លោក ញឹក ប៊ុនឆៃ ស្វះស្វែងបង្រួបបង្រួមជាមួយហ៊្វុនស៊ិនប៉ិចក្រោយបរាជ័យបោះឆ្នោត២០១៨

អតីតមេទ័ពគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ក្រោយពីបរាជ័យលើសមរភូមិនយោបាយបានស្វះស្វែងរកឱ្យមានការបង្រួបបង្រួមសារជាថ្មីជាមួយទ្រង់ រណឫទ្ធិ ដោយសង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រពីម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ។ មន្ត្រីគណបក្សនយោបាយ និងអ្នកវិភាគទស្សន៍ទាយថាគណបក្សទាំងពីរនេះមិនអាចទទួលបានសំឡេងគាំទ្រអ្វីបន្ថែមទៀតទេបើទោះបីបង្រួបបង្រួមគ្នាឡើងវិញក៏ដោយ។
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៩ ខែមីនាថា លោកកំពុងស្វះស្វែងរកវិធីសាស្ត្រ ដើម្បីច្របាច់បញ្ចូលគ្នារវាងគណបក្ស ខ្មែររូបរួមជាតិ ជាមួយនឹងគណបក្ស ហ៊្វុនស៊ិនប៉ិច របស់ទ្រង់ រណឫទ្ធិ ដើម្បីចូលរួមការបោះឆ្នោតជាសាកលនៅឆ្នាំ២០២៣ ខាងមុខនេះ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ដោយសារតែគណបក្សទាំងពីរកើតចេញពីគណបក្ស ដែលប្រកាន់នៅរបបរាជានិយមតែមួយទើបយើងស្វះស្វែងឱ្យមានការបង្រួបបង្រួមគ្នាឡើងវិញ។
លោក ញឹក ប៊ុនឆៃ សង្ឃឹមថាគណបក្សទាំងពីរនឹងទទួលបានសំឡេងគាំទ្របន្ថែមទៀតពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បើគណបក្សទាំងពីរឈានដល់ការបង្រួបបង្រួមគ្នាឡើងវិញនោះ៖ «យើងចង់ថែរក្សាកេរដំណែលរបស់ព្រះករុណាហ្នឹងទុកនិងរាជានិយមហ្នឹង។ បានជាយើងមានគំនិតថា ចង់បង្រួបបង្រួមគ្នាចំណុចទី១។ ចំណុចទី២ យើងចង់ថែរក្សាភាគីហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមាន ៤ភាគីហ្នឹង»។
គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបង្កើតឡើងដោយសម្ដេចឪ នរោត្តម សីហនុ តាំងពីទសវត្សទី៨០ ហើយគណបក្សនេះធ្លាប់ជាភាគីមួយក្នុងចំណោមភាគីបួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ភាគីទាំងបួន រួមមាន ភាគីរដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន និងភាគីខ្មែរក្រហម។
គណបក្ស ហ៊្វុនស៊ិនប៉ិច បានបាក់បែកគ្នាជាច្រើនលើកដោយសារលោក ញឹក ប៊ុនឆៃ បានហែកកម្លាំងអ្នកគាំទ្រទៅបង្កើតគណបក្សថ្មីឈ្មោះគណបក្សខ្មែររួបរួមជាតិ។
គណបក្សគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ កន្លងទៅនេះតែមិនទទួលបានជោគជ័យទេ។
អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធ ស្វាគមន៍ឱ្យមានការបង្រួបបង្រួមគណបក្សទាំងពីរឡើងវិញ ដើម្បីទទួលបានសំឡេងគាំទ្របន្ថែមពីម្ចាស់ឆ្នោត ក៏ប៉ុន្តែការសម្រេចចុងក្រោយ គឺនៅលើទ្រង់ រណឫទ្ធិ តែពេលនេះទ្រង់មិនទាន់បានជាសះស្បើយពីមុខរបួសគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីខែមីនាឆ្នាំ២០១៨៖ «គណបក្ស ហ៊្វុនស៊ិនប៉ិច មានគោលជំហរមួយបើកចំហមិនប្រកាន់គណបក្សនយោបាយណា ដែលចង់ចូលរួមរស់ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ទេ។បុគ្គល ដែលបម្រើគណបក្សណាក៏ដោយ ឱ្យតែចង់ចូលរួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច គឺសូមឱ្យបុគ្គលម្នាក់ៗ ហ្នឹង មកដាក់ពាក្យសុំចូលជាសមាជិកគណបក្ស ហ៊្វុនស៊ិនប៉ិច»។
កាលពីខែឧសភា ឆ្នាំ២០១២ ក្រោមការជួយជ្រោមជ្រែងរបស់លោក ហ៊ុន សែន គណបក្ស ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយលោក ញឹក ប៊ុនឆៃ និងគណបក្ស នរោត្តម រណឫទ្ធិ ដឹកនាំដោយទ្រង់ រណឫទ្ធិ បានធ្វើពិធីចុះហត្ថលេខាព្រមព្រៀងគ្នាប្រើប្រាស់ស្លាកសញ្ញាគណបក្ស ហ៊្វុនស៊ិនប៉ិច តែមួយនៅក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។ ទ្រង់ នរោត្តម រណឫទ្ធិ ត្រូវបានតែងតាំងជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធាន។ ប៉ុន្តែមេដឹកនាំទាំងពីរ ដែលធ្លាប់មានជម្លោះជាមួយគ្នាពីមុនមកនៅតែមិនអាចស្វះស្វែងឱ្យមានការត្រូវរ៉ូវគ្នាឡើងវិញបាន។
