ព្រះចៅអធិការ​មួយ​អង្គ​នៅ​ត្បូងឃ្មុំ​ត្រូវ​បាន​ដក​ដំណែង​ដោយសារ​ស្និទ្ធស្នាល​ជាមួយ​បេក្ខជន​បក្ស​ភ្លើង​ទៀន

ដោយ អាស៊ីសេរី
2022.05.16

អាជ្ញាធរ និង​ព្រះ​មេគណ​ខេត្ត​ត្បូងឃ្មុំ សម្រេច​ដក​ដំណែង​ព្រះតេជព្រះគុណ ហត រតនា ជា​ព្រះចៅ​អធិការ​វត្ត​ព្រះពុទ្ធ​មហារាស្ត្រារាម​ចេញ​ពី​ដំណែង ដោយសារតែ​ព្រះតេជព្រះគុណ​រាប់អាន​ជាមួយ​បេក្ខជន​បក្ស​ភ្លើងទៀន​ម្នាក់​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ខាងមុខនេះ​។ ព្រះតេជព្រះគុណ ហុត រតនា ចាត់ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

ព្រះតេជព្រះគុណ ហ​ត រតនា ចាត់ទុក​ការ​ដក​មុខ​ដំណែង​ជា ព្រះចៅ​អធិការ​វត្ត ព្រះពុទ្ធ​មហារាស្ត្រារាម ឬ​ហៅ​វត្ត​គីឡូ​៣៧ ទាំង​ប្រញាប់​ប្រញាល់​បែបនេះ ថា​ជា​ការ​រៀបចំ​ទុក​មុន ដោយសារតែ​ព្រះតេជព្រះគុណ​មាន​ទំនាក់ទំនង​ជាមួយ​បេក្ខជន​បក្ស​ភ្លើងទៀន​។

ព្រះតេជព្រះគុណ ហត រតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ឧសភា​ថា ទោះ​បី​ជា​ព្រះអង្គ​រាប់អាន​គ្នា​ជាមួយ​បេក្ខជន​បក្ស​ភ្លើង​ទៀន ក៏​ព្រះអង្គ​មិន​មាន​និន្នាការ​ទៅ​កាន់​គណបក្ស​នយោបាយ​ណាមួយ​នោះ​ដែរ​។ ព្រះតេជព្រះគុណ​បន្ត​ថា កន្លងមក​បេក្ខជន​បក្ស​ភ្លើងទៀន​ដែល​ព្រះអង្គ​ស្គាល់​នោះ តែងតែ​មក​ជួយ​បង្រៀន​សង្ឃ​នៅក្នុង​វត្ត និង​សុំ​ព្រះតេជព្រះគុណ​ស្នាក់​នៅ​ក្នុង​វត្ត​នៅ​ពេល​យប់​តែ​ប៉ុណ្ណោះ។

ព្រះតេជព្រះគុណ​ឈ្វេង​យល់ថា រឿង​នេះ​ដោយសារតែ​ព្រះអង្គ​មាន​ទំនាក់ទំនង​ជាមួយ​បេក្ខជន​បក្ស​ភ្លើងទៀន​បែប​នេះ​ហើយ ទើប​អាជ្ញាធរ និង​មន្ត្រី​សង្ឃ​ខេត្ត​ត្បូងឃ្មុំ ដក​ដំណែង​ព្រះ​អធិការ​វត្ត ដោយ​ចោទ​ថា ផ្សារភ្ជាប់​ជាមួយ​គណបក្ស​នយោបាយ «អាត្មា​បកស្រាយ​ទៅវិញ​ថា អាត្មា​អត់​បាន​គាំទ្រ​និន្នាការ​នយោបាយ​ខាង​ណា​ទេ។ អាត្មា នៅ​អព្យាក្រឹត្យ ព្យាយាម​បកស្រាយ​ទៅ​គេ (​អាជ្ញាធរ​) អស់​ហើយ តែ​គេ​មិន​ស្ដាប់​។ អាត្មា សោកស្ដាយ​នូវ​ទង្វើ ភាព​អយុត្តិធម៌​ចំពោះ​អាត្មា​។ រឿង​ហ្នឹង​ដោយសារតែ​គាត់ (​លោក ណាក់ ណាច) ស្នាក់នៅ​ក្នុង​វត្ត អាត្មា​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​គេ​ចង់បាន​។ និយាយ​ឱ្យ​ខ្លី​គេ​បាន​លេស​ចំណុច​ត្រង់​ហ្នឹង​ដើម្បី​ដក​អាត្មា​ចេញ»

