រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយឱ្យកាន់តែខ្លាំងជាងមុន។ អ្នកជំនាញនយោបាយការបរទេស ចង់ឃើញរដ្ឋាភិបាលកម្ពុជា គួរមានការប្រុងប្រយ័ត្ន ក្នុងការចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយថៃ ទាក់ទងការបើកច្រកព្រំដែននៅប្រាសាទព្រះវិហារ និងផ្លូវសមុទ្រជាដើម។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សម្រេចដំឡើងកម្រិតទំនាក់ទំនងជាមួយរដ្ឋាភិបាលថៃ ពី «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដោយរំពឹងថា ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនរឹងមាំ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី៧ ខែកុម្ភៈថា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ លោក ហ៊ុន ម៉ាណែត ឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលថៃ ក៏ព្រមព្រៀងគ្នា ក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនរវាងប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាពផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីជជែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីវិស័យនយោបាយ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាព្រំដែនជាដើម។
ទាក់ទងរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា ការព្រមព្រៀងរបស់ភាគីទាំងពីរពេលនេះ អាចផ្ដល់ផលវិជ្ជមានច្រើនជាងអវិជ្ជមាន ប្រសិនបើភាគីទាំងពីរមានភាពស្មោះត្រង់ជាមួយគ្នា។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញកិច្ចការនយោបាយបរទេសរូបនេះ ចង់ឃើញភាគីកម្ពុជា គួរមានប្រយ័ត្នប្រយែង ក្នុងការចុះកិច្ចព្រមព្រៀងមួយចំនួន ដែលនៅមានមន្ទិលសង្ស័យ ដូចជា ការបើកច្រកនៅប្រាសាទព្រះវិហារ និងកិច្ចព្រមព្រៀងបើកច្រកព្រំដែនសមុទ្រនៅតំបន់មានរ៉ែប្រេងកាតជាដើម។
លោក ឯម សុវណ្ណារ៉ា៖«ចុះកិច្ចព្រមព្រៀងពាក់ព័ន្ធការបើកច្រកព្រះវិហារយើងគួរជៀសវាងទៅ ព្រោះកន្លងមកយើងមានបញ្ហារួចហើយ យើងគួរបើកច្រកអានសេះអីយើងអាចប្រើប្រាស់ ឬក៏ច្រកផ្សេងៗទៀតដែលជិតព្រះវិហារយើងអាចប្រើប្រាស់បានហើយ។ ដោយឡែករឿងបញ្ហាព្រំដែនទឹក ឧទាហរណ៍ថា ការបែងចែកផលនៃប្រេងកាត ទស្សនៈខ្ញុំគួរតែបានន័យថា ព្រំដែនគួសឱ្យច្បាស់លាស់សិនចាំធ្វើការចរចា»។
ស្រដៀងគ្នានេះដែរ អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ការបន្ថែមកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅពេលនេះ គឺភាគីទាំងពីរសម្លឹងមើលឃើញផលប្រយោជន៍នយោបាយរៀងៗ ខ្លួន។ លោកបន្តថា អ្វីដែលភាគីកម្ពុជា ចង់បានពីភាគីថៃ គឺលោក ហ៊ុន ម៉ាណែត អាចនឹងស្នើទៅភាគីថៃ កុំឱ្យផ្ដល់ជម្រកដល់សកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃ។
លោក អ៊ុំ សំអាន៖«ខាងពាណិជ្ជកម្មហ្នឹងក៏កម្ពុជាមិនបានផលចំណេញពីថៃដែរ ផ្ទុយទៅវិញ ថៃនាំទំនិញចូលមកយើងច្រើនជាង ហើយមួយទៀត យើងឃើញនាយករដ្ឋមន្ត្រីថៃ គេជាអ្នកជំនួញ អ៊ីចឹង គេគិតតែពីសេដ្ឋកិច្ចរបស់គេទេ។ អ៊ីចឹងគេធ្វើឱ្យសេដ្ឋកិច្ចរបស់គេរីកចម្រើន តែកម្ពុជាយើង អំណាចរបស់ខ្លួនមិនបានគិតពីផលប៉ះពាល់ដោយសារការកាន់អំណាចផ្ដាច់ការហ្នឹងណា»។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ប្រសិនបើគណបក្សប្រឆាំងបានដឹកនាំប្រទេស រដ្ឋាភិបាលគណបក្សនេះនឹងពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចុះព្រមព្រៀងជាមួយរដ្ឋាភិបាលថៃនៅពេលនេះ។
នៅគ្រាដែល លោក ហ៊ុន ម៉ាណែត មកបំពេញទស្សនកិច្ចនៅប្រទេសថៃ សមត្ថកិច្ចថៃ ក៏កំពុងសម្រុកចាប់ខ្លួនជនភៀសខ្លួនខ្មែរ និងពលករខ្មែរ ដែលគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់ ដែលមកដល់ពេលនេះ ពលករខ្មែរ ជនភៀសខ្លួន ប្រពន្ធ និងកូនៗ របស់ជនភៀសខ្លួនចំនួន ១៧នាក់ កំពុងជាប់ឃុំនៅពន្ធនាគារប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។