជាតិផ្សេងនោះឡើយ។
លោកថា នៅពេលបានកំណត់មុខសញ្ញារួចហើយ នឹងឈានទៅដល់ការចាប់ខ្លួនជនប្រព្រឹត្តដើម្បីយកទៅឲ្យតុលាការផ្ដន្ទាទោស។ លោក ខៀវ សុភ័គ បញ្ជាក់ថា ការស៊ើបអង្កេតនេះ ក្រុមជំនាញផ្នែកនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ស្រាវជ្រាវរកតែអ្នកប្រើហ្វេសប៊ុក (Facebook) ដែលបង្ហោះរូបភាពដែលគេកាត់តរូបអាក្រាតព្រះកាយព្រះមហាក្សត្រ ចំពោះករណីផ្សេងមិនបានស្រាវជ្រាវទេ៖ «យើងមានហើយមានមុខសញ្ញាខ្លះហើយ មានពីរនៅក្នុងពីរនៅក្រៅ ការប្រមាថព្រះមហាក្សត្រ ជាបទល្មើសមួយដែលចាត់ទុកថាប្រមាថដល់ប្រជាជាតិខ្មែរទាំងមូល»។
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក ម្នាក់ ដែលមានគណនីសរសេរឈ្មោះជាអក្សរថៃ បានបង្ហោះរូបកាត់តមួយសន្លឹកដាក់រូបព្រះភក្ត្ររបស់ព្រះបាទ នរោត្តម សីហមុនី ដែលជារូបភាពអាក្រាតព្រះកាយ។
មាត្រា៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ប៉ុន្តែច្បាប់កំពូលមួយនេះ មិនបានចែងពីការដាក់ទោសទណ្ឌនរណាដែលរំលោភបំពានអង្គព្រះមហាក្សត្រឡើយ សូម្បីតែក្រមព្រហ្មទណ្ឌក៏គ្មានមាត្រាណាមួយចែងដាក់ទោសលើបុគ្គលដែលរំលោភបំពានព្រះអង្គនោះដែរ៕