ចំណែកឯ បេក្ខជន​បក្ស​ភ្លើងទៀន​ដែល​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​គឺ​លោក ណាក់ ណាច ថ្លែង​ថា លោក​បាន​រាប់អាន​ជាមួយ​ព្រះតេជព្រះគុណ ហត រតនា ជិត​១០​ឆ្នាំ​មក​ហើយ ពោល​តាំងពី​លោក​មិន​ទាន់​ក្លាយជា​បេក្ខជន​គណបក្ស​ភ្លើងទៀន​មក​ម្ល៉េះ​។ លោក​បន្ត​ថា ក្នុង​មុខ​ដំណែង ព្រះតេជព្រះគុណ ហត រតនា ជា​ព្រះចៅ​អធិការ លោក​តែងតែ​ទៅ​ជួយ​បង្រៀន​ព្រះសង្ឃ​ផ្នែក​អក្សរសាស្ត្រ និង​សុំ​ការ​ស្នាក់នៅ​វត្ត​នា​ពេល​យប់​។ លោក​បន្ត​ថា ព្រះតេជព្រះគុណ ហត រតនា តែង​ឈរ​លើ​គោលជំហរ​អព្យាក្រឹត្យ ដោយ​មិន​លំអៀង​នៅ​ខាង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៖ «ខ្ញុំ​យល់​ថា ជា​រឿង​មួយ​អយុត្តិធម៌ អាជ្ញាធរ​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ​។ បើ​និយាយ​អំពី សាសនា វត្ត​ជាទី​កន្លែង​ទី​សក្ការៈ​បូជា ហើយ​ជា​សាសនា​រដ្ឋ អ៊ីចឹង​ប្រជាពលរដ្ឋ​អាច​ចូលរួម មិន​ថា​និន្នាការ​ខាង​ណាក៏ដោយ​។ ការ​ទំនាក់ទំនង គឺជា​រឿង​ធម្មតា ហើយ​ខ្ញុំ​ទៅ​បង្រៀន​ក៏​ជា​រឿង​ធម្មតា​ដែរ។ ប៉ុន្តែ​គ្រាន់​ថា ទាក់ទង​នឹង​រឿង​នយោបាយ ខ្ញុំ​មិនដែល​អូសទាញ​លោក ឱ្យ​លោក​ចូលរួម​ជាមួយ​ខ្ញុំ​ទេ ហើយ​សកម្មភាព​លោក​ក៏​មិន​ដែល​និយាយ​ការ​គាំទ្រ​ខាង​ណា​ដែល លោក​ប្រកាន់​ជំហរ​អព្យាក្រឹត្យ»

លោក ណាក់ ណាច ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ដក​ដំណែង ព្រះតេជព្រះគុណ ហត រតនា ជា​ព្រះចៅ​អធិការ ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ខកចិត្ត និង​សោកស្តាយ ហើយ​ពួកគាត់​ក៏​បាន​នាំគ្នា​តវ៉ា​ដែរ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។

