"កម្ពុជា​បរាជ័យ​លើ​គម្រោង​អភិវឌ្ឍ​រួម​នៅ​តំបន់​មុំ​៣ និង​អាច​កាន់​កាប់​ផ្ដាច់​មុខ​ដោយ​វៀតណាម"

ដោយ សេក បណ្ឌិត
2019-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​ព្រំដែន​នៅ​តំបន់ត្រីកោណ ​កម្ពុជា ឡាវ និង​វៀតណាម ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៨។
បង្គោល​ព្រំដែន​នៅ​តំបន់ត្រីកោណ ​កម្ពុជា ឡាវ និង​វៀតណាម ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្តរតនគិរី

ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ១០០​រាត្រី ដែល​ដឹកនាំ​គម្រោង​នេះ បន្ត​ពី​លោក បណ្ឌិត កែម ឡី រក​ឃើញ​ថា កម្ពុជា​បរាជ័យ​លើ​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​លើ​តំបន់​ត្រីកោណ​ពិសេស (CLV) ឬ​ហៅថា តំបន់​មុំ​៣ ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង ឡាវ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន មើល​ឃើញ​ថា វៀតណាម កំពុង​មាន​ប្រៀប​ក្ដោបក្ដាប់​តំបន់​នោះ ដោយ​ទទួល​បាន​ផលប្រយោជន៍​លើសលប់​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ហើយ​ពួកគាត់​បារម្ភ​ថា វៀតណាម​នឹង​អាច​កាន់កាប់​តំបន់​នេះ​ផ្ដាច់មុខ នា​ពេល​ខាង​មុខ​នេះ។

មន្ត្រី​រដ្ឋាភិបាល​នៃ​របប​លោក ហ៊ុន សែន ច្រានចោល​​​ការ​រក​ឃើញ​នេះ និង​អះអាង​ថា ការ​បញ្ចូល​តំបន់​អភិវឌ្ឍ​ន៍​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​​ជាមួយ​វៀតណាម និង​ឡាវ​ នេះ នឹង​មិន​អាច​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ ហើយ​កិច្ចព្រមព្រៀង​នេះ កំពុង​តែ​ពិភាក្សា​លើ​យន្តការ​អនុវត្ត ដែល​ផ្នែក​ខ្លះ​បាន​ដំណើរការ និង​ទទួល​បាន​លទ្ធផល​ជា​បណ្ដើរៗ​ ហើយ។

បើ​ទោះ​បី​ជា​របប​លោក ហ៊ុន សែន អះអាង​ថា មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ​ពិសេស​នេះ​ក្តី ក៏​ក្រុម​យុវជន ១០០​រាត្រី និង​អ្នកឃ្លាំមើល​បរិស្ថាន ដែល​បាន​ចុះទៅ​សិក្សា​នៅ​តំបន់​នោះ​ផ្ទាល់ បាន​រក​ឃើញ​ថា តំបន់​នេះ​ពុំ​មាន​ឃើញ​មានការ​រីកចម្រើន​អ្វី​ឡើយ​សម្រាប់​ភាគី​កម្ពុជា និង​ឡាវ តាំងពី​មាន​កិច្ចព្រមព្រៀង​រួម​គ្នា​ជិត ១០​ឆ្នាំ​មក​ហើយ​ក្ដី។

ប្រធាន​ក្រុម​ដឹកនាំ​យុវជន​១០០​រាត្រី លោក មួង សូនី ឱ្យ​ដឹង​ថា ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​លោក គឺ​ពុំ​ឃើញ​ការ​អភិវឌ្ឍ​លើ​ផ្នែក​ណាមួយ ដែល​ថា​ផ្ដល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​តាម​បណ្ដោយ​ព្រំដែន​នោះ​ឡើយ ដូចជា​ផ្លូវថ្នល់ ប្រព័ន្ធ​សុខាភិបាល សាលារៀន កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត គឺ​មិន​​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់៖ «ទិដ្ឋភាព​រួម​នៅ​តំបន់​នោះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជួប​បញ្ហា​លំបាកៗ​ជាច្រើន ដូចជា​បញ្ហា​កសិកម្ម​ធ្វើ​បាន មានតែ​ឈ្មួញ​វៀតណាម​ទេ​ដែល​ទទួល​ទិញ គ្មាន​ប្រភព​ទឹក បច្ចេកទេស​ដាំ​ដុះ​ក៏​គ្មាន ដើមទុន​ក៏​គ្មាន ជី​កសិកម្ម​មាន​តែ​ទិញ​ពី​ប្រទេស​វៀតណាម​ដែល​មាន​តម្លៃ​ថ្លៃ»

