ក្រុមយុវជន ១០០ រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម ឡី ភ័យព្រួយពីសុវត្ថិភាព ក្រោយពីលាតត្រដាងវីដេអូ បញ្ហាព្រំដែនកម្ពុជា-វៀតណាម តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗ នេះ។ ការព្រួយពីសុវត្ថិភាពនេះ គឺក្រោយពីមានសារព្រមាន ពីប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង និងប្រធានរាជបណ្ឌិតសភា លោក សុខ ទូច ដែលផ្ដាំទៅក្រុមយុវជនប្រយ័ត្នជាប់គុក និង រត់ចោលស្រុក ប្រសិនបើការស្រាវជ្រាវនោះមិនត្រឹមត្រូវ។
ក្រុមការងារ ១០០ រាត្រី ប្រកាសចំហថា នឹងក្រាញននៀលបន្តបេសកកម្មពីបណ្ឌិត កែម ឡី បើទោះបីរងការគំរាមកំហែង ពីសំណាក់មន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន យ៉ាងណាក្ដី។ ពួកគេសង្កេតឃើញថា អាជ្ញាធរបានបញ្ជូនសមត្ថកិច្ចតាមដាន និងឃ្លាំមើលគ្រប់សកម្មភាព បន្ទាប់ពីពួកគេបានផ្សាយវីដេអូ ស្ដីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមកន្លងទៅថ្មីៗ នេះ។
សមាជិកក្រុមការងារ ១០០ រាត្រី ដែលចុះស្រាវជ្រាវបញ្ហាព្រំដែនលោក ស៊ឺន ពិសិទ្ធ ឲ្យដឹងនៅថ្ងៃទី ៣ មករាថា ពួកគេសោកស្ដាយ នៅគ្រាដែលយុវជនឈឺឆ្អាលបញ្ហាព្រំដែន ការពារប្រយោជន៍ជាតិមិនត្រូវបានលើកទឹកចិត្ត បែរជាគំរាមកំហែង បំបាក់ស្មារតី។ លោកភ័យព្រួយពីសុវត្ថិភាពខ្លះៗដែរ ក្រោយពីសមត្ថកិច្ចបានឃ្លាំមើលសកម្មភាពពួកគេ ជាពិសេសការគំរាមកំហែងពីសំណាក់មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ។ តែទោះយ៉ាងណាលោកមិនបោះបង់បេសកកម្មនេះទេ និងព្យាយាមរកមធ្យោបាយឲ្យដំណើរបេសកកម្មនេះទទួលបានជោគជ័យ។
លោក ស៊ឺន ពិសិទ្ធ សង្កត់ធ្ងន់ៗ ថា ក្រុមយុវជនបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនស្ម័គ្រចិត្តស្រាវជ្រាវបញ្ហាព្រំដែន ខណៈដែលពលរដ្ឋខ្មែរជាច្រើនគ្រួសារត្អូញត្អែរ ពីការរបូតដីស្រែរបស់ខ្លួនទៅវៀតណាមរាប់រយហិកតារ គ្មានដំណោះស្រាយ៖ «មានគិញ ឬចារកិច្ច តាមដានពួកខ្ញុំអ៊ីចឹង មាននៅហាងកាហ្វេ និងតាមផ្លូវ គេប្រើគ្រប់វិធីសាស្ត្រ។ តាមខ្ញុំបណ្ដាញព័ត៌មានរត់ចោលស្រុក គឺជាសារមិនល្អសម្រាប់មន្ត្រីរដ្ឋាភិបាលស៊ីប្រាក់ខែប្រជាជន » ។
ថ្មីៗនេះ ប្រធានរាជបណ្ឌិតសភា លោក សុខ ទូច បានប្រាប់វិទ្យុក្នុងស្រុក វីអូឌីដោយផ្ដាំទៅក្រុមយុវជន ១០០ រាត្រីថា កុំឲ្យយកអារម្មណ៍ធ្វើការស្រាវជ្រាវបែបនេះ ឬក៏ចង់ឲ្យខ្លួនល្បីល្បាញ ប្រយ័ត្នជាប់គុក ប្រសិនបើការស្រាវជ្រាវនោះ គ្មានវិជ្ជាជីវៈ និងបច្ចេកទេសច្បាស់លាស់នោះទេ៖ «បើយើងយកអារម្មណ៍ទៅប្រើ ដើម្បីឲ្យគេស្គាល់ ឲ្យគេល្បី អាហ្នឹងជាប់គុកហើយ។ បើសិនជាអ្នកបច្ចេកទេស គឺជាប់គុក ព្រោះជាប់គុកម៉េច ធម្មតាប្រទេសវៀតណាម ក៏គេមិនចង់បាត់ដី និង កម្ពុជាក៏មិនចង់បាត់ដី ហើយបើថាបាត់ទៅនេះលើស តើអះអាងទៅលើអី ?» ។
