កម្ពុជា​​អះអាង​​ថា ឥណ្ឌូនេស៊ី​គាំទ្រ​ «ពេញទំហឹង»​ ចំពោះ​ការ​ធ្វើជា​​ប្រធាន​​អាស៊ាន និង​​សារសំខាន់​​ក្នុងការ​​ដោះស្រាយ​​បញ្ហាភូមា

0:00 / 0:00

កម្ពុជា​​អះអាង​​ថា ឥណ្ឌូនេស៊ី (Indonesia)​ គាំទ្រ​ «ពេញទំហឹង»​ ចំពោះ​​ការ​ធ្វើជា​​ប្រធាន​​អាស៊ាន និង​​សារសំខាន់​​ក្នុងការ​​ដោះស្រាយ​​បញ្ហា​ភូមា ឬ​មីយ៉ាន់ម៉ា។ ការ​អះ​​អាង​នេះ ធ្វើឡើង​ក្រោយជំនួប​តាម​ទូរស័ព្ទ​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) កាលពី​ថ្ងៃទី៤​ ខែមករា។ អ្នកជំនាញ​កិច្ចការអន្តរជាតិ​ជឿជាក់​ថា ឥណ្ឌូនេស៊ី និង​រដ្ឋ​ស្ថាបនិក​អាស៊ាន​ដទៃទៀត​ នឹង​នៅតែ​រក្សាជំហរ​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដដែល។

ក្នុងជំនួប​តាមទូរស័ព្ទ​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពី​ថ្ងៃទី៤ ខែមករា ដែល​ធ្វើឡើង​នៅ​មុនដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ភូមា​នៅ​ចុងសប្តាហ៍​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​សាទរ​ចំពោះ​ការចូលកាន់តំណែង​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២២​របស់​កម្ពុជា។ ឥណ្ឌូនេស៊ី​ក៏បាន​បញ្ជាក់​ឡើងវិញ​ពីការគាំទ្រ «យ៉ាងពេញ​ទំហឹង» របស់ខ្លួន​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នាពេលនេះ។

ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ជជែក​អំពីបញ្ហាភូមា និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​ក្នុងការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ដើម្បី​ជួយ​ភូមា​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ​ឈានទៅ​សម្រេចបាន​នូវការ​បង្រួបបង្រួម​ជាតិ និង​សន្តិភាព។ នេះបើយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ក្រោយជំនួប​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​កាលពី​ថ្ងៃទី៤ ខែមករា។

ក្រសួងការបរទេស​កម្ពុជា ពុំបាន​ទម្លាយ​ឱ្យដឹង​ថា តើ​ភាគីឥណ្ឌូនេស៊ី​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ឥតលក្ខខណ្ឌ​ជាមុន​របស់​លោក ហ៊ុន សែន ទៅជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា និងជុំវិញ​ជំហរ​របស់​កម្ពុជា​ចង់ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ​នេះ ដែរឬយ៉ាងណា​នោះទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង ពុំឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធនឹង​ជំហរ​របស់​ឥណ្ឌូនេស៊ីនេះទេ ​ព្រោះ​លោកថា លោកពុំមាន​វត្តមាន​នៅក្នុង​ពេល​មាន​ជំនួប​តាមទូរស័ព្ទ​នេះទេ៖ « ដូចខ្ញុំ​បញ្ជាក់​អ៊ីចឹង ពីព្រោះ​ខ្ញុំ​អត់បាន​ចូលរួម​ប្រជុំ មិនអាច​និយាយ​អ្វី​ដែលលើស​ពី​ប្រកាស​ព័ត៌មាន​នេះទេ»។

រីឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​ក៏មិនបាន​លើកឡើង​ជាក់លាក់​ពីបញ្ហានេះដែរ ដោយ​លោក​បាន​បង្ហោះសារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា លោក​បាន​កោត​សរសើរ​នូវ​ភាពសកម្ម​របស់​ឥណ្ឌូនេស៊ី​ផ្តួចផ្តើម​គំនិត​ជាច្រើនក្នុងការ​កសាង​សហគមន៍​អាស៊ាន​ ដូចជា ទស្សនៈ​អាស៊ាន​អំពី​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង​ការឆ្លើយតប​របស់​អាស៊ាន​ជុំវិញ​បញ្ហាជំងឺកូវីដ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិលោក ឯម សុវណ្ណារ៉ា ជឿជាក់​ថា ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ស្ថាបនិក​អាស៊ាន​ដទៃទៀត លើកលែង​តែ​ប្រទេសថៃ នឹងនៅតែ​រក្សា​ជំហរ​ដដែល គឺមិនចង់​ឱ្យ​មាន​វត្តមាន​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ដែលដឹកនាំ​ដោយ​កម្ពុជា​នោះទេ៖ «ខ្ញុំ​គិតថា​ បណ្តា​ប្រទេស​ស្ថាបនិក លើកលែង​តែ​ថៃទេ ដែល​មាន​បញ្ហា​រឿង​ប្រជាធិបតេយ្យ​ដែល​ឡើង​ដោយសារ​រដ្ឋប្រហារ ប្រទេស​ស្ថាបនិក​ទាំង៥​នោះ គឺខ្ញុំ​គិតថា​ នៅតែ​រក្សា​ជំហរ​ដដែល​ទេ ដើម្បី​ទាមទារ​ឱ្យ​មាន​ការគោរព​ឬក៏​ងាកមក​ជំហរ​ប្រជាធិបតេយ្យ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ឬក៏​ធម្មនុញ្ញ​អាស៊ាន​ខ្លួនឯង»។

លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា កម្ពុជា​ក្នុងនាមជា​ប្រធាន​អាស៊ាន ក៏​ទំនងជា​នឹងមិនហ៊ាន​ធ្វើ​ហួសពី​អ្វី​ដែល​ខ្លួន​បាន​យល់ព្រម​រួមគ្នា​ជាមួយ​អាស៊ាន នៅក្នុង​កិច្ចព្រមព្រៀង ៥ ចំណុច​កន្លងទៅ ដែល​តម្រូវ​ឱ្យ​ភូមា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​អនុញ្ញាត​ឱ្យ​ប្រេសិត​អាស៊ាន​អាច​ជួបជាមួយ​មេដឹកនាំ​ភូមា​ដែល​ត្រូវ​ទម្លាក់​ចេញ​​ពីតំណែង គឺលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ជាដើម។ លោកថា កម្ពុជា​ហាក់បាន​ដើរ​ជ្រុល​បន្តិច​ក្នុងរឿងភូមា​នេះ ព្រោះ​បាន​ទទួលស្គាល់​របបសឹក និង​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​រួចទៅហើយ។

លោក​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​ជម្នះ​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេល​ខាងមុខនេះ នោះ​ប្រទេស​ជាសមាជិក​អាស៊ាន​មួយ​ចំនួន​អាចនឹង​ធ្វើពហិការ​កិច្ចប្រជុំកំពូលអាស៊ាន​ដឹកនាំដោយ​កម្ពុជានេះ ហើយ​លទ្ធផល​ គឺមិនខុស​ពីឆ្នាំ២០១២​កន្លងទៅនោះទេ ដែល​អាស៊ាន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួមបាន៖ « បើ​កម្ពុជា​នៅតែ​ទទួលយក​ភូមា​ចូលរួម​ប្រជុំ​ក្របខណ្ឌ​អាស៊ាន​ដោយ​ពុំមាន​ការប្រែប្រួល ឬក៏ពុំមានឱ្យ​ភូមា​អនុវត្ត​តាមគោលការណ៍​​ដែល​បាន​ព្រមព្រៀង​គ្នាទេ ខ្ញុំ​គិតថា​នឹង​ធ្វើឱ្យ​អាស៊ាន​មាន​មតិ ឬក៏​ពហិការ​កើតឡើង​នៅក្នុង​ក្របខណ្ឌ​អាស៊ាន។ តែកាលណាពហិការ​ដោយ​ប្រទេស​ណាមួយ​ គឺក្របខណ្ឌ​នៃ​ការបញ្ចេញ ឬក៏​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​ អាចមាន​បញ្ហា​ដូចកាលពី​ឆ្នាំ២០១២​ម្តងទៀតហើយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ទៅបំពេញ​ទស្សនកិច្ច​នៅភូមា​នៅថ្ងៃទី៨ និង៩ ខែមករា ចុងសប្តាហ៍​នេះ។ នៅ​មួយ​សប្តាហ៍​មុន​ដំណើរ​ទស្សនកិច្ច​នេះ មាន​គ្រាប់បែក​ច្នៃ​​ពីរគ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ភូមា​ តែពុំបង្កឱ្យ​មាន​របួសស្នាម​អ្វីឡើយ។ លោក ហ៊ុន សែន នឹង​ក្លាយ​ជាមេដឹកនាំ​មុន​គេ​​បង្អស់​​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅភូមា ក្រោយមាន​អំពើរដ្ឋប្រហារ​នៅប្រទេសនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។