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស ឬ​ហៅថា (CLV) បាន​ព្រមព្រៀង​បង្កើត​ឡើង កាល​ពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​នេះ មាន​ខេត្ត​ចំនួន​១៣ ជា​ចំណុះ។ ភាគី​កម្ពុជា បាន​ដាក់​បញ្ចូល​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ជាដើម​ទុន ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​សែន​នាក់។ រីឯ​ប្រទេស​ឡាវ ក៏បាន​ដាក់បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន ៤​ខេត្ត​ដែរ មាន​ខេត្ត​អាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់។ ចំណែក​ភាគី​វៀតណាម បាន​ដាក់​បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​យ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែល​ខេត្ត​ទាំងនេះ​មាន​មនុស្ស​ជាង ៧​លាន​នាក់។

កិច្ចព្រមព្រៀង​រួមគ្នា​នៃ​ប្រទេស​ទាំង​៣ ក្នុង​ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ គឺ​ឈរ​លើ​គោលដៅ និង​មធ្យោបាយ​សំខាន់ៗ​ ជាច្រើន​។ ក្នុង​រួមមាន ការ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវថ្នល់ និង​សេវាកម្ម​សុខាភិបាល​រវាង​ប្រទេស​ទាំង​បី មាន​ន័យថា ពលរដ្ឋ​រវាង​ប្រទេស​ទាំង​បី​នេះ អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​នីមួយៗ ​បាន​ទៅវិញទៅមក​។ ការ​ចល័ត​ពាណិជ្ជកម្ម បាន​ន័យថា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​ទាំង​បី​នេះ អាច​នាំ​យក​ផលិតផល​របស់​ខ្លួន​ឆ្លង​ចូល​ធ្វើ​ជំនួញ​ទៅវិញទៅមក ដោយ​មិន​ចាំបាច់​មាន​វីសា ឬ​លិខិតឆ្លងដែន​នោះ​ទេ។

ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ នៃ​អនុគណៈកម្មការ​សេដ្ឋកិច្ច ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV DTA) នៅ​ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ពិភាក្សា​លើ​ផែនការ​អនុវត្តន៍​សកម្មភាព​ជា​ច្រើន ក្នុង​នោះ​រួមមាន៖

-ការ​ត​ភ្ជាប់​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងបី រហូតដល់​ឆ្នាំ​២០៣០ និង​ការរៀបចំ​ផែនការ​សកម្មភាព សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង ស្ដីពី​ការ​ជំរុញ និង​សម្របសម្រួល​​ពាណិជ្ជកម្ម នៅ​ក្នុង​តំបន់​ត្រី​កោណ​នេះ។

-ផ្លាស់ប្ដូរ​ទស្សនៈ​លើ​លទ្ធភាព​បញ្ចប់​របាយការណ៍​សិក្សា ស្ដីពី​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ ក្នុង CLV DTA និង​កិច្ចព្រមព្រៀង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ និង​ព័ត៌មាន តាមរយៈ​មន្ត្រី​បង្គោល​នៃ​ប្រទេស​ទាំង​បី។

-ប្រគល់​ភារកិច្ច​ជូន​វៀតណាម ដឹកនាំ​រក្សាទុក និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៃ​គេហទំព័រ CLV DTA និង​ឯកភាព​ឱ្យ​ស្ថាប័ន​ទាំ​ងបី សហការ​បង្ហោះ​ព័ត៌មាន ដែល​មាន​ការ​ឯកភាព តម្លាភាព។