ដោយឡែក គណៈកម្មការ​វត្ត ព្រះពុទ្ធ​មហារាស្ត្រារាម លោក ម៉ែន ឆៃ ថ្លែង​ថា ព្រះតេជព្រះគុណ ហត រតនា មិនដែល​មាន​ថេរ​ដីកា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​មាន​និន្នាការ​ខាង​បក្សនយោបាយ​ណាមួយ​នោះ​ទេ​។ លោក​បន្ត​ថា ក្នុង​ដំណែង​ព្រះ​អង្គជា​ព្រះ​ចៅអធិការ ព្រះអង្គ​បាន​អភិវឌ្ឍ​សាងសង់​កុដិ រៀបចំ​ទី​ឃ្លា​ក្នុង​វត្ត​អារាម និង​មាន​ញាតិ​ញោម​ពុទ្ធបរិស័ទ​ច្រើន​មក​ធ្វើ​បុណ្យទាន៖ «កន្លង​មក​ឈ្មោះ ណាក់ ណាច ហ្នឹង​រស់នៅ​ក្នុង​វត្ត ដល់​អ៊ីចឹង​ទៅ​ខាងលើ​មិន​ទុកចិត្ត គេ​ឱ្យ​លោក​ដេញ​ចេញ​។ លោក​អត់​បាន​ដេញ​ចេញ គេ​ចេះតែ​ផ្លាស់ប្ដូរ​ទៅ អ្នកមួយ​ចំនួន​ក៏​ពេញចិត្ត មួយចំនួន​ក៏​មិន​ពេញចិត្ត ដក​ទាំង​តក់ក្រហល់​ទាំង​អត់​ដឹង​អ៊ីចឹង​។ ការ​សោកស្ដាយ​ចេះតែ​មាន​ហើយ ធ្វើ​ម៉េច​ខាងលើ​គេ​តម្រូវការ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​ព្រះមេគណ​ខេត្ត​ត្បូងឃ្មុំ ព្រះតេជព្រះគុណ លឹម គឹម​ឡុង និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​នេះ គឺ​លោក ហាក់ ហ៊ុន ដើម្បី​សាកសួរ​បន្ថែម​ពី​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៦ ឧសភា។

ចំណែកឯ មេឃុំ​រំចេក លោកស្រី សុខ ណារិត បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​សាកសួរ​៖ «​រឿង​ហ្នឹង​ខ្ញុំ​អត់​មាន​ពេល​ទៅ​និយាយ​ជាមួយ​ទេ»

ការ​ដក​ដំណែង​ជា​ព្រះ​ចៅ​អធិការ​របស់​ព្រះតេជព្រះគុណ ហត រតនា ធ្វើឡើង​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ឧសភា​។ ព្រះតេជព្រះគុណ ហត រតនា បន្ថែម​ថា មន្ត្រី​សង្ឃ​ដែល​ចូល​នោះ​ក៏បាន​លើកឡើង​ថា មុន​ពេល​ដក​ដំណែង​ព្រះអង្គ ក៏​មាន​ការរៀបចំ​ព្រះចៅ​អធិការ​ដោយ​គណៈសង្ឃ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​រួច​ជា​ស្រេច។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ ឡេង សេងហាន មាន​ប្រសាសន៍​ថា បើ​ការ​ដក​ដំណែង​ព្រះតេជព្រះគុណ ហត រតនា ភ្ជាប់​នឹង​រឿង​នយោបាយ​នោះ អាជ្ញាធរ​មិន​បាន​អនុវត្ត​តួនាទី​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ​។ លោក​បន្ត​ទៀត​ថា ទោះបី​ព្រះតេជព្រះគុណ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់អំណាច ក៏​ពុំ​មែន​ជា​រឿង​ខុសច្បាប់​ដែរ៖ «បើ​ដូច​អ្វី​ដែល​ព្រះអង្គ​មាន​សង្ឃដីកា​មែន អាហ្នឹង​គឺជា​ការរើសអើង ។ ទី​ពីរ ការ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ ឬ​ជាមួយ​គណបក្ស​នយោបាយ​មិន​ខុសច្បាប់​ទេ ព្រោះ​គ្មាន​ច្បាប់​ណា​ចែង​ហាមប្រាម​មិន​ឱ្យ​មានការ​ទំនាក់ទំនង​ដែរ​។ ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទំនាក់ទំនង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ករណី​ដែល​ព្រះតេជព្រះគុណ​មាន​ទំនាក់​ទង​រាប់អាន​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង ហើយ​ត្រូវ​បាន​ដក​ដំណែង​បែបនេះ កាន់តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា អាជ្ញាធរ​នៅតែ​បន្ត​ការរើសអើង​និន្នាការ​នយោបាយ និង​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ដែល​មាន​ទស្សន​នយោបាយ​មិន​ស្រប​នឹង​បក្ស​កាន់អំណាច​។ ទន្ទឹម​គ្នា​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខ សកម្មជន​គណបក្ស​នេះ​រង​ការ​ការ​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព​ដោយ​ការ​ប្ដឹង​ទៅ​តុលាការ ការ​ចាប់​ឃុំខ្លួន ការ​គំរាម​នានា និង​វាយ​ធ្វើបាប​ពី​ជន​មិន​ស្គាល់​មុខ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។