កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងធ្វើដំណើរទៅប្រទេសជប៉ុន (Japan) នាពាក់កណ្តាលខែកុម្ភៈនេះ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីជាន់ខ្ពស់ជប៉ុនដទៃទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) រាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈថា យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច គ្រោងនឹងជួបពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីយ៉ូ គីហ្ស៊ីដា (Fumio Kishida) រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) និងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ណូប៊ូអូ គីហ្ស៊ី (Nobuo Kishi)។
នៅក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីពិភាក្សារិះរកមធ្យោបាយនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅខាងវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរ រួមទាំងបញ្ហាចម្បងៗមួយចំនួនទៀត។ ទោះយ៉ាងណា ប្រភពដដែលនេះពុំបានឱ្យដឹងពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដោយសារតែឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនបុគ្គលិកនៃកងកម្លាំងស្វ័យការពារជប៉ុន ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១។
កន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០១៨ ដែលកាលនោះលោកបានជួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន គឺលោក ស៊ិនហ្សូ អាបេ (Shizo Abe)។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រចំពោះការផ្តួចផ្តើមឱ្យមានសួនសាធារណៈដែលជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដាក់ឈ្មោះថា «សួន PKO» សម្រាប់សាធារណជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនផង។ ស្របពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ប្រទេសជប៉ុនក៏បានបង្ហាញពីចេតនាត្រៀមខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាចំពោះការសម្របសម្រួលសម្រាប់ការចរចាលើបញ្ហាមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។
ភ្លាមៗក្រោយពីជម្នះក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីឪពុក មេដឹកនាំបរទេសដែលលោក ហ៊ុន ម៉ាណែត បានចេញមុខជួបមុនគេនោះ គឺប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc)។ ក្រោយមក លោកក៏បានចេញមុខទទួលយកជំនួយទាំងថវិកា និងសម្ភារៈផ្សេងៗពីក្រុមសប្បុរសជន ដែលភាគច្រើនជាជនជាតិចិន។
ទង្វើរបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាឧត្តមសេនីយ៍ផ្កាយបីរូបនេះ រងនូវការរិះគន់ពីមន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលថា លោកកំពុងដើរតាមគន្លងមិនខុសពីឪពុករបស់លោកក្នុងការពឹងផ្អែកលើជំនួយ និងកម្ចីរបស់បរទេស ជាពិសេសក្រុមអ្នកជំនួញចិន ដើម្បីពង្រឹងនិងការពារអំណាចរបស់ខ្លួន។ ពួកគេព្រមានថា ការទទួលយកជំនួយឧបត្ថម្ភផ្សេងៗពីក្រុមអ្នកជំនួញរបស់លោក ហ៊ុន ម៉ាណែត នេះ អាចនាំឱ្យមានទំនាស់ផលប្រយោជន៍ និងប៉ះពាល់ដល់ឯករាជ្យរបស់ស្ថាប័នកងទ័ពជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។