កាល​ពី​រៀបចំ​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​លើកដំបូង ពោល​កាលពី​ជិត ១០​ឆ្នាំ​មុន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ក្នុង​ខេត្ត​ជាប់​ព្រំដែន​រំពឹង​ថា គម្រោង​នេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រីកចម្រើន​ជាង​បច្ចុប្បន្ន ជាពិសេស​វិស័យ​ទេសចរណ៍​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។ ក៏ប៉ុន្តែ​ពេល​នេះ ពួកគាត់​ប្រែជា​ខកចិត្ត​ទៅវិញ ពីព្រោះ​ពួកគាត់​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ ពី​ផែនការ​អភិវឌ្ឍ​រួមគ្នា​នេះ។

ជាង​នេះ​ទៅ​ទៀត ធនធានធម្មជាតិ​ក្នុង​តំបន់​ពួកគាត់​រស់នៅ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​នោះ រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដោយ​ការ​ទាញ​យក​ផល​មិន​សមស្រប ពី​សំណាក់​ក្រុម​ឈ្មួញ​មាន​លុយ មាន​អំណាច ចូល​មក​រកស៊ី​ល្មើស​ច្បាប់។

ក្រុម​យុវជន​ ១០០​រាត្រី លោក មួង សូនី ស្រាវជ្រាវ​ឃើញ​ថា អ្នក​ដែល​ទទួល​ផល​ចំណេញ​ពី​ផែនការ​អភិវឌ្ឍ​នេះ គឺ​វៀតណាម។ ប្រទេស​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​លើ​តំបន់​ត្រី​កោណ​ពិសេស​នេះ។ លោក​ថា ធនធានធម្មជាតិ ជាពិសេស​ឈើ​ប្រណីត​ត្រូវ​ឈ្មួញ​កាប់​ដឹក​ចេញ​ទៅ​ខាង​ប្រទេស​​​វៀតណាម ទោះ​ឈើ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ការពារ​ដោយ​ច្បាប់​យ៉ាងណាក៏ដោយ ហើយ​សូម្បីតែ​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​នៃ​ខេត្ត ទាំង​៤​របស់​កម្ពុជា​នោះ ក៏​វៀតណាម​គ្រប់គ្រង​ភាគច្រើន​ដែរ តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច៖ «​និយាយ​រួម​តំបន់​ត្រីកោណ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិសេស​រួមគ្នា​នេះ គ្មាន​ប្រយោជន៍​អ្វី​ទាល់តែសោះ​ដែល​រដ្ឋាភិបាល​កម្ពុជា គាត់​សម្រេចចិត្ត​ចូលរួម​អភិវឌ្ឍ​ជាមួយ​វៀតណាម​នោះ​ទេ ទី​១ ​កម្ពុជា​ពុំ​ទាន់​មានលទ្ធភាព​អភិវឌ្ឍ​តំបន់​ព្រំដែន​​លើ​​គ្រប់​​វិស័យ​ឱ្យ​ល្អ​ដូច​ប្រទេស​វៀតណាម​ទេ។ ទី​២ ​ចំនួន​ប្រជាជន​ក៏​អត់​ច្រើន​ដូច​ប្រទេស​វៀតណាម​ដែរ ដែល​អាច​បង្ក​ភាព​ងាយស្រួល​ឱ្យ​វៀតណាម​ឈ្លានពាន​យក​តំបន់​ត្រីកោណ​ក្នុង​ខេត្ត​ទាំង​៤​របស់​កម្ពុជា»

ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន ឱ្យ​ដឹង​ថា តំបន់​ភូមិ​ភាគ​ឦសាន​របស់​កម្ពុជា ជា​តំបន់​មួយ​ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ដែល​មាន​តម្លៃ​ដ៏​មហាសាល ដូចជា​ព្រៃឈើ រ៉ែ​មាស រ៉ែ​បុកស៊ីត សំណ​ដែក ថ្ម​ម៉ាប និង​ជា​ជង្រុក​នៃ​អនុផល​ធម្មជាតិ​ដ៏​ធំ ព្រមទាំង​ជា​តំបន់​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​សំខាន់បំផុត​ក្នុង​ឥណ្ឌូចិន។

មក​ទល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ បាន​សំដែង​ការ​យល់ឃើញ​ស្របគ្នា​ថា ប្រទេស​វៀតណាម គឺជា​ប្រភព​ចម្បង​នៃ​វិនាសកម្ម​ព្រៃឈើ​ខ្មែរ។