ចំណែកប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់បដិសេធថា មិនបានគំរាមយុវជនផ្សព្វផ្សាយវីដេអូ បញ្ហាព្រំដែននោះទេ ក៏ប៉ុន្តែលោកស្នើសុំឲ្យយុវជនដែលស្រាវជ្រាវរឿងនេះ ត្រូវប្រយ័ត្នប្រយែង កុំចោទប្រមុខដឹកនាំរដ្ឋថា ប្រើប្រាស់ផែនទីក្លែងក្លាយឲ្យសោះ។ តែទោះយ៉ាងណា លោក វ៉ា គឹមហុង ក៏ធ្លាប់ថ្លែងប្រាប់កាសែតភ្នំប៉ុស្តិ៍ដោយព្រមានយុវជន ១០០ រាត្រីថា ប្រយ័ត្នរត់ចោលស្រុក៖ «នាយករដ្ឋមន្ត្រី មានប្រសាសន៍ហើយថា នរណាហ៊ានតែចោទថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ លោកអត់មាន អត់ឱនឲ្យទេ ហើយគេថា បោះអ៊ីចឹង គឺបោះឲ្យបាត់ទឹកដីខ្មែរ អត់អនុញ្ញាតឲ្យទេ។ ខ្ញុំមិនថា ឲ្យរត់ចោលស្រុកទេ គ្រាន់តែថា ឲ្យប្រយ័ត្នកុំចេះតែចោទ។ បើយើងមានភស្តុតាងត្រឹមត្រូវ ឲ្យស្គាល់ប្រវត្តិសាស្ត្រ ឲ្យស្គាល់ប្រវត្តិសាស្ត្រ » ។
កាលពីអំឡុងខែធ្នូ ឆ្នាំ ២០១៨ ក្រុមយុវជនបានផ្សព្វផ្សាយវីដេអូ ជាង ៧នាទី ដែលពួកគេ ចុះស្រាវជ្រាវពីស្ថានភាពព្រំដែនជាក់ស្ដែងនៅចំណុចចំពុះទា ក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយរកឃើញថា កម្ពុជារបូតដីស្រែរាប់រយហិកតារ ទៅប្រទេសវៀតណាម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដំណើរបេសកកម្មចុះនោះពួកគេ បានជួបពលរដ្ឋនៅមូលដ្ឋាន និងពិនិត្យបង្គោលព្រំដែនលេខ ១៩៤ ដល់ ១៩៩ បោះកាលពីឆ្នាំ ២០០៩។ បង្គោលទាំងនោះ ឆ្ងាយពីបង្គោលចាស់សម័យបារាំងលេខ ៣៥ ដល់ ៤០។
លើសពីនេះ បង្គោលថ្មីលេខ ១៩៩ ឆ្ងាយពីបង្គោលចាស់សម័យបារាំង ២គីឡូម៉ែត្រ។ ចំណែកផ្លូវក្រវាត់ព្រំដែន ដែលវៀតណាមសាងសង់កាលពីឆ្នាំ២០០៥ ចូលដីស្រែពលរដ្ឋខ្មែររាប់រយហិកតារ រហូតមកទល់ពេលនេះគ្មានដំណោះស្រាយ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក មួង សូនី ចាត់ទុកការគំរាមនេះ ជាការបំបាក់ស្មារតីយុវជន មិនឲ្យចង់ដឹងឮបញ្ហាព្រំដែន។ លោកយល់ថា បើពលរដ្ឋ និង យុវជនខ្លាចសារគំរាមនេះមិនអាចរកដំណោះស្រាយបញ្ហាព្រំដែនបានទេ ផ្ទុយទៅវិញ កម្ពុជាអាចនឹងបាត់បង់ដីថែមទៀតនៅថ្ងៃអនាគត៖ «ជាប្រធានរាជបណ្ឌិតសភា លោក សុខ ទូច អត់មានវីដេអូ អត់មានអីដើម្បីបង្ហាញពលរដ្ឋផង គឺយកមក ដើម្បីតែឈ្នះបក្សប្រឆាំង ដើម្បីគំរាមយុវជន ដើម្បីប្រកែកឈ្នះពលរដ្ឋខ្លួនឯង ហើយយើងថា យើងជាអ្នកស្រាវជ្រាវ។ ស្រាវជ្រាវអី បើផែនទី ដែលកម្ពុជា យ៉ាងនេះផែនទីបោះរបៀបម៉េច ? លោក សុខ ទូច គួរគិតពិចារណានោះ បើពួកខ្ញុំជានិស្សិតរៀនមិនបានរៀនដល់ពួកគាត់ មិនចេះដឹង គាត់គួរតែបើកចិត្តឲ្យទូលាយថា ប្អូនមានកំហុសអ៊ីចេះៗ ចៀសវាងផ្ញើសារគំរាម និង ដៀលថា ពួកខ្ញុំជាយុវជន ជាពូកអគតិ » ។
លោក មួង សូនី ហួសចិត្តនៅគ្រាដែលបណ្ឌិត សុខ ទូច ចោទពួកគេថា ក្រុមយុវជនស្រាវជ្រាវ ដើម្បីចង់ល្បី និងធ្វើកិច្ចការតាមអារម្មណ៍។ លោកសង្ស័យពីមូលហេតុ ដែលអាជ្ញាធរ មិនចង់ឲ្យពលរដ្ឋខ្មែរស្វែងយល់ពីការបោះបង្គោលព្រំដែនកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។