អាជ្ញាធរ​ខេត្តបាត់ដំបង ​រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​លើក​ស្លាក​គណបក្ស

0:00 / 0:00

អាជ្ញាធរ​ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​គណបក្ស​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅថ្ងៃទី​២ ខែកុម្ភៈ​។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបងលោក ភូ សុវណ្ណថា ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា គណបក្ស​លោក​បានដាក់លិខិត​ជូនដំណឹង​ទៅ​មេឃុំ​រួច​ហើយ​​កាលពីថ្ងៃទី១ ខែកុម្ភៈប៉ុន្តែដល់​ថ្ងៃ​លើក​ស្លាកអាជ្ញាធរ​ឃុំ បាន​មករារាំង ដោយ​បង្ខំឲ្យ​ម្ចាស់​ផ្ទះនិង​គណបក្ស​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ឃុំជា​មុន​សិន។

លោក ភូ សុវណ្ណថា ចាត់ទុក​ករណីនេះ​ជាការ​រិតត្បិត​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​ ច្បាប់​បោះឆ្នោត ដោយ​បង្កការ​លំបាក​មិន​ឲ្យ​គណបក្ស​នយោបាយ​ ជាពិសេស​គណបក្ស​គូប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ធ្វើ​សកម្មភាព​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ៖ «ហើយ​អត់​ស្មើ​ភាព​គ្នា​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​ច្បាប់​ធ្វើ​នយោបាយ ​ដោយ​គណបក្ស​ផ្សេង​គេ​អាច​លើក​ស្លាក​បាន​ដោយ​សេរី​ទាក់​ទង​នឹង​ផ្ទះ​ឯកជន​ក៏​ដោយ​ផ្ទះ ឬ​នៅតាម​ផ្លូវ​សាធារណៈ​ក៏​ដោយ​ រីឯ​គណបក្ស​ភ្លើង​ទៀន​មានការ​រិតត្បិត សូម្បី​តែ​ការ​លើក​ស្លាក​នៅ​មុខ​ផ្ទះ​សកម្មជន​ក៏ដោយ»

វិទ្យុអាស៊ីសេរីមិនទាន់​អាចទាក់ទង​ អាជ្ញាធរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​ទេ​បាន​ទេ នៅថ្ងៃទី២ ខែកុម្ភៈ។

គណបក្ស​ភ្លើងទៀន​ខេត្តបាត់ដំបង​ឲ្យ​ដឹង​ថា នេះ​ជា​លើកទី៣ ហើយ​ដែល​អាជ្ញាធរ​ខេត្ត​នេះ រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បានបញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស​នយោបាយ ដោយ​គ្មានការ​រើសអើង និង​ប្រកាន់​បក្ខ​ពួក ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​ខាងមុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក៏ប៉ុន្តែ សារ​របស់​លោក ស ខេង នេះ មិនត្រូវបាន​មន្ត្រីក្រោមឱវាទ​គោរពតាមនោះទេ ហើយ​ករណី​រើសអើង​សកម្មភាព​គណបក្ស​នយោបាយ​នៅឯ​ថ្នាក់​មូលដ្ឋាន​ នៅតែបន្ត​កើត​មាន​ឡើង​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។