ពលរដ្ឋ​ម្នាក់ រស់នៅ​ខេត្ត​មណ្ឌលគិរី លោក លឹម ព្រំយើយ។ លោក​ជា​សកម្មជន​បរិស្ថាន ដែល​តែងតែ​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដទៃ​ទៀត នៅ​តំបន់​ភាគ​ឦសាន ជាពិសេស​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរជ័យ និង​តំបន់​ត្រីកោណ​ពិសេស ឬ​ហៅថា​តំបន់​មុំ​៣ (CLV)។ លោក​បាន​ឱ្យ​ដឹង​ថា លោក​បាន​ចុះទៅ​តំបន់​នោះ​ជា​ញឹកញាប់ ជាពិសេស​នៅ​ខែ​ប្រាំង។​

លោក​ថា ទីនោះ​ភាគច្រើន​មាន​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ ហើយ​ចំណុច​ខ្លះ​គ្មាន​មនុស្ស​រស់នៅ​ទេ គឺ​មានតែ​អ្នក​ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ និង​ក្រុម​ប្រដាប់​អាវុធ​ខ្លះ​ដែល​ចូល​មក​កាង​ការពារ ក្រុម​រកស៊ី​ឈើ​ល្មើសច្បាប់​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។ លោក​ថា ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច មិន​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍ​នេះ​ឡើយ ដោយសារ​គ្មាន​ផ្លូវ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំងអស់​។ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន ពុំ​មាន​លទ្ធភាព​ទៅដល់​តំបន់​នោះ​ឡើយ​។ ដូច្នេះ​លោក​ថា មាន​តែ​អាជ្ញាធរ​វៀតណាម និង​ឈ្មួញ​ឈើ​ជា​ជនជាតិ​វៀតណាម​ទេ ដែល​មាន​លទ្ធភាព​រស់​នៅ​តំបន់​នោះ​បាន​ស្រួល និង​មាន​សិទ្ធិ​អំណាច​ពេញទី​ក្នុង​ការ​គ្រប់គ្រង​កាន់កាប់​តំបន់​ព្រៃឈើ​ប្រណីត​នោះ ពីព្រោះ​ខាង​វៀតណាម​មាន​ផ្លូវថ្នល់​ល្អ​ស្អាត​ចូល​មកដល់​មាត់ច្រក​តំបន់​មុំ​បី ហើយ​មាន​សិទ្ធិ​ចេញ​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​សេរី។ ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ គឺ​មិន​អាច​ឆ្លងដែន​ចូល​ទៅ​ខាង​ទឹកដី​វៀតណាម​នោះ​បាន​ទេ ក្រៅ​តែ​ពី​ជនជាតិ​ដើម​ភាគតិច​ទើប​អាច​ឆ្លងដែន​ចូល​ខាង​វៀតណាម​បាន​ម្ដងម្កាល​។ លោក​បន្ត​ថា ដោយ​ឈរ​លើ​ទិដ្ឋភាព​ដូច​សព្វថ្ងៃ​នេះ លោក​បារម្ភ​ថា តំបន់​ត្រីកោណ​ពិសេស​នោះ មិន​យូរ​មិន​ឆាប់​នឹង​ក្លាយទៅជា​របស់​វៀតណាម​ផ្ដាច់មុខ៖ «និយាយ​រួម​ទៅ​សព្វថ្ងៃ​នឹង​វា​ហើយ ស៊ីដាច់​គេ​តែម្ដង​សម្រាប់​កម្ពុជា វៀតណាម ឡាវ គឺថា​វៀតណាម​អំណាច​ហ្មង​នៅ​តំបន់​មុំ​៣​នោះ ព្រោះ​ពួក​យួន​នេះ​ជា​ម្ចាស់​ទំនិញ វា​មាន​លុយ​វិនិយោគទុន ព្រៃឈើ​តំបន់​ហ្នឹង សូម្បី​ឡាវ គៀប​សង្កត់​បាន ខ្មែរ គៀប​សង្កត់​បាន វា​មាន​លុយ​អាច​បញ្ជា​យើង​បាន​គ្រប់​ទិសទី​ទាំងអស់ អ៊ីចឹង​ខ្ញុំ​គិត​ថា​អនាគត​ទៅមុខ​ដី​តំបន់​នោះ​ទៅ​ប្រទេស​យួន​អ្នក​កាន់កាប់»

