កម្ពុជា​ប្ដេជ្ញា​ពង្រឹង​ចំណង​យោធា​ជាមួយ​ចិន​ក្នុង​ពេល​មាន​បញ្ហា​​ព្រំដែន​ជាមួយ​វៀតណាម

ដោយ យាង សុជាមេត្តា
2015-07-11
Share
ទៀ បាញ់ ៨៥៥ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
RFA/Brach Chev

ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្ដេជ្ញា​ថា នឹង​ពង្រឹង​ចំណង​យោធា និង​កិច្ច​សហប្រតិបត្តិ​យុទ្ធសាស្ត្រ​ដទៃ​ទៀត​រវាង​ប្រទេស​ទាំង​២។ ការ​ប្រកាស​ប្ដេជ្ញា​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​ចិន ដែល​កម្ពុជា ចាត់​ទុក​ថា មហាមិត្ត​មួយ​ដ៏​សំខាន់​របស់​ខ្លួន។

កម្ពុជា-​ចិន នឹង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​សំខាន់ៗ​ដែល​ជា​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ទាំង​២។ នេះ​គឺជា​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​កម្ពុជា-​ចិន ហើយ​ដែល​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ចិន ឈ្មោះ ស៊ិនហួ (Xinhua) ដក​ស្រង់​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

បណ្ដាញ​សារព័ត៌មាន​ចិន ស៊ិនហួ លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចាង វ៉ាន់ឈ័ន (Chang Wangquan) និង​អនុ​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ចិន លោក ស៊ូ ជីលាំង (Xu Qiliang)។ ថ្នាក់ដឹកនាំ​យោធា​ប្រទេស​ទាំង​២ ប្ដេជ្ញា​ផ្ដល់​ការ​គាំទ្រ​គ្នា​ពេញ​ទំហឹង​ទៅ​លើ​បញ្ហា​អធិបតេយ្យភាព សន្តិសុខ និង​ការ​អភិវឌ្ឍ ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា។

ថ្នាក់​ដឹកនាំ​យោធា​ប្រទេស​ទាំង​២ ដែល​ចាត់​ទុក​ទំនាក់​ទំនង​រវាង​កម្ពុជា​-​ចិន ថា​ជា​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​នោះ ក៏​បាន​ប្ដេជ្ញា​លើក​កម្ពស់​ទំនុក​ចិត្ត​នយោបាយ​គ្នា​ទៅ​វិញ​ទៅ​មក បង្កើន​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ឈ្នះ​ឈ្នះ​ជាមួយ​គ្នា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ពី​ថ្ងៃ​ទី​៨ ដល់​ទី​១២ ខែ​កក្កដា ក្រៅ​តែ​ពី​ជួប​ថ្នាក់ដឹកនាំ​យោធា​ចិន លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនា​ក្រុមហ៊ុន និង​ស្ថាប័ន​សំខាន់​របស់​ក្រសួង​ការពារ​ជាតិ​ចិន មួយ​ចំនួន​ទៀត​ផង។

​បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​យោធា​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​ពេល​នេះ​ថា ជា​ដំណើរ​ទស្សនកិច្ច​ធម្មតា​ក៏ដោយ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​វៀតណាម កំពុង​រំលោភ​បំពាន​ចូល​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន រហូត​ដល់​កម្ពុជា បាន​ធ្វើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ឲ្យ​វៀតណាម បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​របស់​ខ្លួន។ លើស​ពី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ថែម​ទាំង​បាន​ផ្ញើ​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដើម្បី​ខ្ចី​ផែនទី​ដើម​ទាំង​អស់​ដែល​កម្ពុជា បាន​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៦៤ មក​ប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​កម្ពុជា កំពុង​ប្រើប្រាស់​សម្រាប់​កំណត់​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជិត​ខាង។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច កត់សម្គាល់​ថា វា​ជា​រឿង​ធម្មតា​របស់​ប្រទេស​តូច ហើយ​ខ្សោយ​ក្នុង​ការ​រត់​រក​ប្រទេស​ធំ​ហើយ​ខ្លាំង​នៅ​ពេល​ដែល​ខ្លួន​មាន​បញ្ហា​ជាមួយ​ប្រទេស​ដែល​ខ្លាំង​ជាង​ខ្លួន។ លោក​ថា នេះ​គឺ​ជា​នយោបាយ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឲ្យ​មាន​តុល្យភាព​ជាមួយ​គូភាគី។ លោក​ថា បើ​កម្ពុជា មិន​ស្វែង​រក​តុល្យភាព​អំណាច​ទេ នោះ​ប្រទេស​ជិត​ខាង​ដែល​ខ្លាំង​ជាង​កម្ពុជា នៅ​តែ​បន្ត​មើល​ងាយ និង​រំលោភ​បំពាន​មក​លើ​កម្ពុជា។

​លោក សុខ ទូច៖ «នៅ​សុខៗ​ហេតុ​អី​បានជា​វៀតណាម មក​ជីក​ស្រះ ហេតុ​អី​មក​កសាង​ត្រង់​សេ​លើ​ទឹក​ដី​ខ្មែរ? គឺ​គេ​ចង់​ធ្វើ​តេស្ត​យើង អ៊ីចឹង​យើង​ក៏​ចង់​ប្រាប់​ទៅ​វៀតណាម ផង​ដែរ​ថា យើង​មាន​សិទ្ធិ​តប​ត កាល​ណា​ធ្វើ​កំណត់​ទូត​មួយ​មិន​បាន​សម្រេច​ទេ យើង​ធ្វើ​បន្ត​ទៀត ហើយ​បើ​វៀតណាម នៅ​តែ​រុល យើង​មាន​វិធានការ បើ​យើង​មាន​វិធាន​ការ​លុះ​ណា​តែ​យើង​មាន​អាវុធ​ទំនើប ទៅ​ពឹង​វៀតណាម មាន​អី? បើ​ទៅ​ពឹង​ចិន ចិន​អាច​ឲ្យ​មីស៊ីល អា​ហ្នឹង​ជា​ក្រឹត្យក្រម»

យ៉ាងណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច អះអាង​ថា ទំនាក់ទំនង​កម្ពុជា-​ចិន មិន​មែន​ទើប​តែ​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ តែ​វា​ជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​២ តាំង​ពី​យូរ​លង់​មក​ហើយ។ លោក​ថា ក្រៅ​តែ​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ទ្វេ​ភាគី កម្ពុជា​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ចិន ក្នុង​នាម​ជា​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ាន​ជាមួយ​ចិន ឬ​ភាព​ជា​ដៃគូ​នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត។

​ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ វិញ​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា ជាមួយ​ប្រទេស​មហា​អំណាច​នានា​នៅ​លើ​ពិភពលោក មិន​ថា ចិន ឬ​ប្រទេស​ណា​ផ្សេង​ទៀត​ឡើយ ឲ្យ​តែ​ទំនាក់ទំនង​នោះ​វា​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា ការ​ធ្វើ​នយោបាយ​ការទូត​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​ទាំង​៥ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ដាក់​លើ​កម្ពុជា គឺ​ជា​រឿង​សំខាន់៖ «យើង​មិន​និយាយ​ថា ជា​ចិន ឬ​ក៏​អាមេរិកកាំង ឬ​សហគមន៍​អឺរ៉ុប ឬ​អង្គការ​សហប្រជាជាតិ​ទេ ប៉ុន្តែ​ជា​រួម យើង​ត្រូវ​ការ​កម្លាំង​ផ្នែក​អន្តរជាតិ ទាំង​ផ្លូវ​ច្បាប់ ទាំង​តុលាការ ដូច្នេះ​យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​យើង​ដែរ»

​បច្ចុប្បន្ន ចិន​គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ធំ​ជាង​គេ​បំផុត​របស់​កម្ពុជា ផង​ដែរ។ ចំណែក​កម្ពុជា​វិញ គឺ​ជា​អ្នក​គាំទ្រ​ដ៏​រឹង​មាំ​នៃ​គោលនយោបាយ​ចិន តែមួយ។ រដ្ឋាភិបាល​កម្ពុជា ក៏​តែង​បាន​បង្ហាញ​ជំហរ​នៅ​ខាង​ចិន នៅ​ក្នុង​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន ខាង​ត្បូង​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​សមាគម​អាស៊ាន។

​យ៉ាងណា​ក៏ដោយ ការ​ផ្ដល់​ជំនួយ​ឥត​លក្ខខណ្ឌ​របស់​ចិន មក​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ក្នុង​ចំណោម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល