ប៉ូលិស​ខេត្ត​បាត់ដំបង​គំរាម​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​ប្រមូល​ផ្ដុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ប៉ូលិស​ស្រុក​រុក្ខ​គិរី ចុះ​ទៅ​សាកសួរ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ២០១៩។
សកម្មភាព​ប៉ូលិស​ស្រុក​រុក្ខ​គិរី ចុះ​ទៅ​សាកសួរ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ពលរដ្ឋ

ប៉ូលិស​ខេត្ត​បាត់ដំបង​ជា​ច្រើន​នាក់​ បាន​​ទៅ​គំរាមកំហែង​​មន្ត្រី​គណ​បក្ស​ប្រឆាំង​ប្រចាំ​ស្រុក​មួយ​ចំនួន​ដល់​ផ្ទះ​ ដើម្បី​ឲ្យ​ពួក​គាត់​ឈប់​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី​ ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុ​ផល​​​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​​ទៅ​ហើយ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ ថា​ជា​ការ​គំរាមកំហែង​បិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ​ និង​រំលោភ​ច្បាប់។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា ពួក​គាត់​មិន​អាច​ធ្វើ​តាម​សំណើ​របស់​សមត្ថកិច្ច​នេះ​បាន​ទេ ព្រោះ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ រហូត​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ជួប​ជុំ​គ្នា​ជា​ក្រុម​បាន​នោះ​ទេ​ ដូច្នេះ​ចាប់​ពី​ថ្ងៃនេះ​ទៅ​ ពួកគាត់​មិន​អាច​នៅ​ស្ងៀម​បន្ត​ទៅ​ទៀត​បាន​ឡើយ។

អតីត​ជំទប់​ទី​២ ឃុំ​ស្ដុក​ប្រវឹក​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក ប្រាក់ ឈន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​៧ មករា​ថា ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ស្ដុក​ប្រវឹក​ម្នាក់ ​និង​ប៉ូលិស​មក​ពី​អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី ម្នាក់​ បាន​​ទៅ​គំរាមកំហែង​​រូប​លោក​ដល់​​​ផ្ទះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មករា។ លោក​អះអាង​ទៀត​ថា ប៉ូលិស​បង្ខំ​ឲ្យ​លោក​ឈប់​ជួប​ជុំ​គ្នា​គាំទ្រ​លោក​ សម រង្ស៊ី​ ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ​ បន្ត​ទៀត​ បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​វិធានការ​ផ្សេង​ទៀត​មក​លើ​រូប​លោក​ជា​មិន​ខាន៖ «ខ្ញុំ​សួរ​ដែរ​ពាក់ព័ន្ធ​នឹង​គេ​មក​គំរាម​ខ្ញុំ​នេះ ខ្ញុំ​បង្ហោះ​សារ​គាំទ្រ​លោក​ប្រធាន​ ដូច្នេះ​គេ​ថា​ ខ្ញុំ​រំលឹក​​គណបក្ស សង្គ្រោះ​ជាតិ​ គេ​ថា​គណបក្ស សង្គ្រោះ​ជាតិ ស្លាប់​ហើយ គេ​មិន​ឲ្យ​ខ្ញុំ​បង្ហោះ​ទេ​ ដោយ​សារ​លោក​ សម រង្ស៊ី ជា​ទណ្ឌិត​អី​ណា ហើយ​ថា បើ​ខ្ញុំ​ចង់​ចូលរួម​នយោបាយ​គាំទ្រ​គណបក្ស​ផ្សេង​ទៅ គាត់​សមត្ថកិច្ច​និយាយ​ដូច្នេះ​សម​គួរ​ទេ»

ចំណែក​នៅ​ស្រុក​កំរៀង​ឯណោះ​វិញ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​គំរាមកំហែង​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដល់​ផ្ទះ​ដូច្នោះ​ដែរ។

ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​កំរៀង លោក គ្រុយ គឹមសាំង មាន​ប្រសាសន៍​ថា អធិការ​នគរបាល​ស្រុក​នេះ បាន​ដឹក​នាំ​ប៉ូលិស​ចំនួន ៥នាក់ ទៅ​ដល់​ផ្ទះ​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មករា។ លោក​ថា ប៉ូលិស​បាន​បង្ខំ​ឲ្យ​លោក​កុំ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ជា​ពិសេស គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​លើក​ហេតុ​ផល​ថា សព្វ​ថ្ងៃ​ប្រទេស​កំពុង​តែ​មាន​សន្តិភាព ដូច្នេះ​ដើម្បី​រស់​នៅ​មាន​សេចក្ដី​សុខ​ទាំង​អស់​គ្នា ត្រូវ​នៅ​ឲ្យ​ស្ងៀម​ស្ងាត់​កុំ​ធ្វើ​សកម្មភាព​ដូច​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ឲ្យ​សោះ៖ «នេះ​ជា​ការ​បិត​សិទ្ធិ​ខ្ញុំ​គំរាមកំហែង​ខ្ញុំ​ពេក​ហើយ​ ព្រោះ​ថា​ខ្ញុំ​អតីត​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​មែន​ តែ​ឥឡូវ​នេះ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ។ ខ្ញុំ​ជម្រាប​ថា កុំ​ឲ្យ​ខ្ញុំ​ធ្វើ​​អី​ខុស​ពី​ផ្លូវ​ច្បាប់​ខ្ញុំ​អត់​ខ្លាច ខ្ញុំ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​គាំទ្រ​លោក សម រង្ស៊ី និង​លោក​ប្រធាន កឹម សុខា ជា​មួយ​មនុស្ស​តែ​មួយ​អត់​មាន​ខុស​អី​ទេ»

