កម្ពុជាមិនមានគម្រោងបើកច្រកប្រាសាទព្រះវិហារនៅខាងទឹកដីថៃ
2016.03.26

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត មានប្រសាសន៍នៅថ្ងៃទី២៦ ខែមីនា ថា នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិទ វង់សូវុន (Prawit Wongsuwon) កាលពីថ្ងៃទី២៤ ខែមីនា ភាគីទាំង២ មិនបានលើកឡើងពីប្រធានបទពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ នោះទេ។
ការអះអាងរបស់មន្ត្រីនាំពាក្យក្រសួងការពារកម្ពុជា ដូចនេះ គឺបន្ទាប់ពីកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ ដែលថ្មីៗនេះ បានផ្សាយថា រដ្ឋាភិបាលកម្ពុជា-ថៃ បានពិភាក្សាលើលទ្ធភាពបើកច្រកទ្វារក្បែរប្រាសាទព្រះវិហារ ដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ។
ទោះជាយ៉ាងណា លោក ឈុំ សុជាត បដិសេធថា ព័ត៌មាននេះគឺមិនពិតឡើយ៖ «ក្នុងកិច្ចប្រជុំអត់មានលើកទេ ប៉ុន្តែអ្នកកាសែតបានសួរទៅឯកឧត្ដម ទៀ បាញ់ នៅពេលយើងធ្វើប្រកាសព័ត៌មានបញ្ចប់កិច្ចប្រជុំ ថាតើយើងគិតគូរបើកច្រកព្រះវិហារ ដើម្បីឲ្យទេសចរថៃ ចេញចូលមកទស្សនាប្រាសាទព្រះវិហារ ដូចមុនអត់? យើងក៏និយាយថា មិនទាន់លើកឡើងរឿងហ្នឹងនៅឡើយទេ យើងបើកតែច្រកអានសេះ នៅក្នុងខេត្តព្រះវិហារ ហើយបើគេចង់មកទស្សនាប្រាសាទយើង មកដល់អានសេះមក ក៏ចូលព្រះវិហារ បានដែរ ដោយឡែកច្រកព្រះវិហារ គ្មានគោលការណ៍ដើម្បីបើកនៅឡើយទេ»។
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ឬហៅកាត់ជាភាសាអង់គ្លេសថា GBC បានបើកកិច្ចប្រជុំលើកទី១១ របស់ខ្លួន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា នៅទីក្រុងបាងកក ប្រទេសថៃ។
លោក ឈុំ សុជាត មានប្រសាសន៍ថា ក្រោយកិច្ចប្រជុំនោះភាគីកម្ពុជា-ថៃ បានព្រមព្រៀងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ ដើម្បីរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែន រួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ប្រឆាំងអំពើភេរវកម្ម ថែរក្សាសន្តិសុខតាមលំហសមុទ្រ និងការលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋតាមបណ្ដោយព្រំដែនតាមរយៈការអភិវឌ្ឍតំបន់ព្រំដែនជាដើម៕