លោក​ថា​តំបន់​នោះ នឹង​មិន​អាច​អភិវឌ្ឍ​ឱ្យ​ចំ​គោលដៅ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​នោះ​ទេ ដ៏​រាប​ណា​វៀតណាម នៅតែ​មាន​សិទ្ធិ​អំណាច​ខ្លាំង ក្នុង​ការ​គ្រប់គ្រង​តំបន់​នោះ ហើយ​ក្រុម​ឈ្មួញ​កាប់​ឈើ និង​ទាញ​យក​ធនធាន​ធម្មជាតិ​ដទៃ​ទៀត មិន​ទាន់​អស់ទាំង​ស្រុង​ពី​តំបន់​នោះ៖ «សេដ្ឋកិច្ច​ពិសេស​តំបន់​នោះ គឺ​ឈើ​…!! បើ​រឿង​ដំណាំ​ដាំ​ដុះ​មិន​ងាយ​ទេ​បង ព្រោះ​តំបន់​នោះ​គឺ​ភ្នំ សូម្បី​ផ្លូវ​ក្រវ៉ា​ព្រំដែន​ក៏​ធ្វើ​ដាច់​ពី​គ្នា​ដែរ គឺ​គេ​ធ្វើ​មក​ដល់​ជិត​តំបន់​ហ្នឹង កន្ទុយ​នាគ គឺ​គេ​ផ្អាក ដោយ​គេ​មិន​ចង់​ឱ្យ​មាន​ផ្លូវ​ស្អាត​ងាយ និង​ទទួល​បាន​ព័ត៌មាន​ពី​តំបន់​ព្រៃ​ហ្នឹង​ទេ អ៊ីចឹង​គេ​សុខចិត្ត​ទុក​ឱ្យ​តំបន់​ព្រៃ​ហ្នឹង​មាន​ផ្លូវ​លំបាក ងាយស្រួល​ឱ្យ​គេ​រកស៊ី​រាល់ថ្ងៃ​ដូចជា​ឈើ»

ចំណែក​លោក សៅ សុខា ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ថ្មីៗ​នេះ​សំដែង​ការ​សោកស្តាយ​ថា កម្ពុជា​មិន​ត្រឹមតែ​បាត់បង់​ធនធានធម្មជាតិ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ទៅ​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មិន​បាន​ប្រាក់ចំណូល​ពី​ការបាត់បង់​ទាំងនោះ​ទៅ​ក្នុង​ឃ្លាំង​ថវិកាជាតិ​ទៀត​ផង៖ «ខ្ញុំ​បាទ​ទួល​បាន​ព័ត៌មាន​ថា ប្រទេសជិតខាង​យើង​គេ​សល់​ព្រៃ​៦០%​នៃ​ផ្ទៃដី ផ្ទុយ​ទៅវិញ​គេ​ទទួល​បាន​ចំណូល​ពី​ការ​នាំ​ឈើ​ចេញ​បាន​រាប់ពាន់​លាន​ដុល្លារ ចំណែក​ប្រទេស​ខ្មែរ​យើង​ព្រៃ​បាត់​បង់លុយ​ចូល​ក្នុង​ខ្ទង់​ថវិកាជាតិ​អត់​មាន នេះ​ជា​ការ​ខ្មាសអៀន​មួយ​ធំ​ណាស់​ដែល​យើង​ជា​កូន​ខ្មែរ​ទាំងអស់​គ្នា…»

រីឯ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បញ្ជាក់​ថា ការ​បង្កើត​តំបន់​ត្រីកោណ​ពិសេស​នេះ​ឡើង ឈរ​លើ​ទិដ្ឋភាព ៤​ជា​សំខាន់ គឺ​ការ​កែប្រែ​ព្រំដែន​ឱ្យ​ក្លាយ​ជា​ព្រំដែន​មិត្តភាព​សហប្រតិបត្តិការ ការ​ផ្តល់​ព័ត៌មាន​ដល់​គ្នា​ទៅវិញទៅមក ការ​ដោះស្រាយ​បញ្ហា​ចរាចរ​គ្រឿងញៀន​ជាដើម​។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​លោក បាន​ទៅ​ដល់​តំបន់​នោះ​កាល​ពី​ប្រមាណ​២​ឆ្នាំមុន លោក​សង្កេត​ឃើញ​ថា នៅ​ខាង​ភាគី​វៀតណាម មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន ជាង​ខាង​កម្ពុជា និង​ឡាវ ហើយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នេះ ក្រៅពី​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ ទីនោះ​ក៏​ជា​តំបន់​ប្រឈម​នឹង​គ្រោះថ្នាក់​ផង​ដែរ៖ «តំបន់​នោះ​បើ​យើង​បាន​ទៅ ថា ជា​តំបន់​មួយ​រសើប​ក៏​ថា​បាន ជា​តំបន់​គ្រោះថ្នាក់​ក៏​ថា​បាន ឬ​ថា​ជា​តំបន់​អភិវឌ្ឍ​ក៏​ថា​បាន ព្រោះ​ជា​តំបន់​ដោះដូរ​គ្រឿងញៀន​គឺជា​តំបន់​ពិសេស​មែនទែន​ព្រោះ​ហូរ​ពី​ឡាវ​មក​តំបន់​ហ្នឹង​…​ហើយ​ខាង​វៀតណាម​មាន​ការ​អភិវឌ្ឍ​​ខ្លាំង ចំណែក​ខាង​យើង និង​ឡាវ​អត់​មានអី​ទេ ផ្លូវ​ក៏​គ្មាន​ដែរ»

លោក​បន្ត​ថា ខាង​កម្ពុជា និង​ឡាវ មក​ដល់​ពេល​នេះ សូម្បីតែ​ផ្លូវ​ទៅកាន់​តំបន់​មុំ​៣​នោះ ក៏​ពុំ​ទាន់​មាន​នៅ​ឡើយ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​មានការ​លំបាក​មែន​ទែន ជាពិសេស​នៅ​រដូវវស្សា គឺ​មិន​អាច​ធ្វើដំណើរ​បានតែ​ម្ដង ព្រោះ​ត្រូវ​ដើរកាត់​ព្រៃ​យូរ​ថ្ងៃ និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់៖ «តំបន់​នោះ​ជាទី​ស្ងាត់ ខ្ញុំ​ដើរ​កាល​ពី​ឆ្នាំ​២០១៧ យើង​ពឹង​ពាក់​ផ្លូវ​វៀតណាម​ទេ ឡាវ​ក៏​អ៊ីចឹង​ដែរ តែ​ដល់​ចំណុច​សូន្យ​ឡាវ​ប្រើប្រាស់​ដី​ខ្មែរ​ទេ សម្រាប់​ធ្វើ​ផ្លូវ​ឆ្លងកាត់»

លោក​ថា កក្តា​ដែល​គ្មាន​ពលរដ្ឋ​រស់នៅ គ្មាន​ផ្លូវ​គមនាគមន៍ នេះ គឺជា​ឧបសគ្គ​ធំ ក្នុង​ការ​អភិវឌ្ឍ​តំបន់​នោះ ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ចេញពី​ទី​រួម​ខេត្ត​ទាំង ៤ របស់​កម្ពុជា ឆ្ពោះ​ទៅ​តំបន់​មុំ​បី​នោះ និង​កំពុង​សិក្សា​រក​លទ្ធភាព​ធ្វើ​បន្ត​ទៀត ដើម្បី​ឱ្យ​ដល់​តំបន់​ត្រីកោណ​ពិសេស​នោះ​តែម្ដង ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​បាន​ថា នៅ​ពេល​ណា​នោះ​ទេ។

ក្រុម​យុវជន ១០០​រាត្រី នឹង​ចេញ​របាយការណ៍ ស្ដីពី​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មិន​អាច​រស់នៅ​ទីនោះ​បានជាប់លាប់ និង​បញ្ហា​ប្រឈម​នានា ជា​ហានិភ័យ​ដែល​នាំ​ឱ្យ​តំបន់​ត្រីកោណ​ពិសេស​នោះ​អាច​នឹង​ក្លាយ​ជា​តំបន់​មួយ​ដែល​គ្រប់គ្រង​ផ្ដាច់​មុខ​ដោយ​អាជ្ញាធរ​វៀតណាម សម្រាប់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ក្នុង​ការ​ដាក់​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ទៅជា​តំបន់​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​ប្រទេសជិតខាង ដែល​គេ​កំពុង​មានប្រៀប​ខ្លាំង​ជាង​ខ្លួន​យ៉ាង​ដូច្នេះ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុម​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ដែរ តាម​គ្រប់​មធ្យោបាយ ទាំង​តាម​ហៅ​តាម​ទូរស័ព្ទ និង​ផ្ញើ​សារ​អេឡិចត្រូនិក​(Email) ជាច្រើន​លើក តែ​មិន​ទទួល​បាន ការ​ឆ្លើយ​តប​ណាមួយ​ឡើយ។

ចំណែក​អ្នកនាំពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើង​ថា គេ​មិន​អាច​សន្និដ្ឋាន​ថា ផែនការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ពិសេស​នេះ បរាជ័យ​នោះ​ឡើយ ពីព្រោះ​គម្រោង​នេះ​មាន​ច្រើន​ផ្នែក​។ លោក​ទទួល​ស្គាល់​ថា តំបន់​ខ្លះ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ផល​ពី​កិច្ចព្រមព្រៀង​នេះ​ក៏​ពិតមែន ដោយសារ​តំបន់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុមការងារ​នៃ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​បង្គោល​ព្រំដែន៖ «យើង​កំពុង​ផ្ចង់​អារម្មណ៍​អភិវឌ្ឍ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ដែល​ជា​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដូច្នេះ​សេដ្ឋកិច្ច​វា​ឈរ​ជាមួយ​នឹង​មនុស្ស ដូច្នេះ​បើ​តំបន់​នោះ​មាន​មនុស្ស​តិច​ពេក ម្ល៉ោះ​ហើយ​យើង​នឹង​មិន​អភិវឌ្ឍ​ទេ យើង​ទុក​តំបន់​នោះ​គ្រាន់តែ​ធ្វើ​សកម្មភាព​សម្រាប់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​ទទួលខុសត្រូវ​រៀបចំ​ការពារ​ព្រំដែន​តែ​ប៉ុណ្ណោះ»

លោក​អះអាង​ទៀត​ថា ការ​បញ្ចូល​តំបន់​អភិវឌ្ឍ​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​​ជាមួយ​វៀតណាម និង ឡាវ នេះ នឹង​មិន​អាច​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យ​​នោះ​​ទេ​។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បរិស្ថាន មើល​ឃើញ​ថា កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​ពាក់ព័ន្ធ​បាន​ប្រព្រឹត្តិ​ទៅ​ជាង ១០​លើក​មក​ហើយ ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ ក្នុង​រយៈពេល​ជិត ​១០​ឆ្នាំ​មក​នេះ ដើម្បី​កែ​លម្អ​ផែនការ​យុទ្ធសាស្ត្រ ជំរុញ​ដល់​យន្តការ​អនុវត្ត​ជាក់ស្ដែង ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​វិញ គេ​ពុំ​ទាន់​ឃើញ​ប្រទេស​ដៃគូ កម្ពុជា និង​ឡាវ ទទួល​បាន​ផល​ដូច​ការ​រំពឹងទុក​ដូច​ក្នុង​ផែនការ​នោះ​ឡើយ ក្រៅពី​ប្រទេស​វៀតណាម។ ដោយ​យោង​លើ​លទ្ធផល​នេះ និង​ហេតុផល​ផ្សេងៗ​ទៀត ជំរុញ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល សុំ​ឱ្យ​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង ​CLV ​នេះ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជាមុន​សិន ចាំ​គិត​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួមគ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​ទៅ​ថ្ងៃមុខ៕

បង្គោល​ព្រំដែន​នៅ​តំបន់ត្រីកោណ រវាង​ខេត្ត​រតនគិរី​របស់​កម្ពុជា ខេត្ត​អត្តពឺ​របស់​ឡាវ និង​ខេត្ត​កន្ទូម​របស់​វៀតណាម ក្នុង​ពិធី​ជួប​គ្នា​នៃ​នគរបាល​ការពារ​ព្រំដែន​ប្រទេស​ទាំង​បី នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្តរតនគិរី