គណបក្ស​បេះដូងជាតិ ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិនព្រម​ឲ្យ​ចុះ​បញ្ជី ទោះ​ខ្លួន​កែ​សម្រួល​ឯកសារ​ច្រើន​លើក

គណបក្ស​បេះដូងជាតិថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិនព្រម​ឲ្យ​ចុះ​បញ្ជីទោះ​ខ្លួន​កែ​សម្រួល​ឯកសារ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្តី។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ១ ខែវិច្ឆិកា គណបក្ស​នេះថា​ក្រសួ​ង​មហាផ្ទៃ​មាន​ភាព​យឺតយ៉ាវ​ចំពោះការ​ស្នើសុំ​ចុះ​បញ្ជី​គណបក្ស​បេះដូងជាតិ​ទោះ​ខ្លួន​បាន​កែ​សម្រួល​ឯកសារ​ចំនួន​បី​លើក​ទៅ​ហើយទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ។

គណបក្សនេះ​បន្ថែម​ថាការកែ​សម្រួល​និង​បំពេញ​បែបបទ​ឡើងវិញ​ចុង​ក្រោយគឺធ្វើ​នៅ​ថ្ងៃទី១៧ ខែកញ្ញា ដែល​គិតមក​ដល់​ពេល​នេះមាន​រយៈពេល​ជាង ៤០ ថ្ងៃ​មក​ហើយ។

បើតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ មាត្រា ២២ ចែងថា​ ក្រសួង​មហាផ្ទៃ​ត្រូវ​ពិនិត្យ​ខ្លឹមសារនៃសំណុំ​ឯកសារ​របស់​គណបក្ស​នយោបាយបន្ទាប់ពី​ថ្ងៃ​ចេញ​បង្កាន់​ដៃ​ទទួល​ពាក្យ​សុំចុះ​បញ្ជី​គណបក្ស។ក្នុងរយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ក្រសួង​មហាផ្ទៃត្រូវ​សម្រេច​យល់​ព្រម​ឬ​មិន​ព្រម​ឲ្យចុះ​បញ្ជី​គណបក្ស។

ក្រសួង​មហាផ្ទៃ​កាលពីថ្ងៃទី២១ ខែមិថុនា ព្រមទទួល​ពាក្យ​សុំ និង​អនុញ្ញាតឲ្យ​បង្កើត​គណបក្ស​បេះ​ដូង​ជាតិ ប៉ុន្តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ជា​មុន​សិន។ លក្ខខណ្ឌ​ចាំ​បាច់ដែល​ក្រសួង​មហាផ្ទៃ​តម្រូវ​ឲ្យ​គណបក្ស​នេះ​បំពេញ និង​កែសម្រួល​ខ្លឹមសារ​ជា​បន្តបន្ទាប់គឺ​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​នេះ។

ប៉ុន្តែ​គណបក្ស​បេះដូងជាតិ អះអាងថា ទោះ​ខ្លួនបាន​កែ​តម្រូវ​នូវចំណុច​ខ្វះខាត​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​នេះឲ្យ​ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​តាំង​ពី​ថ្ងៃទី១៧ ខែ កញ្ញា នោះ​ក៏​ដោយក៏​ក្រសួ​ងមហាផ្ទៃ នៅតែ​មិន​ទាន់​ឆ្លើយ​តប។

គណបក្ស​បេះដូងជាតិថាខ្លួន​សោកស្តាយ​យ៉ាង​ខ្លាំងចំពោះ​ភាពយឺតយ៉ាវ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ពិនិត្យ និង​សម្រេច​ក្នុង​រឿង​នេះ។

វិទ្យុអាស៊ីសេរី​ មិនទាន់​អាច​សុំការ​បំភ្លឺពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ​បាន​ទេកាល​ពី​ថ្ងៃទី១ ខែវិច្ឆិកា។ ប៉ុន្តែលោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ថា​ការមិន​ទាន់​ឆ្លើយតប​នេះគឺ​ដោយសារ​ក្រុម​ការងារ​មិនទាន់​ត្រួត​ពិនិត្យ​ឯកសារ​នានា​របស់​គណបក្ស​បេះដូងជាតិ​ចប់​សព្វ​គ្រប់​នៅ​ឡើយ​។ លោកបន្ថែមថា ក្រុមការងារ​ក្រសួង​មហាផ្ទៃកំពុងតែ​ផ្ទៀងផ្ទាត់​ស្នាមមេដៃ​ដែល​គណបក្ស​នេះ​បញ្ជូន​ទៅ​ក្រសួង។ ទោះជា​យ៉ាង​នេះ​ក្ដីលោក​អះអាងថាក្រសួង​នឹង​ឆ្លើយតប​ទៅ​គណបក្ស​បេះដូងជាតិ​ភ្លាមពេល​រួច​រាល់។ សារនេះ​លោក​និយាយ​កាលពីថ្ងៃទី២០ ខែ​ តុលា។ ១០ ថ្ងៃ​ក្រោយ​មក គឺកាលពីថ្ងៃទី១ ខែវិច្ឆិកា លោក​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ដដែល​ថា​ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ កំពុងតែ​ពិនិត្យលើ​បញ្ហា​នេះ​ហើយ។

វិទ្យុអាស៊ីសេរី មិនទាន់​អាច​សុំការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​គណបក្ស​បេះដូងជាតិគឺ​លោក សៀម ភ្លុក បានទេ​ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា។ ប៉ុន្តែនៅក្នុង​សេចក្តីថ្លែងការណ៍ គណបក្សនេះ អំពាវនាវ​ និង​រម្លឹក​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ និង​សម្រេចរឿងនេះឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន​ដើម្បី​ឲ្យស្រប​តាម​នីតិវិធី​នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយដែល​កំណត់​មិន​ឲ្យ​លើស​ពី​៣០ថ្ងៃនោះ​ផង​ទោះ​ពេល​នេះ ក្រសួង​មហាផ្ទៃ​ បានយឺតយ៉ាវ​ជាង១០ថ្ងៃទៅ​ហើយក្នុងការ​ពិនិត្យនិង​សម្រេច​លើ​បញ្ហា​នេះ។

គណបក្ស​បេះដូងជាតិ ដែលអះអាងថា បង្កើត​ឡើង​ដោយ​អ្នក​ស្នេហា​ជាតិនិង​ស្រលាញ់​ប្រជាធិបតេយ្យ​ពិត​ប្រាកដទាំងក្នុង​និង​ក្រៅ​ប្រទេស​នេះថា​ខ្លួន​ចង់​ឆាប់​បាន​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។