លោក ញឹក ប៊ុនឆៃ ក៏បែកបាក់ពីទ្រង់ រណឫទ្ធិ ជាថ្មីម្ដងទៀត រួចហើយទៅបង្កើតគណបក្សថ្មីមួយឈ្មោះខ្មែររួបរួមជាតិដោយសង្ឃឹមថា នឹងស្វះស្វែងឱ្យមានការបង្រួបបង្រួមគណបក្សជាមួយទ្រង់ រណឫទ្ធិ ឡើងវិញ។
សម្រាប់គណបក្សប្រឆាំង និងរបបក្រុងភ្នំពេញមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ចំពោះផែនការនេះ។ អនុប្រធានគណបក្ស សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា គណបក្សទាំងពីរមិនអាចទទួលបានសំឡេងគាំទ្រទេ ព្រោះប្រជាពលរដ្ឋបាត់បង់ជំនឿក្រោយពីគណបក្សទាំងពីរបានចូលរួមជាមួយរបបលោក ហ៊ុន សែន កន្លងមក៖ «គ្មានសង្ឃឹមមួយណាឡើយដែលម្ចាស់ឆ្នោត លោកនឹងបោះឆ្នោតឱ្យសំឡេងទៅគណបក្ស ហ៊្វុនស៊ិនប៉ិច ឬគណបក្សណាក្រៅពីគណបក្ស សង្គ្រោះជាតិ ដើម្បីមានសង្ឃឹមឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងប្រកួតដោយជោគជ័យជាមួយ និងគណបក្ស ប្រជាជនកម្ពុជា»។
ចំណែកអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ ស្វាគមន៍ឱ្យមានគណបក្សនយោបាយច្រើនចូលរួមការបោះឆ្នោតអាណត្តិក្រោយនេះ តែលោកមានជំនឿថា សំឡេងគាំទ្រគណបក្សកាន់អំណាចនឹងមិនបាត់បង់ទេ៖ «មានរឿងអីបារម្ភអត់ទេ។ គណបក្ស ប្រជាជន ដូចយើងដឹងស្រាប់ហើយ ធ្លាប់ឆ្លងកាត់នូវវិញ្ញាសាប្រកួតប្រជែងខាងនយោបាយនេះរាប់សិបឆ្នាំមកហើយ។អ៊ីចឹងទេ យើងចង់បានដៃគូដែលខ្លាំងអត់មានការរាថយទេ ចំពោះការប្រកួតប្រជែងផ្នែកនយោបាយ»។
គណបក្ស ហ៊្វុនស៊ិនប៉ិច បានឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ដោយទទួលបាន ៥៨អាសនៈ ហើយការបោះឆ្នោតអាណត្តិទីពីរ ឆ្នាំ១៩៩៨ ទទួលបាន ៤៣អាសនៈ ឆ្នាំ២០០៣ ទទួលបាន ២៦ អាសនៈ ឆ្នាំ២០០៨ ទទួលបាន ២អាសនៈ ហើយរហូតមកដល់ឆ្នាំ២០១៨ គណបក្សនេះមិនទទួលបានអាសនៈទាល់តែសោះ។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ មើលឃើញថា បើទោះបីជាលោក ញឹក ប៊ុនឆៃ និងទ្រង់ រណឫទ្ធិ រួបរួមគ្នាក៏ដោយក៏ប្រជាពលរដ្ឋគ្មានជំនឿនិងគាំទ្រគណបក្សនេះទៀតដែរ៖ «រឿងដែលលោក ញឹក ប៊ុនឆៃ ស្វែងរកការរួបរួមជាមួយសម្ដេចក្រុមព្រះហើយសង្ឃឹមថា បានអាសនៈច្រើន ឬក៏ដល់អាសនៈរដ្ឋសភានោះ។ មើលទៅវាពិបាកបើសិនជាគណបក្សប្រឆាំងនៅតែរឹងមាំម្ល៉ោះហើយទាំងបក្សប្រឆាំងនិង បក្សកាន់អំណាចគឺនាំគ្នាប្រមូលយកទាំងអស់»។
លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីដើមខែសីហាឆ្នាំ២០១៧ តុលាការភ្នំពេញបានចោទប្រកាន់ពីបទ«សមគំនិតក្នុងការផលិតគ្រឿងញៀននិងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនកាលពីជាង ១០ឆ្នាំមុន នៅក្នុងខេត្តកំពង់ស្ពឺ។ លោកត្រូវសមត្ថកិច្ចរបបក្រុងភ្នំពេញបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ។លោក ញឹក ប៊ុនឆៃ បានចូលគ្រងតំណែងជាប្រធានគណបក្ស ខ្មែររួបរួមជាតិ ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោត កាលពីឆ្នាំ២០១៨ កន្លងទៅនេះ តែគណបក្សនេះ មិនទទួលបានសំឡេងគាំទ្រពីពលរដ្ឋដដែល។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ និងជាអតីតយុវជនគណបក្ស ហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា ការស្វះស្វែងរបស់លោក ញឹក ប៊ុនឆៃ ជាមួយទ្រង់ រណឫទ្ធិ ឡើងវិញ គឺដើម្បីផលប្រយោជន៍។លោកនិយាយថា គណបក្ស ហ៊្វុនស៊ិនប៉ិច មិនអាចទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតទៀតទេ៕