លោក​បន្ថែម​ទៀត​ថា រឿង​នេះ​សមត្ថកិច្ច​ប្រហែល​ព្រួយបារម្ភ​ខ្លាច​លោក​ប្រមូល​ផ្ដុំ​សមាជិក​គណបក្ស​​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​បាក់​មុខ​មាត់​ដល់​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​កំរៀង លោក គីម ពន្លក មាន​ប្រសាសន៍​ថា លោក​ធ្វើ​នេះ​ក្នុង​បំណង​ល្អ​ ដោយ​សារ​ការ​អាណិត​ស្រលាញ់​ក្នុង​នាម​ជា​អ្នក​ស្រុក​ជុំ​គ្នា​ទេ មិន​មែន​ជា​ការ​គំរាមកំហែង​នោះ​ឡើយ៖ «ខ្ញុំ​ថា រស់​នៅ​វា​សុខសាន្ត​អស់​ហើយ​មិន​ចាប់​ទៅ​ធ្វើ​អី​ទេ ព្រោះ​​ប្រជាជន​រវល់​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​អី​នាំ​គ្នា​សុខៗ ទាំង​អស់​គ្នា​ទៅ សំខាន់​ប្រជាជន​បាន​សុខ។ គំរាមកំហែង​អី​មនុស្ស​រស់​នៅ​ដូច​គ្នា​រាល់​ថ្ងៃ គង់​តែ​ស្លាប់​ទៅ​វិញ​ដូចគ្នា​ទេ គ្រាន់​តែ​ថា កុំ​ឲ្យ​ប្រជាជន​លំបាក។ ដូច្នេះ​សូម​ឲ្យ​មាន​ការ​យោគ​យល់»

ប៉ុន្តែ​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី លើក​ឡើង​ថា ទង្វើ​របស់​ប៉ូលិស​នេះ គឺ​ជា​ការ​គំរាមកំហែង​បំបិទ​សិទ្ធិ​សេរីភាព​ក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង មិន​មែន​ជា​ការ​អាណិត​ស្រលាញ់​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សកម្មជន​គណបក្ស​ប្រឆាំង​ជួប​ជុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គឺ​ជា​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​មិន​ខុស​ច្បាប់​ឡើយ៖ «ដូច្នេះ​ទេ​សកម្មភាព​នេះ​ល្មម​ផ្អាក​ហើយ​ ហើយ​ក៏​សំណូម​ពរ​ដល់​អធិការ​និង​ស្នងការ​ផង​ សូម​លោក​ធ្វើ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​សកម្មភាព​របស់​មន្ត្រី​ទាំង​នេះ​ដើម្បី​កុំ​ឲ្យ​គេ​ចោទ​ថា​មាន​បញ្ជា​ពី​លើ​មក។ បើ​សិន​ជា​ទង្វើ​ខុស​ច្បាប់​ខ្ញុំ​មិន​ថា​ទេ តែ​ទង្វើ​នេះ​គ្មាន​ច្បាប់​ណា​ចែង​ថា​ខុសច្បាប់​ទេ​ ហើយ​ខ្ញុំ​គិត បើ​សិន​ជា​រឿង​នេះ​ខុស​ច្បាប់ ម្ល៉េះ​សមត្ថកិច្ច​មិន​មែន​ចុះ​ទៅ​ណែនាំ​ទេ គឺ​ចាត់​វិធាន​ការ​រួច​បាត់​ហើយ»

មួយ​រយៈ​ចុងក្រោយ​នេះ​ សកម្មជន​គណបក្ស​ប្រឆាំង​ទូទាំង​ប្រទេស ​បាន​ផុលផុស​ជួប​ជុំ​គ្នា​គាំទ្រ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ខេត្ត​ខ្លះ​មាន​សមាជិក​បក្ស​ប្រឆាំង​ជួបជុំ​គ្នា​ដល់​ទៅ​ជាង ១០០នាក់​ក៏​មាន ដោយ​ពួកគាត់​យល់​ថា​ ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។ ដូច្នេះ​មាន​តែ​លោក​ សម​ រង្ស៊ី ទេ​ ដែល​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ទាំង ២​រូប ​អះអាង​ថា បើ​ទៅ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​ប៉ូលិស​យ៉ាង​នេះ​ក្ដី​ ក៏​ពួក​គាត់​មិន​បោះបង់​ការ​ជួប​ជុំ​ពង្រឹង​សាមគ្គីភាព​របស់​សមាជិក​គណបក្ស​ខ្លួន​ដែរ ព្រោះ ពួក​គាត់​យល់​ថា ការ​សាមគ្គី​រឹងមាំ​ទើប​អាច​យក​ឈ្នះ​របប​លោក ហ៊ុន សែន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល