មន្ត្រីទូតអង់គ្លេសបញ្ជាក់ជំហរជាក់លាក់ថា ខ្លួននៅតែខ្វល់ខ្វាយរឿងសិទ្ធិសេរីភាពនៅកម្ពុជា ទោះផ្ដាច់ខ្លួនពីសហភាពអឺរ៉ុប
2020.12.19
មន្ត្រីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅតែបញ្ជាក់ជំហរជាក់លាក់របស់ខ្លួន ថា អង់គ្លេសនៅតែខ្វល់ខ្វាយអំពីបញ្ហារំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពដទៃទៀតនៅកម្ពុជា ទោះផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបជាស្ថាពរ នៅដាច់ឆ្នាំនេះ។
ជំហររបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជានេះ ធ្វើឡើងតាមរយៈសារអេឡិចត្រូនិក មកកាន់អាស៊ីសេរី កាលពីថ្ងៃទី១៨ ខែធ្នូ ក្រោយជំនួបរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាអ្នកស្រី ធីណា រ៉េតស (Tina Redshaw) ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន កាលពីថ្ងៃទី ១៦ ខែ ធ្នូ។
តំណាងស្ថានទូតអង់គ្លេស បន្ថែមថា នៅក្នុងជំនួបនោះ អ្នកស្រី ធីណា រ៉េតស បានប្រាប់ទៅភាគីកម្ពុជាច្បាស់លាស់អំពីជំហរ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងរឹតត្បិតសេរីភាពពលរដ្ឋនេះ ដោយបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស នឹងនៅតែបន្តតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់។ ជាងនេះទៅទៀត ស្ថានទូតអង់គ្លេសបន្តថា រដ្ឋាភិបាលកម្ពុជា យល់ព្រមតាមសំណើរបស់អ្នកស្រី ធីណា រ៉េតស ថាឱ្យមានការជជែកគ្នាជាប្រចាំមួយ ជាមួយអាជ្ញាធរកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងសេរីភាពនេះ។
ខាងភាគីកម្ពុជា បានបញ្ជាក់អំពីបញ្ហានេះដែរ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ។
ស្របពេលដែលមន្ត្រីទូតអង់គ្លេស រម្លឹករដ្ឋាភិបាលកម្ពុជា អំពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពនេះ ខាងអង់គ្លេសថា ប្រទេសកម្ពុជាមានសិទ្ធិទទួលបានការអនុគ្រោះពន្ធ ក្នុងការនាំទំនិញទៅលក់នៅទីផ្សារអង់គ្លេសបាន ដូចប្រទេសក្រីក្រដទៃទៀតដែរ ចាប់ពីដើមឆ្នាំ ២០២១ ក្រោមក្របខ័ណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP។
បើតាមកិច្ចព្រមព្រៀងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប (ឬBrexit) ចាប់ពីពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសអង់គ្លេស លែងជាផ្នែកមួយនៃសហភាពអឺរ៉ុបទៀតហើយ។ ចាប់ពីពេលនោះទៅ ប្រទេសនេះ អាចអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួន។ ភាពឯករាជ្យនេះ រួមទាំងសិទ្ធិស្វ័យសម្រេច ក្នុងការមិនធ្វើតាមសហភាពអឺរ៉ុប ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA 20% ពីកម្ពុជានោះផង។ តំណាងទូតអង់គ្លេស បានបញ្ជាក់ជំហរនេះ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន នោះដែរ។ ប៉ុន្តែ ការសម្រេចមិនធ្វើតាមសហភាពអឺរ៉ុបនេះ គឺខាងចក្រភពអង់គ្លេស សម្អាងលើស្ថានភាពដែលកម្ពុជាកម្ពុជា កំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងដំណំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជាបញ្ហាលំបាករបស់កម្មកររោងចក្រកាត់ដេរ។
ទោះជាចក្រភពអង់គ្លេស បញ្ជាក់ថា កម្ពុជាមានសិទ្ធិទទួលបានការអនុគ្រោះពន្ធទូទៅ GSP ក៏ដោយ ក៏មន្ត្រីសហជីព មិនសូវមានសុទិដ្ឋិនិយមក្នុងរឿងនេះប៉ុន្មានទេ។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ហារបស់កម្ពុជា គឺនៅមានពាក់ព័ន្ធនឹងសិទ្ធិការងារ ដូចជាសិទ្ធិសេរីភាពរបស់សហជីព។ លោកស្រីបន្ថែមថា ម្យ៉ាងទៀតនីតិវិធីក្នុងការទទួលបានការអនុគ្រោះពន្ធនេះ ត្រូវការពេលយូរទៀត។ ម្យ៉ាងទៀត ទីផ្សាររបស់ចក្រភពអង់គ្លេសតែមួយ វាមិនធំទូលាយដូចទីផ្សារអឺរ៉ុបនោះទេ៖ «ដូច្នេះសញ្ញាណជាវិជ្ជមានសម្រាប់បងប្អូនកម្មករ ខ្ញុំយល់ឃើញថា មានកម្រិតឆ្ងាយណាស់ មិនឆាប់ប៉ុន្មានទេ ហើយមួយទៀត ខាងអង់គ្លេសហ្នឹង តើអ្នកបញ្ជាទិញមានប៉ុន្មាន? ខ្ញុំយល់ឃើញថា ដូចជានៅមានកម្រិតតិចតួចនៅឡើយ នូវអ្វីដែលខ្ញុំមើលឃើញ»។
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារឯណោះ ក៏គ្មានសុទិដ្ឋិនិយមថា កម្ពុជានឹងបានចំណេញអ្វីពីការចក្រភពអង់គ្លេស ទោះប្រទេសអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបក៏ដោយ ព្រោះអង់គ្លេស ដែលជាប្រទេសប្រជាធិបតេយ្យ នៅតែជាប់កាតព្វកិច្ច ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងប្រទេសដទៃនៅលើពិភពលោក ដែលមានប្រព័ន្ធប្រជាធិបតេយ្យនៅទន់ខ្សោយ។
នាយកអង្គការសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់(Central) លោក មឿន តុលា រម្លឹកអំពីបញ្ហាប្រឈមរបស់ប្រទេសអង់គ្លេស ដែលកាលពីឆ្នាំ២០១៩ កាលត្រៀមផ្តាច់ខ្លួនពីសហភាពអឺរ៉ុប គ្រាន់តែខាងភាគីកម្ពុជាថ្លែងសារថា មន្ត្រីជាន់ខ្ពស់អង់គ្លេស ព្រលយពាក្យអំពីការផ្តល់ការអនុគ្រោះពន្ធទូទៅដល់កម្ពុជា ស្រាប់តែសហជីព និងតំណាងរាស្ត្រអង់គ្លេសជាច្រើន មិនសុខចិត្ត និងបានតតាំង ហើយទាមទារឱ្យអង់គ្លេសបំភ្លឺរឿងនេះ។
នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ របស់មន្ត្រីតំណាងកិច្ចការបរទេសរបស់អង់គ្លេសប្រចាំកម្ពុជា អ្នកស្រី អ៊ីស្លា ស្ត្រូបម៉ានីស (Isla Straupmanis) ដែលតបទៅនឹងកង្វល់របស់សហជីពនៅអង់គ្លេស អ្នកស្រីបញ្ជាក់ជំហរអង់គ្លេសនៅពេលនោះថា ការសម្រេចអំពីការផ្តល់ការអនុគ្រោះពន្ធទូទៅ GSP របស់ចក្រភពអង់គ្លេស ក្រោយផ្តាច់ខ្លួនពីសហភាពអឺរ៉ុប គឺអាស្រ័យលើការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ទោះជាយ៉ាងនេះក្តី តាំងពីពេលនោះមក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនប្រសើរឡើងទេ។ ដំណោះស្រាយនយោបាយណាមួយ ក៏នៅមិនទាន់មាន។ ឯការចាប់ខ្លួនសកម្មជន និងប្រជាពលរដ្ឋដែលបញ្ចេញមតិ ឈឺឆ្អាលរឿងសង្គម ក៏កើតមានច្រើនឡើងជាលំដាប់។
លោក មឿន តុលា ថា បើកម្ពុជានៅតែមិនស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញទេ លោកគ្មានជំនឿថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអង់គ្លេសទេ៖ «អង់គ្លេសគេចេញតែខ្លួនទេ ប៉ុន្តែគំនិតរបស់គេ ស្មារតីរបស់គេ និង philosophy របស់គេ គឺនៅតែឈរលើគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដដែល។ ហេតុដូច្នេះហើយ ដើម្បីឱ្យកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសទាំងអស់ហ្នឹង ខ្ញុំគិតថា កម្ពុជាគួរតែពិចារណារឿងស្ដារប្រជាធិបតេយ្យ ស្តារការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិការងារអ្វីហ្នឹង ព្រោះទាំងនោះគឺជាមូលដ្ឋានគ្រឹះ ជាមូលហេតុចម្បងដែលកម្ពុជាអាចបាត់ ឬរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធនោះ»។
តំណាងរាស្ត្រអង់គ្លេស ដែលជាប្រធានក្រុមអ្នកប្រជាធិបតេយ្យសេរី (Liberal Democrats) ឯណោះ គឺអ្នកស្រី សាល់ ប្រ៊ិនថុន (Sal Brinton) ថ្លែងក្នុងវេទិកាក្រុមអ្នកប្រជាធិបតេយ្យសេរីអន្តរជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ ថា អ្នកស្រី និងតំណាងរាស្ត្រអង់គ្លេសដទៃទៀត នឹងកោះហៅរដ្ឋាភិបាលអង់គ្លេសឱ្យបំភ្លឺក្នុងរដ្ឋសភា ទៅថ្ងៃខាងមុខ បើអង់គ្លេសផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅណាមួយដល់កម្ពុជា ក្នុងស្ថានភាព ដែលកម្ពុជាមិនទាន់បានស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។