កម្ពុជាសង្ឃឹមតុលាការក្រុងឡាអេផ្ដល់យុត្តិធម៌រឿងព្រះវិហារ

ភាគីកម្ពុជា រំពឹងថា តុលាការអន្តរជាតិមួយនេះនឹងឈរលើគោលការណ៍ច្បាប់ច្បាស់លាស់ ហើយផ្ដល់យុត្តិធម៌ដល់កម្ពុជា ដូចកាលពីឆ្នាំ១៩៦២ ទៀត។
តុលាការយុត្តិធម៌អន្តរជាតិ គ្រោងនឹងចេញសេចក្ដីសម្រេចនៅឆ្នាំនេះ ថាតើតំបន់ជម្លោះនៅក្បែរប្រាសាទព្រះវិហារ ជារបស់ប្រទេសកម្ពុជា ឬប្រទេសថៃ?
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ថា អ្វីដែលកម្ពុជា ត្រូវការនៅពេលនេះ គឺយុត្តិធម៌។ លោកសង្ឃឹមថា តុលាការអន្តរជាតិមួយនេះនឹងធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួនផ្អែកលើមូលដ្ឋានច្បាប់ត្រឹមត្រូវ៖ «យើងមិនទាន់និយាយអ្វីបានទេនៅពេលនេះ ប៉ុន្តែអ្វីដែលយើងរំពឹងនោះ គឺតុលាការនឹងផ្ដល់ភាពយុត្តិធម៌ដល់ភាគីទាំងសងខាង»។
ភាគីកម្ពុជា និងថៃ គ្រោងអានសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់អំពីករណីជម្លោះប្រាសាទព្រះវិហារនៅមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ក្នុងប្រទេសហុឡង់ដ៍ នៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែមេសា ខាងមុខ។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នឹងដឹកនាំក្រុមការងារដែលមានក្រុមមន្ត្រីនៃគណៈកម្មការព្រំដែន និងក្រុមអ្នកជំនាញច្បាប់ទៅចូលក្នុងសវនាការនោះ។
លោក កុយ គួង មានប្រសាសន៍បន្តថា កម្ពុជាបានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការប្រជែងផ្លូវច្បាប់ជាមួយប្រទេសថៃ ក្នុងករណីដីទំហំ ៤.៦ គីឡូម៉ែត្រក្រឡាជុំវិញប្រាសាទព្រះវិហារ ហើយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ នឹងមិនអាចមានភាពល្អក់កករបានឡើយ។
លោក កុយ គួរ៖ «អ្វីដែលយើងត្រៀមសុទ្ធតែឯកសារស្របច្បាប់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ខ្ញុំសូមបញ្ជាក់ថា ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ សម្រេចយ៉ាងណាក៏ទំនាក់ទំនងប្រក្រតីរវាងកម្ពុជា-ថៃ មិនមានអ្វីប្រែប្រួលទេបាទ!»។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកទេសរដ្ឋមន្ត្រី វ៉ា កឹមហុង ថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា លោកមានសង្ឃឹមយ៉ាងមុតមាំថា តុលាការក្រុងឡាអេ នឹងផ្ដល់យុត្តិធម៌ដល់កម្ពុជា ដូចកាលពីឆ្នាំ១៩៦២ ទៅលើបញ្ហាក្ដីក្ដាំករណីប្រាសាទព្រះវិហារជាមួយភាគថៃ៖ «កាលពីឆ្នាំ១៩៦២ តុលាការទីក្រុងឡាអេ លោកបានសម្រេចផ្ដល់យុត្តិធម៌ឲ្យកម្ពុជា រួចម្ដងទៅហើយ ហើយនៅឆ្នាំ២០១៣ តុលាការនឹងនៅតែផ្ដល់យុត្តិធម៌មកឲ្យកម្ពុជា យើងដែលជាប្រទេសតូចតាច ហើយជាប្រទេសពឹងទៅលើគោលការណ៍ច្បាប់ជាធំក្នុងការដោះស្រាយវិវាទរវាងប្រទេសជិតខាងរបស់ខ្លួន»។
កម្ពុជា និងថៃធ្លាប់បានប៉ះទង្គិចការប្រឈមមុខដាក់គ្នាផ្នែកយោធាជាច្រើនដង ដែលបណ្ដាលឲ្យកងទ័ពនៃប្រទេសទាំងសងខាងស្លាប់ និងរបួសរៀងៗខ្លួន។ ការផ្ទុះអាវុធនេះ កើតឡើងក្រោយពីអង្គការយូណេស្កូ (UNESCO) ចុះបញ្ជីប្រាសាទព្រះវិហាររបស់កម្ពុជា ដែលកសាងឡើងក្នុងសតវត្សទី១១ ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